មហា​សោកនាដកម្ម​នៅស្ពាន​កោះពេជ្រ

មហា​សោកនាដកម្ម​ដែល​មិនធ្លាប់​មានក្នុង​ប្រវត្ដិសាស្ដ្រ​ជាតិ​រយៈពេល​៣១ឆ្នាំ​កន្លងមក​នេះ បានធ្វើ​ឱ្យមាន​ការ​សោកស្ដាយ​ភ្ញាក់ផ្អើល និង​រន្ធត់​ញាប់ញ័រ​ក្រៃលែង លាយឡំ​ដោយ​សេចក្ដី​ក្ដុកក្ដួល។ ព្រឹត្ដិការណ៍​សប្បាយ​រីករាយ​បានក្លាយ​ជាមហា​ទុក្ខដ៏​ធំធេង នាថ្ងៃ​បញ្ចប់​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែត​ប្រទីប អក​អំបុក និង​សំពះ​ព្រះខែ ព្រោះ​តែកើត​មាន​ឧបទ្ទវ​ហេតុ​នៅបរិវេណ​ស្ពានពេជ្រ​នៃតំបន់​កោះពេជ្រ​នាវេលាម៉ោង​៩និង​៣០នាទី​យប់ ថ្ងៃទី​២២ ខែ​វិច្ឆិកា ដែល​យ៉ាង​ហោចណាស់​មានមនុស្ស​ប្រុសស្រី ក្មេងចាស់​ប្រមាណ​៣៤៩នាក់​ស្លាប់ និង​ជាង​៧០០នាក់​ទៀតបាន​រងរបួស។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ក្រោយ​ឧបទ្ទវហេតុ​ប៉ុន្មាន​ម៉ោង​តាមកញ្ចក់​ទូរទស្សន៍ សម្ដេច​អគ្គម​ហាសេនាបតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃព្រះរាជា​ណាចក្រ​កម្ពុជា បានចេញ​សេចក្ដី​ថ្លែងការ​ជាបន្ដ​បន្ទាប់នៅវេលា​រំលង​អធ្រាត្រ និង​វេលា​ទៀបភ្លឺ​ស្ដីពី​ឧបទ្ទវ​ហេតុនេះ និងបាន​ប្រកាស​យកថ្ងៃ​ទី២៥ ខែ​វិច្ឆិកា ឆ្នាំ​២០១០ ជាថ្ងៃ​កាន់មហា​ទុក្ខទូ​ទាំប្រទេស ដោយ​គ្រប់​ស្ថាប័នរដ្ឋ គ្រឹះស្ថាន​សាធារណៈ​ និង​គ្រឹះស្ថាន​ឯកជន​ត្រូវ​បង្ហូត​ទង់ជាតិ​ត្រឹម​ពាក់កណ្ដាល​ដង ជានិមិត្ដ​សញ្ញា​នៃការ​កាន់ទុក្ខ​ដ៏ក្រៀមក្រំ​នេះ។

ប្រភព​ព័ត៌មាន​មិន​ច្បាស់​ដែល​ទាក់ទិន​នឹង​សោកនាដកម្ម

ទាក់ទិន​នឹង​សោកនាដកម្ម​ដ៏រន្ធត់​ខាងលើ​នេះ បើតាម​ប្រភព​ព័ត៌មាន​នៅកន្លែង​កើតហេតុ​បានឱ្យ​ដឹងថា មុនពេល​កើតហេតុ មនុស្សម្នា​យ៉ាងច្រើន​កុះករ​រាប់ពាន់​រាប់ម៉ឺន​នាក់​បានធ្វើ​ដំណើរ​ត្រសង​ដោយ​រីករាយ​ក្អាកក្អាយ​ចូលទៅ​កម្សាន្ដ​ការ​តាំង​ពិព័រណ៍ ពាណិជ្ជកម្ម​ទំនិញ​ផ្សេងៗ​នៅកោះ​ពេជ្រ នាឱកាស​បុណ្យ​អុំទូក បណ្ដែត​ប្រទីប សំពះ​ព្រះខែ និង​អកអំបុក​នាថ្ងៃ​ទី៣ ដែល​ជាថ្ងៃ​បង្ហើយ ព្រះរាជពិធី​បុណ្យ។ ខណៈ​ពេលនោះ​បងប្អូន​ប្រជាពលរដ្ឋ​បាន​នាំគ្នា​ធ្វើដំណើរ​ដោយថ្មើរ​ជើងឆ្លង​ស្ពាន​យោលកោះ​ពេជ្រ ពី​ទិសម្ខាង ទៅទិស​ម្ខាងទៀត ដោយ​មានអ្នក​ឆ្លងទៅ និង​ឆ្លងមក​យ៉ាង​ណែន​តាន់តាប់​កកខាប់​ពេញលើ​ស្ពាន​កោះពេជ្រ ដែលមាន​ទំហំ​ទទឹង​៨.១៧ ម៉ែត្រ និង​បណ្ដោល​១០១ម៉ែត្រ។

