ស្ងៀមស្ងាត់​អាចបង្ក​ឱ្យកើត​មាន​វិបត្ដិ​ផ្លូវចិត្ដ

ជាធម្មតា​មនុស្សម្នាក់ៗ​តែងតែ​មាន​លក្ខណៈ​ផ្សេងៗ​ពីគ្នា ដោយ​បុគ្គលខ្លះ​ជាមនុស្ស​មិន​ស្ងៀមស្ងាត់ ជាមនុស្ស​រួសរាយ​ជជែកច្រើន​មិន​ចូលចិត្ដ​លាក់​បញ្ហា​ដែលកើត​មាន​នៅក្នុង​ខ្លួន។ ចំណែក​ឯបុគ្គល​ខ្លះជា​មនុស្ស​ដែលមាន​សភាព​ស្ងៀមស្ងាត់​តាំងពី​កំណើតមក​មិនសូវ​ជាចូលចិត្ដ​និយាយ​ស្ដីច្រើន មិនសូវ​ជាចេះ​លេងសើច​ច្រើន​ជាដើម។ រីឯ​បុគ្គល​មួយប្រភេទ​ទៀត​នោះ គឺជា​បុគ្គល​ដែល​មិន​ស្ងៀមស្ងាត់​តែក្រោយ​មកប្រែ​ទៅជា​ស្ងៀមស្ងាត់​ដោយ​មិនដឹង​មូលហេតុ​នេះក៏​អាច​បញ្ជាក់​ថា បុគ្គល​ប្រភេទនេះ​កំពុង​ឬក៏អាច​កើតមាន​វិបត្ដិ​ផ្លូវចិត្ដ​ហើយ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្សនាវដ្ដី សុខភាព​យើង ជួប​ជាមួយ​លោក​វេជ្ជបណ្ឌិត យឹម សុបុត្រា អ្នកឯកទេស​វិកលវិទ្យា​នៃគ្លីនិក​សាន់រ៉ាយ ធ្វើការ​ពន្យល់​បកស្រាយ​អំពី​ភាព​ស្ងៀមស្ងាត់​អាចកើត​មាន​វិបត្ដិ​ផ្លូវចិត្ដ ដើម្បី​ឱ្យ​លោកអ្នក​នាងកញ្ញា​បានជ្រាប​និងយល់​ឱ្យកាន់តែ​ច្បាស់​អំពី​បញ្ហានេះ។

