ច្រណែន

ច្រណែន​គឺជា​អារម្មណ៍​របស់​បុគ្គល​ម្នាក់ៗ ហើយ​អាច​កើតមាន​ចំពោះ​មនុស្ស​គ្រប់វ័យ។ ភាព​ច្រណែន​អាច​សម្គាល់​តាមរយៈ ទឹកមុខ កាយវិការ និង​ពាក្យ​សម្ដី។ ចំពោះ​បុគ្គល​មួយចំនួន ការ​សម្ដែង​ចេញនូវ​ភាព​ច្រណែន​មិនងាយ​នឹងមើល​ដឹង ឬក៏​ឃើញ​ប៉ុន្មាន​នោះទេ ព្រោះ​ដោយសារ​ការ​ចម្រើន​ពេញវ័យ​របស់​មនុស្ស​ម្នាក់ៗ ដូចនេះ​គឺ​ពិបាក​មើលឃើញ​ណាស់​ក្នុង​កម្រិត​ធម្មតា។ ប៉ុន្ដែ​បើភាព​ច្រណែន​នេះមាន​រូបភាព​ធ្ងន់ធ្ងរ បុគ្គល​នេះអាច​នឹងស្ដែង​ចេញ​តាមរយៈ​ទឹកមុខ ពាក្យ​សម្ដី អាកប្ប​កិរិយា ដូចជា​លែង​ស្និទ្ធស្នាល ជាមួយ​អ្នកដែល​គេ​ច្រណែន លែង​ចង់និយាយ​ស្ដី លែង​រវល់​ជាមួយ​ជាដើម។ ភាពច្រណែន​អាចនឹង​កើតមាន​បញ្ហា​ផ្លូវចិត្ដ បើសិន​ជា មាន​ការ​រួមផ្សំ និង​កត្ដាផ្សេងៗ​ជាច្រើន​ទៀត​ដែល​ទាក់ទង​ទៅនឹង​ភាព​ច្រណែន។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង ជួប​សម្ភាស​ជាមួយ​លោក​វេជ្ជបណ្ឌិត យឹម សុបុត្រា អ្នក​ឯកទេស​វិកលវិទ្យា​នៃគ្លីនិក​សាន់រ៉ាយ បកស្រាយ​អំពី​ភាពច្រណែន ដើម្បី​ឱ្យ​លោកអ្នក​នាងកញ្ញា​បាន​ជ្រាប និង​យល់​ឱ្យកាន់តែ​ច្បាស់​អំពី​បញ្ហា​នេះ។

ច្រណែន​កើតមាន​ទៅតាម​វ័យ

ច្រណែន​គឺជា​អារម្មណ៍​របស់​មនុស្ស​លោក​និងរបស់​បុគ្គល​ម្នាក់ៗ ដែល​តែងតែ​មាន​ស្ថានភាព​ច្រណែន។ ភាពច្រណែន​កើតមាន​ច្រើន​ចំពោះ​កុមារ​ដែល​មិនទាន់​ពេញវ័យ។ សម្រាប់​មនុស្ស​ចាស់ មនុស្ស​វ័យ​ចំណាស់ និង​វ័យជំទង់​ក៏មាន​ភាពច្រណែន​ដែរ។

