លាងឈាម​ជាវិធី​ព្យាបាល

បច្ចុប្បន្ន​នេះ​មិនថា​ក្មេង​ឬក៏​មនុស្ស​ចាស់​នោះទេ តែងតែ​ជួបនូវ​បញ្ហា​ឈឺថ្កាត់​ផ្សេងៗ ដែល​បង្កឡើង​ដោយសារ​មេរោគ​នានា ជ្រៀតចូល​តាម​ប្រព័ន្ធ​ចំណី​អាហារ​ឬតាម​ឈាម បង្ក​លក្ខណៈ​លំបាក​លំបិន រហូត​បង្កើតជា​ជាតិពុល​យ៉ាងច្រើន​នៅក្នុងខ្លួន​ឬក្នុង​ឈាម បង្ក​ឱ្យមាន​ជម្ងឺខ្សោយ​តម្រងនោម​ដែល​តម្រូវឱ្យ​ធ្វើការ​ព្យាបាល​ដោយការ​លាង​ឈាម។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ដើម្បីជូន​ជ្រាប​អំពី​បញ្ហា​លាងឈាម​នេះ ទស្សនាវដ្ដី សុខភាព​យើង បានជួប​សម្ភាស​ជាមួយ​លោក​វេជ្ជបណ្ឌិត លឹម វឌ្ឍនា ឯកទេស​ជម្ងឺ​តម្រង​នោម និងជា​ប្រធាន​មជ្ឈមណ្ឌល​លាង​ឈាម ជា ស៊ីម នៃ​មន្ទីរពេទ្យ​កាល់ម៉ែត។

លាងឈាម

ពាក្យ​ថាលាង​ឈាម​ពេលនេះ​គឺជា​វិធី​ព្យាបាល​មួយបែប​តាមក្បួន​វេជ្ជសាស្ដ្រ គឺ​ជាការ​ច្រោះ​ជាតិពុល​ចេញពី​ក្នុងឈាម​របស់​អ្នកជម្ងឺ​ដែល​ខ្សោយ​តម្រងនោម​ឬខ្សោយ​ក្រលៀន​ស្រួចស្រាវ ឬ​រ៉ាំរ៉ៃ ដោយ​ឆ្លងកាត់​តម្រង​ម្យ៉ាង ដែលគេ​ផលិតឡើង​ប្រហាក់​ប្រហែល​នឹង​តម្រងនោម​មនុស្ស​យើង មិនដូច​មតិ​ប្រជាពលរដ្ឋ​មួយចំនួន​តែងចោទ​សួរថា លាង​ម្ដង​ត្រូវការ​ឈាម​ប៉ុន្មាន​លីត្រ​នោះទេ។

មូលហេតុ​ដែល​បណ្ដាល​ឱ្យលាង​ឈាម

មូលហេតុ​ដែលអ្នក​ជម្ងឺ​ត្រូវតែ​លាង​ឈាម​នោះ គឺ​បណ្ដាល​មកពី​អ្នកជម្ងឺ​មួយចំនួន​មានជម្ងឺ​ខ្សោយតម្រង​នោម​រ៉ាំរ៉ៃ និង​ខ្សោយ​តម្រងនោម​ស្រួចស្រាវ។

1 . ចំពោះ​ករណី​ខ្សោយ​តម្រងនោម​ស្រួចស្រាវ ៖ គឺជា​កត្ដា​មកពី​ជម្ងឺ​ទូទៅ​ច្រើន​យ៉ាង ដែលកើត​លើ​តម្រងនោម​គ្មាន​ជម្ងឺអ្វី​ពីមុន​មកទេ ដូចជា​ការរាករូស​ដែល​មិនបាន​ព្យាបាល​បង្គ្រប់​ជាតិទឹក​ឱ្យបាន​ត្រឹមត្រូវ ការ​ប្រើប្រាស់​ថ្នាំ​ដោយ​មិនមាន​វេជ្ជបញ្ជា​ត្រឹមត្រូវ និង​ជម្ងឺ​គ្រុនចាញ់​ដែល​ប៉ះពាល់​ដល់​តម្រងនោម​ដោយ​ផ្ទាល់ ធ្វើឱ្យ​អ្នកជម្ងឺ​គ្មាន​ទឹកនោម​សោះតែ​ម្ដង ឬ​មាន​ដែរ តែ​បន្ដិចបន្ដួច​ប៉ុណ្ណោះ តិចជាង​កន្លះលីត្រ​ក្នុងមួយ​ថ្ងៃ។

