របៀប​ថែទាំ​ធ្មេញ​បែប​ទំនើប

កាលពី​សម័យ​មុន ការ​ថែរក្សា​ធ្មេញ​គឺ​មិនមាន​អ្វី​ប្លែក​នោះទេ ហើយ​សុខភាព​មាត់ធ្មញ​ក៏​មិនងាយ​កើតមាន​ជាបញ្ហា​នោះដែរ។ ព្រោះតែ​ចំណី​អាហារ​ភាគច្រើន​មាន​លក្ខណៈ​ធម្មជាតិ ដោយ​មិនមាន​ប្រើប្រាស់​ជាតិគីមី​អ្វីឡើយ។ ប៉ុន្ដែ​បច្ចុប្បន្ន​នេះ ជាសម័យ​ទំនើប​អ្វីៗគឺ​បង្កើត​ឡើង​ដោយការ​ប្រើប្រាស់​ជាតិគីមី​សឹងតែ​ទាំងអស់ ជាពិសេស​ចំណី​អាហារ រួមមាន​បន្លែ ផ្លែឈើ និង​របស់​ផ្សេងៗ​ជាច្រើន​ទៀត។ សារជាតិ​ទាំងនេះ​បានបង្ក​ឱ្យ​កើតមាន​ផលវិបាក​ជាច្រើន​សម្រាប់មនុស្ស​យើង​នៅក្នុយ​សម័យ​កាលនេះ ដែលធ្វើ​ឱ្យ​លោកអ្នក​ងាយ​កើតមាន​ជម្ងឺ​ផ្សេងៗ​ដែល​មិនអាច​ស្មានត្រូវ។ ចំណែក​ឯសុខភាព​មាត់ធ្មេញ​ក៏បាន​ចូលរួម​ចំណែក​នៅក្នុង​ជម្ងឺ​ទាំងនោះ​ដែរ ដោយ​សារតែ​មនុស្ស​មួយចំនួន​មិនបាន​យល់ដឹង​អំពីការ​ថែរក្សា​សុខភាព​មាត់ធ្មេញ​ឱ្យបាន​ស្អាតល្អ។ ដោយ​ឡែកការ​ថែរក្សា​ធ្មេញ បែប​សម័យ​ទំនើប​នេះ គឺជា​វិធីដ៏​ល្អមួយ​ដែលអាច​ជួយបង្ការ​ធ្មេញ​ឱ្យ​ចៀសផុត​ពីជម្ងឺ​ផ្សេងៗ ពិសេស​គឺជម្ងឺ​អញ្ចាញ​ធ្មេញ និង​ជម្ងឺ​ធ្មេញពុក ពិតជា​វិធីមួយ​ដ៏ប្រសើរ​បំផុត​សម្រាប់​មនុស្ស​គ្រប់រូប។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង ជួប​សម្ភាស​ផ្ទាល់​ជាមួយ​លោក​ទន្ដបណ្ឌិត ពឹង ពិសិដ្ឋ អនុបណ្ឌិត​វិទ្យាសាស្ដ្រ​សុខភាព​មាត់​ធ្មេញ និង​ពត់ធ្មេញ​នៃ​គ្លីនិក​ធ្មេញ​អន្ដរជាតិ នឹង​ពន្យល់​ឱ្យលោ​កអ្នក​បាន​ជ្រាប​ឱ្យ​កាន់តែ​ច្បាស់ អំពីរ​បៀប​ថែទាំ​ធ្មេញ​បែប​ទំនើប​នេះ។

តើអ្វី​ទៅគឺ​ជាការ​ថែទាំ​ធ្មេញ​បែប​ទំនើប?