1 . ភាពច្រណែន​របស់​កុមារ ៖ ជាទូទៅ​កត្ដា​ចិត្ដសាស្ដ្រ​របស់​កុមារ​ដែល​មិនទាន់​បាន​លូតលាស់​ពេញលេញ មិន​ទាន់មាន​បទពិសោធន៍​គ្រប់គ្រាន់​ដូចជា​មនុស្ស​ពេញវ័យ​នៅឡើយ ការ​បញ្ចេញ​អារម្មណ៍​នៃភាព​ច្រណែន​របស់​គេគឺ​អាចឱ្យ​អ្នក​ដែល​នៅជុំវិញ​ខ្លួន​អាចមើល​ដឹង។ អារម្មណ៍​ដែល​កុមារ​បញ្ចេញ​មក​ខាងក្រៅ ស្ដែងឱ្យ​កុមារ និង​ក្មេងៗ​ដទៃផ្សេងៗ​ទៀត​បានឃើញ​ភ្លាមៗ ដោយសារ​តែកត្ដា​ចិត្ដសាស្ដ្រ​ឬក៏ការ​លូតលាស់​អារម្មណ៍​មិនទាន់​ពេញវ័យ។ ដូចជាករណី​នៅក្នុង​ក្រុមគ្រួសារ​មួយ កូនៗ​ទាំងឡាយ​នៅពេល​ដែល​ឪពុកម្ដាយ​ទិញ​របស់​របរ​ឱ្យដែល​ចែកឱ្យ​ផ្សេងៗ​ពីគ្នា មានក្មេង​ខ្លះ​សម្ដែង​ចេញនូវ​ឥរិយាបទ​មិនល្អ ដូចជាទឹ​កមុខ​មិន​សមរម្យ អ្នក​ខ្លះមិន​ទទួលទាន​អាហារ​ដោយ​សារតែ​ភាពច្រណែន​នឹង​ឪពុកម្ដាយ ដែលផ្ដល់​សម្ភារៈ​មិន​ស្មើគ្នា។ នេះគឺជា​ប្រតិកម្ម​ធម្មតា​របស់​កុមារ ដែល​ស្ដែងចេញ​ឱ្យឃើញ​នៅក្នុង​ក្រុម​គ្រួសារ ដោយសារ​តែកុមារ​មិនទាន់​ចម្រើន​វ័យបាន​ល្អដូចជា​មនុស្ស​ពេញវ័យ។ ទាក់ទិន​ទៅនឹង​បញ្ហា​ផ្លូវចិត្ដ ឬ​ជម្ងឺ​ផ្លូវចិត្ដ​ឃើញ​ថាភាព​ច្រណែន​របស់​កុមារ​កើតមាន​ដែរ។ ប៉ុន្ដែ​បើទាក់​ទិនទៅនឹង​បញ្ហា​ផ្លូវចិត្ដ​យើង​មិនអាច​ថា យកភាព​ច្រណែន​មួយនេះ​មកធ្វើ​ជាសម្ភារៈ ធ្វើជា​ឧបករណ៍​ថាអាច​កើតមាន​ជម្ងឺ​ឬក៏​បញ្ហា​ណាមួយ​នេះទេ ដោយ​ត្រូវមាន​រួមផ្សំ​នឹង​រឿងរ៉ាវ​ជាច្រើន​ទៀត​ដែល​យើងអាច​សន្មតថា​មានជម្ងឺ​ផ្លូវចិត្ដ​ឬក៏​បញ្ហា​ផ្លូវចិត្ដ។ គ្រាន់តែ​ភាពច្រណែន​ធម្មតា​យើង​មិនអាច​និយាយ​បាន ថាវាជា​បញ្ហា​ផ្លូវចិត្ដ ឬក៏ជម្ងឺ​ផ្លូវចិត្ដ​នោះទេ យើងអាច​និយាយ​ថាជា​ប្រតិកម្ម​កុមារ​ទៅនឹង​សេចក្ដី​ត្រូវការ​របស់គេ។

