ក្រសួង​​​សុខាភិបាល​​​កំពុង​​​បោះពុម្ព​​​សៀវភៅ​​​ឳសថបុរាណ​​​ជាង៦០០ប្រភេទ

ដោយមើល​ឃើញ​ពីសារៈ​សំខាន់​នៃឳសថ​បុរាណ និងចង់​បង្ហាញ​ពីរបៀប​ប្រើ​ប្រាស់​ឳសថ​ប្រភេទ​នេះ​ឲ្យបាន​ត្រឹមត្រូវ​ មជ្ឈមណ្ឌល​ជាតិ​ស្រាវជ្រាវ​វេជ្ជសាស្រ្ត​បុរាណ​បាននិង​កំពុង​ធ្វើការ​បោះពុម្ព​សៀវភៅ​ឳសថ​បុរាណ​ជាង៦០០មុខ​បន្ថែម​ទៀត។

រូបភាពគេហទំពរសុខភាពកម្ពុជា

លោក ហ៊ាង ពន្លៃ អតីតៈ​នាយក​មជ្ឈមណ្ឌល​ជាតិ​ស្រាវជ្រាវ​វេជ្ជសាស្រ្ត​បុរាណ​នៃក្រសួង​សុខាភិបាល បានមាន​ប្រសាសន៍​ឲ្យដឹង​កាលពី​ថ្ងៃសៅរ៍ទី២៩ កញ្ញា​កន្លងមក​ថា ក្រសួង​សុខាភិបាល​កំពុង​បោះពុម្ព​សៀវភៅ ឳសថ​បុរាណ​ចំនួនពី​រមុខ​​បន្ថែម​ទៀត ដើម្បី​ចែក​ចាយ​ដល់​មន្ទីរសុខាភិបាល​គ្រប់​ខេត្ត ក្រុង​យកទៅ​ប្រើប្រាស់ និង​ផ្សព្វផ្សាយ​ឲ្យ​ប្រជាពលរដ្ឋ​បានយល់ ក៏​ដូចជាសម្រាប់​អ្នកជំនាន់​ក្រោយ​បានស្គាល់ និង​បន្តធ្វើ​ការ​ស្រាវជ្រាវ​បន្ថែ​ម​ទៀត។ លោក​បន្តថា កន្លងមក​យើង​បាន​បោះពុម្ព​សៀវភៅ​២ចំណងជើង​រួចហើយ ដែលមាន​ឳសថ​បុរាណ​ចំនួន​ជាង១៥០​មុខ ត្រូវបាន​បង្ហាញ​ពីរបៀប​ប្រើប្រាស់។

ចំណែកការ​បោះពុម្ព​លើកទី១​នេះ មាន​សៀវភៅ​២ចំណងជើង ទី១ សៀវភៅ​បកប្រែ​ពីសាស្រ្តា​ស្លឹករឹត ទី២ សៀវភៅប​ង្ហាញ​ពីរូបមន្ត​នៃការ​ព្យាបាល​ចំនួន​ជាង៦០០​មុខ។

លោក​បន្តថា “ការ​ប្រើប្រាស់​ឳសថ​បុរាណ​នៅកម្ពុជា មិនសូវ​មានការ​ពេញ​និយម​ទេ ដោយសារ​ប្រជាពលរដ្ឋ​មិនសូវ​មាន​ជ្រួតជ្រាប និង​ដឹងពី​សារៈសំខាន់​របស់​វា”។ លោក​បន្តថា “ឳសថ​បុរាណ​ប្រើប្រាស់​សម្រាប់​ព្យាបាល​ជម្ងឺ​មិនសូវ​មា​ន​ប្រសិទ្ឋិភាព​លឿន​ដូចឳសថ​សម័យ​ទេ។ វាអាច​ព្យាបាល​ជម្ងឺបានតែ​ចំណាយ​ពេល​យូរជាង​ឳសថ​សម័យ និង​មិន​មាន​ផល​ប៉ះពាល់​សុខភាព​ធ្ងន់ធ្ងរ​ដូច​ឳសថ​​សម័យ​ទេ ”។

សៀវភៅ​នេះ នឹង​បោះពុម្ព​ចំនួន​២០០០​ច្បាប់ និង​គ្រោង​ចេញផ្សាយ​នៅចុងឆ្នាំ​នេះឬ​ដើមឆ្នាំ​ក្រោយ។ ការ​បោះពុម្ព​សៀវភៅ​នេះ ចំណាយ​ថវិការ​របស់ក្រសួង​​សុខាភិបាល។ រហូត​មកទល់​ពេលនេះ ឳសថ​បុរាណ​ចំនួន​៧៦៦មុខ​រួច​ហើយ​ត្រូវបាន​បោះពុម្ព​ផ្សាយ។ នេះ​បើតាម​ការឲ្យ​ដឹងពី​លោក ហ៊ាង ពន្លៃ។

លោក​បន្តថា “ខ្ញុំ​សូមឲ្យ​កូនខ្មែរ​ជំនាន់​ក្រោយ បន្ត​ធ្វើការ​ស្រាវជ្រាវ​ឳសថ​បុ​រាណ​ជាបន្ត​ទៀត ព្រោះ​នៅមាន​ឳសថ​បុរាណ​រាប់ពាន់​មុខ មិនទាន់​បាន​ធ្វើការ​ស្រា​វជ្រាវ និង​មិនទាន់​បាន​ដាំដុះ”។ លោក​បន្ថែម​ថា“យើង​បានដាំ​រុក្ខជាតិ​ជាឳស​ថ​បុរាណ​ចំនួន​ជាង៥០០មុខ​រួចមក​ហើយ ដែលមាន​ទីតាំង​នៅឧទ្យាន​ជាតិ​គិរី​រម្យ ហេតុនេះ​សូម​កូនខ្មែរ​ជំនាន់​ក្រោយ បន្តធ្វើ​ការ​ដាំដុះ​បន្តទៀត ដើម្បី​កុំឲ្យ​បាត់​បង់​នូវ​រុក្ខជាតិ​ដ៏មាន​តំលៃ​របស់​យើង​”។

ឳសថ​បុរាណ​មិនសូវ​មាន​ផលិត និង​ប្រើប្រាស់​នៅកម្ពុជា​ទេ ខុសពី​ប្រទេស​​ជិតខាង ដែល​មានការ​ប្រើប្រាស់​ឳសថ​បុរាណ​ច្រើន។ កង្វះខាត​ការ​ផលិត និង​ស្រា​វជ្រាវ​ដោយសារ​កង្វះ​ធនធាន​ថវិការ និងគ្មាន​អ្នក​វិនិយោគ​លើផ្នែក​នេះ។

អត្ថបទដោយ ៖ គង់ សូរិយា

ចេញផ្សាយ ៖ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១២

Google Analytics Alternative