កន្ទាល​ត្រអាក ៖ មូល​ហេតុ និង​វិធីព្យា​បាល

កន្ទាល​ត្រអាក​ជាជម្ងឺ​សើស្បែក​មួយ​ប្រភេទ ដែល​កើតមាន​ជាញឹកញាប់​លើ​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់វ័យ។ ជម្ងឺនេះ​កើតឡើង ដោយ​មូលហេតុ​ជាច្រើន​ផ្សេងៗ​គ្នា ដែល​មូលហេតុ​ខ្លះ​លោកអ្នក​អាចកត់​សម្គាល់​ដោយ​ខ្លួនឯង​បាន។ ហេតុអ្វី​បានជា​កើតមាន​កន្ទាល​ត្រអាក? តើអាច​ព្យាបាល​បានដោយ​វិធី​ណាទៅ?

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្សនាវដ្ដី សុខភាព​យើង សូម​បកស្រាយ​ជូន​ប្រិយមិត្ដ​អ្នកអាន អំពី​ជម្ងឺ​កន្ទាល​ត្រអាក​នេះ តាម​រយៈការ​ជួប​សម្ភាសន៍ ជាមួយ​លោក​វេជ្ជបណ្ឌិត ឡា ភៀវ ឯកទេស​ជម្ងឺ​សើស្បែក និង​កាមរោគ។

កន្ទាល​ត្រអាក ជាអ្វី?

កន្ទាល​ត្រអាក​ជាជម្ងឺ​សើស្បែក​មួយ​ប្រភេទ ដែល​ភាសា​បរទេស​ហៅថា អៀទិខារៀ (Urticaria). ជម្ងឺនេះ​មិនមែន​ជាជម្ងឺ​ឆ្លងទេ វាកើត​ឡើង​ដោយសារ​ការមាន​ប្រតិកម្ម​ទៅនឹង​អ្វីមួយ ឬ​ជម្ងឺ​អ្វីមួយ។

រោគ​សញ្ញា​កន្ទាលត្រ​អាក

នៅពេល​ចេញកន្ទាល​ត្រអាក​លើស្បែក គេសង្កេត​ឃើញមាន​ផ្ទាំង​កន្ទួល​ប៉ោង ហើយ​រមាស់។ នៅពេល​កាន់តែ​អេះ វា​កាន់តែ​ប៉ោងឡើង។ លក្ខណៈ​ពិសេស​របស់វា​គឺប៉ុន្មាន​ម៉ោង​ក្រោយពីអេះ ផ្ទាំង​កន្ទួល​នោះ​ស្រក​ទៅវិញ​ដោយគ្មាន​បន្សល់​ទុកនូវ​ស្លាកស្នាម លើស្បែក​ទេ ហើយ​វាអាច​ចេញនៅ​កន្លែង​ផ្សេង​ទៀត។ វាអាច​កើតនៅ​គ្រប់កន្លែង​នៃរាង្គកាយរ​បស់​មនុស្ស ហើយ​មានរាង​ប្លែកៗ ខ្លះចេញ​ជាផ្ទាំងៗ​ធំ មាន​រាងដូចជា​ផែនទី ខ្លះ​ជាកន្ទួល​តូចៗ។