ការ​ថែរក្សា​ធ្មេញ​បែប​ទំនើប​នេះគឺ​មាន​តាំងពី​យូរណាស់​មកហើយ ដោយនៅ​ប្រទេស​ជឿនលឿន​បាន​អនុវត្ដ​តាំងពី​យូរ​រហូតមក។ ដោយឡែក​នៅ​ប្រទេស​ក្រីក្រ​មួយចំនួន​ដូចជា​ប្រទេស​កម្ពុជា​យើងសព្វ​ថ្ងៃនេះ មិនទាន់​បាន​អនុវត្ដ​ឱ្យបាន​គ្រប់គ្នា​នោះទេ។ ហើយការ​ថែរក្សា​ធ្វើបែប​ទំនើប​នេះ គឺជាការ​ថែរក្សា​ដោយ​យកចិត្ដ​ទុកដាក់​បំផុត។ នៅពេល​ទទួលទាន​បាយ​ហើយ គឺត្រូវ​ធ្វើការ​សម្អាត​មាត់ធ្មេញ​ជានិច្ច។

វិធី​ថែទាំ​ធ្មេញ​បែបទំនើប

ធ្មេញ​ស្អាត និងមាន​អនាម័យ​ពិតជា​ជួយ​លើក​សោភ័ណភាព​ស្អាត​ថែមមួយ​កម្រិត។ ធ្មេញ​មិន​ត្រឹមតែ​មាន​សារៈ​សំខាន់ នៅក្នុង​ការ​ទំពា​អាហារ​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ជាវត្ថុ​ដ៏មាន​តម្លៃសម្រាប់​សុខភាព និង​សោភណ័ភាព​ដែល​មនុស្ស​គ្រប់រូប​មិនអាច​ខ្វះបាន។ វិធី​ថែទាំ​ធ្មេញ​បែប​ទំនើប​នេះវា​មានច្រើន​ដូចជា ៖

  • នៅពេល​ដុសធ្មេញ គួរតែ​ជ្រើសរើស​ថ្នាំ​ដុសធ្មេញ​ដែលល្អ​ហើយ​សមនឹង​ធ្មេញ​របស់​លោកអ្នក។ បើសិនជា​ធ្មេញ​លោកអ្នក​ស្រៀវ លោកអ្នក​គួរតែ​ប្រើថ្នាំ​ដុសធ្មេញ​បំបាត់​ស្រៀវធ្មេញ។ បើសិនជា​ធ្មេញ​លោកអ្នក​មិនល្អ​ឆាប់ពុក ត្រូវ​ដុសថ្នាំ​ដុសធ្មេញ​ដែលមាន​ជាតិក្លុយអ័រ​ច្រើន។
  • ច្រាសដុស​ធ្មេញ​គឺមាន​ទៅតាម​វ័យ​មនុស្សធំ និង​កូនក្មេង។ ដូចនេះ​គួរតែ​ប្រើច្រាស​ដុសធ្មេញ​ដែលមាន​ក្បាល​ស្ដួច​តូច ហើយ​សរសៃ​រោមច្រាស​ត្រូវតែ​ទន់ល្មម។ បើសិនជា​ជ្រើសរើស​យកច្រាស​រឹង នៅពេល​ដែល​ដុសទៅ​អាចធ្វើ​ឱ្យ​អញ្ចាញ​ឈឺ​ឬដាច់​ចេញ​ឈាម។ ដូចនេះ​គួរតែប្រើ​ទឹកក្ដៅ​ឧណ្ហៗ​ដើម្បី​ឱ្យច្រាស​ដុសធ្មេញ​ទន់។
  • នៅតាម​ផ្សារ​ទំនើប​មួយចំនួន​មានលក់​ច្រាស​ដុសធ្មេញ​ជាម៉ូទ័រ​ដោយ​មិនចាំបាច់​ប្រើ​ដៃដុសធ្មេញ​នោះទេ គឺ​ម៉ូទ័រ​វាវិល​ដុស​ដោយ​ខ្លួនឯង​តែម្ដង លោកអ្នក​អាច​ជ្រើសរើស​មក​ប្រើប្រាស់បាន ប៉ុន្ដែ​ត្រូវ​អនុវត្ដ​ទៅតាម​ការ​ណែនាំ​របស់​អ្នក​ជំនាញ។
  • គួរតែប្រើ​ប្រាស់​ទឹកថ្នាំ​ខ្ពុរមាត់ ដើម្បីឱ្យ​អ​ញ្ចាញ​ធ្មេញ​រឹងមាំ។
  • យ៉ាង​ហោចណាស់​គួរតែ​ដុសធ្មេញ​ឱ្យបាន​បីដង​នៅក្នុង​មួយថ្ងៃ​ដែរ។
  • ក្នុងការ​ដុសធ្មេញ​មួយ​លើកៗ គួរតែ​ប្រើ​រយៈពេល​ពី២នាទី​ទៅ៣នាទី ដើម្បី​ដុសឱ្យ​បានសព្វគ្រប់​កៀនកោះ​នៃ​ចន្លោះ​ធ្មេញ​ទាំងឡាយ។
  • គួរតែ​សម្អាត​ធ្មេញ​នៅក្នុង​១ថ្ងៃ​ឱ្យបាន​២ដង​ជាមួយ​នឹងខ្សែ​អំបោះ​សម្រាប់​សម្អាត​ចន្លោះ​ធ្មេញ​របស់​លោកអ្នក។
  • គួរតែ​ទៅជួប​ជាមួយ​គ្រូពេទ្យ​ធ្មេញ ដើម្បី​ពិនិត្យ​មើលធ្មេញ​ឱ្យបាន​ទៀងទាត់។

