សុខភាព​ប្រជាពលរដ្ឋ​ខ្មែរ​កំពុង​រងគ្រោះ​ដោយ​ឱសថ​ក្លែងក្លាយ

ទោះបីជា​មានការ​យកចិត្ដ​ទុកដាក់​ទៅលើ​សុខភាព​ទូទៅ​របស់​ប្រជាពលរដ្ឋខ្មែរ​ពីសំណាក់​ក្រុម​អាជ្ញាធរ​ជំនាញ​លើការ​ចរាចរណ៍​ឱសថ​ក្លែងក្លាយ​លើទីផ្សារ​សេរី​ក៏ដោយ តែជន​ខិលខូច​នៅតែ​លួចកេង​បន្លំ​នាំចូល​នូវ​ឱសថ​គ្មាន​គុណភាព​នេះ ចែកចាយ​លើ​ទីផ្សារ​គួរឱ្យ​ព្រួយ​បារម្ភ​បំផុត ដែល​បញ្ហា​ទាំងនេះ​ហើយ​ធ្វើឱ្យ​សុខភាព​ពលរដ្ឋខ្មែរ​មាន​សភាព​ដុនដាប ងាយ​ទទួល​រងគ្រោះ​ជានិច្ច។

រូបភាពទស្សនាវដ្ដីសុខភាពយើង

កាលពីពេល​ថ្មីៗនេះ​ឱសថ​ក្លែងក្លាយ​ជាង​១៩តោន និង​២៨០​គីឡូក្រាម​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​គ្រប់​ជាន់ថ្នាក់​បាន​ធ្វើការ​ដុត​កម្ទេច​ចោល បន្ទាប់ពី​ប្រមូល​បានពី​អាជីវករ​ខិលខូច​មួយចំនួន​ដែលបាន​នាំចូល​ឱសថ​នេះពីក្រៅ​ប្រទេស ដើម្បី​ចែកចាយ​នៅលើ​ទីផ្សារ​កម្ពុជា។ ឱសថ​ដែល​ប្រមូល​បាន​ពីការ​សេសសល់​នៃការ​ចែកចាយ​នេះត្រូវ​បានគេ​គិតថា ឱសថ​នេះក៏​កំពុងតែ​មាន​ចរាចរ​លើទីផ្សារ​ផងដែរ បើ​ទោះបី​ប្រតិបត្ដិការណ៍​ក្ដៅ​ដែល​អាជ្ញាធរ​កំពុង​តែតាម​ដាន​ត្រួត​ពិនិត្យ និង​សេចក្ដី​ប្រកាស​ជាផ្លូវការ​របស់​ក្រសួង​សុខាភិបាល​ជារឿយៗ​ក៏ដោយ។

លោក​វរៈសេនីយ៍​ទោ ឡុង ស្រេង ប្រធាន​ការិយាល័យ​រដ្ឋបាល​សរុប​បាន​និយាយ​ថា ឱសថ​១៩តោន និង​២៨០​គីឡូក្រាម​នេះមាន​ការ​បញ្ជាក់​យ៉ាង​ច្បាស់លាស់​ពីនាយកដ្ឋាន​ឱសថ​នៃ​ក្រសួង​សុខាភិបាល​រួចអស់​ហើយ​ពិតជា​ឱសថ​ខូច​គុណភាព និង​ឱសថ​ក្លែងក្លាយ​ដែល​ឈ្មួញ​ទុច្ចរិត​នាំចូល​ខុសច្បាប់​មែន។ លោក ឡុង ស្រេង បាន​បញ្ជាក់​ទៀតថា អ្នកធ្វើ​អាជីវកម្ម​នាំចូល​ឱសថ មុននឹង​នាំចូល​ត្រូវធ្វើ​ច្បាប់​ឱ្យបាន​ត្រឹមត្រូវ និង​មានការ​ត្រួតពិនិត្យ​ច្បាស់លាស់​ពីមន្ដ្រី​ជំនាញ​ក្រសួង​សុខាភិបាល​ជាលាយ​លក្ខណ៍​អក្សរ ព្រោះថា​បើ​ធ្វើការ​នាំចូល​នូវ​ឱសថ​ក្លែងក្លាយ​ហើយ​អាច​ប៉ះពាល់​យ៉ាងច្រើន​ដល់​សង្គមជាតិ ជាពិសេស​ប៉ះពាល់​ដល់​សុខភាព​ប្រជា ពលរដ្ឋ។

