ជម្ងឺ​មហារីក​ដៃស្បូន

ខ្លួនមនុស្ស​ជារឿយៗ​រមែង​ទទួលរង​នូវការ​គំរាម​កំហែង​ពីជម្ងឺ​ទាំងឡាយ។ ជម្ងឺខ្លះ​ស្ដែងចេញ​ជារោគ​សញ្ញា​ឱ្យយើង​បានដឹង​ជាមុន ដើម្បី​ងាយស្រួល​ធ្វើការ​ព្យាបាល​និង​ទប់ស្កាត់។ ដោយឡែក​ជម្ងឺខ្លះ​សម្ងំ​នៅក្នុង​ខ្លួនយើង ដោយ​ពុំឱ្យ​យើង​ដឹងខ្លួន​ឡើយ។ ជម្ងឺ​មហារីក​ដៃស្បូន​ជារោគ​ស្ដ្រីមួយ​ប្រភេទ​ដែល​លាក់មុខ គ្មានរោគ​សញ្ញា​បើកើត​មានហើយ​ច្រើនតែ​ហួសពេល​នឹង​ព្យាបាល។

រូបភាពទស្សនាវដ្ដីសុខភាពយើង

នៅលើ​ទំពរ័​សុខភាពស្ដ្រី ក្នុង​ទស្សនាវដ្ដី សុខភាព​យើង ពីលេខ​មុន ប្រិយមិត្ដ​អ្នកអាន​ក៏បាន​ស្វែងយល់​ខ្លះហើយ​អំពី​ជម្ងឺ គីស​ដៃស្បូន ឬ​គីស​អូវែរ។ មហារីក​ដៃស្បូន ឬ​អូវែរ​ជាជម្ងឺ​ដែលមាន​ទំនាក់ទំនង​ជាមួយ​ជម្ងឺ​គីសអូវែរ​នេះដែរ។ លោកស្រី​សាស្ដ្រាចារ្យ វេជ្ជ​បណ្ឌិត គ្រុយ លាងស៊ីម ប្រធានផ្នែក​សម្ភព នៃ​មន្ទីរពេទ្យ​កាល់ម៉ែត​នឹង​បកស្រាយ​ជូន​ប្រិយមិត្ដ​អ្នកអាន​លើប្រធានបទ​នេះ។

មូលហេតុ​មហារីក​អូវែរ

នៅ​ប្រទេស​កម្ពុជា ពុំទាន់​មានការ​សិក្សា​ណាបញ្ជាក់​ច្បាស់លាស់​អំពី​តួលេខ​ស្ដ្រី​ដែលកើត​មានជម្ងឺ​មហារីក​អូវែរ​នេះទេ។ ជម្ងឺ​មហារីក​អូវែរ​កើតឡើង​បណ្ដាល​មកពី​មានគីស​នៅអូវែរ។ មហារីក គឺជា​គីសកាច។

រោគ​សញ្ញា​មហារីក​អូវែរ

ដំណាក់កាល​ដំបូង ស្ដ្រី​ជាសាម៉ី​ខ្លួនផ្ទាល់​មិនបាន​ដឹង ឬ​ចាប់អារម្មណ៍​ជាមុន​ឡើយថាខ្លួន​កើតជម្ងឺ​នេះ។ ព្រោះ​មុនដំបូង​គីស ឬ​មហារីក​នេះមិន​បង្កឱ្យ​មានការ​ឈឺចាប់​អ្វី​ទាំងអស់។ ដូចនេះ​ហើយ​ទើបស្ដ្រី​ជាអ្នក​ជម្ងឺមក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ច្រើន​ស្ថិតក្នុង​ដំណាក់​កាល​ធ្ងន់ធ្ងរ​ហួសពេល​ព្យាបាល ឬ​ពិបាក​ព្យាបាល។

វិធី​ព្យាបាល​មហារីក​អូវែរ

មហារីក​អូវែរ​ជាជម្ងឺ​មួយដែល​ទាមទារ​នូវការ​ព្យាបាល​ដោយ​ហ្មត់ចត់ និង​ចំណាយ​ពេលយូរ។ មិនតែ​ប៉ុណ្ណោះ ការ​ព្យាបាល ជម្ងឺ​មហារីក​មិនមែន​ជារឿង​ងាយស្រួល​ឡើយ។ ការ​ព្យាបាល​ត្រូវឆ្លង​កាត់នូវ​ដំណាក់​កាល​ច្រើន​ដោយ​ត្រូវ​វះកាត់​យកដុំ​គីស ឬ​ដុំមហារីក និង​កូនកណ្ដុរ​ចេញ និង​ត្រូវ​ឆ្លងកាត់​ការ​ព្យាបាល​ដោយថ្នាំ​គីមី។ ការ​តាមដាន​សភាព​ជម្ងឺ​ជាបន្ដបន្ទាប់​ទៀត​ក៏ជា​រឿង​ចាំបាច់ និង​ប្រើ​រយៈពេល​យូរ​ផងដែរ។ មធ្យោបាយ​ព្យាបាល​សំខាន់​បំផុត គឺការ​វះកាត់។

ដំបូន្មាន​អ្នក​ប្រឹក្សា

វិធី​បង្ការ​ជម្ងឺ​មហារីក​អូវែរ​ដែលល្អ​ប្រសើរ​បំផុត គឺ​សុភាព​ស្ដ្រី​ទាំងឡាយ ទោះស្ដ្រី​នៅលីវ​ក្ដី មាន​ស្វាមី​ក្ដី ត្រូវ​ធ្វើការ​ពិនិត្យ សុខភាព​ដោយ​គ្រូពេទ្យ​ជំនាញ​ផ្នែក​រោគស្ដ្រី​ជាប្រចាំ។ យ៉ាងហោច​ណាស់​ត្រូវ​ពិនិត្យ​សុខភាព​ឱ្យបាន​មួយឆ្នាំ​ម្ដង ព្រោះ​សព្វថ្ងៃ​មាន​ឧបករណ៍​ទំនើបៗ​ដែលអាច​ថតឆ្លុះ​ពិនិត្យ​មើលគីស​នៅអូវែរ​បានដោយ​មិនមាន​បញ្ហា​ឡើយ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៩ ខែសីហា ឆ្នាំ២០០៧

Google Analytics Alternative