កម្ពុជា​ត្រៀម​បោះពុម្ព​សៀវភៅ​និយាយ​អំពី​ផែនការ​យុទ្ឋសាស្រ្ត និង​គោល​នយោបាយ ទប់ស្កាត់​គ្រឿង​ស្រវឹង

មន្រ្តី​ជំនាញ​បាន​និយាយថា​ កម្ពុជា​កំពុង​ត្រៀម​បោះពុម្ព​សៀវភៅ​ផែនការ​យុទ្ឋ​សាស្រ្ត និង​គោល​នយោបាយ​ទប់ស្កាត់​គ្រឿង​ស្រវឹង នៅពេល​កម្ពុជា​កំពុង​ក្លាយជា​​ប្រទេស​ឋាន​​សួគ៌​នៃការ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង។

រូបភាពគេហទំព័រសុខភាពកម្ពុជា

លោក ឃុន សូគ្រីន ប្រធាន​មជ្ឈមណ្ឌល​ជាតិ​លើក​កំពស់​សុខភាព​នៃ​ក្រសួង​សុខាភិបាល​​បានមាន​ប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​នាព្រឹក​ថ្ងៃពុធ ទី៥ កញ្ញា​នេះថា ក្រុមមន្រ្តី​កំពុង​ធ្វើ​ពង្រាង​ពីផែនការ​យុទ្ឋសាស្រ្ត និង​គោល​នយោបាយ​អប់រំ និង​ទប់ស្កាត់គ្រឿង​ស្រវឹង​នៅកម្ពុជា នៅពេល​​ការ​​ផ្សព្វផ្សាយ​ផលិតផល​គ្រឿង​ស្រវឹង​មានច្រើន​នៅតាម​ប្រព័ន្ឋ​ផ្សព្វផ្សាយ​នានា។ លោក​បន្តថា យើង​មិនទាន់​ដឹងថា ពេលណា​សៀវ​ភៅ​នេះត្រូវ​បោះពុម្ព​ពិតប្រាកដ​ទេ ព្រោះ​យើង​កំពុង​ព្រាង​​វា​នៅទ្បើយ។ សៀវភៅ​នេះ​ធ្វើទ្បើង​​ដើម្បី​អប់រំ​ប្រជាជន​ឲ្យដឹង​ពីផល​វិបាក​នៃគ្រឿង​ស្រវឹង និង​​ធ្វើ​​ជា​មូលដ្ឋាន​សម្រាប់​ស្រាវជ្រាវ។

លោក​បន្តថា “នៅកម្ពុជា​មានការ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង​ច្រើន ដែល​ធ្វើឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​ប្រជាជន ព្រោះ​កាលណា​ផ្សព្វផ្សាយ​ច្រើន​ធ្វើឲ្យ​ប្រជាជន​មើល​ឃើញ ពួកគេ​ទិញ ​និង​​ឈានទៅ​ប្រើប្រាស់​ផលិតផល​នោះ”។

លោក ឃុន សូគ្រីន បាន​បន្តថា រហូត​មកទល់​ពេលនេះ យើង​មិនទាន់​មាន​គំរោង​សរសេរ​​សេចក្តី​ព្រាង​ច្បាប់​ទាក់ទង​នឹងការ​ទប់ស្កាត់​ការ​ប្រើប្រាស់ ការ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង​នៅទ្បើយ ព្រោះ​មិនទាន់​មាន​សេចក្តី​ណែនាំ​ពីថ្នាក់​ដឹកនាំ​កំពូល​របស់​ក្រសួង​សុខាភិបាល។

លោក សែម បញ្ញាវុឌ្ឈ ប្រធាន​គំរោង​ប្រព័ន្ឋ​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក​ នៃ​អង្គការ​​ជនពិការ​អន្តរជាតិ​បានមាន​ប្រសាសន៍​ថា ចំនួន​អ្នកស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរ​១៤ភាគរយ​​បណ្តាល​មកពី​គ្រឿងស្រវឹង ហើយ​វាជា​មូលហេតុ​ទី២ នៃការ​បង្ក​ឲ្យមាន​គ្រោះថ្នាក់​នៅលើ​​ដង​ផ្លូវ​នៅប្រទេស​កម្ពុជា បន្ទាប់​ពីការ​បើកបរ​លើស​ល្បឿន​កំណត់។ លោក​បន្តថា កន្លងមក​មាន​អង្គ​ការ​ក្រៅ​រដ្ឋាភិបាល​មួយចំនួន បានធ្វើ​សេចក្តី​ព្រាង​គោល​នយោបាយ​ពាក់ព័ន្ឋគ្រឿង​ស្រវឹង​​ដាក់​ជូន​រដ្ឋាភិបាល ដើម្បី​ចាត់​វិធានការណ៍​ទប់ស្កាត់​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង ហើយ​ជាលទ្ឋ​ផល​​រដ្ឋាភិបាល​បាន​ផ្តល់​អនុសាសន៍​ឲ្យក្រុមហ៊ុន​នាំចូល និង​ផលិត​គ្រឿង​ស្រវឹង​ដាក់សារ​ព្រមាន​​សុខ​ភាព ពេល​ផ្សព្វផ្សាយ​ផលិតផល​គ្រឿង​ស្រវឹង​នៅតាម​ប្រព័ន្ឋ​ផ្សព្វផ្សាយ​នានា។

លោក​បន្តថា “ការ​ដាក់សារ​ព្រមាន​សុខភាព​ដូចជា បើ​ពិសារ​ស្រាកុំ​បើកបរ គឺជា​ការ​ពញ្ញាក់​ដល់អ្នក​បើកបរ កុំឲ្យ​ពិសារ​គ្រឿង​ស្រវឹង​នៅពេល​បើកបរ ក៏ដូចជា​បង្កើនការ​ប្រុងប្រយ័​ត្ន​បន្ថែម​ទៀត ”។

គ្រោះថ្នាក់​ចរាចរ​នៅកម្ពុជា ដោយ​សារ​កត្តា​មួយចំនួន​ដូចជា ការ​បើកបរ​លើស​ល្បឿន​កំណត់ ការ​ពិសា​គ្រឿង​ស្រវឹង ការ​បើក​ជែងគ្នា និង​ការ​មិនគោរព​សិទ្ឋិ​អាទិភាព​ជាដើម។

អត្ថបទដោយ ៖ គង់ សូរិយា
ចេញផ្សាយ ៖ ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១២

Google Analytics Alternative