ទំនាក់​ទំនង​វិបត្ដិ​ផ្លូវចិត្ដ​និងភាព​ស្ងៀមស្ងាត់

លក្ខណៈ​ធម្មតា​របស់​មនុស្ស​ម្នាក់ៗ​គឺមាន​អាកប្ប​កិរិយា​ខុសប្លែក​ពីគ្នា ដោយ​បុគ្គល​ខ្លះមាន​ទំនាក់​ទំនង​ទៅនឹង​សង្គម​ខាងក្រៅ​ច្រើន ហើយ​បុគ្គល​ប្រភេទ​នេះជា​បុគ្គល​មានការ​ជជែក​និយាយ​លេង អាច​បញ្ចេញ​យោបល់ អាច​ផ្ដោះផ្ដង​រាល់​សកម្មភាព​ទាំងឡាយ​រាល់​អារម្មណ៍​ទាំងឡាយ​រាល់បញ្ហា​ទាំងឡាយ​ទៅជជែក​ជាមួយ​មិត្ដភក្ដិ​ជាមួយ​មហាជន​ដែលមាន​នៅជំវ៉ិញ​ខ្លួន ដោយមាន​តាំងពីរ​មិត្ដភក្ដិ ក្រុម​គ្រួសារ បងប្អូន​ឬ​ញាតិមិត្ដ​ជិតខាង​ទាំងឡាយ។ បុគ្គល​ប្រភេទ​នេះ មិនមែន​ជាបុគ្គល​ស្ងៀមស្ងាត់​នោះទេ ជាបុគ្គល​ដែលអាច​ជជែក​អាច​និយាយ ជាបុគ្គល​ដែលមាន​លក្ខណៈ​បើក​ចំហ​ដែលអាច​វែកញែក​អាច​បញ្ចេញ​យោបល់​ទៅអ្នក​ដែលមាន​នៅជុំវិញ​ខ្លួន។ រីឯ​បុគ្គល​មួយទៀត​ជាបុគ្គល​ដែលស្ថិត​នៅក្នុង​អាកប្ប​កិរិយា​មួយ​ស្ងៀមស្ងាត់​ដែលមាន​តាំងពី​កំណើត​មក បុគ្គល​ប្រភេទនេះ​មិនសូវ​ជាមាន​ពាក្យ​សម្ដី ឬ​ក៏មិនសូវ​ជាមាន​ទំនាក់ទំនង​ខាងក្រៅ​ច្រើន​ពេកនោះ​ទេ ដោយសារ​តែបុគ្គល​ប្រភេទនេះ​ចូលចិត្ដ​នូវអ្វី​ដែលជា​ភាព​ស្ងៀមស្ងាត់ ដោយ​មិនបាន​បញ្ចេញ​មតិ​ឬយោបល់​ទាំងឡាយ​ទៅឱ្យ​អ្នកដទៃ​បានដឹង​ច្រើន​នោះទេ ទោះបីជា​ចូលនៅក្នុង​កម្មវិធី​ឬក៏​ព្រឹត្ដិការណ៍​សង្គម​ណាក៏​ដោយ។ជួនកាល​បុគ្គល​ប្រភេទ​នេះ ទោះបី​បាន​ចូលរួម​នៅក្នុង​សង្គម​ក៏ដោយ​តែបុគ្គល​ប្រភេទ​នេះ គឺ​តែងតែ​ស្ថិតនៅក្នុង​ស្ថានភាព​មួយ​មិនមាន​មតិ​យោបល់ ឬ​ទស្សនៈ​របស់ខ្លួន​ឱ្យអ្នកដទៃ​បានដឹង​នោះទេ។ បុគ្គល​ប្រភេទ​ស្ងៀមស្ងាត់​នេះមិន​សូវជាមាន​ទំនាក់ទំនង​នៅក្នុង​សង្គម​ច្រើនប៉ុន្មាន​នោះទេ។ ប្រសិនបើ​និយាយ​ពីបុគ្គល​ដែលមាន​លក្ខណៈ​មួយទៀត គឺមាន​ទំនាក់​ទំនង​ទៅនឹង​ចិត្ដសាស្ដ្រ ឬ​ទំនាក់​ទំនង​ទៅនឹង​បញ្ហា​ផ្លូវចិត្ដ ជួនកាល​បើសិន​ជាលោកអ្នក​មិនមែន​ជាអ្នក​ជំនាញ ហើយ​លោកអ្នក​ទៅប្រាស្រ័យ​ទាក់ទង​បុគ្គល​ប្រភេទនេះ​ដោយ​មិនបាន​វិភាគ​មិនបាន​សាកសួរ​បាន​ត្រឹមត្រូវ លោកអ្នក​មិនអាច​មើលដឹង​ថា បុគ្គល​នេះមាន​បញ្ហា​ផ្លូវចិត្ដ​នោះទេ លុះត្រា​តែអ្នក​ជំនាញ អ្នក​ឯកទេស​កលវិទ្យា​ទើបអាច​ដឹងថា បុគ្គល​ស្ងៀមស្ងាត់​ប្រភេទ​នេះ​មិនមែនជា​បុគ្គល​ធម្មតា​នោះទេ ជាបុគ្គល​ដែលមាន​បញ្ហា​ឬជម្ងឺ​ផ្លូវចិត្ដ។

