ភ្ផុំបិណ្ឌ ជាបុណ្យ​ប្រវត្ដិសាស្ដ្រ​របស់​បុព្វជន​ខ្មែរ

ពិធី​បុណ្យ​ភ្ជុំបិណ្ឌ គឺជា​ពិធី​បុណ្យ​ដ៏ធំមួយ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរយើង​ដែល​តែងតែ​គោរព​ប្រតិបត្ដិ​ធ្វើជា​រៀងរាល់​ឆ្នាំ ដើម្បី​ឧទ្ទិសថ្វាយ និង​យក​ចង្ហាន់​ទៅប្រគេន​ព្រះសង្ឃ​ដែលគង់​ចាំ​ព្រះវស្សា​នៅទី​អារ៉ាម និង​វេនឧទ្ទិស​ថ្វាយដល់​វិញ្ញាណក្ខន្ធ​បុព្វការីជន ដែលបាន​ចែកស្ថាន​ទៅលោក​ខាងមុខ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ពុទ្ធបរិស័ទ​ខ្មែរ​បានយល់​កាន់តែ​ច្បាស់ពី​បុណ្យ​ភ្ជុំបិណ្ឌ​នេះ ទស្សនាវដ្ដី សុខភាពយើង បានជួប​សម្ភាស​ជាមួយ​ព្រឹទ្ធាចារ្យ មៀច ប៉ុណ្ណ សមាជិក​ក្រុម​ជំនុំ​ជម្រះ​ទំនៀម​ទម្លាប់​ខ្មែរ​នៃ​ពុទ្ធសានិក​បណ្ឌិត​ធ្វើការ​បកស្រាយ​អំពី​ប្រវត្ដិ​បុណ្យ​ភ្ជុំបិណ្ឌ នេះ​ដូចត​ទៅ។

ពិធី​បុណ្យ​ភ្ជុំបិណ្ឌ

បុណ្យ​ភ្ជុំបិណ្ឌ​ជាបុណ្យ​សាសនា​ប្រពៃណី​ធំជាងគេ​មួយ​របស់​ប្រជាជន​ខ្មែរ។ បុណ្យនេះ​មាន​លក្ខណៈ​ជាពិធី​បុណ្យ​គោរព វិញ្ញាណក្ខន្ធ​ដល់​បុព្វបុរស​ញាតិសន្ដាន​ដែលធ្វើមរណ​កាលទៅ និង​ជាពិធី​ជួបជុំ​គ្នានៃ​ញាតិ​សន្ដាន​សាច់ញាតិ​ទាំងអស់​ដែល​នៅទី​ឆ្ងាយៗ។