មូលហេតុ​នៃការ​បង្កើត​ឱ្យមាន​ការផ្អើល​រត់ជាន់​ជើងគ្នា​នេះ តាម​ប្រភព​មិនផ្លូវការ​នៅឡើយ​បានឱ្យ​ដឹងថា បណ្ដាល​មកពី​ក្រុមជន​ខិលខូច​មួយក្រុម​ស្រែកតៗ​គ្នាទាំង​ស្លន់ស្លោ​ថា “ស្ពាន​បាក់ សូមរត់​ឱ្យលឿន​ឡើង”។ ផ្ដើម​ចេញពី​ព័ត៌មាន​អកុសល​នេះ បាន​ធ្វើឱ្យ​ក្រុម​ប្រជាពលរដ្ឋ​នាំគ្នា​រុញច្រាន​គ្នាដើម្បី​ប្រញាប់​ឆ្លងស្ពាន​ឱ្យផុត បណ្ដាល​ឱ្យអ្នក​ខ្លះដួល​គរលើគ្នា​ស្រែក​ទ្រហោយំ​ឡើង និង​បង្ក​ឱ្យមាន​សោកនាដកម្ម​ស្លាប់​រណែល​រាប់រយ​នាក់ ដេកគរ​លើគ្នា ដកខ្លួន​មិនរួច​នៅក្រាល​ពេញស្ពាន​តែម្ដង និងដេក​ត្រួតលើ​គ្នាពី៣​ទៅ៤ត្រួត ខ្ពស់​ដូច​ទំនប់។ ក្នុង​ឱកាស​ជ្រួល​ខ្លាំងនោះ​ដែរក៏​មានព័ត៌​មានថា មាន​អ្នកខ្លះ​ប្រថុយ​លោតពីលើ​ស្ពាន​បន្ដបន្ទាប់ ដែល​នៅក្រោម​ស្ពាន ក៏មាន​សមត្ថកិច្ច​ជើងទឹក​ចូលមក​អន្ដរាគមន៍​ជួយស្រង់​ផងដែរ។

ប្រភព​ព័ត៌ផ្សេង​ទៀតបាន​និយាយ​ថា ពេលមាន​ហេតុការណ៍​ភ្ញាក់ផ្អើល​កើតឡើង​ភ្លាមៗ ស្រាប់តែ​មានជន​ខិលខូច​យកខ្សែ​ច្រវាក់​ដែល​ក្រុមហ៊ុន​ដាក់​ទទឹង​ស្ពាន​សម្រាប់​ហាមឃាត់​ម៉ូតូ​កុំឱ្យ​ជិះឆ្លងកាត់​មកចង​ទាញទទឹង​ផ្លូវ ទើប​បណ្ដាល​ឱ្យមាន​មនុស្ស​រត់ទាក់ ច្រវាក់​ដួលបោកខ្លួន​ជាបន្ដ​បន្ទាប់​គរលើគ្នា​ងើប​មិនរួច បណ្ដាល​ឱ្យ​កើតមាន​គ្រោះ​ធ្ងន់ធ្ងរ​ក្លាយជា​មហាសោកនាដកម្ម​តែម្ដង។ តាម​ប្រភព​ផ្សេងទៀត​បាន​និយាយ​ថា គ្រោះថ្នាក់​នេះបង្ក​ឡើង​ដោយសារ​មានការ​ឆក់ចរន្ដ​អគ្គិសនី​នៅលើ​ស្ពាន ធ្វើឱ្យ​មនុស្ស​ទាំងឡាយ​នាំគ្នា​ផ្អើល​ស្លន់ស្លោ​កើតឡើង។