រូបភាពទស្សនាវដ្ដីសុខភាពយើង

សារៈ​ប្រយោជន៍​នៃការ​ថែទាំ​ធ្មេញ​បែប​ទំនើប

នៅសម័យ​មុនការ​ទទួលទាន​គឺមាន​លក្ខណៈ​ធម្មជាតិ ផ្លែឈើ បន្លែ និង​ស្បៀង​ផ្សេងៗ​ទៀត គឺរក​បានមក​ពីការ​ដាំឬ​ក៏បេះ ពីព្រៃ​ដោយ​ខ្លួនឯង ដោយ​មិនមាន​ជាតិគីមី​អ្វី​ទាំងអស់។ ប៉ុន្ដែ​នៅក្នុង​សម័យ​ទំនើប​នេះ ចំណី​អាហារ​បរិភោគ​គឺបង្កើត​ឡើងពី​រោងចក្រ ដោយ​មាន​លាយឡំ​ជាមួយ​សារជាតិ​គីមី និង​មានជាតិ​ស្អិត​ច្រើន ដូចជា​ស្ករគ្រាប់​នៅពេល​ដែល​លោកអ្នក​ទទួលទាន​ទៅវាស្អិត​ជាប់​ធ្មេញ ហើយ​បាន​បំលែង​ទៅជា​អាស៊ីត បើសិន​ជា​មិនបាន​ធ្វើការ​សម្អាត​ធ្មេញ​ឱ្យបាន​ស្អាត​ត្រឹមត្រូវ​នោះទេ វាអាច​នឹងធ្វើ​ឱ្យធ្មេញ​ពុក​ជាមិនខាន។ ដូចនេះ​វិធី​ដុសធ្មេញ​បែប​ទំនើបនេះ​គឺគេ​បែងចែក​ជា៨​តំបន់​នៃការ​ដុសធ្មេញ មាន​ខាងលើ​៤តំបន់​ដោយ​ត្រូវដុស​ពីលើ​ចុះ មក​ក្រោម ហើយ​ខាងក្រោម​មាន៤​តំបន់​ត្រូវដុស​ពីក្រោម​ឡើងមក​លើ ទើបអាច​ធ្វើឱ្យ​ធ្មេញ​មាន​សុខភាព​ល្អបាន។ នៅពេល​ដែលធ្មេញ​មាន​សុខភាព​ល្អ អាចធ្វើ​ឱ្យ​លោកអ្នក​ចៀស​ផុតពី​ជម្ងឺផ្សេងៗ​មួយ​ចំនួន ដូចជា​រលាក​អញ្ចាញ​ធ្មេញ ជម្ងឺ​ពុកធ្មេញ និង​ជម្ងឺ​ធ្មេញ​ផ្សេងៗ​ជាច្រើន​ទៀត។

