ជម្ងឺ​រលាក​ស្រោម​បេះដូង

បេះដូង​គឺជា​សរីរៈ​សំខាន់​បំផុត​សម្រាប់​ច្របាច់ និង​បញ្ជូន​ឈាម​ទៅឱ្យ​ប្រព័ន្ធ​ចិញ្ចឹម​សរីរាង្គ​ផ្សេងៗ និង​ដើរតួនាទី​យ៉ាងសំខាន់​ផងដែរ ក្នុងការ​សម្រួល​ប្រព័ន្ធ​សរសៃ​ឈាម​បង្កឱ្យមា​ន​លក្ខណៈ​ប្រក្រតី និង​បញ្ចេញ​ខ្យល់​អុកស៊ីសែន​ជួយដល់​ប្រព័ន្ធ​នានា ក្នុងខ្លួន​ផងដែរ។ ផ្ទុយទៅ​វិញ​ប្រសិន​បើ​បេះដូង​មាន​បញ្ហា​ដោយសារ​ជម្ងឺ​អ្វីផ្សេងៗ​ហើយ លោកអ្នក​អាច​ប្រឈម​មុខនឹង​ការ​ថមថយ នូវ​កម្លាំង​ពលំ និង​ប៉ះពាល់​ទៅលើ​ប្រព័ន្ធ​ចិញ្ចឹម​រាងកាយ​ផ្សេងៗ​ទៀតផង។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ដើម្បី​ជូន​ជ្រាប​ឱ្យកាន់តែ​ច្បាស់ ទស្សនាវដ្ដី សុខភាពយើង បានជួប​សម្ភាស​ជាមួយ​លោក​វេជ្ជបណ្ឌិត ឈី ប្រកប ឯកទេស​ជម្ងឺ​បេះដូង នៃ​មន្ទីរពេទ្យ​ព្រះកុសុមៈ។

ជម្ងឺ​រលាក​ស្រោម​បេះដូង

ជម្ងឺ​រលាក​ស្រោម​បេះដូង​គឺជា​ជម្ងឺម្យ៉ាង​ដែលមាន​ទឹក​នៅក្នុង​ស្រោម​បេះដូង ហើយ​ជម្ងឺនេះ​ពេលខ្លះ​ក៏​មិនមាន​ទឹក​នៅក្នុង​ស្រោម​បេះដូង​ដែរ តែមាន​ការ​រលាក​ដូចគ្នា។ តាម​ធម្មតាបេះដូង​របស់​មនុស្ស​គ្រប់រូប​តែងតែ​មាន​ទឹក​នៅផ្នែក​ខាងក្រោម​ឬ​ខាងក្រៅ និង​ចន្លោះ​បេះដូង តែ​ទឹកនោះ​គ្រាន់តែ​ជាទឹក​ធម្មតា​ជាសំណើម​របស់​បេះដូង​តែ​ប៉ុណ្ណោះ មិនមែន​ទឹក​ចេញមក​ដោយ​សារមាន​ជម្ងឺ​រលាក​នោះទេ។ ដោយឡែក​ប្រសិន​បើមាន​រលាក​ទឹក​នៅក្នុង​ស្រោម​បេះដូង​នោះកើន​ច្រើន​ឡើងៗ រហូត​ដល់មួយ​លីត្រ ឬ​លើសពី​ចន្លោះ​លីត្រ អាចធ្វើ​ឱ្យអ្នក​ជម្ងឺ​បាត់បង់​ជីវិត​បាន។

មូលហេតុ​ដែល​បណ្ដាល​ឱ្យមាន​ជម្ងឺ​រលាក​ស្រោម​បេះដូង

មូលហេតុ​ដែល​បណ្ដាល​ឱ្យ​រលាក​ស្រោម​បេះដូង​នោះមាន​កត្ដា​ច្រើន ដូចជា​ការ​រលាក​ដោយសារ​មេរោគ​បាក់តេរី ពពួក​ផ្សិត ពពួក​ប៉ារ៉ាស៊ីត វីរុស និងអាច​បណ្ដាល​មកពី​មេរោគ​របេង​ផងដែរ។ ម្យ៉ាងទៀត​ជម្ងឺនេះ​ក៏អាច​បណ្ដាល​មកពី​ក្រុមអ្នក​កើតជម្ងឺ​មហារីក ទៀតផង ខណៈពេល​ដែលអ្នក​ជម្ងឺ​មហារីក​ព្យាបាល​ដោយ​បាញ់​កាំរស្មី ហើយ​ថ្នាំ​ដែល​លេប​ប្រឆាំង​នឹងជម្ងឺ​មហារីក​ក៏អាច​ឱ្យ​រលាក ស្រោម​បេះដូង​បានដែរ។ មិនតែ​ប៉ុណ្ណោះ​លោកអ្នក​ដែលមាន​ជម្ងឺ​រលាក​សន្លាក់​ដៃជើង ក៏អាច​ឈានដល់​ការ​រលាក​នៃ​ស្រោម​បេះដូង​បានដែរ។