ដោយ​ឡែក​ប្រភព​ព័ត៌មាន​ផ្លូវការ​ពីលោក​ឧត្ដមសេនីយ៍​ត្រី ទូច ណារ៉ុថ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បានមាន​ប្រសាសន៍​ថា នៅលើ​ស្ពាន​កើតមាន​សោកនាដកម្ម​ខាងលើ​នេះគឺ​ផ្ដើមចេញ​ពីការ​ភ្ញាក់ផ្អើល ហើយ​រត់ជាន់គ្នា​ស្លាប់​រណូក​រណែល​តែម្ដង។ លោក​ស្នងការ​បាន​បដិសេធ​ចំពោះ​ពាក្យ​ចចាម​អារ៉ាម​ផ្សេងៗ​ក្រៅពីនេះ។

ការ​ជួយ​សង្គ្រោះ​របស់​សមត្ថកិច្ច​ប៉េអឹម

តាម​ប្រភព​ព័ត៌​នៅកន្លែង​កើតហេតុ​គេបាន​សង្កេត​ឃើញ​ថា វត្ដមាន​សមត្ថកិច្ច​កងរាជ​អាវុធហត្ថ​មានការ​សស្រាក់​សស្រាំ​ជាង​កងកម្លាំង​ផ្សេងៗទៀត​ក្នុង​ហេតុការណ៍​ចូល​ទៅជួយ​សង្គ្រោះ​អាយុជីវិត​ប្រជាពលរដ្ឋ។ លើសពីនេះ​ទៅទៀត​គេបាន​សង្កេត​ឃើញ ក្រុម​សមត្ថកិច្ចមានការ​យឺតយ៉ាវ​ផងដែរ ក្នុងការ​ចូលទៅ​អន្ដរាគម៍​សង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​កំពុង​នៅគរលើគ្នា​នេះ។ ធ្ងន់ធ្ងរ​ជាងនេះ​ទៅទៀត​ហាក់​ដូចជា​ខ្វះបច្ចេកទេស​ក្នុងការ​បញ្ជា​កម្លាំង​ជួយ​អន្ដរាគមន៍​សង្គ្រោះ​ពីក្នុង​ឧបទ្ទវហេតុ​ដែល​កើតឡើង​ភ្លាមៗ។

ក្នុង​ឧបទ្ទវហេតុ​ខាងលើ​នេះ គេសង្កេត​ឃើញ​នៅមន្ទីរពេទ្យ​រដ្ឋធំៗ​នានា រួមមាន​មន្ទីរពេទ្យ​កាល់ម៉ែត មន្ទីរពេទ្យ​មិត្ដភាព ខ្មែរ-សូវៀត មន្ទីរពេទ្យ​ព្រះកេតុមាលា មន្ទីរពេទ្យ​កុសុមៈ និង​មន្ទីរពេទ្យ​សម្ពពក្រុង ត្រូវ​រថយន្ដ​សង្គ្រោះ​បន្ទាន់​រាប់សិប​គ្រឿង ដឹកអ្នក​រងគ្រោះ រងរបួស និង​ស្លាប់​ទៅព្យាបាល និង​តំកល់សព​ទុកដោយ​សមរម្យ។

