បទពិសោធន៍​អ្នកជម្ងឺ​រលាក​ពោះវៀន​ដុះខ្នែង

ពោះវៀន​ជា​សរីរៈ​មួយ​ដែល​រួមចំណែក​សំខាន់​សម្រាប់​មនុស្ស និង​សត្វ ហើយក៏​ចាំបាច់​ផង​ដែរ​ក្នុង​ការ​រស់នៅ​ប្រចាំថ្ងៃ។ ប្រសិនបើ​ពោះវៀន​មាន​បញ្ហ​ដូចជា​កើតមាន​ជ​ម្ងឺ​ពោះវៀន​ដុះ​ខ្នែង​នោះ នឹង​អាច​មានផល​វិបាក​សម្រាប់​មនុស្ស​យើង​គ្រប់រូប​ផង​ដែរ ដូចជា​អាច​ធ្វើ​ឱ្យ​ធ្លាយ​ពោះវៀន​ដែល​អាច​ជះឥទ្ធិពល​ទៅដល់​ស្រោមពោះ។ តែ​បើ​សិន​ជា​ករណី​មិ​ន​ធ្លាយ​ទេ​នោះ ក៏​អាច​ធ្វើ​ឱ្យ​ពោះ​ឡើង​រឹង​នៅត្រង់​ចំណុច​ពោះវៀន​ខ្នែង​នោះ ហើយ​អាច​បណ្តាល​ឱ្យមាន​បូស​ឬអាប់សែ​តែម្តង។ ដូចនេះ​បើសិនជា​លោកអ្នក​មិនបាន​ព្យាបាល​ឱ្យបាន​ទាន់​ពេលវេលា​ទេនោះ អាច​បង្កឱ្យ​លោកអ្នក​កើតមាន​បញ្ហ​ផ្សេងទៀត​ដែល​ពិបាក​នឹងស្មាន​ត្រូវ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

កាលពី​លេខមុនៗ លោកអ្នក​នាងកញ្ញា​បាន​ជ្រាប​អំពី​បទពិសោធន៍​របស់​អ្នកជម្ងឺ​ជាច្រើន​បន្តបន្ទាប់​រួចមក​ហើយ។ ជាមួយ​គ្នានេះ ទស្សនាវដ្តី សុខភាពយើង បានជួប​ជាមួយ​លោក រ.ស អាយុ​២៤ឆ្នាំ រស់នៅ​ភ្នំពេញ។ លោកបាន​ចូលរួម​រៀបរាប់​អំពី​ផលលំបាក​នៃជម្ងឺ​ពោះវៀន​ដុះខ្នែង ដើម្បី​ឱ្យមិត្ត​អ្នកអាន​បាន​ជ្រាប​កាន់តែ​ច្បាស់​អំពី​បញ្ហនេះ។

លោក រ.ស បាន​រៀបរាប់​ឱ្យដឹង​ថាលោក​ជាមនុស្ស​ដែល​ចូលចិត្ត​ទទួលទាន​ផ្លែត្របែក​ណាស់​ ជាពិសេស​គឺគ្រាប់​ត្របែក​តែម្តង។ ម្តាយ​របស់​លោក​តែងតែ​ហាមលោក​មិនឱ្យ​ទទួលទាន​ផ្លែត្របែក​ទាំងគ្រាប់​នោះទេ ព្រោះ​អាច​បណ្តាល​ឱ្យកើត​ពោះវៀន​ដុះខ្នែង តែ​លោក​គិតថា​វាគ្មាន​បញ្ហ​នោះទេ។ មានយប់​មួយ​លោក រ.ស មាន​អារម្មណ៍​ថាក្តៅ​ខ្លួន​ជាខ្លាំង ហើយ​មាន​អារម្មណ៍ថាឈឺ​នៅចុង​ដង្ហើម និង​ចង់ក្អួត​ថែមទៀត​ផង។ នៅពេល​នោះ​បងស្រី​របស់លោក​បានកោស​ខ្យល់​ឱ្យលោក ព្រោះ​ស្មានតែ​លោក​កើតខ្យល់។ បន្ទាប់ពី​កោស​ហើយ​មិនបាន​ប៉ុន្មានផង​ស្រាប់តែ​លោក​ក្អួត និង​មានការ​ឈឺ​ចុកចាប់​នៅក្នុង​ពោះថែម​ទៀតផង នៅពេល​នោះម្តាយ​របស់ លោក​បានយក​ដៃទៅ​សង្គត់​នៅផ្នែក​ខាងស្តាំ​នៃផ្ចិត ស្រាប់តែ​មានអារម្មណ៍​ថាឈឺ​កាន់តែ​ខ្លាំង​ស្ទើរតែ​ទ្រាំ​មិនបាន។ ឃើញ​ដូចនេះ​ម្តាយ​របស់លោក​ក៏បាន​នាំលោក​ទៅមន្ទីរពេទ្យ​កាល់ម៉ែត​ទាំងយប់​ប្រហែល​ជាម៉ោង​១១យប់។ នៅពេល​ដែល​ទៅដល់​មន្ទីរពេទ្យ គ្រូពេទ្យ​បាន​ធ្វើការ​សាកសួរ​អំពី​អាការ និង​បាន​ពិនិត្យ។ បន្ទាប់មក​គ្រូពេទ្យ​បាន​ធ្វើការ​ពិនិត្យ​ឈាម លទ្ធផល​ចេញ​មកលោក​កើតមាន​ជម្ងឺ​ពោះវៀន​ដុះខ្នែង ហើយ​គ្រូពេទ្យ​ក៏បាន​ធ្វើការ​វះកាត់​តែម្តង។ នៅពេល​វះកាត់​លោកមាន​អារម្មណ៍​ថាភ័យ​ខ្លាច​ណាស់។

