បុរសដែលនារី​​​ជ្រើសរើស

“ធ្វើស្រែឱ្យមើលស្មៅ ទុកដាក់កូនចៅឱ្យមើលផៅសន្ដាន” នេះជា​ពាក្យ​បុរាណខ្មែរ​ពី​យូរលង់​ណាស់​មកហើយ។  សម័យ​នេះ​មិនមែន​ជាសម័យ“នំមិនធំជាងនាឡិ”នោះទេ ជាសម័យ​ទំនើប​ដែលបុរស និងនារី​មានសិទ្ធិ​នៅក្នុង​ការ​ជ្រើសរើស​គូស្រករ​បានដោយ​ខ្លួនឯង ចំណែក​ឯ​ឪពុកម្ដាយ​គ្រាន់តែ​ជាអ្នក​ណែនាំ​កូន ដើម្បីឱ្យ​កូន​ជ្រើសរើស​គូស្រករ​ឱ្យបាន​ត្រឹមត្រូវ​តែ​ប៉ុណ្ណោះ​  ការ​សម្រេចចិត្ដ​គឺស្ថិត​នៅលើ​បុគ្គល។ ដូចនេះ​ការ​ជ្រើសរើស​គូស្រករ​ជាប្រការ​ចាំបាច់​ដែល​នារី​គ្រប់រូប​ត្រូវតែ​យកចិត្ដ​ទុកដាក់​ជាចម្បង។​

រូបភាពទស្សនាវដ្តីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង បានជួបជាមួយលោក​សាស្ដ្រាចារ្យ សំបូរ មាណ្ណារ៉ា អនុប្រធាន​ដេប៉ាទឺម៉ង​ប្រវត្ដិសាស្ដ្រ​ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជា​គ្រូបង្រៀន​នៅសាកលវិទ្យាល័យ​បញ្ញាសាស្ដ្រ ដើម្បី​បរិយាយ​លក្ខណៈ​បុរស​ដែលនារី​ជ្រើស រើស​ធ្វើជា​ស្វាមី​ឱ្យបាន​សមស្រប​ទៅតាម​សម័យកាល​វិវឌ្ឍន៍​នៃសង្គម។

បុរសដែលនារីជ្រើសរើស ជាបុរសប្រភេទណាខ្លះ?

នារីគ្រប់រូបតែងតែប្រាថ្នាបុរសដែលល្អ ចេះជួយ​ទុក្ខធុរៈ​នារី​ដែលជា​ប្រពន្ធ ចេះឱ្យ​តម្លៃ​ទៅលើ​នារីជាធំ។ មាននារី​មួយចំនួន​ តែងតែ​ឱ្យ​ឪពុកម្ដាយ​ជាអ្នក​ជ្រើសរើស​គូស្រករ​សម្រាប់​អនាគត ប៉ុន្ដែក៏​មាននារី​មួយចំនួន​ធំដែល​ជ្រើសរើស​គូស្រករ​ដោយ​ខ្លួនឯង។ នារីប្រភេទ​នេះ​តែងតែ​សម្លឹង​រកបុរស​ដែលមាន​លក្ខណៈ​ដូចខាង​ក្រោម ៖

១ . សីលធម៌ល្អ បុរសដែលមានសីលធម៌ល្អជាបុរស​ដែល​តែងតែ​ស្ថិតនៅ​ក្នុង​កែវភ្នែក​របស់​នារី​គ្រប់រូប ដែលមាន​ដូចជា ៖

ចេះគោរពមាតាបិតា ចាស់ទុំ ញាតិមិត្ដ​ជិតខាង។

– ចរិតឫកពាស្លូត មិនកាចពេក​មិនស្លូត​ពេក។

– មានចិត្ដស្មោះជាមួយភរិយា និងឱ្យ​តម្លៃ​ភរិយា ឪពុកម្ដាយ បង ឬប្អូន។

– ចេះស្រឡាញ់គ្រួសារខាងស្រីក៏ដូចជា​ខាងប្រុស ដោយមិន​មានចិត្ដ​លម្អៀង។

នារីគ្រប់រូបមិនប្រាថ្នាបុរសណាដែលចូលចិត្ដ​មើលងាយ​ស្ដ្រីភេទ មើលងាយ​ឪពុកម្ដាយ និងមើលងាយ​អ្នក​ទន់ខ្សោយ​នោះទេ។

