កម្ពុជា​សាកល្បង​ប្រើប្រាស់​កូនត្រី​ជំនួស​ថ្នាំ​អាល់បែត

ក្រសួង​សុខាភិបាល​គ្រោង​សាកល្បង​អនុវត្ដ​យុទ្ធសាស្ដ្រ​ថ្មី ដោយការ​ប្រើប្រាស់​ត្រីក្រឹម ឬ​ត្រី៧ពណ៌​ជំនួស​ថ្នាំ​អាល់​បែតក្នុង ការ​កម្ចាត់​ដង្កូវទឹក ដើម្បី​ធ្វើការ​ទប់ស្កាត់​ការ​រីករាល​ដាល​ជម្ងឺ​គ្រុនឈាម​នៅកម្ពុជា​ឱ្យមាន​ប្រសិទ្ធភាព ខណៈ​​ដែល​​អត្រា​​ស្លាប់​បាន​កើនឡើង​ដល់​១០នាក់​ក្នុងពេល​ថ្មីៗនេះ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

លោក​វេជ្ជបណ្ឌិត ង៉ាន់ ច័ន្ទថា ប្រធាន​កម្មវិធី​ជាតិ​ប្រយុទ្ធ​នឹងជម្ងឺ​គ្រុនឈាម​នៃ​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​ជម្ងឺ​គ្រុនចាញ់​បានប្រាប់​​ទស្សនាវដ្ដី សុខភាពយើង​ថា ការ​ផ្លាស់ប្ដូរ​នេះគឺ​ដើម្បី​ធ្វើការ​គ្រប់គ្រង​ស្ថានភាព និង​កាត់បន្ថយ​អត្រា​ជម្ងឺ​គ្រុនឈាម​ឱ្យមាន​​ប្រសិទ្ធភាព​ខ្ពស់។ លោក​ថ្លែងថា យុទ្ធសាស្ដ្រ​នេះ​មិនទាន់​ចាប់ផ្ដើម​អនុវត្ដ​សាកល្បង​នៅក្នុង​ដើម​ឆ្នាំ២០១០​នេះទេ ប៉ុន្ដែ​​យើង​ត្រូវ​រង់ចាំ រហូត​ដល់​កាលៈទេសៈ​ណាមួយ​ដែល​យើង​អាចមាន​ថវិកា​គ្រប់គ្រង​នោះទើប​អាច​ចាប់ផ្ដើម​អនុវត្ដ​បាន។ លោក​​បញ្ជាក់ថា យើង​ត្រូវធ្វើ​ការ​សិក្សា​ទៅលើ​ការ​ប្រើប្រាស់​យុទ្ធសាស្ដ្រ​នេះឱ្យ​បាន​ច្បាស់លាស់​ជាមុន​សិន ទើបអាច​ចាប់​ផ្ដើម​​ផ្ដល់កូន​ត្រី​ទៅឱ្យ​ប្រជាពលរដ្ឋនៅតាម​តំបន់​ដែល​ងាយរ​ងគ្រោះ​ដោយសារ​ជម្ងឺ​គ្រុនឈាម ដើម្បី​ឱ្យ​ពួកគេ​យកត្រី​ទាំង​នោះ​ទៅចិញ្ចឹម​ឱ្យ​ស៊ីដង្កូវ​ទឹក​ជំនួស​ថ្នាំ​អាល់បែត​ដែលកំពុង​ប្រើនា​ពេលសព្វ​ថ្ងៃនេះ។

យ៉ាងហោច​ណាស់​មានកុមារ​១០នាក់​ត្រូវបាន​ស្លាប់​ដោយសារ​ជម្ងឺ​គ្រុនឈាម

ជម្ងឺ​គ្រុនឈាម​បានធ្វើ​ឱ្យកុមារ​ភាគច្រើន​អាយុ​ក្រោម​១៥ឆ្នាំ​ចំនួន​១០នាក់​ត្រូវបាន​ស្លាប់ និង​៣៧៧១នាក់​ទៀត​កំពុង​ឈឺ សម្រាក​ព្យាបាល​នៅមន្ទីរពេទ្យ​ក្នុងរយៈពេល​៧ខែ​ដើមឆ្នាំ​២០១០នេះ។ បើយោង​តាម​របាយការណ៍​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ជម្ងឺ​គ្រុនឈាម​ដែលបាន​បង្ហាញ​ក្នុងពេល​ថ្មីៗនេះ​បានឱ្យ​ដឹងថា នៅក្នុង​ឆ្នាំ២០១០​នេះមាន​តំបន់​ចំនួន៧​ត្រូវបាន​រងគ្រោះ​ដោយសារ​ជម្ងឺ​គ្រុនឈាម​ដែល​តំបន់​ទាំងនោះ​មានខេត្ដ​កំពង់ចាម បន្ទាយ​មានជ័យ កំពត កណ្ដាល ភ្នំពេញ កំពង់ឆ្នាំង និង​កែប។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ហេតុអ្វី​បានជា​កម្ពុជា​ត្រូវ​ជ្រើសរើស​យុទ្ធសាស្ដ្រ​ចិញ្ចឹម​កូនត្រី​ដោយ​ប្រើ​ជំនួស​ថ្នាំ​អាល់បែត?

