កម្ពុជាខ្វះ​គ្រូពេទ្យ​ឯកទេស​ផ្នែក​ជំងឺ​មហារីក ខណៈ​មួយឆ្នាំ​មាន​ករណី​មហារីក​ស្បូន​ចំនួន​២.៥០០នាក់​ត្រូវបាន​រកឃើញ

ខណៈ​ជម្ងឺ​មហារីក​ស្បូន​ជាបញ្ហា​ចំបង​មួយ នៃបញ្ហា​សុខភាព​សាធារណៈ​នៅកម្ពុជា នៅពេល​ប្រទេសនេះ​កំពុងមាន​កង្វះខាត​គ្រូពេទ្យ​ឯកទេស​ផ្នែកជម្ងឺ​នេះ ខណៈស្រ្តី​ចំនួន​​២៥០០​នាក់​​ត្រូវបាន​រកឃើញ​កើតជម្ងឺ​ក្នុងមួយ​ឆ្នាំៗ។

រូបភាពគេហទំព័រសុខភាពកម្ពុជា

លោក​វេជ្ជបណ្ឌិត អ៊ាវ សុខា អ្នក​ឯកទេស​ផ្នែក​ជម្ងឺ​មហារីក និងជា​ប្រធាន​ក្រុម​គ្រូពេទ្យ​​មហារីក​ប្រចាំ​មន្ទីរពេទ្យ​កាល់ម៉ែត្រ បានមាន​ប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទនាព្រឹក​ថ្ងៃព្រហស្បត៍​​ទី៦កញ្ញា​កន្លងមក​ថា យើង​កំពុងមាន​កង្វះខាត​គ្រូពេទ្យ​ឯកទេស​ជម្ងឺ​មហារីក ដោយនៅ​ទូទាំង​​ប្រទេស​មា​​នប្រជាជន​១៥លាន​នាក់ ប៉ុន្តែមាន​គ្រូពេទ្យឯកទេស​ចំនួន​១២នាក់​ប៉ុណ្ណោះ ខណៈ​ស្រ្តី​ចំនួន២៥០០​នាក់​ត្រូវបាន​រកឃើញ​កើត​ជម្ងឺមហារីក​ស្បូន​ក្នុងមួយ​ឆ្នាំ តាមរយៈ​ពួកគេ​​បានមក​​កាន់​​មន្ទីរពេទ្យ ខណៈ​អ្នកផ្សេង​ទៀត​មិនបាន​មក​មន្ទីរពេទ្យ​មិនទាន់​បាន​រាប់បញ្ចូល​នៅទ្បើយ។

លោក​បន្តថា “ទាល់តែ​យើងមាន​គ្រូពេទ្យ​នៅទូទាំង​ប្រទេស ទើប​យើងអាច​ដឹងអំពី​ចំនួន​​ស្រ្តីកើត​ជម្ងឺនេះ​ថាមាន​ចំនួន​ប៉ុន្មាន ប៉ុន្តែ​បច្ចុប្បន្ន​យើងបាន​ចាប់ផ្តើម​បណ្តុះបណ្តាល​គ្រូពេទ្យ​ឯក​ទេស​ផ្នែកនេះ​បណ្តើរ​ហើយ។ យើង​សង្ឃឹម​ថាឆ្នាំ​២០២០ នឹងមាន​គ្រូពេទ្យ​ឯកទេស​ជម្ងឺនេះ​នៅទូ​ទាំង​ប្រទេស ដើម្បី​ជួយ​សង្រ្គោះ​ប្រជាពលរដ្ឋ​យើង ”។

ប​ច្ចុប្បន្ន​មន្ទីរពេទ្យ​កាល់ម៉ែត បាននិង​កំពុង​សាងសង់​អាគារ និង​បំពាក់ឧបករណ៍​ទំនើបៗ​ស្តង់ដា​អន្តរជាតិ ដើម្បី​ចូលរួម​កាត់បន្ថយ​មិនឲ្យ​ស្រ្តីកម្ពុជា​ចេញទៅព្យាបាល​នៅក្រៅ​ប្រទេស ព្រោះ​ជួនកាល​គាត់លក់​ផ្ទះ​ទៅព្យាបាល​ជម្ងឺ ប៉ុន្តែ​ជម្ងឺ​នៅតែ​មិនជា ហើយ​ធ្វើឲ្យ​ស្ថានភាព​គ្រួសារ​ធ្លាក់​ទៅក្នុង​ភាពក្រីក្រ។ លោក​វេជ្ជបណ្ឌិត អ៊ាវ សុខា​បញ្ជាក់។

លោក​សាស្រ្តាចារ្យ​បណ្ឌិត សាផុន វឌ្ឈនៈ សាកលវិទ្យា​ធិការ​នៃសាកល​វិទ្យាល័យ​វិទ្យា​សាស្រ្ត​សុខាភិបាល​បានមាន​ប្រសាសន៍​ឲ្យដឹង​នៅថ្ងៃ​ដដែល​ថា សាកល​វិទ្យាល័យ​នឹងបើក​បណ្តុះ​បណ្តាល​និស្សិត​ឯកទេស​ផ្នែកជម្ងឺ​មហារីក​នៅឆ្នាំ​នេះ ក្រោមការ​ជួយ​ជ្រោមជ្រែង​ពីសហ​ប្រតិប​ត្តិការ​បារាំង និង​មហា​វិទ្យាល័យ​នានា​នៅសហគមន៍​អឺរ៉ុប ជួយ​​បញ្ជូន​គ្រូមក​ជួយ​បណ្តុះ​​បណ្តាល​គ្រូពេទ្យ​របស់​យើង។ លោក​បន្តថា គ្រូពេទ្យឯកទេស​ជំងឺ​មហារីក​នៅកម្ពុជា​​ពិតជា​​មាន​ចំនួន​តិច ហេតុនេះ​ទាមទារ​ឲ្យយើង​ត្រូវធ្វើការ​បណ្តុះ​បណ្តាល​ច្រើន ដើម្បី​ឆ្លើយតប​នឹង​​តម្រូវការ​របស់​ប្រជាពលរដ្ឋ។

លោក​វេជ្ជបណ្ឌិត អ៊ាវ សុខា បាន​បន្តថា មួយឆ្នាំ​យើង​បណ្តុះ​បណ្តាល​គ្រូពេទ្យឯកទេស​ផ្នែក​ជម្ងឺនេះ​បានតែ​ពីរនាក់​ប៉ុណ្ណោះ ដោយសារ​តែកន្លែង​បណ្តុះ​បណ្តាល​យើងតូច ព្រោះ​ការ​បណ្តុះ​បណ្តាល​នេះ យើង​ជ្រើសរើស​វេជ្ជបណ្ឌិត​ដែលបាន​បញ្ចប់​ការសិក្សា​មករៀន​យក​ឯកទេស និង​អនុវត្តន៍​ជាក់ស្តែង​លើការ​ព្យាបាល​អ្នកជម្ងឺ។ ការសិក្សា​នេះត្រូវ​ប្រើរយៈពេល​៤ទៅ៥​ឆ្នាំបន្ថែម​ទៀត មិនមែន​យើង​បណ្តុះបណ្តាល​ឲ្យតែចប់ៗ​នោះទេ។

អត្ថបទដោយ ៖ គង់ សូរិយា
ចេញផ្សាយ ៖ ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១២

Categories: , , , , , ,

Leave a Reply

Your email address will not be published. Required fields are marked *