2 . ភាពច្រណែន​មនុស្ស​ពេញវ័យ ៖ ចាប់ពី​អាយុ​១៨ឆ្នាំ​ឡើងទៅ ភាពច្រណែន​គឺមាន​ទៅតាម​ចិត្ដ​របស់​បុគ្គល​នីមួយៗ។ ភាព​ច្រណែន​នេះ​មិនមែន​ជាជម្ងឺ​នោះទេ វាគឺជា​អារម្មណ៍។ ក៏ប៉ុន្ដែ​ភាពច្រណែន​នេះវា​អាស្រ័យ​ទៅលើ​បុគ្គល​នីមួយៗ​ដែរ។ ហើយ​អ្នកខ្លះ​ក៏មាន​ភាពច្រណែន​ដែរ ប៉ុន្ដែ​ដោយសារ​គេពេញវ័យ ចរិត​លក្ខណៈ​លូតលាស់​បាន​ប្រក្រតី បាន​គ្រប់គ្រាន់ ភាពច្រណែន​នេះ​មិនបាន​បង្ហាញ​ឱ្យឃើញ​ច្បាស់ឱ្យ​សង្គម​ខាងក្រៅ​បានឃើញ​ច្បាស់​នូវភាព​ច្រណែន​នោះទេ។ ជួនកាល​បុគ្គល​ប្រភេទនេះ​បាន​បញ្ជាក់​តាម ទឹកមុខ​ខ្លះៗ ហើយ​បើអ្នក​នៅជុំវិញ​មិនបាន​អង្កេត​មិនបាន​សួរនាំ​តាមដាន​ឱ្យបាន​ត្រឹមត្រូវ នោះ​មិនអាច​ដឹងថា​បុគ្គលនេះ​កំពុងតែ​មាន​អារម្មណ៍​ច្រណែន​នោះទេ។ ដូចនេះ​វានៅតែ​ស្ថិត​នៅក្នុង​ស្ថានភាព​មួយដែល​មិនទាន់​ឈានទៅ​ដល់បញ្ហា​ផ្លូវចិត្ដ គឺ​ស្ថិត​នៅក្នុង​ក្របខណ្ឌ ច្រណែន​នៃអារម្មណ៍​របស់​មនុស្ស​ធម្មតា ឆ្លើយតប​ទៅនឹង​សេចក្ដី​ត្រូវការ​ជុំវិញ​របស់ខ្លួន។ ភាពច្រណែន​របស់​មនុស្ស​ពេញវ័យ​មិនសូវ​បង្ហាញ​អាកប្ប​កិរិយា ឬក៏​មិនសូវ​សម្ដែង​នូវទឹក​មុខឬ​ក៏ពាក្យ​សម្ដី​ឱ្យឃើញ​ជាក់ស្ដែង​ដូចកាល​ពីកុមារ​នោះទេ។

