M.STYLE ផលិត​បទចម្រៀង​ដើម្បី​បញ្ចៀស​ការ​រើសអើង​ទៅលើ​ក្រុម​មនុស្ស​ស្រឡាញ់​ភេទដូចគ្នា

បទចម្រៀង​មាន​ចំណង​ជើងថា Another day ដែល​ជាការ​ផលិត​ឡើង​ដោយ​ក្រុមM.STYLE ដែលជា​ក្រុម​ស្រឡាញ់ ភេទ​ដូចគ្នា ត្រូវបាន​ដាក់​បង្ហាញ​ទៅកាន់​មនុស្ស​មួយចំនួន​នៅ​កម្ពុជា ដើម្បីឱ្យ​មនុស្ស​ទាំងអស់​នោះបាន​យល់ដឹង​ពីស្ថានភាព​របស់​ក្រុមអ្នក​ស្រឡាញ់​ភេទ​ដូចគ្នា ហើយ​ត្រូវ​ចូលរួម​កាត់​បន្ថយ​រាល់ការ​រើសអើង​ដែល​កើតមាន​ចំពោះ​ពួកគេ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

លោក ចូវ ធានលី ភ្នាក់ងារ​រៀបចំ​គម្រោង M.STYLE បានផ្ដល់​បទសម្ភាសន៍​ជាមួយ​ទស្សនាវដ្ដី សុខភាព​យើង នៅក្នុង​ពិធី​សម្ពោធ ​(DVD) បទចម្រៀង​នេះ កាលពី​ថ្ងៃទី២៦ ខែ​សីហា ឆ្នាំ​២០១០ នៅ​មណ្ឌល​កម្សាន្ដ​ថោន បានឱ្យ​ដឹងថា​បទចម្រៀង​នេះបាន​ផលិត​ឡើង​គឺដើម្បី​ឱ្យក្រុម​ស្រឡាញ់​ភេទ​ដូចគ្នា​អាច​ចៀសផុត​ពីការ​រើសអើង​ពីមនុស្ស​ទូទៅ បើទោះ​បីជា​ពួកគេ​មាន​ចរិត​ខុសពី​ធម្មជាតិ​ក៏ដោយ។ លោក ធានលី បន្ថែមថា​តាមរយៈ​បទនេះ​ក្រុម​ស្រឡាញ់​បុរស អាច​មាន​ឱកាស​បង្ហាញ​ពីទេព​កោសល្យ​នៃការ​សម្ដែង​របាំ​ច្រៀងរាំ​នៅលើ​ឆាក​របស់​ពួកគេ​ដោយ​ក្ដីរំភើប​រីករាយ​ផងដែរ។

បទចម្រៀង​ Another day បាន​សរសេរ​ឡើង​បង្កប់​ទៅដោយ​អត្ថន័យ​អប់រំ និង​លើក​ទឹកចិត្ដ​ព្រមទាំង​ក្ដីស្រឡាញ់​ចំពោះ​ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា

លោក ធានលី បន្ដថា​ក្រុមM.STYLE បានបង្កើត​ឡើង​ដោយ​គម្រោង​របស់​អង្គការ​សុខភាព​គ្រួសារ​ពិភពលោក​(FHI) កាលពី​ឆ្នាំ២០០៨​មកដល់​សព្វថ្ងៃ​នេះ។ ក្រុមM.STYLE បាន​សមាជិក​ចំនួន​៩០នាក់ និង​អង្គការ​ជាដៃគូ​ចំនួន​១០ស្ថាប័ន​ទៀត ដើម្បី​ផ្ដល់​ទាំង​ចំណេះដឹង និង​ព័ត៌មាន​ផ្សេងៗ​ស្ដីពី​សុខភាព​ផ្លូវភេទ​ដែល​បុរស​ស្រឡាញ់​ភេទដូចគ្នា​ត្រូវយល់​ដឹង។ លោក ធានលី ថ្លែងថា ឌីវីឌី​ចំនួន​ប្រមាណ​១៥០០​ឌីស នឹង​ត្រូវ​ចែកចាយ​ដោយ​ឥតគិតថ្លៃ​ទៅកាន់​អង្គការ​ជាដៃគូរបស់​ក្រុមM.STYLE ទាំងអស់ និង​ក្លឹប​កម្សាន្ដ ខារ៉ាអូខេ ព្រមទាំង​ស្ថានីយវិទ្យុ និង​ទូរទស្សន៍​ជាដើម ដើម្បី​ផ្សព្វផ្សាយ​ស្វែងរក​ការ​គាំទ្រ និង​មិន​រើសអើង​ពីមនុស្ស​ទូទៅ។

ក្រសួង​សុខាភិបាល​កម្ពុជា​មានការ​យកចិត្ដ​ទុកដាក់​យ៉ាងខ្លាំង​ទៅលើ​ក្រុម​បុរស​ស្រឡាញ់​បុរស ខណៈ​ដែល​ក្រុមនេះ​កំពុង​ក្លាយ​ទៅជា​ជនរងគ្រោះ​ខ្ពស់​បំផុត ដោយសារ​ការ​រីករាលដាល​មេរោគ​អេដស៍-​ជម្ងឺអេដស៍​ជាដើម​នេះ

លោក តែង គន្ធី អគ្គលេខា​ធិការ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹងជម្ងឺ​អេដស៍​បានមាន​ប្រសាសន៍​ឱ្យដឹងថា បច្ចុប្បន្ន​នេះ រាជរដ្ឋាភិបាល​ក៏ដូចជា​ថ្នាក់​ដឹកនាំ​នៃក្រសួង​សុខាភិបាល​បាននឹង​កំពុង​យកចិត្ដ​ទុកដាក់​យ៉ាងខ្លាំង​ជាមួយ​នឹង​បញ្ហា​របស់​ក្រុមបុរស ស្រឡាញ់​បុរស​ជាចាំបាច់ ព្រោះ​ក្រុមនេះ​កំពុង​ក្លាយ​ទៅជា​បញ្ហា​ប្រឈម​មុខខ្ពស់​ជាងគេ​នៅក្នុង​ការរីក​រាលដាល​នៃជម្ងឺ​កាមរោគ ពិសេស​គឺជម្ងឺ​អេដស៍។ លោក​ថ្លែងថា ដូច្នេះ​ប្រសិន​បើយើង​រកឃើញ​ថា បញ្ហា​របស់​ពួកគេ​ស្ថិតនៅ​ត្រង់ការ​រើសអើង​បែបនេះ ខ្ញុំក៏​សូម​អំពាវនាវ​ដល់ជន​គ្រប់រូប​ថា សូម​កុំមាន​ការ​រើសអើង​ចំពោះ​ក្រុមបុរស​ស្រឡាញ់​បុរស​តទៅទៀត​អី ព្រោះ​ពួកគេ​ក៏ជា​មនុស្ស​ដូចយើង​ដែរ។ ការ​ទប់ស្កាត់​ការរីក​រាលដាល​មេរោគ​អេដស៍​ក៏មិន​អាច​សម្រេច​បានដែរ ប្រសិនបើ​មនុស្ស​មួយចំនួន​នៅតែមានការ​មាក់​ងាយ​មកលើ​ក្រុម​ស្រឡាញ់​ភេទ​ដូចគ្នា​នេះ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៥៧ ខែតុលា ឆ្នាំ២០១០

Google Analytics Alternative