អត្រាស្លាប់​ដោយសារ​ជម្ងឺ​គ្រុនចាញ់​ធ្លាក់ចុះ​៣៣ភាគរយ​ក្នុង​រយៈពេល៨ខែ​ដើមឆ្នាំ​នេះ

អត្រាស្លាប់​ដោយសារ​ជម្ងឺ​​គ្រុនចាញ់​បានធ្លាក់ចុះ​ពី៤៦​នាក់ មកនៅ​​ត្រឹម​៣១នាក់​ក្នុង​រយៈពេល​៨ខែ​ដើមឆ្នាំ​នេះ ដែល​ស្មើនឹង​៣៣​ភាគរយ​នេះ​បើតាម​​ការ​ឲ្យដឹង​ពីមន្រ្តី​ជំនាញ​សុខាភិបាល។

រូបភាពគេហទំព័រសុខភាពកម្ពុជា

លោក​វេជ្ជបណ្ឌិត ច ម៉េងចួ នាយក​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ឋ​នឹងជម្ងឺ​គ្រុនចាញ់ ប៉ារ៉ាស៊ីត​សាស្រ្ត និង​បាណក​សាស្រ្ត​នៃ​ក្រសួង​សុខាភិបាល​បានមាន​ប្រសា​សន៍​​ឲ្យដឹង​ក្នុង​របាយ​ការណ៍ ដែល​និយាយ​អំពី​ស្ថានភាព​ជម្ងឺ​គ្រុនចាញ់កាលពី​ថ្ងៃពុធ​ទី១៩​កញ្ញា​កន្លងមក​ថា អ្នកជម្ងឺ​​គ្រុនចាញ់​ដែលមក​ព្យាបាល​ដោយ​មណ្ឌ​ល​សុខ​ភាព និង​មន្ទីរពេទ្យ​សាធារណៈ​ក្នុង​រយៈពេល​៨ខែ​ដើមឆ្នាំ​នេះ មានចំនួន​៣១៤៨៤​ករណី គឺ​ថយចុះ​១៩ភាគរយ ដែល​រយៈពេល​ដូចគ្នា​កាលពីឆ្នាំ​២០១១ មានអ្នក​ជម្ងឺ​​ចំនួន​៣៨៦៦៥​ករណី ហើយ​ខេត្ត​ដែលមាន​អត្រា​ស្លាប់ថយចុះ​ជាងគេ គឺ​ខេត្ត​សៀម​​រាប និងខេត្ត​រតនគិរី។

លោកបន្ត​ថា “ខ្ញុំ​សូមជូន​សារទៅ​ប្រជាជន ដែល​រស់នៅ​តំបន់​គ្រុនចាញ់ឬ​​ប្រជាជន​ចំណាក​ស្រុក សូម​ប្រើប្រាស់​មុង​ឲ្យបាន​ត្រឹមត្រូវ ពេលមាន​សញ្ញាសង្ស័​យ​កើតជំងឺ​គ្រុនចាញ់​​​ សូម​ប្រញាប់​ទៅរក​ការថែរទាំ​សុខភាព និងបើ​ពិនិត្យ​ឈាម​ឃើញថា​មាន​មេរោគ​គ្រុនចាញ់ ត្រូវ​លេបថ្នាំ​ឲ្យបាន​បីថ្ងៃ ដើម្បី​ធ្វើឲ្យប្រាកដ​ថាជំងឺ​ពិតជា​បានជា​សះស្បើយ ”។

លោក​វេជ្ជបណ្ឌិត ច ម៉េងចួ បានបន្ត​ថា ឆ្នាំនេះ​មាន​ចលនា​ជន​ចំណាកស្រុក ទៅ​ធ្វើការ​នៅតំបន់​គ្រុនចាញ់​ច្រើន ព្រោះ​បើយោង​តាម​របាយ​ការណ៍របស់​អង្គកា​រ​URC​បានបង្ហាញ​ថា នៅ​ប៉ៃលិន សំទ្បូត សំពៅលូន ម៉ាទ្បៃមាន​ជន​ចំណាក​ស្រុក​ជាង៣០០.០០០​នាក់​ចូល​ទៅរក​ការងារ​ធ្វើពេល​រដូវ​ធ្វើតំទ្បូង​ម្តងៗ។ របាយ​ការណ៍​នេះក៏​បាកឲ្យ​ដឹងផង​ដែរថា ជន​ចំណាក​ស្រុក​ដែល​កំពុង​ធ្វើការ​នៅ​ប្រទេសថៃ​ខេត្ត​ជាប់​ព្រំ​ដែន​ជាមួយ​កម្ពុជា​ចំនួន២ គឺខេត្ត​ចាន់បុរី និង​ខេត្ត​ត្រាត​មានជន​ចំណាក​​ស្រុក​ប្រមាណ​៣០០០០០នាក់​ឆ្លងដែន ហើយ​ពួកគេរង់ចាំ​នៅ​ច្រកល្បៀង​ខេត្តកោះកុង ពោធិសាត់ និង​ប៉ៃលិន ដែល​ជាតំបន់​ប្រឈម​មុខនឹង​ជំងឺ​គ្រុនចាញ់​ខ្ពស់។

រូបភាពគេហទំព័រសុខភាពកម្ពុជា

តើការ​អន្តរាគមន៍​ដើម្បី​កាត់បន្ថយ​អត្រា​ឈឺ និង​ស្លាប់​ត្រូវធ្វើ​របៀប​ណា លោក​វេជ្ជបណ្ឌិត ច ម៉េងចួ បានបន្ត​ពន្យល់​ថា ដើម្បី​សម្រេច​បំណងនេះ​យើងមាន​យុទ្ឋសាស្រ្ត​អន្តរាគមន៍​ចំនួនបី ទី១ ការពារ​មិនឲ្យ​មូស​ដែកគោល​ញីចំលង​ជំងឺ​គ្រុន​ចាញ់ តាមរយៈ​ការ​ជំរុញ​ឲ្យ​ប្រជាជន​ដែល​រស់នៅ​ជាអិចន្រ្តៃយ៍ ឬ​ជនធ្វើ​ចំណាក​​ស្រុក​ចូលក្នុង​តំបន់​គ្រុនចាញ់ ត្រូវ​សម្រាន​ក្នុងមុង​ជ្រលក់​ថ្នាំជាប្រចាំ ទី២ ការ​ធា​នា​ឲ្យមាន​ការធ្វើ​រោគ​វិនិច្ឆ័យ​ព្យាបាល​ទាន់​ពេលវេលា ដោយ​ចាប់ផ្តើម​ពីថ្នាក់​ភូមិ និង​គ្មានការ​បង់ថ្លៃ​សេវា​សាធារណៈ និង​ទី៣ ការ​ផ្តល់ព៌តមាន​ជូន​ប្រជាជន គឺ​ប្រ​កាន់​ឥរិយាបថ មាន​សុវត្ថិភាព​ក្នុងការ​បង្ការ ឬ​ការទទួល​សេវា​ធ្វើរោគ​វិនិច្ឆ័យ​ជំងឺគ្រុន​ចាញ់​ទាន់​ពេលវេលា មាន​ប្រសិទ្ឋិភាព និង​សុវត្ថិភាព​ខ្ពស់។

អត្ថដោយ ៖ គង់ សូរិយា

ចេញផ្សាយ ៖ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១២

Google Analytics Alternative