2 . ករណី​ខ្សោយ​តម្រងនោម​រ៉ាំរ៉ៃ ៖ ជម្ងឺនេះ​ខុសអំពី​ករណី​ខ្សោយ​តម្រងនោម​ស្រួចស្រាវ។ កត្ដា​ដែល​បណ្ដាល​ឱ្យមាន​ជម្ងឺខ្សោយ​តម្រងនោម​រ៉ាំរ៉ៃ មាន​ដូចជា​ជម្ងឺ​ទូទៅ លើស​ឈាម ទឹកនោម​ផ្អែម ជម្ងឺ​រលាក​តម្រងនោ​ម ជម្ងឺ​ទឹកនោម​ប្រៃ ក្រួស​តម្រង​នោម មាន​ដុំសាច់​ដុះក្នុង​តម្រងនោម​ជាដើម។ ករណី​ជម្ងឺ​ខ្សោយ​តម្រងនោម​រ៉ាំរ៉ៃ​នេះ គឺ​គ្រូពេទ្យ​ត្រូវ​ព្យាបាល​ដោយការ​ប្រើថ្នាំព្យាបាល ដោយ​ការលាង​ឈាម ព្យាបាល​ដោយការ​ផ្សាំតម្រង​នោម​ថ្មី ឬ​ភាសា​សាមញ្ញ​ថា ប្ដូរ​ក្រលៀន។ ក្រលៀន ឬ​តម្រងនោម​មាន​តួនាទី សំខាន់​ក្នុងការ​បញ្ចេញ​ចោលនូវ​ជាតិពុល​នៅក្នុង​ឈាម ដូចជា​ជាតិ​ក្រេអាទីនីន ជាតិ​អៀរ៉េ ប៉ូតាស្យូម​ជាដើម។ ប្រសិនបើ​ក្រលៀន ខ្សោយ​ហើយ​មិនអាច​ច្រោះ​ចេញនូវ​ជាតិ​ទាំងនេះ​ឡើយ ទោះបី​អ្នកជម្ងឺ​នៅមាន​ទឹកនោម​ក៏ដោយ។ មិនតែប៉ុណ្ណោះ​វាអាច​ធ្វើឱ្យ​ក្រលៀន​ទាំង​សងខាង​រីក​នឹងខូច កាលណា​ពិនិត្យ​ឃើញ​ខូច​គ្រូពេទ្យ​មិនអាច​ព្យាបាល​បាន​នោះទេ។ មាន​វិធីម្យ៉ាង​គឺកាត់​បោះចោល ប្រសិន​បើខូច​តែម្ខាង ហើយ​បើខូច​ទាំង​សងខាង​គឺត្រូវ​លាងឈាម ឬប្ដូរ​​ក្រលៀន​ចេញ ទើបអ្នក​ជម្ងឺ​អាច​រស់រាន​មានជីវិត​បាន។ បញ្ហា​មួយទៀត​វាអាច​បណ្ដាល​មកពី​ដុំគីស​នៅក្នុង​តម្រងនោម​តែម្ដង ព្រោះ​ដុំគីស​នេះ​ប្រសិនបើ​លោកអ្នក​ទុកយូរ​មាន​សភាព​រីកបន្ដិច​ម្ដងៗ ធ្វើឱ្យ​ដុះណែន​ពេញ​តម្រង​នោម ធ្វើឱ្យ​តម្រងនោម​មិនអាច​ច្រោះ​ជាតិទឹក​នោម​ចេញបាន។ ម្យ៉ាងទៀត​មាន​ករណី​ស្ទះ​សរសៃឈាម​ទៅចិញ្ចឹម​តម្រង​នោម ក៏អាច​ឱ្យ​លោកអ្នក​ខូចតម្រង​នោម​ផងដែរ។ ភាគច្រើន​កើត​នៅលើ​មនុស្ស​វ័យក្មេង​ជំទង់ៗ ដែល​ធ្លាប់មាន​ជម្ងឺ​លើសឈាម​តាំងពី​ក្មេង។

រោគ​សញ្ញា​​ដែលអាច​បង្ហាញ​ថាអ្នក​ជម្ងឺ​ត្រូវទៅ​លាងឈាម

មាន​រោគសញ្ញា​ជាច្រើន​ដែលអ្នក​ជម្ងឺ​មកជួប​គ្រូពេទ្យ​ដូចជា ៖

  • ហត់​ដង្ហក់​ខ្លាំង“ទឹក​ច្រាលចូល​សួត”
  • គ្មាន​ទឹកនោម
  • សម្ពាធ​ឈាម​ឡើងខ្លាំង ដែល​ថ្នាំ​បណ្ដុះ​ឈាម​មិនអាច​គ្រប់គ្រង​បាន
  • ក្អួតចង្អោរ​ខ្លាំង​ជាដើម។

សញ្ញា​ទាំងនេះ​មិនប្រាកដថា​ត្រូវ​ព្យាបាល​ដោយការ​លាងឈាម​នោះទេ គឺ​ត្រូវតែ​ទៅជួប​គ្រូពេទ្យ​ឯកទេស​ខាងជម្ងឺ​តម្រង ទឹកនោម ទើបអាច​វាយតម្លៃ​បាន។