រោគ​សញ្ញា​នៃភាព​ស្ងៀមស្ងាត់​ដែលអាច​បង្កឱ្យ​កើតមាន​វិបត្ដិ​ផ្លូវចិត្ដ

ជម្ងឺ​ផ្លូវចិត្ដ​មានច្រើន​ណាស់​ដែលស្ដែង​ឱ្យបុគ្គល​មាន​អាកប្ប​កិរិយា​ស្ថិត​នៅក្នុង​ស្ថានភាព​ស្ងៀមស្ងាត់ ឧទាហរណ៍​ដូចជា​ជម្ងឺ ធ្លាក់​ទឹកចិត្ដ បុគ្គលនេះ​ជាបុគ្គល​ស្ងៀមស្ងាត់ ដោយ​មិនសូវ​និយាយ​ច្រើន មិនសូវ​មាន​ទំនាក់ទំនង​ទៅនឹង​សង្គមច្រើន​នោះទេ នេះក៏​ស្ថិត​នៅក្នុង​ស្ថានភាព​ស្ងៀមស្ងាត់​ដែរ ប៉ុន្ដែ​បុគ្គល​ទាំងនេះ​ក្លាយខ្លួន​ទៅជា​អ្នកមាន​បញ្ហា​ផ្លូវចិត្ដ ឬមាន​ជម្ងឺ​ផ្លូវចិត្ដ​ទៅហើយ។ ជម្ងឺ​ផ្លូវចិត្ដ​មានច្រើន​ទៀត ដូចជា​ពួក​វិកល​ចរិត​មួយចំនួន​ដែលជា​សញ្ញា​ចាប់ផ្ដើម​នៃជម្ងឺ​ផ្លូវចិត្ដ ដំបូង​បុគ្គល​ប្រភេទនេះ​ក៏ជា​បុគ្គល​ស្ងៀមស្ងាត់​ដែរ ជាបុគ្គល​មួយ​មិនសូវ​និយាយ​ស្ដី សូម្បី​តែក្រុម​គ្រួសារ សូមី្ប​តែមិត្ដ​ជាទី​ស្រឡាញ់ ឬក៏​បងប្អូន​ជាទី​ស្រឡាញ់​ដែល​ធ្លាប់មាន​ប្រាស្រ័យ​ទាក់ទង ដែល​ធ្លាប់​ធ្វើការ​សន្ទនា​គ្រប់​ពេលវេលា​នោះ បែរជា​មាន​សភាព​ស្ងៀមស្ងាត់លែង​និយាយ​ស្ដី ពួនសម្ងំ​តែឯង នេះគឺជា​បុគ្គលមួយ​ដែល​ស្ថិតនៅ​ក្នុងស្ថានភាព​ដែលមាន​បញ្ហា​ផ្លូវចិត្ដ​ឬជម្ងឺ​ផ្លូវចិត្ដ។ ដូចនេះ​ក្រុម​គ្រួសារ​ក៏អាច​កំណត់​ឃើញដែរ គឺត្រូវ​ធ្វើការ​ប្រៀបធៀប​ដំបូង​និងពេល​បច្ចុប្បន្ន​ភាពថា តើកាល​ពីមុន​បុគ្គល​ម្នាក់នេះ​មាន​លក្ខណៈ​បែបដូច​ម្ដេច ជាបុគ្គល​ស្ងៀមស្ងាត់​តាំងពី​ដើមមក ឬក៏ជា​បុគ្គល​ដែលមាន​សភាព​ស្ងៀមស្ងាត់​នៅក្នុង​រយៈកាល​ខ្លីណា​មួយ។ ប្រសិន​បើលោកអ្នក​សង្កេត​ឃើញថា បុគ្គល​ម្នាក់នេះ​ជាបុគ្គល​ដែល​រួសរាយ​ជជែក​រាក់ទាក់​ជាមួយ​ក្រុម​គ្រួសារ​មិត្ដភក្ដិ​ជិតខាង ប៉ុន្ដែ​នៅក្នុង​រយៈកាល​ក្រោយមក​ប្រែទៅជា​បុគ្គល​ស្ងៀមស្ងាត់​លែង​និយាយ​ស្ដីនេះ គឺជា​សញ្ញា​សំខាន់​ដែល​បង្ហាញ​ឱ្យដឹង​ថា បុគ្គល​នេះមាន​បញ្ហា​ផ្លូវចិត្ដ​ហើយ។ ដូចនេះ​ត្រូវនាំ​អ្នកជម្ងឺ​មកជួប​ជាមួយ​អ្នកជំនាញ ដើម្បី​ធ្វើការ​ពិគ្រោះ​ឬក៏ធ្វើការ​វិនិច្ឆ័យ​ណាមួយ​កំណត់​ថា បុគ្គល​ម្នាក់នេះ​កំពុង​មានជម្ងឺ​ផ្លូវចិត្ដ​បែបណា។ នេះគឺជា​ស្ថានភាព​ស្ងៀមស្ងាត់​ដែល​ពីមុន​មាន​លក្ខណៈ​មួយដែល​ចេះ​ប្រាស្រ័យ​ទាក់ទង​គ្នា ប៉ុន្ដែ​ក្រោយមក​ប្រែក្លាយ​ទៅជា​បុគ្គល​ស្ងៀមស្ងាត់​ នេះគឺជា​សញ្ញា​សំខាន់​ដែលអាច​បញ្ជាក់​ថា បុគ្គលនេះ​អាច​កើតមាន​បញ្ហា​ផ្លូវចិត្ដនិ​ងជម្ងឺ​ផ្លូវចិត្ដ។

