វិធី​បំបាត់​ស្នាមក្រិន​នៅលើ​កែងដៃ

ស្នាមក្រិន​គឺជា​បញ្ហា​សម្រាប់​មនុស្ស​គ្រប់រូប។ ស្នាមក្រិន​អាចកើត​ឡើង​ដោយងាយ​បំផុត នៅពេល​ដែល​លោកអ្នក​នាងកញ្ញា​មានការ​ធ្វេស​ប្រហែស។ វា​កើតឡើង​ដោយសារ​តែការ​ប៉ះទង្គិច​ជាមួយ​វត្ថុរឹង កាលណា​ប៉ះទង្គិច​យូរៗ​ទៅក៏​បង្កឱ្យ​ស្បែកឡើង​ខ្មៅ ហើយ​មានស្នាម​ក្រិន​តែម្ដង។ ចំពោះ​ស្នាមក្រិន​មិនអាច​បំបាត់​ភ្លាមៗ​បាននោះ​ទេ គឺត្រូវ​ប្រើ​រយៈពេល​យូរ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្សនាវដ្ដី សុខភាព​យើង ជួប​ជាមួយ​លោក​វេជ្ជបណ្ឌិត ស្រេង រាសី អ្នក​ជំនាញ​សើស្បែក​នៅមជ្ឈមណ្ឌល​ថែរក្សា​សម្ផស្ស មេហ្គាប៊ែល ពន្យល់​អំពី​វិធី​បំបាត់​ស្នាមក្រិន​នៅលើ​កែងដៃ ដើម្បីឱ្យ​លោកអ្នក​បានយល់​នឹង​ជ្រាប​ឱ្យកាន់តែ​ច្បាស់​អំពី​បញ្ហា​នេះ។

តើ​អ្វីទៅ​គឺជា​ស្នាមក្រិន​នៅលើ​កែងដៃ?

ស្នាមក្រិន​គឺស្បែក​ដែលមាន​សភាព​ឡើង​ក្រាស់​ហើយមាន​ពណ៌​ស្រអាប់ ដោយ​សារតែ​លោកអ្នក​នាងកញ្ញា​បាន​ប៉ះទង្គិច​ចុះឡើងៗ​ជាញឹក​ញាប់ ទើប​បណ្ដាល​ឱ្យកើត​មានស្នាម​ក្រិន។ លោកអ្នក​ប្រាកដ​ជាបាន​ជ្រាបខ្លះៗ​ហើយ​ថាស្បែក​របស់​លោកអ្នក​គឺមាន ជាតិ​ពណ៌ នៅពេល​ណាដែល​ក្រិន​វាមាន​សាច់ច្រើន ធ្វើឱ្យ​ជាតិពណ៌​ឡើងក្រមៅ។ ស្នាមក្រិន​អាចកើត​មាន​នៅតាម​កន្លែង​មួយចំនួន ដូចជា​កែងដៃ ជង្គង់ ភ្នែកជើង​(ភ្នែកគោល)​ជាដើម។

មូលហេតុ​ដែល​បណ្ដាល​ឱ្យមាន​ស្នាមក្រិន​នៅលើ​កែងដៃ

ស្នាមក្រិន​អាច​បណ្ដាល​មកពី​មូលហេតុ​មួយ​ចំនួន ដូចជា​ក្រិន​ដោយសារ​លោកអ្នក​ឧស្សាហ៍ច្រត់ដៃ​នៅលើ​តុ ឬក៏​ច្រត់នៅលើ​របស់​ផ្សេងៗដែ​លរឹង។ កែងដៃ​ត្រូវបាន​ប៉ះទង្គិច​ជាមួយ​វត្ថុអ្វីមួយ​ចុះឡើងៗ ជាហេតុ​បណ្ដាលឱ្យ​ក្រិន។ ហើយ​ស្នាមក្រិន​ក៏អាច​បណ្ដាលពី​ហ្ស៊ែន​បានដែរ ប៉ុន្ដែ​ករណីនេះ​គឺមាន​ភាគតិច​ណាស់ អ្វីដែល​ជាក់ស្ដែង​និងអាច​យកជា​ការបាន​នោះគឺ​បណ្ដាល​មកពី​ការប៉ះ​ទង្គិច​ជាមួយ​វត្ថុរឹង​ជាញឹក​ញាប់ ទើប​បណ្ដាល​ឱ្យក្រិន។

