ពិធី​បុណ្យ​កាន់បិណ្ឌ

បុណ្យ​ភ្ជុំបិណ្ឌ​ឬបុណ្យ​ដាក់បិណ្ឌ​និង​បុណ្យភ្ជុំ ជាបុណ្យ​ប្រពៃណី​ចម្បង​មួយក្នុង​ចំណោម​បុណ្យប្រពៃណី​ផ្សេងៗទៀត​របស់​ប្រទេសកម្ពុជា។ បុណ្យ​នេះមាន​លក្ខណៈ​ជាបុណ្យ​គោរពវិញ្ញាណក្ខន្ធ​ដល់​បុរស ញាតិ​សន្ដាន ដែលបាន​ធ្វើ​មរណកាល​ទៅហើយ។ បុណ្យ​ភ្ជុំបិណ្ឌ និង​បុណ្យកាន់​បិណ្ឌខុសគ្នា​ត្រង់​តែការ​ហៅតែ​ប៉ុណ្ណោះ ប៉ុន្ដែ​ពិធីធ្វើ​បែបបទ​តែមួយ គឺ​ប្រគេន​ចង្ហាន់​ដល់ព្រះសង្ឃ ស្ដាប់ ព្រះសង្ឃ​ចំរើន​នូវ​ព្រះបរិត្ដ ស្ដាប់ធម៌​ទេសនា និង​ឧទ្ទិស​កុសល​ផលបុណ្យ​ឱ្យដល់​ញាតិមិត្ដ​ដែល​ចែកឋាន​ទៅ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ដើម្បី​ឱ្យកាន់តែ​ជ្រាប​ច្បាស់ ទស្សនាវដ្ដី សុខភាពយើង សូម​លើកយក​តំណាល​រឿងខ្លះៗ​នៃប្រវត្ដិ​ពិធី​បុណ្យ​កាន់បិណ្ឌ​នេះ មក​ជម្រាប​ជូន​ក្រោមការ​បកស្រាយ​របស់​ភិក្ខុ​ជោតិវរោ ហោ តុងហាក់ គ្រូ​សូធ្យ​ស្ដាំ គង់នៅ​វត្ដ​សំពៅមាស។

ប្រវត្ដិ​បុណ្យ​កាន់​បិណ្ឌ

ប្រវត្ដិ​នៃការ​កាន់បិណ្ឌ​នៅក្នុង​សម័យ​ព្រះសម្មាសម្ពុទ្ធគង់​នៅនោះ មិនមាន​ឈ្មោះ​កាន់បិណ្ឌ​នោះទេ។ បុណ្យ​កាន់​បិណ្ឌ ឬ​បុណ្យ​ភ្ជុំបិណ្ឌ​នេះគឺ​ធ្វើទៅ​តាម​លក្ខណៈ​របស់​ប្រទេសខ្មែរ ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ធ្លាប់​កាន់​ធ្លាប់គោរព​មក។ ទាក់ទិន​ទៅក្នុង​ព្រះពុទ្ធសាសនា​គឺវា​មានរឿងរ៉ាវ​នៅក្នុង​ព្រះពុទ្ធ​ដូច​ខាងក្រោម។

