វិធី​បំបាត់​ក្លិនជើង

បញ្ហា​ជើង និង​ស្បែកមាន​ក្លិន​ស្អុយ​ជាបញ្ហា​ដែលច្រើន​ជួប​ប្រទះ​នៅតាម​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍន៍។ បច្ចុប្បន្ននេះ​នៅក្នុងការ​ពិគ្រោះ​ជម្ងឺ​សើស្បែក បានជួប​ប្រទះ​បញ្ហា​ក្លិនជើង និង​ស្បែកជើង​នេះ​កាន់តែ​មានចំនួន​ច្រើន​ឡើង។ បើ​លោកអ្នក​មាន​បញ្ហា​ក្លិនជើង​នេះហើយ​មិនចាប់​អារម្មណ៍ លោកអ្នក​នឹងក្លាយ​ទៅជា​បុគ្គល​ដែល​នៅឆ្ងាយ​ពីអ្នកដទៃ ដោយសារ​តែក្លិន​មិន​ប្រសើរ​នេះ ជួនកាល​វាអាច​ឱ្យ​លោកអ្នក​មានជម្ងឺ​ទៀតផង​ក៏មាន។

រូបភាពទស្សនាវដ្ដីសុខភាពយើង

លោក​វេជ្ជបណ្ឌិត ម៉ី ស៊ីថាច អ្នក​ឯកទេស​ផ្នែកជម្ងឺ​សើស្បែក និង​កាមរោគ​នៃមន្ទីរពេទ្យ​ព្រះកុសមៈ​ចូលរួម​បកស្រាយ ជម្រាប​ជូន​លោកអ្នក​អាន​អំពី​បញ្ហា​ក្លិនជើង តាមរយៈ​ទស្សនាវដ្ដី សុខភាព​យើង។

មូលហេតុ​ដែល​បណ្ដាល​ឱ្យមាន​ក្លិនជើង

ក្លិនជើង​កើតឡើង​ដោយសារ​ការ​ទម្លាប់​រស់នៅ​ប្រចាំថ្ងៃ និង​ដោយ​ការពាក់​ស្បែក​ជើងបិទ​ជិត ជាពិសេស​ពពួក​ស្បែកជើង ដែល​ផលិត​ពីស្បែក​សត្វ​គ្រប់​ប្រភេទ។ ជាធម្មតា​ស្បែក​នៅបាត​ដៃ និង​បាតជើង​របស់​មនុស្ស​តែងមាន​ក្រពេញ​បញ្ចេញ​ញើស​ច្រើនជាងកន្លែង​ដទៃ​ទៀត។ ញើស​ដែល​បញ្ចេញ​នៅបាតដៃ​ត្រូវបាន​ខ្យល់​បរិយាកាស​សម្ងួត​អស់ តែញើស​នៅបាតជើង​ត្រូវបៀម​ទុកដោយ​ស្បែកជើង និង​ស្រោម​ជើង។ ការ​បៀមទុក​នេះបាន​ផ្ដល់​ឱកាស​ឱ្យមាន​បាក់តេរី​មួយចំនួន​រីកដុះ​ដាលដោយ​សំណើម​នៃញើស​នៅស្បែក​ជើង និង​ស្រោមជើង។ ពពួក​បាក់តេរី​ទាំងអស់​នោះហើយ​ដែលជាអ្នក​បង្កក្លិន​ស្អុយដ​ល់ជើង ស្បែកជើង និង​ស្រោម​ជើង។

វិធី​បំបាត់​ក្លិនជើង

ប្រសិនបើ​ជើង ស្បែក​ជើង និង​ស្រោមជើង​របស់​លោកអ្នក​មានក្លិន​ស្អុយ​នោះ លោកអ្នក​ចាំបាច់​ត្រូវតែ​រកវិធាន​ការ​ដើម្បីទប់ទល់ និង​បំបាត់​ក្លិន​ទាំងនោះ​ឱ្យបាន។ ជាដំបូង លោកអ្នក​ត្រូវកាត់​បន្ថយ​ការ​បញ្ចេញ​ញើស និង​កាត់បន្ថយ​ចំនួន​បាក់តេរី។

1. កាត់​បន្ថយ​ការ​បញ្ចេញ​ញើស

  •  លោកអ្នកត្រូ​វមាន​ទម្លាប់​ពាក់​ស្រោមជើង​ដែល​បោកស្អាត​ជានិច្ច ប្ដូរ​ស្រោមជើង​ជារៀងរាល់ថ្ងៃ
  • មិនត្រូវ​ពាក់ស្បែក​ជើង​ដដែលៗ​រាល់ថ្ងៃ
  • ទុក​ស្បែកជើង​ដែល​ពាក់រួច​ឱ្យត្រូវ​ខ្យល់​ឱ្យបាន​២៤ម៉ោង ដើម្បី​ឱ្យញើស​ដែលជាប់​នៅនឹង​ស្បែកជើង​ស្ងួត
  • មិនគួរ​គប្បី​ពាក់ស្រោម​ជើង​បិទជិត​ពេកទេ គួរ​ពាក់ស្បែក​ជើង​ណាដែល​អាចឱ្យ​ខ្យល់​ចេញចូល​បានល្អ
  • សូម​ជ្រើសរើស​ស្រោមជើង​ដែល​ផលិត​ចេញពី​ក្រណាត់​កូតុង
  • ត្រូវ​ប្រើប្រាស់​សារធាតុ​ដែល​កាត់បន្ថយ​ការ​បញ្ចេញ​ញើស។

2 . កាត់​បន្ថយ​ចំនួន​បាក់តេរី

  •  លាងជើង​ដោយ​សាប៊ូ​កម្ចាត់​មេរោគ និង​ជូតជើង​ឱ្យស្ងួត ជាពិសេស​នៅចន្លោះ​ម្រាមជើង
  • ប្រើប្រាស់​ម្សៅ​ដើម្បី​បំបាត់​ក្លិន​ដែលអាច​បំបាត់​ក្លិនជើង​ផង និង​អាចស្រូប​យកញើស​ផង
  • ឧស្សាហ៍​ត្រាំជើង​របស់​លោកអ្នក​ក្នុងទឹក​រយៈពេល​យ៉ាងតិច​៣០នាទី ព្រោះ​សារធាតុ​អាស៊ីត​តានីក​ដែលមាន​នៅក្នុង​ទឹក អាច​សម្លាប់​មេរោគ​បាន។

ដំបូន្មាន​អ្នក​ជំនាញ

សូម​លោកអ្នក​រក្សានូវ​ទម្លាប់ល្អ​ឱ្យបាន ដើម្បី​ចៀសវាង​នូវ​បញ្ហា​ដែលអាច​កើតមាន​ទ្បើងនិង​ដែល​ធ្វើឱ្យ​រំខាន​ដល់ការ​ទំនាក់ទំនង​របស់​លោកអ្នក​ក្នុងជីវភាព​ប្រចាំថ្ងៃ។ ក្រៅពីនេះ បើ​លោកអ្នក​រស់នៅ​មិនមាន​អនាម័យ ជម្ងឺ​តម្កាត់​ផ្សេងៗ​ងាយយាយី​ដល់​សុខភាព​របស់​លោកអ្នក ជួនកាល​អាចឆ្លង​ដល់​អ្នកដទៃ​ទៀតផង។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៩ ខែសីហា ឆ្នាំ២០០៧

Google Analytics Alternative