ការ​បរិភោគ​ត្រី និង​ខ្យងឆៅ​បង្កឲ្យ​ឆ្លងជំងឺ​ព្រូន​ពីរប្រភេទ​ដែល​បណ្តាល​ឲ្យ​ប្រជាជន​ស្លាប់​បាន

ការអង្កេត​ថ្មីៗ​នេះបាន​រកឃើញ​ថា ជំងឺ​ព្រូន​អង្គីលីស និង​ជំងឺព្រូន​ក្នុងថ្លើម​ឆ្លងតា​ម​រយៈការ​បរិភោគ​ត្រី និង​ខ្យងឆៅ​ចំអិន​មិនបាន​ល្អ ហើយ​វាបាន​ក្លាយ​ជា​បញ្ហាសុខភាព​សាធារណៈ​ដ៏​ចំបង​នៅ​កម្ពុជា។

រូបភាពគេហទំព័រសុខភាពកម្ពុជា

លោក​វេជ្ជបណ្ឌិត ច ម៉េងចួ នាយក​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ឋ​នឹងជំងឺ​គ្រុនចាញ់ ប៉ារ៉ាស៊ីត​​សាស្រ្ត និង​បាណក​សាស្រ្ត នៃ​ក្រសួង​សុខាភិបាល​បានមាន​ប្រសាសន៍​ឲ្យដឹង​កាលពី​ចុងសប្តាហ៍​មុនថា តាមរយៈ​ការ​សិក្សា​ស្រាវជ្រាវ​ថ្មីៗនេះ​បាន​បង្ហាញ​ថា ជំងឺព្រូន​ទាំងពីរ​ប្រភេទនេះ​ឆ្លង​តាម​រយៈ​ការ​បរិភោគ​ត្រីឆៅ និង​ខ្យងឆៅ​ឬ​ចំអិន​មិនបាន​ល្អ។ ជំងឺព្រូន​អង្គីលីស​មិន​ត្រឹមតែ​ជាជំងឺ​ដង្កូ​វព្រូន​ដែល​ឆ្លងបាន​តាមរយៈ​ដីប៉ុណ្ណោះ​ទេ វា​ក៏អាច​ធ្វើការ​ចំលង​ដោយ​ខ្លួនឯង​នៅក្នុង​ខ្លួន​មនុស្ស​ផងដែរ ដែលនេះ​ជាមូលហេតុ​នាំឲ្យ​ឈាន​ដល់ការ​ស្លាប់ ចំពោះ​អ្នកមាន​ប្រព័ន្ឋ​ការពារ​ខ្លួនខ្សោយ​។ លោក​បន្តថា ចំណែក​ព្រូន​ក្នុងថ្លើម​នឹងអាច​បង្កឲ្យ​កើត​មហារីក​ថ្លើម ប្រសិនបើ​ទម្លាប់​នៃការ​បរិ​ភោគ​ត្រីឆៅ​ជាប្រចាំ ចំពោះត្រី​ដែល​ផ្ទុកនូវ​ពពួក​ពងប៉ារ៉ា​ស៊ីត។

លោក​បន្តថា “យើង​កំពុងរក​ថវិការ​សិក្សា​ពីបញ្ហា​នេះ ឲ្យបាន​កាន់តែ​ច្បាស់​បន្ថែម​ទៀត ព្រោះការ​និយាយ​នេះ យើង​ផ្អែក​ទៅតាម​ទ្រឹស្តី​ប៉ុណ្ណោះ ប៉ុន្តែការ​វិវត្តន៍​របស់​វាពិត​ប្រាកដ​ថានឹង​​បណ្តាល​ឲ្យមាន​មហារីក​ថ្លើម​ឬអត់ យើង​មិនទាន់​បាន​សិក្សា​ច្បាស់លាស់​នៅទ្បើយ​ទេ ”។

រូបភាពគេហទំព័រសុខភាពកម្ពុជា

អ្នក​ស្រី មុត ស៊ីនួន ប្រធាន​កម្មវិធី​ជំងឺ​សង្កូវ​ព្រូន​បានមាន​ប្រសាសន៍​ថា ពពួក​ព្រូន​ទាំងនោះ​​មាន​នៅក្នុង​លាមក​ ដែល​ប្រជាជន​បន្ទោរបង់​ពាសវាល​ពាសកាល ហើយ​ហូរ​ទៅក្នុង​ទឹក​និងចូល​​ទៅក្នុង​សត្វខ្យង មុននឹង​ឆ្លង​ទៅជាប់​ក្នុង​ស្រកា ឬ​ព្រុយត្រី និង​បន្តឆ្លងមក​មនុស្ស ប៉ុន្តែ​ជំងឺ​ព្រូន​ ឬ​ពង​ព្រូន​នៅក្នុង​ត្រី ឬ​ខ្យង​ទាំងនោះ មិន​បណ្តាល​ឲ្យមាន​បញ្ហា​សុខភាព​ដល់អ្នក​បរិភោគ​ត្រី​​នោះទេ ប្រសិន​ជាយើង​ចំអិន​ឲ្យបាន​ល្អ។

លោក​វេជ្ជបណ្ឌិត ច ម៉េងចួ បាន​បន្តថា ចំណែកការ​គ្រប់គ្រង​ជំងឺ​ស៊ីស្តូ​វិញ ការធ្វើ​អង្កេត​​រកជំងឺ​នេះក្នុង​ខេត្តក្រចេះ និង​ស្ទឹងត្រែង​បាន​បង្ហាញ​ឲ្យឃើញ​ថា ជំងឺ​ស៊ីស្តូមេគង្គ និង​ប៉ារ៉ាស៊ីត​​ពោះវៀន​មាន​អត្រា​ថយចុះ​គួរឲ្យ​កត់សំគាល់ បន្ទាប់​ពីការ​ផ្តល់ថ្នាំ​ព្យាបាល​ជាសមូហភាព​​ត្រូវ​បាន​អនុវត្តន៍​ទ្បើង។ លោក​បន្ត​ថា ការ​គ្របដណ្តប់​ដ៏ខ្ពស់​នៃការ​ផ្តល់ថ្នាំ​សមូហភាព ក្នុង​ខេត្ត​ក្រចេះ និង​ស្ទឹងត្រែង បាន​បង្ហាញ​​អំពីការ​គ្រប់គ្រង​ជំងឺព្រូន​ដ៏មាន​ប្រសិទ្ឋិភាព និង​ជោគជ័យ​ក្នុង​​ប្រទេសកម្ពុជា។

អត្ថបទដោយ ៖ គង់ សូរិយា
ចេញផ្សាយ ៖ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១២

Google Analytics Alternative