ប្រវត្ដិ​នៃពិធី​បុណ្យ​ភ្ជុំបិណ្ឌ

បុណ្យ​ភ្ជុំបិណ្ឌ​ជាបុណ្យ​ដ៏សារ​សំខាន់​មួយដែល​ប្រារឰ​ធ្វើពី​ថ្ងៃ “១រោច” ដល់ថ្ងៃ “១៥រោច” ​ខែភទ្របទ ជារៀង​រាល់ឆ្នាំ ត្រូវនឹង​ខែកញ្ញា ឬតុលា។ រីឯថ្ងៃ​១៥រោច​ហៅថា​ភ្ជុំបិណ្ឌ។ ក្នុង​រយៈពេល​ភ្ជុំបិណ្ឌ​នេះ ចាស់ៗ​បាន​លះបង់​ផ្ទះសម្បែង​កូនចៅ​ទៅនៅ​វត្ដសមា ទានសីល៥ សីល៨ បម្រើ​ព្រះសង្ឃ​សម្អាត​ទីអារ៉ាម។ ចំណែក​ឯប្រជាពលរដ្ឋ​បាន​ចែកវេន​គ្នា​ជាវេន​ចំនួន​១៥ថ្ងៃ​ឬបិណ្ឌ។ ក្នុង​បិណ្ឌ​នីមួយៗ​គេតែង​ធ្វើ​ដូចជា​ពេលយប់​ជួបជុំ​ពុទ្ធបរិស័ទ​ប្រគេន​ភេសជ្ជៈ​ចំពោះ​ព្រះសង្ឃ និងជូន​ចំពោះ​ចាស់​ព្រឹទ្ធាចារ្យនមស្ការ​គោរព​ព្រះរតនត្រ័យ និមន្ដ​ព្រះសង្ឃចម្រើន​ព្រះបរិត្ដ និង​សម្ដែង​ធម៌ទេសនា។ ពេល​ព្រឹក​ប្រគេន​អាហារ​ចំពោះ​ព្រះសង្ឃ​ឧទ្ទិសកុសល​ជូន​ចំពោះ​វិញ្ញាណក្ខន្ធ​បុព្វការីជន​ដែលធ្វើ​មរណកាល​ទៅហើយ។ ទាក់ទិន​ទៅនឹង​ប្រវត្ដិបុណ្យ​ភ្ជុំបិណ្ឌ​នេះដែរ បើតាម​គម្ពី​រោកកុឌ​សូត្រ​បាន​បរិយាយ​ថា ព្រះបាទ​ពិម្ពិសារ​មាន​ញាតិមួយ​ក្រុម​បាន​បំពេញ​ទានមិន​បរិសុទ្ធ គឺ​ស៊ីបាយ​មុនលោក ពេល​លាចាក​ខាងមុខ​ក៏កើត​ជា “ប្រេត” ។ លុះដល់​ព្រះសម្ពុទ្ធ ព្រះនាម​កុក្ក​បានត្រាស់​ដឹងឡើង​ក្នុង​លោក ពួក​ប្រេត​ទាំងនោះ​ទៅសួរ​ព្រះថា ចុះយើង​ខ្ញុំកាល​ណាបាន​អាហារ​បរិភោគ ព្រះពុទ្ធ​ត្រាស់ថា ចាំសួរ​ព្រះពុទ្ធ​ជាន់​ក្រោយ​ចុះក្នុង​សាសនា​កថាគត អ្នក​ទាំងឡាយ​នឹងបាន​អាហារ​បរិភោគ។ លុះដល់​ព្រះពុទ្ធ​នាម នាគមនោ ក៏បាន​ត្រាស់​ដូច​ព្រះពុទ្ធ​មុខទៀត ដល់​ពុទ្ធកាល​ព្រះកស្សបោ ក៏​ត្រាស់​ប្រាប់​ដូចនេះទៀត ទើបតែ​ដល់​ព្រះសមណគោតម​ត្រាស់​ដឹង ទ្រង់បាន​ត្រាស់ថា ចាំមើល​ព្រះបាទ​ពិម្ពិសារ ជាញាតិ​របស់​អ្នកទាំង​ឡាយ​ហើយ។ លុះ​ពិម្ពិសារ​បានថ្វាយ​ទាន ជាដំបូង​ហើយ មិន​ផ្សាយទៅ​ឱ្យពួក​ញាតិ ក៏​ស្រាប់តែ​ពួក​ប្រេត​ទាំងឡាយ​ដែលជា​ញាតិ​នោះ​ស្រែកយំ​ទ្រហឹង​ក្នុងពេល​រាត្រី។ ព្រះបាទ​ពិម្ពិសារ​ស្ដេច​យាង​ទៅកាន់​វត្ដវេឡុវិន ហើយ​ទូលសួរ​ព្រះពុទ្ធ ព្រះពុទ្ធ​ត្រាស់​ថា “ពួកប្រេត​ជាញាតិ​របស់​ព្រះអង្គ​នាំគ្នា​យំទារ​អាហារ ព្រោះ​ពួកប្រេត​ទាំងនោះ ត្រូវ​បាន​អាហារ​បរិភោគ​ក្នុង​សាសនា តថាគត ប៉ុន្ដែ​ព្រះអង្គ​ធ្វើ​បុណ្យ​ហើយ​មិនបាន​ផ្សាយ​ទៅឱ្យ”។ ពេល ព្រះបាទ​ពិម្ពិសារ​ទ្រង់​ជ្រាប ហើយ​ក៏បាន​ធ្វើបុណ្យ​ចាត់ចែង​បញ្ជូន​ទៅឱ្យ។ ពួកប្រេត​ទាំងនោះ​ក៏បាន​កើត​នៅក្នុង​ទព្វវិមាន​ដោយ​សុខរៀង​ដរាប​តទៅ។ ចាប់តាំង​ពីពេល​នោះមក​ពិធីកាន់​បិណ្ឌ​ក៏ចាប់ផ្ដើម​មាន​កំណើត​ឡើង​រហូតមក​ទល់​ពេលនេះ។