រោគ​សញ្ញា​ភាពច្រណែន

ភាព​ច្រណែន​ខ្លាំង​គឺស្ដែង​ឱ្យឃើញ​តាមរយៈ​ការបញ្ចេញ​អាកប្ប​កិរិយា​មិនល្អ អាចឈាន​ទៅដល់​មាន​អារម្មណ៍​ឆេវឆាវ មួម៉ៅ ខឹង គេង​មិនលក់ ទទួលទាន​មិនបាន​ជាដើម។ មិន​ត្រឹមតែ​ភាព​ច្រណែន​នោះទេ វានឹង​អាច​ឈានទៅ​ដល់​បញ្ហា​ផ្សេងៗ​ទៀត ដូចជា​ធ្វើឱ្យ​បុគ្គល​ដែលច្រណែន​នេះ​ដកខ្លួន​ចេញពី​ក្រុមគ្រួសារ មិនចង់​ទំនាក់​ទំនង​ជាមួយ​ក្រុម​គ្រួសារ អាច​ទៅជួប​មិត្ដផ្សេង​ទៀត អាច​ឈានទៅ​ដល់​តូចចិត្ដ អ្នកខ្លះ​ឈានទៅ​ដល់ការ​សេពគ្រឿង​ញៀន​គ្រឿង​ស្រវឹង​បាន​ផងដែរ។ វាអាច​កើតជម្ងឺ​ធ្លាក់​ទឹកចិត្ដ ដែល​កើតឡើង​ដោយភាព​ច្រណែន​ចំពោះ​ឪពុកម្ដាយ​ស្រឡាញ់​មិនស្មើ។ យើង​មិនអាច​និយាយ​បានថា​បុគ្គល​ដែល​ច្រណែន​អាចមាន​បញ្ហាផ្លូវចិត្ដ​ទាំងអស់​នោះទេ។ មាន​បុគ្គលខ្លះ​តូចចិត្ដ​រហូតដល់​អស់សង្ឃឹម​ស្ដី​បន្ទោស​ខ្លួនឯង ក៏អាច​គិតទៅ​រកសេចក្ដី​ស្លាប់​បានដែរ។ ភាព​ច្រណែន​ខ្លះក៏​អាច​ឈាន​ទៅជា​បញ្ហា​ផ្លូវចិត្ដ​ឬជម្ងឺ​ផ្លូវចិត្ដ ភាគច្រើន​សង្កេត​ឃើញថា​កើតមាន​ជម្ងឺ​ធ្លាក់​ទឹកចិត្ដ​ដោយ​ច្រណែន ដោយ​អន់ចិត្ដ និង​ខកចិត្ដ។ ជាទូទៅ​បុគ្គល​ដែល​ច្រណែន​ខ្លះអាច​ឈានទៅ​ដល់ការ​ប្រើប្រាស់​អំពើ​ហិង្សា ឆេវឆាវ អាចមាន​ឃាតកម្ម​ថែមទៀត​ផង។ ក៏ប៉ុន្ដែ​ពេលខ្លះ​បុគ្គល​មួយចំនួន​នោះ​មិនបាន​ដឹងខ្លួន​ថាមាន​បញ្ហា​ផ្លូវចិត្ដ​ឬក៏​ជម្ងឺ​ផ្លូវចិត្ដ​នោះទេ។ ជួនកាល​បុគ្គល​ម្នាក់មាន​គំនិត​ច្រណែន​ដែរ តែ​ដោយ​សារ​បុគ្គល​ប្រភេទនេះ​មាន​គំនិតគិត​វែងឆ្ងាយ ដោយសារ​កត្ដា​ចិត្ដសាស្ដ្រ​ចម្រើន​ពេញវ័យ និង​ដោយ​ចេះ​ពិចារណា​ចេះបែង​ចែកបាន​ត្រឹមត្រូវ ភាព​ច្រណែន​មិន​រីកធំ​លូតលាស់ ហើយ​បង្កឱ្យ​គាត់​កើតមាន​បញ្ហា​ចិត្ដដែរ។

ភាពច្រណែន​បង្ក​បញ្ហា​ផ្លូវចិត្ដ

ភាពច្រណែន​ខ្លាំង​កើតមាន​ការ​ឈ្នានីស និន្ទា ដែល​ឈានទៅ​ដល់បញ្ហា​ផ្លូវចិត្ដ គឺបណ្ដាល​ឱ្យ​កើតមាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដូចជា ៖