ប្រជាពលរដ្ឋ​និយាយ​ពីអបិយ​ជំនឿ

តាម​ប្រភព​ព័ត៌មាន​នានា​ពីក្រុម​ប្រជាពលរដ្ឋ​ដែលបាន​ឃើញ​ហេតុការណ៍​គ្រោះថ្នាក់ខាងលើ​នេះបាន​នាំគ្នា​និយាយ​តៗគ្នា​តាម​របៀប​អបិយ​ជំនឿ​ថា មូលហេតុ​ដែលមាន​មនុស្សស្លាប់ និង​របួស​រាប់រយនាក់​យ៉ាងច្រើន​នៅលើ​ស្ពានកោះពេជ្រ​នោះ គឺ​បណ្ដាល​មកពី​ម្ចាស់ស្ពាន​សាងសង់​ឡើង​ពុំបាន​សែនព្រេន​រៀបពិស្ណុការ​សុំ​សេចក្ដីសុខ​ពីម្ចាស់​ទឹកម្ចាស់ដី​ឱ្យបាន​ត្រឹមត្រូវ ទើប​បារមី​ម្ចាស់ទឹក ម្ចាស់ដី​មានការ​ខឹង​សម្បា​ហើយ​ធ្វើបាប​បែបនេះ។

មានការ​កត់សម្គាល់​ឃើញថា នៅ​រៀងរាល់​រដូវ​ព្រះរាជពិធី​បុណ្យ​អុំទូក​ម្ដងៗ ទាំង​មន្ដ្រីរាជការ​ក៏ដូចជា​កូនចៅ​ប្រជាពលរដ្ឋ ទាំង​ប្រទេស​តែងតែ​ទន្ទឹង​រងចាំ​ចង់ដឹង​នូវ​លទ្ធផល​ក្រោយការ​ប្រណាំង​ទូក។ ប៉ុន្ដែ​ដោយឡែក​ក្រោយ​លទ្ធផល​ប្រណាំង​ទូកឆ្នាំ​នេះ គឺ​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​រាប់ទាំង​មន្ដ្រី​រាជការ​នានា​ផងដែរ បែរជា​រង់ចាំ​ចង់ដឹង​នូវ​លទ្ធផល​នៃចំនួន​អ្នកស្លាប់​ក្នុង​សោកនាដកម្ម​ខាងលើ​ទៅវិញ។

ម្យ៉ាងទៀត​មិន​ត្រឹមតែ​នៅក្នុង​ប្រទេស​នោះទេ​ដែលចាប់​អារម្មណ៍​និង​ក្ដុកក្ដួល សូម្បី​ប្រជាជនខ្មែរ​យើង​ដែល​រស់នៅ​ពាសពេញ​ពិភពលោក​ក៏ស្លុតរន្ធត់​ចំពោះ​ឧបទ្ទវហេតុ​នេះដែរ ព្រមទាំង​មាន​ទំនាក់ទំនង​ហូរហែ សួរ​សុខទុក្ខ​ក្រុម​សាច់ញាតិ​ដែល​រស់នៅ​ក្នុងប្រទេស។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ក្រោយ​មហា​សោកនាដកម្ម គឺ​ចាប់ផ្ដើម​សម្អាត​ស្ពាន“មច្ចុរាជ”និង​ប្រារឰ​ពិធី​កាន់​មរណ​ទុក្ខ

ស្ពានពេជ្រ​ដ៏ល្អ​ត្រកាល​នារាត្រី​ដែល​លំអ​ទៅដោយ​ភ្លើង ពេលនេះ​ត្រូវ​ប្រជាពលរដ្ឋខ្លះ​ហៅស្ពាន​នេះថា​ជាស្ពាន“មច្ចុរាជ” ព្រោះ​តែមាន​មនុស្ស​រាប់រយ​នាក់បាន​ស្លាប់​ក្រាលលើស្ពាន​យ៉ាង​អាណោច​អាធ័ម​បំផុត។ កាលពី​ព្រឹកថ្ងៃ​ទី២៥ ខែ​វិច្ឆិកា ឆ្នាំ​២០១០ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃព្រះរាជា​ណាចក្រ​កម្ពុជា អញ្ជើញ​ជាអធិបតី​ដ៏ខ្ពង់ខ្ពស់​ក្នុងពិធី​គោរព​វិញ្ញាណក្ខន្ធ​ដល់ជន​រងគ្រោះ​ដែលបាន​ស្លាប់​នៅក្នុង​មហា​សោកនាដកម្មនេះ។ មហា​សោកនាដកម្ម​ដ៏ធំធេង​មួយ​មិនមែន​រញ្ជួយ​ញាប់ញ័រ​តែកម្ពុជា​ទេ តែបាន​ល្បីសុសសាយ​ភ្លាមៗ​ពេញ​ពិភពលោក។