វិធី​ព្យាបាល​ខណៈពេល​លាងឈាម

អ្នកជម្ងឺ​ព្យាបាល​លាងឈាម​ដោយសារ​មានជម្ងឺ​ខ្សោយ​តម្រង​នោម តែការ​ព្យាបាល​មិនអាច​ទប់ស្កាត់​ការ​វិវឌ្ឍន៍​បាន​នោះទេ គ្រាន់តែ​ពន្យារ​ពេល​ដើម្បី​ឱ្យអ្នក​ជម្ងឺ​រស់បាន​យូរតែ​ប៉ុណ្ណោះ។ ទន្ទឹម​នឹងការ​ព្យាបាល​នោះដែរ ប្រសិនបើ​អ្នកជម្ងឺ​ចេះ​យកចិត្ដ​ទុកដាក់​ថែរក្សា​ខ្លួន​ឱ្យបាន​ល្អនឹង​លេបថ្នាំ​ឱ្យបាន​ទៀងទាត់​នោះការ​វិវឌ្ឍន៍​របស់​ជម្ងឺ​ខ្សោយតម្រង​នោម មាន​សភាព​យឺតយ៉ាវ ហើយ​អ្នកជម្ងឺ​អាចមាន​សុខភាពល្អ​ប្រសើរ​បានយូរ​អង្វែង។

វិធី​ការពារ​កុំឱ្យ​មានការ​លាងឈាម

មិនអាច​ការពារ​បាន​នោះទេ ព្រោះ​ការ​លាងឈាម​នេះជាវិធី​ប្រើ​នៅពេល​អ្នកជម្ងឺ​ឈានដល់​ដំណាក់​កាល​ធ្ងន់ធ្ងរ​ទៅហើយ។ តែប្រសិន​បើធ្វើការ​ការពារ​កុំឱ្យ​លាងឈាម លុះត្រា​អ្នកជម្ងឺ​ត្រូវ​ការពារ​កុំឱ្យ​មានជម្ងឺ​ទឹកនោម​ផ្អែម ជម្ងឺ​លើស​ឈាម និង​ជម្ងឺ​ខ្សោយ​តម្រងនោម ប៉ុន្ដែជម្ងឺ​ទាំងនេះ​មិន​ទប់ស្កាត់​ឬ​ព្យាបាល​ឱ្យជា​សះស្បើយ​នោះទេ។ គ្រាន់តែ​ធ្វើការ​ការពារ​កុំឱ្យ​ជម្ងឺទាំងនេះ​មានការ​វិវឌ្ឍន៍​ទៅមុខ​លឿនតែ​ប៉ុណ្ណោះ ដោយ​ធ្វើការ​ព្យាបាល​ដោយយក​ចិត្ដទុក​ដាក់។

ផល​ប៉ះពាល់​ខណៈពេល​ដែល​លាង​ឈាម

បន្ទាប់ពី​មានជម្ងឺ​ខ្សោយ​តម្រង​នោម ហើយ​មិនធ្វើ​ការ​ព្យាបាល​ឱ្យបាន​ទាន់​ពេលវេលាទេ​នោះ វាអាច​ធ្វើឱ្យ​ទឹកច្រាល​ចូលសួត ចូល​បេះដូង ធ្វើឱ្យ​អ្នកជម្ងឺ​ហត់ និងមាន​ឈាម​ឡើងពេល​យប់។ មិនតែ​ប៉ុណ្ណោះ​ក្រលៀន​ទាំង​សងខាង​ត្រូវបាន​ខូចខាត​ទៀតផង។ លើសពីនេះ​អ្នកជម្ងឺ​អាច​ប្រឈម​មុខនឹង​ការ​បាត់បង់​ជីវិត​យ៉ាងឆាប់​រហ័ស។

ដំបូន្មាន​អ្នក​ជំនាញ

ប្រសិន​រកឃើញ​ថា អ្នកជម្ងឺ​លាងឈាម​ដោយ​ជម្ងឺ​ខ្សោយ​តម្រង​នោម ត្រូវ​អនុវត្ត​តាមកម្មវិធី​មួយចំនួន​ដូចជា​មិនត្រូវ​ទទួលទាន​អាហារ​ដែលមាន​ជាតិ​ប្រៃពេក និង​ទទួលទាន​ទឹក​ឱ្យបាន​ច្រើន​ជាងមួយ​លីត្រកន្លះ​ក្នុងមួយ​ថ្ងៃ។ ហាម​ទទួលទាន​ផ្លែឈើ ដូចជា​ចេក​ជាដើម ព្រោះវា​សម្បូរ​ទៅដោយ​ជាតិ​ប៉ូតាស្យូម។ សូម​ប្រើថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម​ឱ្យបាន​ត្រឹមត្រូវ​ទៅតាម​វេជ្ជ​បញ្ជា។ ប្រសិន​បើ​លោកអ្នក​អនុវត្តបាន​ដូច​ខាងលើ​នេះ លោកអ្នក​ពិតជា​អាច​ធូរស្រាល​មួយផ្នែក​បន្ទាប់ពី​លាងឈាម។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៥៨ ខែវិច្ឆិកា ឆ្នាំ២០១០

Google Analytics Alternative