រដ្ឋាភិបាល​ស្វីស​យល់ព្រម​ផ្តល់ប្រាក់​៤លាន​ស្វីសហ្រ្វង់​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា

បន្ទាប់​ពីការ​តស៊ូ​មតិ​អស់​រយៈពេល​ជាយូរ ទីបំផុត​រដ្ឋាភិបាល​ស្វីស​បានអនុម័ត​​ផ្តល់ប្រាក់​៤លាន​ស្វីសហ្រ្វង់ (ជាង​៤លានដុល្លារ​អាមេរិក) ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ក្នុងមួយ​ឆ្នាំ។

លោក​សាស្រ្តាចារ្យ Beat Richner

លោក​សាស្រ្តាចារ្យ Beat Richner ប្រធាន​មូលនិធិ​គន្ធបុប្ផា​បានមាន​​​ប្រសាសន៍​​​ឲ្យដឹង​​កាល​ពី​ថ្ងៃ​អង្គារ ទី១១ កញ្ញា កន្លង​មកថា រដ្ឋាភិបាល​ស្វីស​កាលពីថ្ងៃ​ទី១០ កញ្ញា បានជូន​ដំណឹង​មក​លោក​​ ទាក់ទង​នឹងការ​បង្កើនជំ​នួយ​ពី៣លាន​ស្វីសហ្រ្វង់ ដល់​៤លាន​ស្វីស​ហ្រ្វង់​ក្នុងមួយ​ឆ្នាំ​ចាប់ពី​ឆ្នាំ២០១៣​ដល់ឆ្នាំ​២០១៦​ខាងមុខ​នេះ។ លោក​បន្តថា ការ​បង្កើន​ជំនួយ​នេះ ដោយសារ​លោកបាន​ជជែក​តវ៉ា និង​ធ្វើការ​តស៊ូមតិ​ជាច្រើន​ឆ្នាំមក​ហើយ នៅពេល​ការ​ចំណាយ​ក្នុង​មន្ទីរពេទ្យ​នេះ កើនដល់​៤០លាន​ដុល្លារ​នៅក្នុង​ឆ្នាំនេះ។

លោក​បន្តថា “ខ្ញុំសប្បាយ​រីករាយ​ណាស់​ចំពោះ​ដំណឹង​នេះ ព្រោះ​មុន​អនុម័ត​ថវិការ​​នេះ ដោយសារ​រដ្ឋាភិបាល​ស្វីស​មើលឃើញ​សកម្មភាព​២០ឆ្នាំ ដែល​មន្ទីរពេទ្យ​នេះបាន​​ផ្តល់ការ​ព្យាបាល​ដល់កុមារ​កម្ពុជា​ក្រីក្រ​ដោយ​ឥតគិត​ថ្លៃ និង​គ្មានការ​រើសអើង”។ លោក​​បន្តថា “ខ្ញុំ​រីករាយ​ណាស់​ដែរ ដែល​រាជរដ្ឋាភិបាល​បានផ្តល់​ប្រាក់​២.៣​លានដុល្លារ​ដល់មន្ទី​រពេទ្យ​ក្នុង​ឆ្នាំនេះ ក្នុងនោះ​១លាន​ដុល្លារ​ពីកាក​បាទក្រហម​កម្ពុជា ១លាន​ដុល្លារ​ពីសម្តេច​​តេជោ ហ៊ុន សែន តាមរយៈ​ក្រសួង​សុខាភិបាល និង​៣០០០០០​ដុល្លារ​ពីលោក​ស្រី ហ៊ុន ម៉ាណា ប្រធាន​មូលនិធិ​បាយ័ន”។

លោក​សាស្រ្តាចារ្យ Beat Richner ក៏បាន​ឲ្យដឹង​ផងដែរ​ថា ក្នុងឆ្នាំ​នេះក្រៅពី​ជំនួយ​​ខាងលើ មន្ទីរពេទ្យ​ក៏បាន​ទទួល​ជំនួយ​ពីក្រុមហ៊ុន​ឯកជន សិស្ស និស្សិត ព្រះសង្ឃ សប្បុរ​សជន ប៉ូលីស​ខេត្ត​សៀមរាប ដែលបាន​បរិច្ចាក​ម្នាក់​១ដុល្លារ​ចំនួន​២៥០០នាក់ ជួយ​ដល់​មន្ទីរពេទ្យ​នេះ។

អត្ថដោយ ៖ គង់ សូរិយា

ចេញផ្សាយ ៖ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១២

Google Analytics Alternative