លោក រ.ស បាន​បន្សែមទៀត​ថា នៅពេល​នោះលោក​បាន​ត្រឡប់មក​សម្រាក​នៅផ្ទះបាន​ហើយ។ លោក​បានតម​អាហារ ដែល​គ្រូពេទ្យ​បានហាម​មិនឱ្យ​ទទួលទាន ហើយ​លោក​នៅតែ​បន្តការ​ទទួលទាន​ថ្នាំមក​រហូតដែរ គឺ​មិនដែល​ធ្វេសប្រហែស​ទៀតឡើយ។

យោបល់​របស់អ្នក​ជំនាញ

លោក​វេជ្ជបណ្ឌិត លាង ហ៊ត់ ឯកទេស​ផ្នែក​វះកាត់​ទ្រូងពោះ នៃ​មន្ទីរពេទ្យ​ព្រះកេតុមាលា បាន​បញ្ជាក់​ប្រាប់​ទស្សនាវដ្តី សុខភាពយើង​ថា ជម្ងឺ​រលាក​ពោះវៀន​ដុះខ្នែង​អាច​កើតចំពោះ​មនុស្ស​គ្រប់ប្រភេទ តែ​ភាគច្រើន​អាច​កើតមាន​ទៅលើ​មនុស្ស​ពេញវ័យ និង​មនុស្ស​ចាស់។ ចំពោះ​អាការ​នៃជម្ងឺ​នេះ អ្នកជម្ងឺ​អាចមាន​ការ​ឈឺចាប់​ពោះផ្នែក​ខាងស្តាំ​ហើយ​មានក្តៅ​ខ្លួន ឈឺប៉ះ​មិនបាន ជួនកាល​អ្នកជម្ងឺ​អាច​មានក្អួត​ចង្អោរ។ នៅពេល​ដែលអ្នក​ជម្ងឺ​ទៅជួប​ជាមួយ​គ្រូពេទ្យ គ្រូពេទ្យ​បាន​ធ្វើការ​វិនិច្ឆ័យ​រោគ និង​មានឆ្លុះ​អេកូ​អាចឃើញ​មាន​ពោះវៀន​ខ្នែង​រីកធំ លើសពី​នេះគេ​អាច​ពិនិត្យ​ឈាម​ដោយ​ឃើញ​គ្រាប់ឈាម​សឡើង​គួរឱ្យ​កត់​សម្គាល់។ បន្ទាប់ពី​ដឹងថា​អ្នកជម្ងឺ​មានជម្ងឺ​រលាក​ពោះវៀន​ខ្នែង​ហើយ គ្រូពេទ្យ​ក៏បាន​ធ្វើការ​វះកាត់​ជាបន្ទាន់​មិនអាច​ទុកយូរ​បាននោះ​ទេ។ នៅក្នុង​ការ​វះកាត់​គឺធ្វើឡើង​ដោយ​គ្រូពេទ្យ​ដែលមាន​ជំនាញ​ច្បាស់លាស់។ ដូចនេះ​សម្រាប់​លោកអ្នក​នាងកញ្ញា បើសិន​ជាមាន​អាការ​ដូចដែល​បាន​រៀបរាប់​ខាងលើនេះ ត្រូវ​ប្រញាប់​មកជួប​ជាមួយ​គ្រូពេទ្យ។ បើសិនជា​លោកអ្នក​ទុកយូរ​អាចបង​បាឱ្យ​រលាក​ស្រោម​ពោះ ដែល​បណ្តាល​មកពី​ពោះវៀន​ខ្នែង​ធ្លាយ ហើយ​អាច​បណ្តាល​ឱ្យកើត​មាន​អាប់សែ​នៅកន្លែង​ពោះវៀន​ដុះខ្នែង បណ្តាល​ឱ្យ​មេរោគ​ជ្រាបចូល​ទៅក្នុង​ឈាម​ច្រើន​អាច​បណ្តាល​ឱ្យអ្នក​ជម្ងឺបាត់បង់​ជីវិតបាន។

ដូចនេះ​អ្វីដែល​ល្អ​បំផុត​នោះត្រូវ​មកជួប​ជាមួយ​គ្រូពេទ្យ ជាពិសេស​មិនត្រូវ​ជឿទៅលើ​អបិយ​ជំនឿ ដូចជា​កោស​ខ្យល់​នោះទេ ព្រោះ​កាលណា​កោស​ខ្យល់អាច​បង្ក​ឱ្យមាន​គ្រោះថ្នាក់​កាន់តែ​ខ្លាំង។ នៅក្រោយ​ពេល​វះកាត់​ហើយ អ្នក​ជម្ងឺអាច​ទទួលទាន​ចំណី​អាហារ​ដែលមាន​ជាតិ​ប្រូតេអ៊ីន​ច្រើន ជាពិសេស​ជាតិសាច់​តែម្តង ដើម្បី​ជំរុញ​ឱ្យអ្នក​ជម្ងឺ ឆាប់ជា​ពីជម្ងឺ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៥៨ ខែវិច្ឆិកា ឆ្នាំ២០១០

Google Analytics Alternative