ទិវា​អន្ដរជាតិ​ស្ដី​ពីកិច្ច​ការពារ​ស្រទាប់​អូហ្សូន

ព្រះរាជា​ណាចក្រ​កម្ពុជា​មាន​បីតិ​សោមនស្ស​រីករាយ​ជាពន្លឹក ដោយបាន​ចូលរួម​ជាមួយ​ប្រជាជាតិ​ទូទាំង​ពិភពលោក​ប្រារឰពិធី​អបអរសាទរ​“ទិវា​អន្ដរជាតិ​ស្ដីពីកិច្ច​ការពារ​ស្រទាប់​អូហ្សូន ១៦ កញ្ញា ២០១០” ដ៏មាន​សារៈ​សំខាន់។ តើ​ទិវានេះ​ប្រកប​ទៅដោយ​អត្ថន័យ​យ៉ាង​ដូចម្ដេច​ខ្លះ?

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង លេខនេះ​បាន​ដកស្រង់​ទិវា​អន្ដរជាតិ​ស្ដីពីកិច្ច​ការពារ​ស្រទាប់​អូហ្សូន តាមរយៈ​សេចក្ដី​ថ្លែងសារ របស់​សម្ដេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃព្រះរាជា​ណាចក្រ​កម្ពុជា និង​សៀវភៅ​ស្ដីអំពី​ស្រទាប់​អូហ្សូន ដើម្បី​បកស្រាយ​ជូនដល់​ប្រិយមិត្ដ​អ្នកអាន​បានជ្រាប។

អូហ្សូន និង​នៅក្នុង​ស្រទាប់​បរិយាកាស

អូហ្សូន​គឺជា​ឧស្ម័ន​ដែល​កកើតឡើង​ដោយ​ធម្មជាតិ នៅក្នុង​ស្រទាប់​បរិយាកាស​របស់យើង។ ម៉ូលេគុល​អូហ្សូន​នីមួយៗ​ផ្សំ ឡើងដោយ​អាតូម​អុកស៊ីសែន​បី ហើយ​មាន​រូបមន្ដ​គីមីO3។ គេបាន​រកឃើញ​អូហ្សូន​នៅក្នុង​ស្រទាប់​បរិយាកាស មានពីរ​កន្លែង​សំខាន់ៗ។ ប្រហែលជា​១០ភាគរយ​នៃ​អូហ្សូន​បរិយាកាស​ស្ថិត​នៅក្នុង​ស្រទាប់​ត្រូប៉ូស្វ៊ែរ ដែលជា​ស្រទាប់​នៅជិត​ផែនដី​ជាងគេ​(គិត​ចាប់ពី​ផ្ទៃផែនដី​ទៅដល់​កម្ពស់​១០ទៅ​១៦គ.ម ឬ​៦-១០​ម៉ាយ) នៅសល់​៩០ភាគរយ​ផ្សេងទៀត​ស្ថិត​នៅក្នុង​ស្រទាប់​ស្ដ្រាតូស្វ៊ែរ ដែលគិត​ចាប់ពី​ស្រទាប់​លើរបស់​ត្រូប៉ូស្វ៊ែរ​ទៅលើ​ទៀត​ប្រហែល​ជា៥០គ.ម​(ឬ៣១ម៉ាយ)។ គេ​ចាត់ទុក​បរិមាណ​ដ៏ច្រើន​នៅស្រទាប់​ស្ដ្រាតូស្វ៊ែរ​នេះជា “ស្រទាប់​អូហ្សូន”។