ផល​ប៉ះពាល់​ចំពោះ​បុគ្គល​ដែលមាន​សភាព​ស្ងៀមស្ងាត់

ផ្អែក​ទៅតាម​ចិត្ដវិទ្យា​និងផ្អែក​ទៅតាម​ចិត្ដសាស្ដ្រ​បុគ្គល​ដែលមាន​លក្ខណៈ​ស្ងៀមស្ងាត់ ភាគច្រើន​ងាយរង​នូវបញ្ហាផ្លូ​វចិត្ដ ច្រើនជាង​មនុស្ស​ដែល​មិនមាន​ភាព​ស្ងៀមស្ងាត់ ព្រោះ​កាលណា​បុគ្គល​ស្ងៀមស្ងាត់​ប្រភេទនេះ​មានបញ្ហា​អ្វីមួយ​ក្នុងសង្គម​ដែល​រស់នៅ​ប្រចាំថ្ងៃ នៅក្នុងរឿង​គ្រួសារ​ក្នុងរឿង​បញ្ហា​ទំនាក់​ទំនង​ណាមួយ​ជាមួយ​អ្នកណា​ក្ដី នៅពេល​ដែលមាន​បញ្ហា បុគ្គល​ដែល​ស្ងៀមស្ងាត់ លាក់ទុក្ខ​បញ្ហា​នៅក្នុង​ចិត្ដដោយ​មិនបាន​បញ្ចេញ មិនបាន​ទំនាក់ទំនង មិន​បាន​បកស្រាយ​រាល់បញ្ហា​ដែល​កើតមាន​ចំពោះ​ខ្លួនទៅ​ឱ្យអ្នកដទៃ​បានដឹង។ ដូចនេះ​បើសិន​ជាបុគ្គល​ដែលមាន​ភាព​ស្ងៀមស្ងាត់​បែបនេះ ទោះបីជា​មិនមាន​ជម្ងឺ​ក៏ដោយ​ឥរិយាបថ​បែបនេះ​មិន​សមរម្យ​នោះទេ តែវា​ងាយនឹង​ប៉ះទង្គិច​ច្រើន​ជាងអ្នក​ដែលមិន​ស្ងៀមស្ងាត់ នេះគឺ​ជាផល​លំបាក​ចំពោះ​អ្នក​ដែលមាន​លក្ខណៈ​ស្ងៀម ស្ងាត់់។ នេះជា​សារមួយ​សម្រាប់​ឱ្យបុគ្គល​ដែលមាន​សភាព​ស្ងៀមស្ងាត់​គួរតែ​ផ្លាស់ប្ដូរ​ឥរិយាបថ​បន្ដិចម្ដងៗ​ទៅជា​បុគ្គល​ដែលអាច​ជជែក ដែល​អាច​ប្រាស្រ័យ​ទាក់ទង​ទៅនឹង​សង្គម​ខាងក្រៅ​ឱ្យបាន​ច្រើន។ ធ្វើ​ដូចនេះ​បុគ្គលដែល​ស្ងៀមស្ងាត់​ក៏អាច​មាន​ទំនាក់ទំនង​ល្អ​ជាមួយ មិត្ដភក្ដិ សង្គម ក្រុម​គ្រួសារ និង​សហគមន៍​ទាំងមូល​ផងដែរ។ នេះគឺ​និយាយ​អំពី​ទំនាក់​ទំនង​ចិត្ដសាស្ដ្រ តែបើ​និយាយ​អំពី​បញ្ហា​ទាក់ទង​សង្គម​ខាងក្រៅ​នោះ វារឹត​តែត្រូវ​ផ្លាស់ប្ដូរ​ឥរិយាបថ​ថែមទៀត។ ឧទាហរណ៍​បើសិនជា​លោកអ្នក​ស្ងៀមស្ងាត់ លោកអ្នក​ចង់ធ្វើ​មុខជំនួញ​អ្វីមួយ លោកអ្នក​ចង់ឈាន​ឡើង​ដំណាក់​កាល​ដែលល្អ​បំផុត។ បើសិនជា​លោកអ្នក​មិនផ្ដល់​យោបល់ បើសិនជា​លោកអ្នក​មិនបញ្ចេញ​គំនិត​បង្ហាញ​ពីគម្រោង​ដែលត្រូវ​ធ្វើនោះ នោះអ្នក​ដែល​នៅជុំវិញ​ខ្លួន​របស់​លោកអ្នក​មិនដឹង​ថា ត្រូវជួយ​លោកអ្នក​ដោយ​វិធីណា​នោះទេ ដូចនេះ​គម្រោង​នៅតែ​ជាគម្រោង​បញ្ហា​នៅតែ​ជាបញ្ហា​ក្នុងខ្លួន​លោកអ្នក​ដដែល។ មួយទៀត​បើសិនជា​បុគ្គល​ដែលមាន​សភាព​ទើបតែ​ស្ងៀមស្ងាត់​ដែល​កាលពីមុន​ជាមនុស្ស​រួសរាយ ជាមនុស្ស​និយាយ​ច្រើន តែបែរជា​ប្រែទៅជា​ស្ងៀមស្ងាត់ ហើយ​ឪពុកម្ដាយ​ឬក៏​បងប្អូន មិត្ដភក្ដិ និងអ្នក​ដែលនៅ​ជុំវិញខ្លួន​មិនបាន​ចាប់អារម្មណ៍​ជាមួយ​និងបុគ្គល​ប្រភេទ​នេះ យូរទៅ​អាចធ្វើ​ឱ្យបុគ្គលនេះ​កើតមាន​បញ្ហា​ផ្លូវចិត្ដ​កាន់តែ​ធ្ងន់ធ្ងរ អាច​ធ្វើឱ្យ​បុគ្គលនេះ​គិតខ្លី​អាចសម្លាប់​ខ្លួន ឬក៏​បង្កឱ្យ​កើតមាន​បញ្ហា​ជាច្រើន​ដែលធ្វើ​ឱ្យ​ប៉ះពាល់​ដល់​គ្រួសារ​និងសង្គម ជាពិសេស​បុគ្គល​ខ្លួនឯង​តែម្ដង។