ផល​ប៉ះពាល់​នៅពេល​ដែល​មិនបាន​ថែទាំ​ធ្មេញ​ឱ្យបាន​ល្អ

បើសិន​ជាលោកអ្នក​មិនបាន​ធ្វើការ​សម្អាត​ធ្មេញ​ឱ្យបាន​ស្អាតល្អ​នោះ លោកអ្នក​នឹង​ទទួលរង​នូវផល​ប៉ះពាល់​មួយចំនួន​ដូចជា ៖

  • មាន​ក្លិនមាត់
  • កើតមាន​ជម្ងឺ​ពុកធ្មេញ
  • ជម្ងឺ​អញ្ចាញ​ធ្មេញ
  • ដំបៅ​មាត់
  • អាប់សែ​ធ្មេញ​ជាដើម។

វិធី​ការពារ​ធ្មេញ​ដើម្បី​កុំឱ្យ​កើតមាន​បញ្ហា

រាល់ពេល​បរិភោគ​ហើយ ត្រូវតែ​ដុសធ្មេញ​ឱ្យបាន​ស្អាត​ល្អ។ បន្ទាប់មក​ត្រូវតែ​ប្រើប្រាស់​ទឹកថ្នាំសម្រាប់​ខ្ពុរមាត់ ដើម្បី​សម្លាប់​មេរោគ ជាពិសេស​ត្រូវតែ​ប្រើខ្សែ​អំបោះ​ដើម្បី​ទាក់យក​កាកសំណល់​ដែលមាន​នៅចន្លោះ​ធ្មេញ​ចេញ។ ចំណែក​ឯការ​ដុស​វិញនោះ គឺ​ត្រូវដុស​ជារៀង​រាល់ពេល​ទទួលទាន​អាហារ​ហើយ ពីព្រោះ​បាក់តេរី​អាច​កើតបាន​យ៉ាង​ឆាប់​រហ័ស​បំផុត។ លោកអ្នក​ត្រូវតែ​ទៅ​ពិនិត្យ សុខភាព​មាត់ធ្មេញ​ឱ្យបាន​ញឹកញាប់​រាល់ពេល​៦ខែម្ដង។

ដំបូន្មាន​អ្នក​ជំនាញ

ជាការ​ពិតណាស់ សុខភាព​មាត់ធ្មេញ​ជារឿង​សំខាន់​បំផុត​ដែល​លោកអ្នក​ត្រូវតែ​យកចិត្ដ​ទុកដាក់។ ដូច្នេះ​យ៉ាងហោច​ណាស់​នៅក្នុង​មួយថ្ងៃ លោកអ្នក​ត្រូវតែ​ដុសធ្មេញ​ឱ្យបាន​បីដង និង​ត្រូវប្រើ​ខ្សែ​អំបោះ​សម្រាប់​ទាក់​ចំណី​អាហារ​ឱ្យបាន​ពីរដង​នៅក្នុង​មួយថ្ងៃ ដោយ​ត្រូវដុស​ឱ្យបាន​សព្វ​កន្លែង ជាពិសេស​នៅលើ​ផ្ទៃទំពា។ ម្យ៉ាងទៀត​បើសិន​ជា​លោកអ្នក​កើតមាន​បញ្ហា​សុខភាព​មាត់ធ្មេញ លោកអ្នក​គួរ​ប្រញាប់​មកជួប​ជាមួយ​គ្រូពេទ្យ ដើម្បី​ឱ្យ​គ្រូពេទ្យ​ពិនិត្យ និង​ព្យាបាល​ឱ្យបាន​ទាន់ពេល​វេលា ចៀសវាង​កើតមាន​ដំណាក់​កាល​ធ្ងន់ធ្ងរ​ដែល​ពិបាក​នៅក្នុង​ការ​ព្យាបាល។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៦ ខែកញ្ញា ឆ្នាំ២០១០

Google Analytics Alternative