អ្នកជម្ងឺ​ប្រព័ន្ធ​ប្រសាទ​កំពុង​ត្រូវការ​សេវា​ព្យាបាល​ដែលមាន​ប្រសិទ្ធភាព

តាមការ​សិក្សា​របស់​សមាគម​អ្នក​ព្យាបាល​ដោយ​ចលនា​កម្ពុជា​កាលពី​ពេលថ្មីៗ​នេះបាន​ឱ្យដឹងថា អ្នកជម្ងឺ​ប្រព័ន្ធ​ប្រសាទ​ច្រើនជាង​៦៦ម៉ឺននាក់​នៅកម្ពុជា កំពុងតែ​ត្រូវការ​សេវា​ព្យាបាល​ដែល​ប្រកប​ដោយ​ប្រសិទ្ធភាព។

រូបភាពទស្សនាវដ្ដីសុខភាពយើង

លោក អ៊ុង សម្បត្ដិ ប្រធាន​សមាគម​អ្នក​ព្យាបាល​ដោយ​ចលនា​កម្ពុជា​បានប្រាប់​ទស្សនាវដ្ដី សុខភាព​យើង កាលពី​ថ្ងៃទី៨ ខែវិច្ឆិកា​ថា ក្នុងពេល​ថ្មីៗនេះ​ខាង​សមាគម​បាន​ស្រាវជ្រាវ​រកឃើញ​ថា មានអ្នក​ជម្ងឺ​ច្រើនជាង​៦៦ម៉ឺន​នាក់​កំពុងតែ​ត្រូវការ​សេវា​ព្យាបាល​ជម្ងឺប្រ​ភេទនេះ​យ៉ាង​ចាំបាច់ ដើម្បី​ជួយ​សង្គ្រោះ​អាយុ​ជីវិត​របស់​ពួកគេ។ លោក​បន្ដថា ៖ “ជម្ងឺ​ប្រព័ន្ធ​ប្រសាទ​គឺជា​ជម្ងឺ​ម្យ៉ាង ដែល​ពិបាក​ធ្វើការ​ព្យាបាល ហើយ​ភាគច្រើន​បាន​កើតឡើង​បណ្ដាល​មកពី​គ្រោះថ្នាក់​ចរាចរណ៍ ជម្ងឺ​លើស​ឈាម ជម្ងឺ​ទឹកនោម​ផ្អែម ការផ្ទុក​មេរោគ​អេដស៍​ដ៏ធ្ងន់ធ្ងរ និង​តាមរយៈ​ប្រភេទ​ជម្ងឺ​ផ្សេងៗទៀត​ជាច្រើន​ដែរ”។ លោក​ថា ៖ “ដើម្បី​ធ្វើការ​សង្គ្រោះ​អាយុ​ជីវិត មនុស្ស​ទូទាំង​ប្រទេស​បាន យើង​ទាំងអស់​គ្នា​ត្រូវធ្វើការ​ពង្រឹង​សមត្ថភាព​របស់​គ្រូពេទ្យ​ជាបឋម”។

កាលពី​ថ្ងៃទី៨ ខែវិច្ឆិកា​នេះ សមាគម​អ្នក​ព្យាបាល​ដោយ​ចលនា​កម្ពុជា រួម​សហការ​ជាមួយ​អ្នក​ជំនាញ​ផ្នែកស្ដារ​លទ្ធភាព ពលកម្ម​មកពី​ប្រទេស​អូស្ដ្រាលី​បានបើក​វគ្គ​បណ្ដុះ​បណ្ដាល​ដែលមាន​រយៈពេល​៥ថ្ងៃ ពីថ្ងៃទី៨​ដល់ថ្ងៃ​ទី១២ ដើម្បី​ធ្វើការ​ពង្រឹង​សមត្ថភាព​របស់​មន្ដ្រីពេទ្យ​ដែល​កំពុង​បម្រើ​ការងារ​នៅតាម​មន្ទីរពេទ្យ​នីមួយៗ ឱ្យយល់​ច្បាស់​អំពី​វិជ្ជាជីវៈ​ពាក់ព័ន្ធ និង​ផ្នែក​ព្យាបាល ដោយ​ចលនា​នេះ។ លោក អ៊ុង សម្បត្ដិ ថ្លែង​ថា ៖ “វគ្គ​បណ្ដុះបណ្ដាល​នេះ មាន​សារៈ​សំខាន់ខ្លាំង​ណាស់ ដើម្បី​ធ្វើការ​ជំរុញ​ឱ្យ​គ្រូពេទ្យ ដែល​កំពុង​ស្ដារ​នៅតាម​មន្ទីរពេទ្យ​នីមួយៗ​កាន់តែយល់​ច្បាស់​អំពី​ជំនាញ​របស់ខ្លួន ពាក់ព័ន្ធ​នឹងការ​ព្យាបាល​ដោយ​ចលនា​លើផ្នែក​ប្រព័ន្ធ​ប្រសាទ​ឱ្យប្រកប​ទៅដោយ​ប្រសិទ្ធភាព​ខ្ពស់។

