ចេញមុន​ពេល​មករដូវ

ពេលមក​រដូវ មុខ​នាងខ្ញុំ​មានចេញ​មុន ជួនកាល​ហើម​ដូចជា​បូសទ្រនិច ក្ដៅ និង​ឈឺចាប់​ទៀតផង។ អាការនេះ​កើតមិន​ត្រឹមតែ​លើ​ផ្ទៃមុខ​ទេ ថែមទាំង​លើផ្នែក​ផ្សេងៗ​ទៀត​នៃដងខ្លួន​ទៀត ជាពិសេស​ម្ដុំ​ក្រលៀន។ តើ​បណ្ដាល​មកពី​មេរោគ ឬ​មូលហេតុ​អ្វីទៅ?
អ្នក​នាង អ.ល.ស អាយុ​២៣ឆ្នាំ ខេត្ដ​កណ្ដាល

វេជ្ជបណ្ឌិត​យើង ៖ រោគ​មុនកើត​លើ​ផ្ទៃមុខ ជាទូទៅ​កើតលើ​យុវវ័យ ដោយសារ​ការ​ប្រែប្រួល​នៃអ័រម៉ូន។ មុននោះ​ច្រើនតែ​កើតលើផ្ទៃមុខ និង​លើខ្នង។ ផ្ទុយ​ទៅវិញ ករណី​ប្អូនស្រី​អាចកើត​នៅលើ​កន្លែង​ផ្សេងទៀត​នៃ​រូបរាងកាយ ដូចជា​ត្រង់​គល់ភ្លៅ ក្រលៀន កំប៉េះគូទ គន្លាក់ ឬ​កន្លុក​កន្លៀត​ជាដើម។ បើសិនជា​ប្អូនស្រី​មានអាការ​ផ្សេងទៀត​បែប​ខ្លាំងក្លា ដូចជា​ហើម ក្រហម​ក្ដៅ ឈឺ​ចុកចាប់​ជាប្រចាំ ស្កៀប​រមាស់​ជាដើម នៅអាច​បណ្ដាល​មកពី​ជម្ងឺ​ដទៃទៀត​ផ្សេង​ពីជម្ងឺ​នេះ។ ករណី​បែបនេះ​ច្រើនតែ​បណ្ដាល​មកពី​ជម្ងឺក្រ​ពេញ​ទឹករងៃ ដែល​កើតនៅ​ក្រលៀន និង​គល់ភ្លៅ។ មានការ​ពិបាក​ក្នុងការ​សន្និដ្ឋាន និង​ឆ្លើយតប​ទៅនឹង​ប្អូនស្រី​ណាស់ ពីព្រោះ​វេជ្ជបណ្ឌិតយើង​មិន អាច​ដឹងពីអាការ​ជម្ងឺ​ផ្សេងទៀត។

បើជា​ករណី​ជម្ងឺ​រលាក​ក្រពេញ​ទឹករងៃ តម្រូវ​ឱ្យប្អូនស្រី​ទៅជួប​គ្រូពេទ្យ​ជំនាញ ដើម្បី​ទទួលការ​ព្យាបាល​ត្រឹមត្រូវ។ ការ​ព្យា បាល​ត្រូវប្រើថ្នាំ​បំបាត់​ការ​ឈឺចាប់ សម្លាប់​មេរោគ និង​ថ្នាំប្រឆាំង​គ្រុនក្ដៅ​(បើ​ក្ដៅខ្លួន) ហើយ​ជួនកាល​តម្រូវ​ឱ្យមាន​ការ​វះកាត់​យកខ្ទុះ​ចេញ​ទៀតផង។ បើចង់​កុំឱ្យកើ​តជម្ងឺ​រលាក​នេះ ត្រូវ​ព្យាយាម​ស្លៀកពាក់​សម្លៀក​បំពាក់​រលុង កុំណែន​តឹងពេក។ រាល់ពេល​ងូតទឹក ឬ​លាងខ្លួន​រួច ត្រូវជូត​ខ្លួនឱ្យ​ស្ងួត និង​ត្រូវមាន​អនាម័យ​ជាប្រចាំ​នៅម្ដុំ​ប្រដាប់ភេទ។ ការ​ប្រើប្រាស់​ឡាម ឬ​កាំបិតកោរ អាចជា​ភ្នាក់ងារ ចម្លង​មេរោគ​ផងដែរ ដែលអាច​បង្កការ​ឆ្លងរោគ​នៅលើ​ស្បែក។ សរុបមក ករណី​ប្អូនស្រី ត្រូវ​ទៅជួប​គ្រូពេទ្យ​ព្យាបាល ក្រោយពី​អនុវត្ដ តាមនេះ​មិនបាត់ កុំបណ្ដែត​បណ្ដោយ​ពន្យារ​ពេលយូរ​ឱ្យសោះ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៨ ខែកញ្ញា ឆ្នាំ២០០៦

Google Analytics Alternative