២ . មិនប្រព្រឹត្ដអំពើពាលា ការប្រព្រឹត្ដអំពើពាលាវា​ជារឿង​មួយដែល​នាំមក​នូវការ​វិនាស​ដល់ខ្លួន ដូចជា​ទ្រព្យសម្បត្ដិ​ ជាដើម។ ចំពោះ​សុភាពនារី​ក៏មិន​ជ្រើសរើស​យកបុរស​ណាដែល​ចូលចិត្ដ​ប្រព្រឹត្ដ​អំពើ​ពាលាដែរ​ដូចជា ៖

– ប្រមឹក ផឹកស្រា ឬគ្រឿងស្រវឹង​ជារឿយៗ។

– ដើរយប់ ដើររាំច្រៀង មានស្រីញី។

– ប្រព្រឹត្ដល្បែងស៊ីសងដែល​នាំឱ្យ​វិនាស​ដ​ល់ខ្លួន។

– សេពគប់មិត្ដមិនល្អ ដែលនាំទៅរកផ្លូវមិនល្អ ដូចជាការ​ប្រើប្រាស់​គ្រឿងញៀន​ជាដើម។

រូបភាពទស្សនាវដ្តីសុខភាពយើង

៣ . បញ្ញាវាងវៃ ស្ដ្រីគ្រប់រូបតែងតែប្រាថ្នាចង់បានបុរស​ដែលមាន​ចំណេះ​ដឹងខ្ពស់ ទាំងគំនិត​ស្មារតី។ ព្រោះនាង​តែង តែ​គិតថា​បុរស​ជំពូក​នេះ​ជាបុរស​ដែលចេះ​គិតគូរ​ពិចារណា​បានវែងឆ្ងាយ អាចដឹកនាំ​គ្រួសារ​បានល្អ​ដូចជា ៖

– ចេះអត់ធ្មត់ នៅពេលដែលមានបញ្ហាកើតឡើង​ចំពោះខ្លួន។ ចេះ​គ្រប់គ្រង​អារម្មណ៍​ខ្លួនឯង នៅពេល​ដែលជួប​នឹងការ​វិបាក អ្វីមួយ។

– ចេះគិត និងពិចារណាវែងឆ្ងាយ ចេះបែង​ចែក​ច្បាស់លាស់ មិនធ្វើអ្វី​ទៅតាម​ចិត្ដរបស់​ខ្លួនឯង ពេលជួប​នឹង​ឧបសគ្គ​ចេះ​ ដោះស្រាយ​បានល្អ។

– ក្លាហាន មានគំនិតច្នៃប្រឌិត ឆ្លាត អាចផ្គត់ផ្គង់​គ្រួសារបាន ហ៊ាន​ទទួល​ខុសត្រូវ​នូវទង្វើ​របស់ខ្លួន អាចធ្វើ​ជាឪពុក​ដ៏ល្អ និងប្ដីដ៏ល្អ អាចដឹកនាំ​គ្រួសារ​បានល្អ​នៅពេល​ថ្ងៃអនាគត។ ជាពិសេស​ជាបុរស​ចេះជួយ​សង្គមជាតិ អាចធ្វើ​ជាគំរូដ៏​ល្អសម្រាប់​ក្មេង​ជំនាន់​ក្រោយ។

– ពូកែយកចិត្ដភរិយា ចេះលួងលោម​ភរិយា ដោយសម្ដី​ពិរោះ មិនទ្រ​គោះបោះបោក ជួយលើក​ទឹកចិត្ដ​ភរិយា។