អ្នកសាង​ល្អបាន​ល្អ អ្នក​សាង​អាក្រក់​បានផល​អាក្រក់

បើតាម​គម្ពី​ព្រះពុទ្ធ​សាសនា​បាន​ចែងថា មនុស្ស​ដែលស្លាប់​ទៅតែង​ទៅកើត​ទីផ្សេងៗ​តាម​កម្ម​របស់ខ្លួន។ មនុស្ស​ចិត្ដអាក្រក់ ដែលបាន​ធ្វើបាប​កម្ម​ផ្សេងៗ លុះស្លាប់​ទៅ​តែងតែ​កើតជា​ប្រេត​៤ប្រភេទ គឺប្រេត​ដែល​ចិញ្ចឹម​ជីវិត​ដោយខ្ទុះ​ឈាម ប្រេត​ស្រេក​ឃ្លាន​អាហារ​ជានិច្ច ប្រេត​ដែលភ្លើង​ឆេះ​ជានិច្ច និងប្រេត​ដែល​ចិញ្ចឹម​ជីវិត​ដោយ​ផល​ដែល​បុគ្គល​ដទៃ​ឧទ្ទិស​ទៅឱ្យ។ គេ​តែង​និយម​ជ្រើសរើស​ចំថ្ងៃ​រនោច​ខែភទ្របទ ព្រោះ​ពេលវេលា​នោះ​ព្រះចន្ទ​ពុំសូវ​មាន​ពន្លឺ ហើយ​ចេះតែ​ង​ងឹត​ទៅៗ ព្រោះ​ឱកាស​នោះហើយ ដែល​យមរាជ​ដោះលែង​ពួកប្រេត​ទាំងនោះឱ្យ​មក​រស់នៅ​លាយឡំ​ជាមួយ​មនុស្ស​ចាំទទួល​ភោគផល​ដែល​បងប្អូន​ញាតិសន្ដាន ដែល​ញាតិ​ឧទ្ទិស​ឱ្យ ព្រោះ​ពួកប្រេត​ខ្លាច​ពន្លឺ​ណាស់។ ប្រសិន​បើ​រយៈពេល​១៥ថ្ងៃ ពួកប្រេត​ដើរ​រកគ្រប់វត្ដ​ពុំមាន​ឃើញ​បងប្អូន​ញាតិសន្ដាន​ណាធ្វើ​បុណ្យ​បញ្ជូន​កុសល​ទៅឱ្យ​ទេ ពួកគេ​នឹងអត់​បាយ​អត់ទឹក​ស្រេកឃ្លាន​រងទុក្ខ​វេទនា​យ៉ាង​ក្រៃលែង ហើយ​នឹង​ជេរប្រទេច​ផ្ដាសា​ដល់​បងប្អូន​ញាតិកា​ទាំងឡាយ​ឱ្យ​ហិនហោច​ទ្រព្យសម្បត្ដិ ព្រាត់ប្រាស់​ឪពុកម្ដាយ ប្ដីប្រពន្ធ កូនចៅ ញាតិ​ផៅទាំង​ប្រាំពីរ​សន្ដាន។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ជំនឿ​ចំពោះ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ

ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស​តែងតែ​មាន​ជំនឿ​ទៅលើ​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​ជានិច្ច ទោះបី​មានក្ដី ក្រក្ដី ទោះយ៉ាង​ណា ត្រូវធ្វើ​បុណ្យ​នេះដោយ​ខានមិន​បានមួយ​ឆ្នាំម្ដងៗ គឺ​ត្រូវយក​នំចំណី​ទៀនធូប​រៀងរាល់​ថ្ងៃ ចាប់ពីថ្ងៃ​១រោច​ដល់ថ្ងៃ​១៥រោច​ខែភទ្របទ ។ បុណ្យ​ភ្ជុំបិណ្ឌនេះកាល​ដើមឡើយ គឺធ្វើ​ឡើង​រយៈពេល​៣ខែ គឺ៩០​ថ្ងៃ ដោយ​គិតតាំង​ពីថ្ងៃ​ចូល​ព្រះវស្សា​រហូត​ដល់ថ្ងៃ​ចេញ​ព្រះវស្សា។ ប៉ុន្ដែ​រហូត​មកដល់​បច្ចុប្បន្ន​បុណ្យ​ភ្ជុំបិណ្ឌ​ត្រូវ​កាត់បន្ថយ​នៅសល់តែ​១៥ថ្ងៃ​ប៉ុណ្ណោះ ព្រោះ​ដោយសារ​ពេលវេលា​មិន​អំណោយ​ផល បងប្អូន​យើងមាន​ភាព​មមាញឹក​ខ្លាំងក្នុង​មុខរបរ​ទទួល​ទាន ដូច្នេះ​ត្រូវ​កាត់បន្ថយ​ឱ្យខ្លី​ទៅវិញ។ បុណ្យ​ភ្ជុំបិណ្ឌ​នេះមាន​អត្ថន័យ​ធំធេង​ណាស់ សម្រាប់​ប្រជាពុទ្ធ​បរិស័ទ​ខ្មែរយើង ព្រោះ​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​ធ្វើឡើង​ដើម្បី​ឧទ្ទិស​ថ្វាយដល់​វិញ្ញាណក្ខន្ធ​បុព្វបុរស ញាតិកា ទាំង​ប្រាំពីរ​សន្ដាន​ដែលបាន​ចែកឋាន​ទៅកើត​ជាប្រេត នរក ឬក៏​សភាវ​ផ្សេងៗ។ មួយវិញ​ទៀតនោះ បុណ្យ​ភ្ជុំបិណ្ឌ​ជាបុណ្យ​ជួបជុំ​បងប្អូន ញាតិផៅ​គ្រប់​ទិសទី​សម្ដែង​នូវ​សេចក្ដី​សាទរ​រីករាយ​គ្រប់ៗ​គ្នា និងអ្វី​ដែល​សំខាន់​នោះកាល​ណាមនុស្ស​យើងមាន​សទ្ធា​ជ្រះថ្លា​ក្នុង​ព្រះធម៌ ក្នុងការ​ធ្វើបុណ្យ​ធ្វើទាន​នោះ វាជា​បច្ច័យ​មួយធ្វើ​ឱ្យមនុស្ស​យើងមាន​ចិត្ដស្ងប់ រំលោះ​នូវភាព​សៅហ្មង​គ្រប់ៗ​គ្នា។ ពិធី​សំខាន់​ក្នុង​រយៈពេល​បុណ្យ​ភ្ជុំបិណ្ឌ មាន​ដូចជា​ពិធី​សូត្រមន្ដ​បង្សុកូល បោះបាយ​បិណ្ឌ​ជាដើម។