សម័យ​ព្រះពុទ្ធ​គង់នៅ​ព្រះរាជា​ព្រះបាទ​ពិម្ពិសារ​កាល​ដែល​លោកធ្វើ​ទាន​ទៅនឹង​ព្រះពុទ្ធសាសនា​ដោយ​ជ្រះថ្លា។ ប៉ុន្ដែ​ដល់យប់​កន្លង​មួយ ព្រះអង្គ​ទ្រង់បាន​ឮសម្លេង​គួរឱ្យ​ភ័យខ្លាច។ ព្រឹកឡើង​ព្រះរាជា​ក៏បាន​ទូលថ្វាយ​ទៅព្រះពុទ្ធ​ព្រមទាំង​ភិក្ខុសង្ឃ​អំពី​ហេតុការណ៍​ដ៏ចម្លែក​នេះ។ ព្រះពុទ្ធ​ត្រាស់ថា សម្រែក​កាលពី​យប់មិញ​នេះជា​សម្រែក​ពពួក​ប្រេត​ដែលជា​ញាតិ​របស់​ព្រះអង្គ។ ព្រោះ​ពួកគេ ពុំបាន​អាហារ​បរិភោគ​អស់​ពេល​ព្រះពុទ្ធ​៤អង្គមក​ហើយ។ រីឯ​ទាន​ដែល​ព្រះអង្គ​បានថ្វាយ​ហើយ​ចំពោះ​តថាគត និង​ភិក្ខុសង្ឃ ក្នុង​ថ្ងៃម្សិលមិញ​នោះ ពួក​ប្រេត​មិនបាន​ទទួល​ផល​នោះទេ ព្រោះ​ព្រះអង្គ​ពុំបាន​ឧទ្ទិស​ទៅឱ្យ។ ព្រះរាជា​ទូលតបថា តើធ្វើ​ដូចម្ដេច​ទើប​ពួកប្រេត​ទាំងនោះ​បាន​អាហារ​បរិភោគ? ព្រះពុទ្ធ​ទ្រង់ត្រាស់​ថា ស្អែកឡើង​មហារាជ​ត្រូវ​ថ្វាយទាន​ចំពោះ​ភិក្ខុសង្ឃ មាន​ព្រះពុទ្ធ​ជាប្រធាន ហើយ​ឧទ្ទិស​ថា ៖ “បពិត្រ​ព្រះអង្គ​ដ៏ចំរើន​ដោយ​អំណាច​ផល​ទាំងនេះ សូម​បាយ​និងទឹក​ដ៏ជាទិព្វ​នេះ​សម្រេច​ដល់​ប្រេត​ទាំងឡាយ​នោះចុះ”។ ព្រឹកឡើង​ព្រះរាជា​ទ្រង់​ធ្វើតាម​ព្រះពុទ្ធ​ដីកា​នេះ។ ពួកប្រេត​ទាំងនោះ​ក៏បាន​អាហារ​ទិព្វបរិភោគ​ស្កប់ស្កល់​ភ្លាម។ បន្ទាប់​មកទៀត​ពួកប្រេត​ទាំងនោះ​ក៏បង្ហាញ​កាយ​អាក្រាត​ននល​ឱ្យព្រះរាជាទត​ឃើញ។ ព្រះបាទ​ពិម្ពិសារ​ទ្រង់​មាន​ចម្ងល់​យ៉ាងខ្លាំង ហើយ​ក៏យាង​ទៅទូល​សួរព្រះពុទ្ធ។ ព្រះពុទ្ធ​ត្រាស់ថា មហារាជ​កាល​ពិម្សិលមិញ​ទ្រង់បាន​ធ្វើ​ទានតែ​ចង្ហាន់​ប៉ុណ្ណោះ ហើយ​មិនបាន​ធ្វើ ទាន​សំពត់​ទេ ដូច្នេះ​បាន​ជាពួកប្រេត​គ្មាន​សំពត់​ស្លៀក​អាក្រាត​កាយ​យ៉ាងនេះ។ លុះស្អែក​ឡើង​ព្រះរាជា​ក៏បាន​ធ្វើចីវរថ្វាយ​ចំពោះ​ព្រះសង្ឃ មាន​ព្រះពុទ្ធ​ជាប្រធាន ហើយ​ក៏ឧទ្ទិស​ផលទាន​ទៅឱ្យ​ប្រេត​ទាំងនោះ។ គ្រាន់តែ​ឧទ្ទិសចប់ សំពត់​ទិព្វ​ក៏កើត​មានដល់​ពួកប្រេត​ទាំងនោះ​ភ្លាម មិនតែ​ប៉ុណ្ណោះ​ប្រេត​ទាំងនោះ​ក៏ក្លាយ​ខ្លួនពី​អត្ដភាព​ជាប្រេត​ទៅជាអត្ដភាពទិព្វ​ក្នុងខណៈ​នោះឯង។ ព្រះសាស្ដា ទ្រង់ធ្វើ​អនុមោទនា​នៅពេល​នោះ ពួកប្រេត​ទាំងឡាយ​ស្ថិតនៅ​ក្រៅជញ្ជាំង​ទាំងឡាយ​ជាដើម។ ដូច្នេះ​ហើយ​បានជា​ព្រះសង្ឃ​យើង និយម​សូត្រតិរោកុឌ្ឌ​សូត្រនេះ​នៅក្នុង​ពិធី​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ ឬក្នុង​កម្មពិធី​ទក្ខិណានុប្បទាន​ផ្សេងៗ រហូត​មកដល់​សព្វថ្ងៃ​នេះ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