មូលហេតុ​កើតកន្ទាលត្រ​អាក

មូលហេតុ​ដែលនាំ​ឱ្យកើត​កន្ទាល​ត្រអាក​មានច្រើន​យ៉ាង​ដូច​ខាងក្រោម​នេះ ៖

  • បណ្ដាល​មកពី​មេរោគ​បាក់តេរី ដូចជា​មានជម្ងឺ​រលាក​បំពង់ក រលាក​ច្រមុះ​រ៉ាំរ៉ៃ រលាក​ពោះវៀន ឬ​រលាក​នៅកន្លែង​ណា មួយដែល​ធ្វើឱ្យ​ចេញ​កន្ទាល​ត្រអាក។
  • កើតឡើង​ដោយសារ​ពួក​ប៉ារ៉ាស៊ីត ដូចជា​ព្រូន ឬ​សត្វល្អិត​ក្នុង​ពោះវៀន។
  • បណ្ដាល​មកពី​មេរោគផ្សិត​នៅលើ​ស្បែក ដូចជា​អ្នកជម្ងឺ​ភ្លឺ ឬ​ស្រែង។
  • បណ្ដាល​មកពី​មេរោគ​វីរុស ជាអាទិ​អាចកើត​មាន​ចំពោះ​អ្នក​ដែលមាន​ជម្ងឺ​រលាកថ្លើម​ប្រភេទ​បេ ឬ​សេ ដែលពេល​ខ្លះ ធ្វើឱ្យ​ចេញ​កន្ទាល​ត្រអាក​ដែរ។
  • ប្រតិកម្ម​ជាមួយ​ថ្នាំពេទ្យ​មួយចំនួន (ជាប្រភេទ​កន្ទាល​ត្រអាក​ដែលមាន​លក្ខណៈ​ធ្ងន់ធ្ងរ)
  • ការ​ប៉ះពាល់​ជាមួយ​ធាតុត្រ​ជាក់ ឬ​ក្ដៅ ជួនកាល​អាច​បណ្ដាល​មកពី​ការ​ត្រូវពន្លឺថ្ងៃផ​ងដែរ
  • អាលែស្ស៊ី​ជាមួយ​ធូលី ឬ​លម្អងផ្កា
  • រំញោច​នៃស្បែក ដូចជា​ជូតដុស​សម្អាត​ខ្លួនប្រាណ​ខ្លាំងៗ​ជាមួយ​កន្សែង​ជាដើម
  • បញ្ហា​ផ្លូវចិត្ដ ដូចជា​មួហ្មង ស្ដ្រេស្ស​ជាដើម
  • អ្នកជម្ងឺ​អូតូមីញូម ឬ​អ្នកមាន​ដុំមហារីក​ខ្លះ ក៏​កើតមាន​កន្ទាល​ត្រអាក​លើស្បែក​ញឹកញាប់ផងដែរ។
  • អាលែស្ស៊ី​ចំណី​អាហារ​ជាមូល​ហេតុមួយ ដែល​គេច្រើន​ជួប​ប្រទះ​ញឹកញាប់​ជាងគេ។ ឧទាហរណ៍​ទទួលទាន​ទឹកក្រូច ជាតិ ហឹរ នំមាន​ពណ៌ល័ក្ដ អាហារ​សមុទ្រ ស៊ុត។ល។ ក៏អាច​ធ្វើឱ្យកើត​មាន​កន្ទាល​ត្រអាក​ដែរ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

 

ការ​ព្យាបាល​ជម្ងឺ​កន្ទាល​ត្រអាក

ការ​ព្យាបាល​ជម្ងឺ​កន្ទាល​ត្រអាក មិនមែន​ជាការ​ងាយស្រួល​ឡើយ។ អ្នកជម្ងឺ​តែងតែ​ត្អូញត្អែរ​ថា នៅពេល​អស់ថ្នាំ​លេបភ្លាម​នោះ ផ្ទាំង​រមាស់​ក៏កើតមាន​វិញដែរ។ ហេតុ​ដូចនេះ​ហើយ ដើម្បី​ឱ្យការ​ព្យាបាល​ប្រកប​ដោយ​ប្រសិទ្ធភាព ចាំបាច់​ត្រូវ​ស្វែងរក​មូលហេតុ របស់​វាឱ្យ​ឃើញ ជាពិសេស​អ្នកជម្ងឺ​ផ្ទាល់​ត្រូវកត់​សម្គាល់​ខ្លួនឯង​នូវ​មូលហេតុ​ដែលបាន​រៀបរាប់​ខាងលើ។ ជាឧទាហរណ៍​អ្នកដែល​កើត​កន្ទាល​ត្រអាក​ដោយសារ​ប៉ះធាតុ​ត្រជាក់ គឺ​មិនត្រូវ​ឱ្យ​ប៉ះធាតុ​ត្រជាក់់​ដោយ​ត្រូវ​ងូតទឹក​ក្ដៅ ឬ​ស្លៀកពាក់​កម្ដៅ។