វិធី​ការពារ​ដើម្បី​កុំឱ្យ​កើតមាន​ភាព​ស្ងៀមស្ងាត់ ដែល​បង្កឱ្យ​កើតមាន​វិបត្ដិ​ផ្លូវចិត្ដ

ដើម្បី​ការពារ​កុំឱ្យ​កើតមាន​ភាព​ស្ងៀមស្ងាត់ ដែល​បង្កឱ្យ​កើតមាន​វិបត្ដិ​ផ្លូវចិត្ដ បុគ្គល​ដែលមាន​សភាព​ស្ងៀមស្ងាត់​តាំងពី​កំណើត​ត្រូវតែ​ផ្លាស់ប្ដូរ​ឥរិយាបថ គឺចេះ​ទំនាក់ទំនង​ទៅនឹង​សង្គម​ខាងក្រៅ។ ក្រុម​គ្រួសារ​ត្រូវតែ​ដឹងថា ឥរិយាបថ​ស្ងៀមស្ងាត់​គឺមិន​ល្អ អ៊‌ីចឹង​ត្រូវតែ​នាំសមាជិក​ទាំងឡាយ​នៅក្នុង​ក្រុម​គ្រួសារ នាំបុគ្គល​ដែល​ស្ងៀមស្ងាត់​ឱ្យចេះ​និយាយ​ចេះជជែក គឺ​ចាប់ផ្ដើម ពី​មនុស្ស​ដែល​ស្និទ្ធស្នាល​ជាងគេ។ ច្រើនត្រូវ​ទុក​ឱកាស​ឱ្យបុគ្គល​ដែល​ស្ងៀមស្ងាត់​និយាយ​បរិយាយ​ឱ្យបាន​ច្រើន ត្រូវចេះ​លើក​ទឹកចិត្ដ ត្រូវឱ្យ​បញ្ចេញ​យោបល់​បញ្ចេញមតិ​ឱ្យបាន​ច្រើនជាង​មនុស្ស​ដែលមិន​ស្ងៀមស្ងាត់។ បើសិនជា​នៅក្នុង​សាលា​រៀន សាស្ដ្រាចារ្យ​ឬគ្រូបង្រៀន​មិនត្រូវ​ឃើញសិស្ស​ឬនិសិ្សត​ណាមួយ​មិន​និយាយស្ដី​មិន​រវល់​ឬអើពើ​ជាមួយ​បុគ្គល​ប្រភេទ​នេះនោះទេ គឺ​ត្រូវតែ​លើក​ទឹកចិត្ដ​ឱ្យបុគ្គល​នេះនិយាយ​ស្ដីឱ្យ​ក្លាហាន​ឱ្យបញ្ចេញ​មតិ​ឱ្យបាន​ច្រើន​ជាងគេ នេះគឺជា​ឥរិយាបថ​សម្រាប់​អ្នកដែល​មាន​សភាព​ស្ងៀមស្ងាត់​ពីកំណើត​មក។ រីឯ​អ្នកដែល​មានសភាព​ទើបតែ​ស្ងៀមស្ងាត់​ដែល​ខុសកាលពី​មុន ក្រុម​គ្រួសារ​ត្រូវតែ​យកចិត្ដ​ទុកដាក់ ត្រូវតែ​តាមដាន ហើយ​ត្រូវនាំ​មកជួប​ជាមួយ​អ្នកមាន​ជំនាញ​ជាប្រញាប់​ទើបដឹង​ថា បុគ្គល​នេះមាន​បញ្ហាអ្វី​កើតឡើង។