វិធី​កាន់​បិណ្ឌ

ក្នុង​សម័យកាល​ព្រះពុទ្ធ​សាសនា​កំពុង​រុងរឿង​នៅក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា ពួក​បុរាណ​ចារ្យបណ្ឌិត​ខ្មែរយើង​បាន​រៀបចំ​បុណ្យ​ទំនុកបំរុង​ព្រះសង្ឃ​នៅក្នុង​ពេលចាំ​វស្សា​នេះ ដែល​តែងកំណត់​ឱ្យឈ្មោះ​ថាបុណ្យ​ភ្ជុំបិណ្ឌ និង​កំណត់​រយៈពេល​១៥ថ្ងៃ ចាប់ពី​ថ្ងៃ ១រោច​ដល់ថ្ងៃ​១៥រោច ខែ​ភទ្របទ ជាពិធី​ឧទ្ទិសកុសល​ដល់ញាតិ​ដែលបាន​ចែកឋាន​ទៅ។ ដូចនេះ​ពិធី​កាន់បិណ្ឌ​គឺចាប់ផ្ដើម​ពីថ្ងៃ១​រោច រហូតដល់​បិណ្ឌ​១៥រោច​ខែភទ្របទ​ជារៀង​រាល់ឆ្នាំ។ មិន​ត្រឹមតែ​ប៉ុណ្ណោះកន្លែង​ខ្លះ​ធ្វើត្រឹមតែ​១០ថ្ងៃ ហើយ​កន្លែងខ្លះ​ទៀតធ្វើ​រហូត​នៅតែ​៥ថ្ងៃ និង​ថ្ងៃភ្ជុំ​ដែល​គេហៅ​ថាដាក់​បិណ្ឌ​៥ថ្ងៃ​នោះឯង។ រួចបញ្ចប់​នៅថ្ងៃ​១៥រោច​ខែភទ្របទ​ដូចគ្នា គឺ​អាស្រ័យ​ទៅលើ​ប្រជាជន​នៅតាម​តំបន់ និង​សម័យកាល។ ពិធី​ដាក់បិណ្ឌ​នេះ​ឃើញមាន​ខុសប្លែក​ខ្លះៗ​ទៅតាម​តំបន់នីមួយៗ។

ជាបឋម​លោក​អាចារ្យ​វត្ដចាត់ការ​ប្រមូល​ផ្ដុំក្រុម​គ្រួសារ​ប្រមូល​បញ្ចូលគ្នា​ឱ្យបាន​១៤ក្រុម ដើម្បីធ្វើ​បុណ្យ​ដាក់បិណ្ឌ​ទៅតាម​វេននី​មួយៗ។ បើ​នៅតាម​ទីផ្សារ​ឬនៅ​ទីក្រុង ច្រើន​ផ្ដល់​បច្ច័យ​ឱ្យអាចារ្យ​យាយតា​គណៈកម្មការ​វត្ដ​ធ្វើចង្ហាន់​ប្រចាំថ្ងៃ ចាប់តាំង​ពីថ្ងៃ​១រោច​ទៅ។ ហើយអ្នក​ដទៃអាច​ធ្វើថ្ងៃ​ណាក៏​បាន​នៅក្នុង​អំឡុងពេល​ពីវេន​មួយរហូត​ដល់វេន​១៤។ នៅក្នុង​ថ្ងៃ១៥រោច​ខែភទ្របទ​នេះ មិនមាន​ក្រុមវេន​ទេ គឺគេ​រួមគ្នា​ចំណុះ​ជើងវត្ដ​ទាំងអស់​ដែលបាន​ធ្វើទាំង​ថ្ងៃ១៤បិណ្ឌរួម ធ្វើតែ​មួយថ្ងៃ​ហៅថា​ថ្ងៃភ្ជុំ​(បុណ្យ​ភ្ជុំបិណ្ឌ)។ ចំពោះ​ថ្ងៃដាក់​បិណ្ឌ​តាមវេន​ទីមួយ​គឺ​កំណត់ថ្ងៃ១រោច​ខែភទ្របទ​ដោយ​នៅពេល​ល្ងាច​ម្ចាស់​ក្រុម​ឬម្ចាស់​វេន​មកកាន់​ទីអារាម មាន​ជូនភេសជ្ជៈ​ចំពោះ​ព្រះសង្ឃ និងចាស់​ព្រឹទ្ធាចារ្យ ហើយ​និមន្ដ​ចំរើន​ព្រះបរិត្ដ​និង​សម្ដែង​ធម៌ទេស។ លុះព្រឹក​ឡើង​ប្រគេន​ហាគូភត្ដាហារ ដើម្បី​ឧទ្ទិស​កុសល​ជូន​ចំពោះ​វិញ្ញាណ​ក្ខន្ធ​ក្រុម​គ្រួសារ ញាតិមិត្ដ​ដែលបាន​ធ្វើ​មរណកាល​ទៅហើយ​នោះ។ ថ្ងៃត្រង់​មានការ​ប្រគេន​ចង្ហាន់ ដល់​ព្រះសង្ឃ​សូត្រ​ដើរឆ្លង​ជាកិច្ច​បង្ហើយ​ទីមួយ។ វេន​នីមួយៗ​ធ្វើបែប​នេះ​រហូត​ដល់ថ្ងៃ​១៤រោច​ខែភទ្របទ​ក៏ឈាន​ចូលដល់​បុណ្យភ្ជុំបិណ្ឌ​១៥រោច។ នៅក្នុង​បិណ្ឌ​នីមួយៗ​មាន​រៀបចំ​បាយ​បត្ដបូរណ៍គ្រប់វេន ហើយ​ជារៀង​រាល់ព្រឹក​គេធ្វើ​បាយ​បិណ្ឌ​សម្រាប់​បញ្ជូន​ទៅឱ្យ​ពួកប្រេត​ផ្សេងៗ​ទៀត។