ជំនឿ​លើពិធី​ពូនភ្នំ​ខ្សាច់​ក្នុង​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ

ទាក់ទិន​នឹង​ជំនឿ​ដែល​ពុទ្ធបរិស័ទ​លើកឡើង​អំពី​ការពូន​ភ្នំខ្សាច់ នៅអំឡុង​ពេល​បុណ្យភ្ជុំបិណ្ឌ​នេះ វាជា​ជំនឿ​មួយដែល​ខ្មែរយើង​ទូទៅ​យល់ថា វាល្អ​ហើយ​មាន​ប្រយោជន៍​ទើប​ពួកគាត់​ធ្វើ។ ហើយ​បានដាក់​លុយ​ទៅតាម​ភ្នំខ្សាច់​នីមួយៗ ព្រមទាំង​អុជធូប​ស្មាលា កំហុស​បាប​មួយ​ចំនួន​ដែលខ្លួន​បានសាង​ឡើង ដោយ​មិនបាន​ចាប់អារម្មណ៍​កន្លង​មក។ ការ​ពូនភ្នំ​ខ្សាច់នេះ​ក៏ជាការ​ឧទ្ទិសកុសល​មួយ​ជូនដល់​ឧបការីជន​ទាំងឡាយ​ដែលបាន​លាចាក​លោក​ផងដែរ។

ជំនឿ​លើការ​បោះបាយ​បិណ្ឌ

នៅ​ព្រលឹម​ម៉ោង​៤ព្រឹក ប្រជាពលរដ្ឋ​តែងតែ​នាំគ្នា​ដើរ​ទៅវត្ដ​អារ៉ាម​នានា​នៅក្នុង​ភូមិ ឬ​នៅក្បែរ​ផ្ទះរបស់​ខ្លួន ជាមួយ​នឹងនំចំណី​ដែល​ធ្វើរួច​ជាស្រេច​ដាក់ក្នុង​ចាន ឬ​ស្បោង​ដើម្បី​ទៅវត្ដ គេហៅ​ថា “បោះបាយ​បិណ្ឌ”។ ការ​បោះបាយ​បិណ្ឌ​ជាជំនឿ​អរូបិយ​មួយ​ផងដែរ ដែល​ប្រជាពលរដ្ឋ​ខ្មែរយើង​និយម​ធ្វើជា​រៀងរាល់​ព្រឹក ដើម្បី​បញ្ជូន​ឬឧទ្ទិស​កុសល​ឱ្យទៅ​ញាតិ​សន្ដាន​សាច់​សាលោ​ហិតដែល បាន​ចែកឋាន​ទៅ​បរលោក។

ដំបូន្មាន​អ្នក​ជំនាញ

បុណ្យ​ភ្ជុំបិណ្ឌ​ជាបុណ្យ​មួយដែល​មាន​សារ​សំខាន់​ណាស់​សម្រាប់​ប្រជាជាតិ​ខ្មែរយើង។ ដូច្នេះ​ហើយ​បងប្អូន​ទាំងឡាយ​ត្រូវតែ​ប្រកាន់​ខ្ជាប់នូវ​ពិធីបុណ្យ​នេះជា​ដរាប ព្រោះ​ជាបុណ្យ​ដែល​បង្កើត​ឡើង​សម្រាប់​ផ្ដល់​ឱកាស​ឱ្យ​ពុទ្ធបរិស័ទ​ទាំងឡាយ​ធ្វើ​បុណ្យ​ធ្វើទាន ឧទ្ទិសកុសល​ដល់​បុព្វជន និង​សាច់ញាតិ​ដែលបាន​ចែកឋាន​ទៅ និងជា​បុណ្យ​សាសនា​មួយ​ផងដែរ ដែល​ប្រជាពលរដ្ឋ​ទូទៅ​មិនអាច​បំភ្លេចបាន។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៦ ខែកញ្ញា ឆ្នាំ២០១០

Google Analytics Alternative