ដំបូន្មាន​អ្នកជំ​នាញ

លោកអ្នក​បានជ្រាប​រួចមក​ហើយ​អំពី​ផលវិបាក​នៃបុគ្គល​ដែលមាន​សភាព​ស្ងៀមស្ងាត់ ដូចនេះសម្រាប់​បុគ្គល​ដែលមាន​សភាព​ស្ងៀមស្ងាត់​តាំងពី​កំណើត គួរតែ​ផ្លាស់ប្ដូរ​ឥរិយាបថ​បន្ដិចម្ដងៗ​ទៅជា​បុគ្គល​ដែលអាច​ជជែក​ដែលអាច​ប្រាស្រ័យ​ទាក់ទង​ទៅនឹងសង្គម​ខាងក្រៅ ត្រូវតែមាន​ទំនាក់ទំនង​ល្អ​ជាមួយ​មិត្ដភក្ដិ​ជាមួយ​ក្រុម​គ្រួសារ និង​សហគមន៍​ទាំងមូល​ឱ្យបាន​ច្រើនទើប​ជាការ​ប្រសើរ។ តែបើ​សិនជា​បុគ្គល​ដែលមាន​សភាព​ទើបតែ​ស្ងៀមស្ងាត់ ដែលកាល​ពីមុន​ជាមនុស្ស​រួសរាយ​ជាមនុស្ស​និយាយ​ច្រើន តែបែរជា​ប្រែទៅជា​ស្ងៀមស្ងាត់ ហើយ​ឪពុក​ម្ដាយ ឬ​ក៏បងប្អូន មិត្ដភក្ដិ និងអ្នក​ដែលនៅ​ជុំវិញខ្លួន​ត្រូវតែ​ធ្វើការ​សង្កេត​ត្រូវតែ​ចាប់អារម្មណ៍ ត្រូវតែ ស្វែងយល់​ថា បុគ្គលនេះ​កំពុងតែ​មានបញ្ហា​អ្វី។ ជាពិសេស​ត្រូវ​លើក​ទឹកចិត្ដ​ដល់បុគ្គល​ប្រភេទនេះ ដើម្បី​ឱ្យបុគ្គល​ប្រភេទនេះ​ធ្វើការ​បរិយាយ​អំពីបញ្ហា​និងទុក្ខ​កង្វល់​ដែលមាន​នៅក្នុង​ខ្លួន។ ហើយ​បើសិន​ជាបុគ្គល​ប្រភេទនេះ​នៅតែ​មាន​សភាព​ស្ងៀមស្ងាត់​ដដែល ត្រូវតែ​នាំមក​ជួប​ជាមួយ​អ្នក​ជំនាញ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៥៩ ខែធ្នូ ឆ្នាំ២០១០

Google Analytics Alternative