ចង់បានកូន​ស្រី និងការ​រួមភេទ

សូម​ជម្រាប​សួរ! នាងខ្ញុំ​សប្បាយចិត្ដ​ណាស់ ពេល​ដែលបាន​ដឹងថា នៅ​ប្រទេសកម្ពុជា​មាន​ទស្សនាវដ្ដី​អប់រំ​សុខភាព “សុខភាពយើង”។ នាងខ្ញុំ​មាន​សំណួរខ្លះ​ចង់ឱ្យ​លោកវេ​ជ្ជបណ្ឌិត​ជួយប​កស្រាយ​ដល់នាង​ខ្ញុំ។ សព្វថ្ងៃ​នេះ នាងខ្ញុំ​រៀបការ​រួចហើយ និង​មានកូន​ប្រុសម្នាក់ តែ​នាងខ្ញុំ​ចង់បាន​កូនស្រី​ម្នាក់ទៀត។ តើនាង​ខ្ញុំអាច​ធ្វើយ៉ាង​ម៉េចទៅ? ពីព្រោះ​ថានាង​ខ្ញុំមិន​ធ្លាប់មានកូន​ជាយូរណាស់​មកហើយ។ កាលពី​នាងខ្ញុំ​អាយុ​បាន១៨​ឆ្នាំ នាងខ្ញុំ​បានបែក​បាក់​ជាមួយ​ស្វាមី​មុនរបស់​នាងខ្ញុំ។ ហើយ​ឥឡូវនេះ នាងខ្ញុំ​មានអាយុ​៣០ឆ្នាំ​ហើយ និងបាន​រៀបការ​ជាមួយ​ស្វាមី​មួយទៀត។ នាងខ្ញុំ​មិនដែល​ដាក់ចិត្ដ​ស្រឡាញ់​ប្ដីក្រោយ​របស់​នាងខ្ញុំ​នេះទេ នាងខ្ញុំ​រៀបការ​ជាមួយ​គាត់​គ្រាន់តែ​ដើម្បី​លុយ និង​ទ្រព្យសម្បត្ដិ​របស់គាត់​តែប៉ុណ្ណោះ។ តើ​នាងខ្ញុំ​អាច​រួមភេទ​ជាមួយ​គាត់យ៉ាង​ដូចម្ដេច​ទៅ? ជាពិសេស​បើនាង​ខ្ញុំចង់​បានកូន​ស្រីម្នាក់​ទៀត​បែបនេះ។ នាងខ្ញុំ​សូមបញ្ជាក់​ថា គាត់​ស្រឡាញ់​នាងខ្ញុំ​ខ្លាំងណាស់ ហើយគាត់​ជាអ្នក​មាន​ទ្រព្យ​ស្ដុកស្ដម្ភ​ម្នាក់។ តើឱ្យ​នាងខ្ញុំដោះស្រាយ​បញ្ហា​ទាំងនេះ​បែបណា​ទៅ? សូមលោក​វេជ្ជបណ្ឌិត​ជួយផ្ដល់​ជាដំបូន្មាន ចំពោះ​នាងខ្ញុំ​ផង សូមអរគុណ។
លោកស្រី ដ. ភ. ច អាយុ​៣០ឆ្នាំ ភ្នំពេញ

វេជ្ជបណ្ឌិត លី ចេងហ៊ុយ ៖ សូម​អរគុណ​ប្អូនស្រី​ដែលបាន​គាំទ្រ​ទស្សនាវដ្ដី សុខភាព​យើង។ តាមរយៈ​ការ​រៀបរាប់ និង​សំណួរ​ជា ច្រើន​របស់​ប្អូនស្រី ខ្ញុំបាទ​សូមធ្វើការ​សង្ខេប​សំណួរ​ជាពីរ ដើម្បី​ងាយស្រួល​ក្នុងការ​ឆ្លើយ គឺ​វិធីសាស្ដ្រ​រស់នៅ​ជាមួយ​មនុស្ស​ដែលមិនស្រ​ឡាញ់ និងធ្វើ​ដូចម្ដេច​ទើបបាន​កូនស្រី។
ខ្ញុំបាទ​សូមឆ្លើយ​ម្ដងមួយ​សំណួរ។ ទាក់ទង​នឹងការ​រស់នៅ ឬ​រួមភេទ​ជាមួយ​មនុស្ស​ដែលមិន​ស្រឡាញ់ ពិតជា​ពិបាក​ដោះស្រាយ​ខ្លាំងណាស់ ជាពិសេស​គោលដៅ​នៃការ​រួមភេទ​ប្រកប​ទៅដោយ​សេចក្ដីសុខ និង​សុភមង្គល។ ពីព្រោះ​ថាការ​រួមភេទ និង​ការរស់​នៅជាមួយ​គ្នា ត្រូវការ​ការយល់ចិត្ដ​គ្នា ការ​ពេញចិត្ដ​ពេញថ្លើម​គ្នា និងការ​ធ្វើអ្វី​ជាមួយគ្នា​ល្អូកល្អឺន។ ករណី​ប្អូនស្រី បើចង់​រស់នៅ​ជាមួយ​ប្ដីទី២នេះ​ឱ្យបាន​ដល់​គោលដៅ ត្រូវខំ​ធ្វើចិត្ដ និង​ដាក់ចិត្ដ​ស្រឡាញ់​រូបគាត់​បើទៅរួច។ ជាពិសេស​ត្រូវ​ខិតខំ​យកអំពើ​ល្អ និងការ​ស្រឡាញ់​របស់គាត់​មកកត់ត្រា​ក្នុងចិត្ដ និង​ថតទុក​ក្នុង​បេះដូង។ បន្ដិចម្ដងៗ ប្អូនស្រី​នឹងអាច​មានការ​ស្រឡាញ់​ទៅលើ​គាត់។ លើសពីនេះ​ទៅទៀត ប្អូនស្រី​ត្រូវរក​អ្នកជំនាញ​ខាងជីវិត​គូស្រករ​ជួយផ្ដល់​ជាយោបល់ និង​ចិត្ដសាស្ដ្រ។

ចំពោះ​រឿង​ចង់បាន​កូនប្រុស​កូនស្រី គឺអាច​ធ្វើទៅបាន​ដោយផ្អែក​លើការ​រួមភេទ។ មាន​ន័យថា ជាដំបូង​ប្អូនស្រី​ត្រូវមាន​ការរួមភេទ​សិន ទើបអាច​មានកូន​បាន។ បន្ទាប់មក ទើប​អនុវត្ដ​វិធីសាស្ដ្រ​ដើម្បី​ទទួលបាន​កូនស្រី​តាមបំណង​ប្រាថ្នា។ ខ្ញុំសូម​អនុគ្រោះ ដោយ​មិនបាន​លើកមក​យកពន្យល់​ប្រាប់ជាថ្មី។ សូម​ស្វែងរក​អាន​ទស្សនាវដ្ដី សុខភាពយើង លេខមុនៗ​គឺលេខ​០៣២, ០៣៣ និងលេខ​ ០៣៤ អំពី​វិធីសាស្ដ្រ​ទទួលបាន​កូនប្រុស និង​កូនស្រី​តាមប្រាថ្នា។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៧ ខែកុម្ភៈ ឆ្នាំ២០០៩

Google Analytics Alternative