ការ​បរិច្ឆេទ​ទិវា​អន្ដរជាតិ​ស្ដីពី​កិច្ចការពារ​ស្រទាប់​អូហ្សូន

ថ្ងែនេះ​ជាថ្ងៃ​ដែល​សហគមន៍​អន្ដរជាតិ​មានការ​ចាប់អារម្មណ៍​កាន់តែ​ខ្លាំងឡើង ចំពោះការ​បំផ្លាញ​ស្រទាប់​អូហ្សូន​ដែលជា​របាំង​ការពារ​ផែនដី​ពីគ្រោះថ្នាក់ ដោយសារ​កាំរស្មី​ពណ៌ស្វាយ​ពីព្រះអាទិត្យ។ ចាប់តាំង​ពីឆ្នាំ​១៩៩៥​មក​បណ្ដា​ប្រទេស​ដែលជា​សមាជិក នៃអនុ​សញ្ញា​វីយ៉ែន និង​ពិធី​សារម៉ុង​រ៉េអាល់​ទាំងអស់​បានកំណត់​យកថ្ងៃ​ទី១៦ កញ្ញា ជារៀង​រាល់ឆ្នាំ។ នេះគឺជា​ឆ្នាំទីប្រាំបួន​ហើយ​ដែល​ព្រះរាជា​ណាចក្រ​កម្ពុជាយើង​បាន​ចូលរួម​អបអរសាទរ​ទិវានេះ​ជាមួយ​រាជរដ្ឋាភិបាល​នៃបណ្ដា​ប្រទេស​នៅលើ​សកល​លោកនេះ គឺជា​ការប្រារឰ​ខួបទី២៣​នៃការ​រៀបចំទិវា​អូហ្សូន​អន្ដរជាតិ​១៦ កញ្ញា ១៩៨៧-១៦ កញ្ញា ២០១០ ជាមួយ​នឹងពាក្យ​ស្លោក“​កិច្ច​ការពារ ស្រទាប់​អូហ្សូន ៖ ការ​គ្រប់គ្រង និង​ប្រតិបត្ដិ​តាម​ឱ្យអស់​ពីសមត្ថភាព” ដើម្បី​ប្រារឰ​ទិវា​អូហ្សូន​អន្ដរជាតិ។ ហេតុនេះ​រាជ​រដ្ឋាភិបាល បាន​សម្រេច​ចូលជា​សមាជិក​នៃអនុ​សញ្ញាវីយ៉ែន​ស្ដីពី​កិច្ចការពារ​ស្រទាប់​អូហ្សូន និង​ពិធី​សារម៉ុង​រ៉េអាល់​ស្ដីអំពី​សារធាតុ​បំផ្លាញ​ស្រទាប់​អូហ្សូន​នៅថ្ងៃទី​២៧ ខែ​មិថុនា ឆ្នាំ​២០០១។

បុព្វហេតុ​បំផ្លាញ​ស្រទាប់​អូហ្សូន

មកទល់​បច្ចុប្បន្ន​នេះ ស្រទាប់​អូហ្សូន​មាន​និន្នាការ​ផ្លាស់ប្ដូរ​ឈាន​ទៅរក​អន្ដរាយ​ធ្ងន់ធ្ងរ​ដោយសារ​មនុស្ស​បង្កឡើង។

រូបភាពទស្សនាវដ្ដីសុខភាពយើង

គុណ​សម្បត្ដិ​នៃទិវា​អន្ដរជាតិ​ស្ដីពីកិច្ច​ការពារ​ស្រទាប់​អូហ្សូន

អត្ថន័យ​របស់​ថ្ងៃទី១៦ កញ្ញានេះ គឺផ្ដោត​ការយក​ចិត្ដទុក​ដាក់​ក្នុងការ​អនុវត្ដ​សកម្មភាព​ទាំង​នៅថ្នាក់​ជាតិ ថ្នាក់​តំបន់ និង​នៅថ្នាក់​ពិភពលោក ដើម្បី​ការពារ​ស្រទាប់​អូហ្សូន។ គ្រប់​ប្រទេស​ទាំងអស់​ត្រូវបាន​ស្នើសុំ​ឱ្យ​រៀបចំ​ទិវា​ពិសេស​នេះឡើង ដើម្បី​ជំរុញ សកម្មភាព​គ្រឹះ​នៅថ្នាក់​ជាតិ ដោយ​យោង​ទៅតាម​គោលដៅ និង​ទិសដៅ​នៃពិធី​សារម៉ុង​រ៉េអាល់ និង​សោធនកម្ម​ទាំងឡាយ​របស់​ពិធីសារ​នេះ ដើម្បី​បុព្វហេតុ​បរិស្ថាន​លើ​ភពផែនដី​ជាជម្រក​រួមរបស់​មនុស្ស​សត្វ និង​រុក្ខជាតិ​ផង​ទាំងពួង។

គុណ​វិបត្ដិ​នៃការ​បំផ្លាញ​ស្រទាប់​អូហ្សូន

ផលវិបាក​ជាក់ស្ដែង​តាមរយៈ​ការ​បំផ្លាញ​ស្រទាប់​អូហ្សូន គឺ​បណ្ដាល​ឱ្យមាន​ឥទ្ធិពល​បំផ្លិច​បំផ្លាញ​ធ្ងន់ធ្ងរ​លើសុខភាព​មនុស្ស និង​ផលិតភាព​របស់ស្ថាន​ប្រព័ន្ធ​ធម្មជាតិ ឬ​ស្ថានប្រព័ន្ធដែល​មនុស្ស​គ្រប់គ្រង ព្រមទាំង​សម្ភារៈ​ដែលមាន​ប្រយោជន៍​ដល់​មនុស្សជាតិ។