៤ . ការងារល្អ ស្ដ្រីណាក៏ប្រាថ្នាបុរសដែលមានការងារ​ល្អធ្វើដែរ មិនប្រាថ្នា​បុរស​ដែលគ្មាន​ការងារ​ច្បាស់លាស់​នោះទេ។ ព្រោះការងារ​ជាកត្ដា​ចាំបាច់​បំផុត​សម្រាប់​ការរស់​នៅក្នុង​សង្គម។ បុរស​ដែលមាន​ការងារ​ធ្វើ​អាច​ផ្គត់ផ្គង់​គ្រួសារ​បាន ថែមទាំង​ធ្វើ ឱ្យ​គ្រួសារ​មានសុភមង្គល​បានថែម​ទៀតផង។

៥ . ទ្រព្យសម្បត្ដិ ទ្រព្យសម្បត្ដិក៏ជាចំណុចមួយដ៏សំខាន់​សម្រាប់​នារី​ផងដែរ ព្រោះមាន​នារី​មួយ​ចំនួន​មិនសូវ​ជាមាន​ សមត្ថភាព​នៅក្នុង​ការស្វែង​រកប្រាក់​បានដូច​បុរសទេ។ ហើយអ្វី​ដែលពិសេស​នេះគឺ​នារី​ជា​អ្នក​គ្រប់គ្រង​ទ្រព្យសម្បត្ដិ នៅពេល​អនាគត​ ដូចនេះ​ទ្រព្យសម្បត្ដិ​គឺជា​ផ្នែកមួយ​ដ៏សំខាន់​សម្រាប់​ស្ដ្រី​មេផ្ទះ។

៦ . រូបសម្បត្ដិ នារីមួយចំនួនតែងតែប្រាថ្នាបុរស​ដែលមាន​រូបរាង​ស្អាត សង្ហា មានកាយ​សម្បទា​គ្រប់គ្រាន់។ ប៉ុន្ដែក៏​ នៅមាន​នារី​មួយ​ចំនួន​ដែល​ជ្រើសរើស​យក​បុរស​ដែល​មិនមាន​កាយសម្បទា​គ្រប់គ្រាន់ ដោយសារ​តែបុរស​នោះមាន​នូវ​សីលធម៌​ សមត្ថភាព ចំណេះដឹងខ្ពស់ ការងារល្អ ចរិតល្អ ចេះឱ្យ​តម្លៃ​ទៅលើ​នារី។ ចំណែក​ឯបុរស​ដែលមាន​រូបរាង​សង្ហាតែ​មិនមាន​សមត្ថភាព​ មិនមាន​សីលធម៌ មិនចេះឱ្យ​តម្លៃទៅ​លើ​នារីនោះ នារីនឹង​មិន​សម្រេច​ចិត្ដ​ជ្រើសរើស​យកបុរស​ប្រភេទ​នេះឡើយ។

ដំបូន្មានផ្ដល់ប្រឹក្សា

នារីត្រូវតែចេះឱ្យតម្លៃខ្លួនឱ្យខ្ពស់ជាងបុរស ត្រូវរៀប​ខ្លួនឱ្យបាន​ត្រឹមត្រូវ មុននឹង​ធ្វើការ​ជ្រើសរើស​គូស្រករ ទាំង សម្លៀកបំពាក់ ទាំងការ​និយាយស្ដី ទាំងការ​រៀបចំ​ទុកដាក់​នៅក្នុងផ្ទះ មិននាំ​ខ្លួនឱ្យ​ធ្វើខុស ឬប្រាសចាក​នឹង​ប្រពៃណី ដែលពាក្យ​ ចាស់លោក​ពោលថា កុំឱ្យទុំមុនស្រគាល។ បើសិន​ជា​នារី​មិនចេះ​រៀបចំ​ខ្លួនឱ្យ​បាន​ត្រឹមត្រូវ​នោះ ងាយនឹង​បាត់បង់​នូវ​បុរស​ដែលបាន​រៀបរាប់​ខាងលើ។ ដូចនេះ​ដើម្បី​ជ្រើសរើស​បុរស​ដែលល្អ​បាន នារី​ត្រូវតែ​ចេះរៀប​ចំ​ខ្លួនឯង​ឱ្យបាន​ល្អ​ជា​មុនសិន។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៤ ខែឧសភា ឆ្នាំ២០១១

Google Analytics Alternative