សម្រាប់​ការ​ព្យាបាល​មិនយូរ​ឡើយ ប្រើប្រាស់​ថ្នាំ​តែពីរ​ទៅបីម៉ោង​ប៉ុណ្ណោះ កន្ទាល​ត្រអាក​នឹង​ស្រក​ទៅវិញ ហើយ​ត្រូវបន្ដ​ព្យាបាល និង​តាមដាន​រក​មូលហេតុ​របស់វា​តទៅទៀត។

ប្រសិនបើ​រកឃើញ​ថាមាន​រលាក​ថ្លើម ត្រូវ​ព្យាបាល​ជម្ងឺ​នោះ។ ប្រសិន​បើមាន​សត្វល្អិត​ក្នុង​លាមក ត្រូវ​ប្រើថ្នាំ​ទម្លាក់​សត្វល្អិត​ចេញ ហើយ​ប្រសិន​បើរកឃើញ​ថាកន្ទាល​ត្រអាក​ចេញ​ដោយសារ​ការ​ទទួលទាន​អាហារ​ណាមួយ​ដែលមាន​ប្រតិកម្ម គួរ​តមអាហារ​ទាំងនោះ និង​ប្រើប្រាស់​ថ្នាំ​បំបាត់​រមាស់។ ប្រសិនបើ​រក​មូលហេតុ​មិនឃើញ​នោះ កន្ទាល​ត្រអាក​នឹងបន្ដ​ចេញ​តទៅទៀត​នៅពេល​អស់​ជាតិថ្នាំ។

ផល​វិបាក​របស់ជម្ងឺ​កន្ទាលត្រ​អាក

នៅពេល​ចេញ​កន្ទាល​ត្រអាក​ខ្លាំង ដាច់ខាត​ត្រូវតែ​ព្យាបាល​ឱ្យទាន់​ពេលវេលា ព្រោះ​វាអាច​ចេញ​គ្រប់កន្លែង​តាំងពី​ត្របកភ្នែក បបូរ​មាត់ បំពង់ក បំពង់​រំលាយ​អាហារ​ជាដើម ជាហេតុ​នាំឱ្យ​អ្នកជម្ងឺ​ពិបាក​លេបចំណី​អាហារ ពិបាក​ដកដង្ហើម ជួនកាល​អ្នកជម្ងឺ ឈឺ​ក្នុងពោះ​ទៀតផង។

ដំបូន្មាន​អ្នក​ប្រឹក្សា

ទោះបីជា​លោកអ្នក​មានជម្ងឺ​កន្ទាល​ត្រអាក​រ៉ាំរ៉ៃ មិន​បណ្ដាល​ឱ្យមាន​គ្រោះថ្នាក់​ដល់​ជីវិតដែរ។ ប៉ុន្ដែ​អាចមាន​ការ​រំខាន​មួយ ចំនួនដល់​អ្នកជម្ងឺ ដូចជា​ពិបាក​ធ្វើ​ការងារ ឬ​សម្រាន្ដ​មិនលក់ ដោយសារ​រមាស់។ ដូចនេះហើ​យ​ទើប​ទាមទារ​ឱ្យមាន​ការ​រកមូលហេតុ​ឱ្យឃើញ ទើប​ព្យាបាល​មាន​ប្រសិទ្ធភាព។
ផ្ទុយ​ទៅវិញ ក្នុង​ករណីខ្លាំ​ងក្លា​ស្រួចស្រាវ លោកអ្នក​អាច​ហើមមុខ ហើម​មាត់ ឬ​ពិបាក​ដកដង្ហើម នោះ​លោកអ្នក​គួរ​ប្រញាប់ ទៅជួប​គ្រូពេទ្យ​ដើម្បី​ព្យាបាល​ជាបន្ទាន់ ចៀសវាង​គ្រោះថ្នាក់ដល់​ជីវិត ជាពិសេស​ក្នុងទម្រង់​កន្ទាល​ត្រអាក​ដែលបង្ក​ឡើង​ដោយសារ ប្រតិកម្ម​ថ្នាំផ្សេងៗ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៩ ខែសីហាឆ្នាំ២០០៧

Google Analytics Alternative