ថ្ងៃ​ជំនួយ​ស្មារតី និង​អប់រំ​មនសិការ

ក្នុង​ន័យនេះ​គឺជា​ឱកាស​មួយដ៏​សំខាន់​បំផុត សម្រាប់​ស្មារតី និង​អបរំ​មនសិការ​ស្នេហាបរិស្ថាន​ដល់​បងប្អូន​ជន​រួមជាតិ​យើង និង​មនុស្សជាតិ​ទាំងមូល​ឱ្យមើល​ឃើញនូវ​គ្រោះ​មហន្ដរាយ ដែលបាន​នឹង​កំពុង​កើតមាន​នាពេល​បច្ចុប្បន្ន ដែល​អាចនឹង​គម្រាម​កំហែង​ដល់អាយុ​ជីវិត និង​សុខុមាលភាព​របស់​ពិភពលោក​ទាំងមូល។ ក្នុងនោះ​ក៏បាន​សម្រេច​កាត់បន្ថយ​ការ​ប្រើសារធាតុ​បំផ្លាញ​ស្រទាប់​អូហ្សូន​បាន​រហូតដល់​៩៨ភាគរយ ហើយ​ចំណុច​សំខាន់​មួយទៀត​គឺថ្ងៃទី​០១ ខែមករា ឆ្នាំ​២០១០​នេះ ជាការ​បរិច្ឆេទ​ចុងក្រោយ សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍន៍​ក្នុងការ​បញ្ឈប់ការ​ប្រើប្រាស់​សារធាតុ​ក្លរ៉ូភ្លុយ​អរ៉ូកាបូន សារធាតុ​ហាឡុង និង​សារធាតុ​កាបូន​តេត្រា ក្លរ៉ាយ ដែលជា​សារធាតុ​បំផ្លាញ​ស្រទាប់​អូហ្សូន ដើម្បី​ថែរក្សា​ស្រទាប់​អូហ្សូន​សម្រាប់​មនុស្សជំនាន់​នេះ និង​ជំនាន់​ក្រោយៗ​ទៀត។

បណ្ដាំ​ផ្ញើ

ចំពោះ​បណ្ដា​ប្រទេសជា​មិត្ដ​ដៃគូ​អភិវឌ្ឍន៍​ទាំងអស់ ព្រមទាំង​អង្គការ​អន្ដរជាតិ​នានា ដែលបាន​នឹងកំពុង​បន្ដជួយ​ឧបត្ថម្ភ គាំទ្រ​ដល់​កម្ពុជាក្នុង​កិច្ចដំណើរ​ការ​អភិរក្ស និង​ថែរក្សា​ធនធាន​ធម្មជាតិ និង​បរិស្ថាន។ ថ្នាក់​ដឹកនាំ និង​មន្ដ្រី​រាជការ​គ្រប់​ក្រសួង​ស្ថាប័ន កងកម្លាំង​ប្រដាប់​អាវុធ និង​អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់ ព្រមទាំង​ប្រជាពលរដ្ឋ​គ្រប់រូប សូម​មេត្ដា​ចូលរួម​អនុវត្ដគោល​នយោបាយ ការពារ​បរិស្ថាន​របស់​រាជរដ្ឋាភិបាល​ឱ្យបាន​ជាប្រចាំ និង​កាន់តែ​សកម្ម​ខ្លាំងក្លា​ជាងមុន​ថែមទៀត ទៅតាម​សមត្ថភាព និង​ទៅតាម​ផ្នែកជំនាញ​រៀងៗខ្លួន។ ហើយ​សូមឈរ​លើភាព​ច្នៃប្រឌិត​ដ៏រស់រវើក និង​ពង្រឹង​បន្ថែមទៀត​នូវ​ឆន្ទៈ​ប្ដូរផ្ដាច់ មាន​លក្ខណៈ​ជាប្រចាំ​របស់​ប្រជាជន​កម្ពុជា​យើង និង​ប្រជាជន​នៅលើ​ភពផែនដី​ទាំងមូល ក្នុងការ​ចូលរួម​ធានា​សុវត្ថិភាព និង​សន្ដិសុខ​បរិស្ថាន ដើម្បី​សុខុមាលភាព​ប្រជាជន និងការ​រីកចម្រើន​ទៅមុខ​ប្រកបដោយ​ចិរភាព នៅក្នុង​សុខដុមភាព​ជាមួយ​នឹង​បរិស្ថាន​យ៉ាងល្អ​ប្រសើរ​បំផុត។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៥៨ ខែវិច្ឆិកា ឆ្នាំ២០១០

Google Analytics Alternative