វិធី​បំបាត់​ស្នាមក្រិន​នៅលើ​កែងដៃ

ស្នាមក្រិន​គឺបណ្ដាល​ឱ្យស្បែក​ឡើងក្រាស់​ហើយ​មានសភាព​ខ្មៅ ដូចនេះ​វិធី​បំបាត់ស្នា​មក្រិន​គឺត្រូវ​ប្រើវិធី​ជម្រុះ​ដោយប្រើក្រែម​ជម្រុះ ឬ​បកជម្រុះ ជាពិសេស​ត្រូវប្រើ​ត្រេទីណូអ៊ិន ឬ​វីតាមីនអា អាស៊ី​ផ្លែឈើ (ដូចជា​ក្រូចឆ្មារ ផ្លែប៉ោម​ជាដើម) ក្រែម​អ៊ុយរ៉េអា​១០ភាគរយ ឬ​២០ភាគរយ អាស៊ីត​សាលីសាលិក ក្រែម​ផ្ដល់​សំណើម ដើម្បី​យកមក​លាប​នៅលើ​កែងដៃ​ដែលក្រិន។ វិធី​បំបាត់នេះ​ត្រូវប្រើ​រយៈពេល​យូរណាស់ វា​មិនអាច​បាត់ដោយ​ភ្លាមៗ​បាននោះ​ទេ។

ផល​ប៉ះពាល់​នៅពេល​ដែលមាន​ស្នាមក្រិន​នៅលើ​កែងដៃ

ជាធម្មតា​ស្នាមក្រិន​តែងតែ​ផ្ដល់នូវ​ផល​ប៉ះពាល់​ដល់​លោកអ្នក​នាងកញ្ញា ប៉ុន្ដែវា​មិនបាន​ផ្ដល់នូវ​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​នោះទេ វា​គ្រាន់តែ​ផ្ដល់នូវ​ផល​ប៉ះពាល់​មួយចំនួន ដូចជា​នៅពេល​ដែលវាក្រិន​ខ្លាំងវា​អាចបង្ក​ឱ្យមាន​ការ​ឈឺចាប់ ជាពិសេស​ចំពោះស្បែក​ស្ងួតវាអាច​បណ្ដាល​ឱ្យមាន​ការ​ឈឺចាប់ ដោយសារ​តែស្នាមក្រិន​វាប្រេះ។ សម្រាប់​ស្ដ្រី​នៅពេល​មានស្នាម​ក្រិន​នៅលើ​កែងដៃ​អាចធ្វើ​ឱ្យ​សោភ័ណភាព​នៃសម្រស់​ដៃត្រូវ​បាន​បាត់បង់ ដែលជា​ហេតុធ្វើ​ឱ្យសុភាពនារី​មិនហ៊ាន​ពាក់អាវ​វាលក្លៀក ឬក៏​ដៃខ្លី​ដោយសារ​តែមាន​ស្នាមក្រិន​ខ្មៅ​នៅនឹង​កែងដៃ។ ចំពោះលោកអ្នក​នាងកញ្ញាដែ​លមាន​ស្បែកខ្មៅ​ស្រអែម កែងដៃ​ដែលក្រិន​មើលទៅ​ឃើញ​លេចធ្លោ ជាង​អ្នកដែល​មានស្បែកស​ខ្លាំង​ណាស់។

វិធី​ការពារ​កុំឱ្យ​កើតមាន​ស្នាមក្រិន​នៅលើ​កែងដៃ

ជាការ​ពិតណាស់​ស្នាមក្រិន​បណ្ដាល​មកពី​ការ​ប៉ះទង្គិច ដូចនេះ​សម្រាប់​លោកអ្នក​នាងកញ្ញា​ដែល​មិនចង់​ឱ្យកើត​មាន​ស្នាមក្រិន​នៅលើ​កែងដៃ​នោះ គឺ​មិនត្រូវ​ច្រត់​នៅលើ​តុ ឬក៏​វត្ថុរឹងៗ​យូរពេក​នោះទេ។ តែបើ​សិនជា​មានបញ្ហា​បន្ដិច​បន្ដួច សុភាព​នារី ឬក៏​សុភាព​បុរស​អាចប្រើ​ក្រូចឆ្មារ​មកដុស​នៅចំណុច​ដែល​ក្រិន ឬក៏​ប្រើឡេ​ដែលមាន​ជាតិសំណើម​ដែលអាច​ជួយ​ការពារ​ស្បែក​កុំឱ្យ​ក្រិន​ជាដើម។
ដំបូន្មាន​អ្នក​ជំនាញ

នៅពេល​ដែលមាន​បញ្ហា​ដូចជា​ក្រិនកែងដៃ​ធ្ងន់ធ្ងរ​ដែល​ធ្វើឱ្យ​លោកអ្នក​នាងកញ្ញា​មានការ​ឈឺចាប់ ត្រូវមក​ពិភាក្សា​ជាមួយ​អ្នកជំនាញ​ដើម្បី​រកវិធី​ព្យាបាល​និង​ការពារ ជាពិសេស​មិនត្រូវ​ច្រត់ ឬ​បណ្ដោយ​ឱ្យកែងដៃ​ប៉ះទង្គិច​នឹងវត្ថុរឹង​នោះទេ។ អ្វីដែល​ល្អជាងនេះ​នោះគឺ​ត្រូវតែ​មាន​ឡូហ្សិន ឬក៏​ក្រូចឆ្មារ​ដុស និង​លាប​ជារៀង​រាល់ថ្ងៃ​ទើបអាច​ការពារ​បាន។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៥៩ ខែធ្នូ ឆ្នាំ២០១០

Google Analytics Alternative