នៅព្រឹក​ថ្ងៃ២៥ ខែ​វិច្ឆិកា ឆ្នាំ​២០១០ សាលា​រាជធានី​ភ្នំពេញ​បាន​រៀបចំ​ពិធី​គោរព​វិញ្ញាណក្ខន្ធដល់​ជនរងគ្រោះ​នៅទី​តាំង​ស្ពានពេជ្រ​ចាប់ពី​ម៉ោង៨ព្រឹក​តទៅ ដែលគ្រប់​មន្ទីរ​អង្គភាព សាលាខណ្ឌ និង​បងប្អូន​ប្រជាពលរដ្ឋ​ជាច្រើន​ចូលរួម​ដោយ​នាំយក​ទៅជាមួយ​នូវផ្កា និង​កម្រង​ផ្កា ឬ​គ្រឿង​សក្ការបូជា​ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​ដល់ជន​រងគ្រោះ​ឱ្យ​ទៅកាន់​សុគតិភព។

ជាមួយ​គ្នានេះ​ក្រសួង​ការបរទេស និង​សហ​ប្រតិបត្ដិការ​អន្ដរជាតិ​ក៏បាន​រៀបចំ​ពិធីបុណ្យ​បង្សុកូល​ជាផ្លូវការ​ផងដែរ នៅថ្ងៃ​ទី២៥ ខែ​វិច្ឆិកា ឆ្នាំ​២០១០ វេលាម៉ោង​៤រសៀល ដើម្បីគោរព​វិញ្ញាណ​ក្ខន្ធ និង​ឧទ្ទិស​កុសល​ដល់ជន​រងគ្រោះ។ ក្នុងពិធី​នេះសម្ដេច​ព្រះអគ្គ​មហា​សង្ឃរាជាធិបតិ ទេព វង្ស ព្រមទាំង​សម្ដេច​សង្ឃ និង​ព្រះសង្ឃ​សរុប​ចំនួន​៤៩អង្គ និមន្ដ​ចូលរួម​ពិធីបុណ្យ​បង្សុកូល ដោយ​មានការ​ចូលរួម​ពីសមាជិក​សមាជិកា​រាជរដ្ឋាភិបាល និង​មន្ដ្រីរាជការ​មួយចំនួន ព្រមទាំង​អង្គទូត និង​តំណាង​អង្គការ​អន្ដរជាតិ​នៅ​កម្ពុជា។

សម្រាប់​ថ្ងៃកាន់​មរណ​ទុក្ខនេះ ការ​សប្បាយ​ទាំងឡាយ​ត្រូវបាន​ហាមឃាត់​នៅតាម​ទីសាធារណៈ រួម​ជាមួយ​នឹង​ទីតាំង អាជីវកម្ម​រាំរែក​ត្រូវឱ្យ​ផ្អាក​ផងដែរ។ មន្ដ្រី​ទីស្ដីការ​គណៈរដ្ឋមន្ដ្រី​មួយរូប​មាន​ប្រសាសន៍​ថា មិនមាន​ការចេញ​លិខិត​ណែនាំ​បន្ថែមទេ លើ​សារាចរ​ណែនាំដែល​ចុះហត្ថលេខា​ដោយ​សម្ដេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន ទាំង​សម្រាប់​វិទ្យុ ទូរទស្សន៍ និង​ទីតាំង​សប្បាយ​នានា ព្រោះថា​ថ្ងៃកាន់​មរណទុក្ខ​គេពិតជា​ដឹងថា តើផ្សាយ​ពីអ្វី​ដែល​សមស្រប និងការ​ចូលរួម​រំលែក​ទុក្ខនោះ​ហើយ។

កោសល្យ​វិច័យ​លើសព​ជនរងគ្រោះ​បង្ហាញ​ថា ការស្លាប់​គឺដោយ​សារត់ជាន់​គ្នា និង​ខ្វះខ្យល់​អុកស៊ីហ្សែន