  • បាយបិណ្ឌ​មិនមែន​ជាបាយ​យកទៅ​រាប់បាត្រ​ឬទៅ​ប្រគេន​ព្រះសង្ឃ​នោះទេ គឺជា​បាយម្ហូប​ចំណី​បង្អែម​ចង្អាប​ដាក់​បញ្ចូល គ្នាតែមួយ​បាត្រ​ដោយឡែក​ប៉ុណ្ណោះ។ នៅពេល​ដែល​ព្រះសង្ឃសូត្រធម៌ សូត្រ​សុខោ សូត្រ​បរាចប់​ហើយ ក្រុមវេន​ក៏យក​បាយបិណ្ឌ​នេះ ទៅដាក់​នៅត្រង់គល់​ឈើឬ​ជ្រុង​ព្រះវិហារ​អុជធូប​និយាយ​និយម​ចប់ត្រឡប់​មក​ឧបដ្ឋាន​សាលា​វិញ។
  • បាយ​បត្ដបូរណ៍​នេះគឺ​សំដៅ​យក​នំនែក អន្សម ផ្លែឈើ ដោយ​យកទៅ​ដាក់​រួមគ្នា​ក្នុងល្អី ឬ​ថាសធំ ឬ​ចានដែក ហើយ​ធ្វើផ្កា ឬ​ទង់ដោត​ចំកណ្ដាល​រួចក៏​អុជធូប​ឧទ្ទិស​កុសល។

បណ្ដាំ​ផ្ញើ

ប្រជាពលរដ្ឋ​នៅក្នុង​ប្រទេស​កម្ពុជា​ដែល​កាន់​ព្រះពុទ្ធសាសនា ដោយ​គោរព​តាំងពី​យូរលង់​ណាស់​មកហើយ សូម​ឱ្យមាន​ការ​គោរព​នូវ​ព្រះពុទ្ធសាសនា និង​ខំសាង​បុណ្យ​កុសល​ឱ្យបាន​ល្អទៅតាម​ព្រះពុទ្ធ​ដីកា​ដែល​លោកអ្នក​បានស្ដាប់​បាន​សិក្សា។ ព្រះពុទ្ធ ព្រះសង្ឃ​លោកបាន​ផ្ដាំដោយ​រើយៗ​ថា មិនត្រូវ​ប្រមាថ​មើល​ងាយ​ចំពោះ​បុណ្យ​កុសល​នោះទេ។ លោកអ្នក​ត្រូវតែ​ខំធ្វើ​បុណ្យ​ឱ្យបាន​ច្រើន ហើយ​ត្រូវធ្វើ​ឱ្យ​ដោយចិត្ដ​ជ្រះថ្លា​បរិសុទ្ធ ដើម្បី​សាងបុណ្យ​កុសល​ទៅថ្ងៃ​ខាងមុខ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៥៧ ខែតុលា ឆ្នាំ២០១០

Google Analytics Alternative