ដោយឡែក​លោក​បណ្ឌិត​ឯកទេស ហេង ប៊ុនគៀត ប្រធាន​នាយកដ្ឋាន​ឱសថ និង​ចំណី​អាហារ​នៃ​ក្រសួង​សុខាភិបាល និងជា​សាស្ដ្រាចារ្យ​សាកលវិទ្យាល័យ​វិទ្យាសាស្ដ្រ​សុខាភិបាល​បានប្រាប់​ទស្សនាវដ្ដី សុខភាពយើង​ថា បញ្ហា​ឱសថ​ក្លែងក្លាយ និង​ខូច​គុណភាព​នេះ​ក្រសួង​សុខាភិបាល​តែងតែ​ធ្វើការ​យកចិត្ដ​ទុកដាក់​ត្រួតពិនិត្យ​ទប់ស្កាត់​ជានិច្ច តែដោយ​សារតែ​ពេលខ្លះ​អាជីវករ​ខិលខូច​មួយចំនួន​បាន​ធ្វើការ​លួចលាក់​ទិញ​ឱសថ​ខូច​គុណភាព​ពីឈ្មួញ​នាំចូល​ពីបរទេស ដោយ​មិនបាន​ឆ្លងកាត់​ការ​ត្រួតពិនិត្យ​ត្រឹមត្រូវ ហើយ​បាន​ចែកចាយ​លើទីផ្សារ​តាម​បណ្ដា​ខេត្ដក្រុង​យ៉ាង​គំហុក​បំផុត។ ដូច្នេះ​ហើយ​ឱសថ​ទាំងនោះ​នៅពេល​ដែល​ប្រជាពលរដ្ឋប្រើប្រាស់ ហើយ​អាច​ប៉ះទង្គិច​ទៅលើ​សុខភាព​ពួកគាត់​យ៉ាង​ខ្លាំង។ លោក ហេង ប៊ុនគៀត បាន​បញ្ជាក់​ទៀតថា ការ​បង្ក្រាប និង​ដុត​បំផ្លាញ​ឱសថ​ក្លែងក្លាយ និងខូច​គុណភាព​ចំនួន​១៩តោន​នេះ គឺជា​ទ្រុងទ្រាយ​ធំដែល​ពុំធ្លាប់​មានកន្លង​មក។ ព្រោះ​ថាការ​នាំឱសថ​ក្លែងក្លាយ​កន្លងមក​វាហាក់​បីដូចជា​មានការ​តិចតួច​បំផុត ហើយ​អាជ្ញាធរ​ចុះ​បង្ក្រាប​មក​រក្សាទុក​ដើម្បី​កុំឱ្យ​លក់លើ​ទីផ្សារ និង​បញ្ឈប់​សកម្មភាព​នាំចូល របស់​ឈ្មួញ​ដែល​កើតចេញ​ពីការ​ឃុបឃិត​គ្នា​ជាមួយ​អាជីវករ​នោះ។ លោក ហេង ប៊ុនគៀត បាន​បន្ដថា នៅ​ព្រះរាជា​ណាចក្រ​កម្ពុជា​នេះ មាន​ទីតាំង​បើកលក់​ឱសថ​ខុសច្បាប់​ច្រើន​ផងដែរ ដែល​មិនបាន​អនុញ្ញាត​ពីក្រសួង​សុខាភិបាល ឬ​មន្ទីរ​សុខាភិបាល​តាម​ខេត្ដក្រុង​របស់ខ្លួន។ លោក ហេង ប៊ុនគៀត បាន​អំពាវ​នាវដល់​អាជីវករ​ដែល​លក់ថ្នាំពេទ្យ​ទាំងអស់​ត្រូវ​បង្កើនការ​ប្រុងប្រយ័ត្ន​ឱ្យបាន​ខ្ពស់​ក្នុងការ​ទទួល​ទិញយក​ឱសថ​ពីមជ្ឈដ្ឋាន​ខាងក្រៅ​យកមក​ចែកចាយ​បន្ដដល់​ប្រជាពលរដ្ឋ ព្រោះ​ពលរដ្ឋ​មួយចំនួន​គាត់​ពុំបាន​ស្វែងយល់​ឱ្យបាន​ច្បាស់លាស់​អំពី​ឱសថ​នោះទេ។ ដូច្នេះ​មានតែ​គ្រូពេទ្យ​ជំនាញ​នេះហើយ​ដែល​ជាអ្នក​ផ្ដល់ថ្នាំ​ព្យាបាល​ដល់​ពួកគាត់​ឱ្យឆាប់​ជាសះស្បើយ​បាន។ ប្រសិនបើ​ថ្នាំនោះ​ខូច​គុណភាព និង​ក្លែងក្លាយ​បាត់បង់​នូវ​ថាមពល​នៃ​សារជាតិ​ថ្នាំ​អាច​ជំរុញ​អ្នកជម្ងឺ​កាន់តែ​ឈឺ​ធ្ងន់​ថែមទៀត។ ដូច្នេះ​ហើយអ្វីៗ​ទាំងអស់​គឺកើត​ឡើង​ដោយសារ​ការ​ទប់ស្កាត់​ពីឱសថការី​ទាំងអស់ និង​មន្ដ្រី​សមត្ថកិច្ច​ជំនាញ​ដែលមាន​តួនាទី ទប់ស្កាត់​នឹង​ប្រឆាំង​នូវ​ឱសថ​ក្លែងក្លាយ និង​ខូច​គុណភាព។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៦ ខែកញ្ញា ឆ្នាំ២០១០

Google Analytics Alternative