លោក​វេជ្ជបណ្ឌិត ឌួង សុជាតិ នាយក​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹងជម្ងឺ​គ្រុនចាញ់​បានមាន​ប្រសាសន៍​នៅថ្ងៃ​ទី១០ ខែសីហា ក្នុង​ឱកាស​បើកសិក្ខា​សិលា​ស្ដីពីការ​គ្រប់គ្រង​ស្ថានភាព​ផ្ទុះ ឬ​រាតត្បាត​ជម្ងឺ​គ្រុនឈាម​ឆ្នាំ​២០១០​ថា ជម្ងឺ​គ្រុនឈាម​ច្រើន​កើតនៅ​រដូវភ្លៀង​ធ្លាក់ និង​បាន​រាតត្បាត​ពីតំបន់​មួយ​ទៅតំបន់​មួយ​តាមរយៈ​ការ​ប្រែប្រួល​វីរុស​ជារៀង​រាល់ឆ្នាំ ដែលនេះ​បានធ្វើ​ឱ្យការ​តាមដាន​កាន់តែ​មានផល​លំបាក។ លោក​បន្ដថា ការ​ដាក់ថ្នាំ​អាល់បេត​មានតម្លៃ​ថ្លៃ ហើយ​មិនសូវ​មាន​ប្រសិទ្ធភាព​ក្នុងការ​សម្លាប់​ដង្កូវទឹក​បាន​ជោគជ័យ​១០០ភាគរយ​ទេ។ ដូច្នេះក្រសួង​និង​សាកល្បង​ប្រើត្រី​៧ពណ៌ និង​ត្រីក្រឹម​ជំនួស ដើម្បី​ស៊ីដង្កូវ​ទឹកវិញ ព្រោះ​វាងាយ​ស្រួល​ចិញ្ចឹម​ហើយ​មិនឱ្យ​ក្លិនទឹក​ទេ។ លោក​បាន​បញ្ជាក់​ថា កម្មវិធី​នេះនឹង​ជំនះ​រាល់ការ​លំបាក​ក្នុងការ​គ្រប់គ្រង​ស្ថានភាព​ជម្ងឺ​គ្រុនឈាម​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​បំផុត ហើយ​ប្រសិនបើ​គម្រោងនេះ​បាន​ជោគជ័យ​លោកនឹង​អនុវត្ដ​ឱ្យបាន​ទូទាំង​ប្រទេស​មិនខាន។

ការ​ផ្លាស់ប្ដូរ​ទម្លាប់​របស់​ប្រជាពលរដ្ឋ​គឺជា​កត្ដា​ជំរុញ​ឱ្យការ​ទប់ស្កាត់​ជម្ងឺ​គ្រុនឈាម​ទទួល​បាន​ជោគជ័យ

ឯកឧត្ដម អេង ហួត រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​បាន​អះអាង​ថា យុទ្ធសាស្ដ្រ​ផ្លាស់ប្ដូរ​ទម្លាប់​របស់​ប្រជាពលរដ្ឋ ដើម្បី​បំបាត់​ជម្រក​មូសខ្លា​នៅមាន​ការ​ខ្វះខាត​នៅឡើយ​ទេសម្រាប់​កម្ពុជា ដូច្នេះ​បញ្ហា​សំខាន់​បំផុត​ក្នុងការ​ការពារ និងការ​ប្រយុទ្ធ​នឹងជម្ងឺ​គ្រុនឈាម គឺសហគមន៍​ត្រូវ​រួមគ្នា​ស្វ័យ​ការពារ​ក្នុងការ​កាត់បន្ថយ​ប្រភព​បង្កើត​ឱ្យមាន​ដង្កូវទឹ​ក។ លោក​បញ្ជាក់​ថា កន្លងមក​នេះ​យើង បានប្រើ​យុទ្ធសាស្ដ្រ​ដាក់ថ្នាំ​អាល់បែត​ដើម្បី​សម្លាប់​ដង្កូវទឹក ប៉ុន្ដែ​ថ្នាំនេះ​យើងមិន​អាចបន្ដ​ប្រើប្រាស់​គ្រប់​ពេលវលា​ក្នុង​រយៈពេល​យូរអង្វែង​បានទេ ដោយសារ​មូសខ្លា​ជា​ភ្នាក់ងារ​ចម្លង​អាច​ស៊ាំ​ជាមួយ​ថ្នាំនេះ ដូច្នេះ​ការ​ផ្លាស់ប្ដូរ​យក​គោលការណ៍​ផ្អែកលើសហគមន៍​ជាមូលដ្ឋាន ទើបអាច​រួម​ចំណែក​ឱ្យមាន​ប្រសិទ្ធភាព​បាន។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៦ ខែកញ្ញា ឆ្នាំ២០១០

Google Analytics Alternative