ក្រោយ​ពេលធ្វើ​កោសល្យ​វិច័យ​តាមបែប​វិទ្យាសាស្ដ្រ​លើ​សាកសព​ជនរងគ្រោះ​ក្នុង​ឧបទ្ទវហេតុ​កាលពី​ថ្ងៃទី២២ ខែវិ​ច្ឆិកា នៅលើ​ស្ពានកោះពេជ្រ​នោះ គណៈ​កម្មការ​កោល្យ​វិច័យ​បានបង្ហាញ​ថាជន​រងគ្រោះ​ដែលស្លាប់​គឺ​បណ្ដាល​មកពី​ការ​រត់ជាន់ និង​ដេកដួល​លើគ្នា ព្រមទាំង​កង្វះ​ខ្យល់​អុកស៊ីហ្សែន។ ទន្ទឹម​នឹងនោះ ការធ្វើ​កោសល្យ​វិច័យ​រកមិន​ឃើញ​ជនរង​គ្រោះណាមួយ​ដែលស្លាប់​ដោយសារ​ខ្សែភ្លើង​ឆក់នោះ​ឡើយ។

ឯកឧត្ដម ម៉ម ប៊ុនហេង រដ្ឋមន្ដ្រី​ក្រសួង​សុខាភិបាល និងជា​ប្រធាន​គណៈកម្មការ​កោសល្យ​វិច័យ​បានបញ្ជាក់​ថា ការធ្វើ​កោសល្យ​វិច័យ​តាម​វេជ្ជសាស្ដ្រ​លើ​គ្រប់សាកសព​ជនរង​គ្រោះ មិនឃើញ​ជនរងគ្រោះ​ណាមួយ​ដែលស្លាប់​ដោយ​ឆក់ខ្សែ​ភ្លើង ឬក៏​ដោយពុល​សារជាតិគីមី​នោះឡើយ។ ប៉ុន្ដែ​ជនរងគ្រោះ​ដែលស្លាប់​នោះគឺ​បណ្ដាល​មកពី​គាប​សង្កត់ និង​រត់ជាន់​លើគ្នា ព្រមទាំង​ខ្វះខ្យល់​អុកស៊ីហ្សែន ដើម្បី​ចិញ្ចឹម​ខួរក្បាល និង​សរីរាង្គ​កាយ។ ដូច្នេះ​ការ​និយាយតគ្នា​ថា ជនរង​គ្រោះស្លាប់​ដោយសារ​ចរន្ដអគ្គិសនី​ឆក់ ឬ​ពុលជាតិ​គីមីនោះ​គឺគ្រាន់តែ​ជាពាក្យចចាម​អារ៉ាម។ លោក ម៉ម ប៊ុនហេង បាន​បញ្ជាក់​ថា គិត​មកដល់​ថ្ងៃទី២៤ ខែវិច្ឆិកា​នេះ អត្រាអ្នកស្លាប់​មានចំនួន​៣៥១នាក់ ក្នុងនោះ​ស្រីមាន​ចំនួន​២២៥នាក់ ប្រុស​១២៦នាក់ ចំណែក​អ្នក​រងគ្រោះ​មានចំនួន​៣៩៥នាក់ ក្នុងនោះ​ស្រីមាន​២០៩ ប្រុស​១៨៦​នាក់។

ទោះបីជា​មានការ​បញ្ជាក់​ពីតួលេខ​អំពីអ្នក​ស្លាប់ និងអ្នក​រងរបួស​ក្នុង​ឧបទ្ទវហេតុ​លើស្ពាន​កោះពេជ្រ​ជាបន្ដបន្ទាប់ តែ​តួលេខ​នោះហាក់​ដូចជា​មានការ​ខុសគ្នា​នៅពេល​ដែលមាន​ការ​ចុះផ្សាយ​ក្នុងបណ្ដាញ​សារព័ត៌​មានក្នុង​ស្រុក។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៥៩ ខែធ្នូ ឆ្នាំ២០១០

Google Analytics Alternative