  • ប៉ះ​ពាល់​ទៅដល់​បុគ្គល​ខ្លួនឯង៖ អាច​កើតជា​ជម្ងឺ​ផ្លូវចិត្ដ ឬក៏​បញ្ហា​ផ្លូវចិត្ដ​ធ្វើឱ្យ​ក្ដៅក្រហាយ ទទួលទាន​អាហារ​មិនបាន ទទួល​ទាន​ដំណេក​មិនបាន កើត​ចំពោះ​បុគ្គល​ដែល​កំពុងតែរៀន​សូត្រ កើត​កំពុងតែ​ធ្វើ​ការងារ ស្រាប់តែ​លែងចង់​ធ្វើ​ការងារ ឬក៏​លែងចង់​សិក្សា ជាហេតុដែល​បណ្ដាល​ឱ្យបុគ្គល​ប្រភេទនេះ​កើតទៅ​ជាអស់​សង្ឃឹម ទៅជា​តូចចិត្ដ ទៅជា​មនុស្ស​មួយ​ដែលមាន​បញ្ហា​ផ្លូវចិត្ដ ដែលអាច​បង្កឱ្យ​បាត់បង់​ការងារ ដែលធ្វើ​ឱ្យ​សេដ្ឋកិច្ច​ថវិកា​ថយចុះ បាត់បង់​ចំណូល ដោយសារ​តែមាន​ភាព​ច្រណែន។ ភាព​ច្រណែន ធ្វើឱ្យ​សម្ដី​ឬអាកប្ប​កិរិយា​បុគ្គល​ប្រភេទនេះ​មិនបាន​ល្អ និយាយ​គ្មាន​សីលធម៌ ដែលធ្វើ​ឱ្យអាប់ឱន​ទៅតាម​ពាក្យ​សម្ដី ទៅតាម​ការ​ប្រតិកម្ម​ឆ្លើយតប​ជាមួយ​អ្នកដែល​ច្រណែន។
  • ប៉ះពាល់​ទៅដល់​ក្រុម​គ្រួសារ៖ ភាព​ច្រណែន​នេះជា​រូបភាព​តូចតាច ជួនកាល​ការ​ទំនាក់ទំនង​នៅក្នុង​ក្រុម​គ្រួសារ ក៏​មិនសូវ​ល្អដែរ។ តែបើ​ច្រណែន​វាជា​រូបភាព​ធំ ដោយសារ​ការ​បែងចែក​ទ្រព្យសម្បត្ដិ​មិនបាន​ត្រឹមត្រូវ បែងចែក​សេចក្ដី​ស្រឡាញ់ មិន​ស្មើគ្នា ឈាន​ទៅដល់ការ​ប្រើប្រាស់​អំពើ​ហិង្សា ឃាតកម្ម​ផ្សេងៗទៀត​ជាដើម។
  • ប៉ះពាល់​ទៅដល់​សង្គម ៖ បើសិន​ជាមាន​បញ្ហា​ហិង្សា​ឬក៏​មនុស្ស​ឃាត ដែល​ប៉ះពាល់ទៅដល់​គ្រួសារ និង​សង្គម ធ្វើឱ្យ​សង្គម​មើលទៅ​វាហាក់​បីដូចជា​អាប់អួ បង្កឱ្យ​មានភាព​រញ៉េរញៃ គ្មាន​សីលធម៌ ឪពុក​សម្លាប់​កូន កូន​សម្លាប់ឪ ជីដូន​ជីតា មាមីង បងប្អូន នេះជា​រូបភាព​មួយ​ដែលធ្វើ​ឱ្យ​ប៉ះពាល់​ទៅដល់​សង្គម។ បុគ្គលខ្លះ​អាចឈាន​ទៅដល់​ការ​សេពគ្រឿង​ញៀន​គ្រឿង​ស្រវឹង។

វិធី​ព្យា​បាល​បុគ្គល​ច្រណែន​ហើយមាន​បញ្ហា​ផ្លូវចិត្ត

កាលណា​ភាពច្រណែន​បង្កឱ្យ​មានបញ្ហា​ផ្លូវចិត្ត​ឬក៏​ជម្ងឺ​ផ្លូវចិត្ត លោកអ្នក​គួរតែ​នាំសមាជិក​គ្រួសារ​មកពិគ្រោះ​ជាមួយ​អ្នកជំនាញ ដើម្បី​ព្យាបាល​តាម​បែបចិត្ត​សង្គម។ នៅពេល​ដែលមក​ជួប​ជាមួយ​អ្នកជំនាញ​ផ្នែក​ចិត្តសាស្ត្រ អ្នក​ជំនាញ​តែងតែ​ផ្តល់​ប្រឹក្សា​លើក​ទឹកចិត្ត​ចំពោះ​អ្នក​ដែលមាន​បញ្ហា​ផ្លូវចិត្ត​កើតឡើង​ដោយ​សារភាព​ច្រណែន ដើម្បី​កុំឱ្យ​មាន​អារម្មណ៍​ច្រណែន​ដែល​ឈាន​ទៅដល់​បញ្ហ​ផ្លូវចិត្ត។ នេះ​គឺជាវិធី​ព្យាបាល​តាមបែប​ចិត្តសាស្ត្រ ក្នុងការ​ដោះស្រាយ​សម្រាប់​អ្នកដែល​មានបញ្ហា​ផ្លូវចិត្ត។ ចំពោះ​អ្នកដែល​មានបញ្ហា​ផ្នែក​ផ្លូវចិត្ត​ធ្ងន់ធ្ងរ គឺអាច​ព្យាបាល​ដោយការ​ប្រឹក្សា និង​ថ្នាំព្យាបាល។