បើយោង​តាម​លោក អ៊ុង សម្បត្ដិ ប្រភេទ​អ្នកជម្ងឺ​ដែលអាច​ចាត់ទុក​ថា មានជម្ងឺ​ប្រព័ន្ធប្រ​សាទ​បាន មាន​ដូចជា​អ្នកជម្ងឺ​ដែលបាន​ស្លាប់​មួយចំហៀង​ខ្លួន អ្នកជម្ងឺ​ដែល​មិនអាច​ធ្វើ​ចលនា​ដៃជើង​បាន ជន​ពិការ ព្រមទាំង​អ្នក​ដែលមាន​ជម្ងឺ​ប្រព័ន្ធ​ប្រសាទ​ខួរក្បាល​ផងដែរ។ លោកថា ៖ “ករណី​តារា​ចម្រៀង ពៅ បញ្ញាពេជ្រ និង​តារា​ចម្រៀង ទូច ស៊ុននិច ក៏អាច​ចាត់ទុកថា​ជាអ្នក​ជម្ងឺ​ប្រព័ន្ធ​ប្រសាទ​បានដែរ”។

លោក សែម សុខា រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា​បានថ្លែង​នៅក្នុង​វគ្គ​បណ្ដ្ដុះ​បណ្ដាល នៅសាលា​បច្ចេកទេស​ថែទាំ​វេជ្ជសាស្ដ្រ​ថា ជាការ​ពិតណាស់ជនពិការ​ត្រូវការ​សិទ្ធិដូច​មនុស្ស​ដែលមិន​ពិការ​ដែរ ដើម្បី​ចូលរួម​គ្រប់​សកម្មភាព​សង្គម​ទាំងអស់ ក៏ប៉ុន្ដែ​បើគាត់​មិនធ្វើអ្វី​បាន​សូម្បីតែ​កម្រើក​ដៃ-ជើង​ផងនោះ តើគាត់​មាន​លទ្ធភាព​ឯណា ដើម្បី​ប្រកប​របររក​ទទួលទាន​នឹងគេ​ទៅ។ លោកថ្លែង​ថា ៖ “ខ្ញុំ​គិតថា វគ្គ​បណ្ដុះ​បណ្ដាល​នេះ ពិតជា​ផ្ដល់​ប្រយោជន៍​ដល់​សិក្ខាកាម​មួយចំនួន​ថែម​ទៀត លើ​ចំណេះ​ដឹង​ជាមូលដ្ឋាន​ដែលមាន​ស្រាប់ ដើម្បី​ទទួលបាន​គុណភាព​នៃការ​ថែទាំ​ព្យាបាល និងស្ដារ​លទ្ធភាព​ពលកម្ម​កាយសម្បទា។

លោក សុខ នី សិក្ខាកាម​ផ្នែក​ព្យាបាល​ជម្ងឺ​ដោយ​ចលនា​បាន​ប្រាប់ថា វាពិតជា​ការ​ប្រសើរ​ណាស់​ដែល​សិក្ខាកាម​ទាំងអស់​បានធ្វើការ​បណ្ដុះ​បណ្ដាល​ជាមួយ​នឹង​គ្រូជំនាញ​មកពី​ប្រទេស​អូស្ដ្រាលី។ លោក​ថ្លែងថា ៖ “ដោយសារ​តែមុខវិជ្ជា​នេះ វា​ពិបាក​នៅក្នុង​ការសិក្សា ទើប​វគ្គ​បណ្ដុះបណ្ដាល​លើកនេះ​ត្រូវការ​ដាក់​បង្រៀន​ចំនួន​១៧នាក់”។ លោក​ថា ៖ “ចំពោះខ្ញុំ​មុខវិជ្ជា​នេះ វាពិតជា​សាំញ៉ាំ​បន្ដិច​មែន ប៉ុន្ដែខ្ញុំ​ត្រូវតែ​ខិតខំ​ស្រាវជ្រាវ​សិក្សា​ទៅលើ​ផ្នែកនេះ​បន្ថែម​ទៀត។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៥៩ ខែធ្នូ ឆ្នាំ២០១០

Google Analytics Alternative