វិធី​ការពារ​ដើម្បី​កុំឱ្យ​កើតមាន​ច្រណែន​និង​វិបត្តិ​ផ្លូវចិត្ត

ប្រសិន​បើមាន​លក្ខណៈ​បែបនេះ​កើ​តឡើង​ដោយ​ច្រណែន​ខ្លះបាន​បង្ហាញ​ឱ្យដឹង​ឱ្យឃីញ​ដោយ​បញ្ចេញ​តាមរយៈ​ទឹកមុខ តាមពាក្យ​សម្តី តាម​កាយវិការ កាលណា​លោកអ្នក​ដែលជា​ឧពុកម្តាយ បង​ប្អូន មិត្តភក្តិ ឃើញ​បែបនេះ​ហើយ លោកអ្នក​ត្រូវពន្យល់​ណែនាំ ផ្តល់​ហេតុផល​ដល់អ្នក​ដែលកើត​មានភាព​ច្រណែន។ ត្រូវ​ពន្យល់​ហេតុផល​ឱ្យបុគ្គល​ប្រភេទនេះ​បានយល់​ឱ្យបាន​ច្បាស់ ហើយ​បើសិនជា លោកអ្នក​មិនអាច​ជួយ​បុគ្គលនេះ​បានទេ លោកអ្នក​គួរតែ​នាំមក​ជួប​គ្រូពេទ្យ​ដើម្បី​ផ្តល់​ប្រឹក្ថា ហើយ​ការពារ​កុំឱ្យ​កើតមាន​បញ្ហ ទាំង​បុគ្គល​ខ្លួនឯង គ្រួសារ និង​សង្គម​ខ្លួនឯង​ផងដែរ។

ដំបូន្មាន​អ្នក​ជំនាញ

បើសិនជា​លោកអ្នក​កំណត់​ទិសដៅ​ឃើញ​អំពី​ហេតុការណ៍​នេះហើយ លោកអ្នក​មិនគួរ​បណ្តោយ​ឱ្យបុគ្គល​ប្រភេទនេះ​កើតមាន​ភាព​ច្រណែន​តទៅទៀត​ទេ គឺ​ត្រូវណែនាំ និង​ផ្តល់​ប្រឹក្សា​ដល់បុគ្គល​នេះ។ ហើយ​បើសិន​ជាភាព​ច្រណែន​កាន់តែ​មានសភាព​ធ្ងន់ធ្ងរ ត្រូវ​នាំមក​ជួប​ជាមួយ​អ្នកជំនាញ ដើម្បី​ការពារ​កុំឱ្យ​កើតមាន​បញ្ហា​ផ្សេង​ដែល​មិនអាច​ស្មានដល់។ ជាការ​ពិតណាស់​ភាព​ច្រណែន គឺជាបញ្ហា​អារម្មណ៍​មួយដែល​ទាមទារ​ត្រូវ​ដោះស្រាយ មិនត្រូវ​ឱ្យបញ្ហា​ឈានដល់​ធ្ងន់ធ្ងរ​នោះទេ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៥៧ ខែតុលា ឆ្នាំ២០១០

Google Analytics Alternative