រោគ​សញ្ញា​ជម្ងឺ​រលាក​ស្រោម​បេះដូង

លោកអ្នក​ដែលមាន​បញ្ហា​រលាក​ស្រោម​បេះដូង​នោះ មុន​ដំបូង​អ្នកជម្ងឺ​បង្ហាញ​រោគ​សញ្ញា​ឈឺចាប់​នៅលើ​ដើមទ្រូង ចុក ដើមទ្រូង ចុកឯងៗ ចុកក្រោម​ដោះ​ឬចុងដោះ ឬ​ឈឺសន្ទះទ្រូង ឈឺដៃ ឈឺស្មា អាច​រាលមក​ខ្នង ហើយ​ឈឺ​រហូត។ ឈឺ​កាន់តែ​ខ្លាំង ពេល​អ្នកជម្ងឺ​ក្អក ហើយ​ដកដង្ហើម​ចេញចូល​ក៏ឈឺ ដេកត្រង់​ខ្លួន​ធម្មតា​ក៏ឈឺ​ហើយ​ហត់ ឈឺ​ចុកចាប់​ទ្រូង​ខាងឆ្វេង។ អ្នកជម្ងឺ​អាចមាន ជម្ងឺផ្ដាសាយ ចុកដៃជើង ហើមជើង សរសៃ​ត្រង់ក​ឡើង​ប៉ោង រោគសញ្ញា​ទាំងនេះ​ហើយ​បង្ហាញថា​លោកអ្នក​មានជម្ងឺ​រលាក​ស្រោម​បេះដូង។

រូបភាពទស្សនាវដ្ដីសុខភាពយើង

វិធី​ព្យាបាល​ជម្ងឺ​រលាក​ស្រោម​បេះដូង

វិធី​ព្យាបាល​ជម្ងឺ​រលាក​ស្រោម​បេះដូង​ធ្វើឡើង​តាមការ​វិនិច្ឆ័យ​របស់​គ្រូពេទ្យ ព្រោះ​ប្រសិនបើ​ពិនិត្យ​ឃើញ​ថា អ្នកជម្ងឺ​មាន​ជម្ងឺ​រលាក​បេះដូង​ដោយសារ​ជម្ងឺ​របេង គឺត្រូវ​ព្យាបាល​រោគ​របេង​ឱ្យជា​សះស្បើយ​សិន។ ប្រសិនបើ​វាបង្ក​ឡើង​ដោយ​មេរោគ​ផ្សេងៗ ណាមួយ​នោះ គឺ​ត្រូវការ​ព្យាបាល​រោគនោះ​ទើបអាច​ទប់ស្កាត់ និង​ការពារ​មិនឱ្យ​មានជម្ងឺ​រលាក​ស្រោមបេះដូង​បាន។ ប៉ុន្ដែ​លោកអ្នក ដែលមាន​ជម្ងឺ​រលាក​ស្រោម​បេះដូង​នេះមាន​ចំនួន​៥០ភាគរយ​ដែល​មិនអាច​រក​មូលហេតុ​ឃើញថា​បង្កឡើង​ដោយសារ​អ្វីឱ្យ​ពិតប្រាកដ​នោះទេ ហើយការ​ព្យាបាល​ក៏មិន​អាច​ព្យាបាល​ឱ្យជា​សះស្បើយ​បានដែរ។ ផ្ទុយទៅ​វិញ​បើអ្នក​ជម្ងឺ​រលាក​ស្រោម​បេះដូង​បង្ហាញ​ពីមូលហេតុ​ឱ្យ​ពិតប្រាកដ​វិញនោះ គ្រូពេទ្យ​អាច​ព្យាបាល​ឱ្យជា​សះស្បើយ។

វិធី​ការពារ​ជម្ងឺ​រលាក​ស្រោម​បេះដូង

ដើម្បី​ការពារ​កុំឱ្យ​មានជម្ងឺ​រលាក​ស្រោម​បេះដូង លោកអ្នក​ត្រូវតែ​ចេះ​អនាម័យ​ខ្លួនប្រាណ ចំណី​អាហារ​ឱ្យល្អ​ស្អាត និង ការពារ​មេរោគ​មួយចំនួន​កុំឱ្យ​មាន ដូចជា​រោគ​របេង ចៀសវាង​មេរោគ​ឆ្លងផ្សេងៗ ដូចជា​វីរុស បាក់តេរី​ជាដើម។ ប៉ុន្ដែ​ករណី​ខ្លះទៀត ជម្ងឺនេះ​អាចកើត​ឡើង​ដោយឯងៗ​តែម្ដង និងអាច​រីក​រាលដាល​ពីជម្ងឺ​រលាក​សន្លាក់​ដៃជើង និង​ជម្ងឺ​មហារីក​ផ្សេងៗ។ ហើយ​ការ​ការពារ​នៃជម្ងឺ​នេះវា​មិនមែន​ជាភាព​ងាយស្រួល​សម្រាប់​លោកអ្នក​ប៉ុន្មាន​នោះទេ។ ដូច្នេះ​បើធ្វើ​ការ​ការពារ​ឱ្យមាន​ប្រសិទ្ធភាព​នោះ នៅពេល​ដែល​លោកអ្នក​មានជម្ងឺ​ផ្សេងៗ ដូចជា​ឈឺ​សន្លាក់​ដៃជើង ត្រូវ​រួសរាន់​ទៅកាន់​មន្ទីរពេទ្យ​យ៉ាង​ឆាប់រហ័ស ដើម្បី​ឱ្យគ្រូពេទ្យ​ព្យាបាល​ជម្ងឺនេះ​ឱ្យជា​សះស្បើយ មុនពេល​ដែលជម្ងឺ​ឈឺសន្លាក់​ដៃជើង​រីក​រាលដាល​ដល់​ប្រព័ន្ធ​ផ្សេងៗ បង្ក​ឱ្យមាន​ជម្ងឺ​រលាក​ស្រោម​បេះដូង។

ផល​ប៉ះពាល់​នៃជម្ងឺ​រលាក​ស្រោម​បេះដូង

ប្រសិនបើ​លោកអ្នក​មានជម្ងឺ​រលាក​ស្រោម​បេះដូង ហើយ​មិនធ្វើ​ការ​ព្យាបាល​ឱ្យ​ទាន់ពេល​នោះទេ អ្នកជម្ងឺ​អាច​ស្លាប់​បាត់បង់​ជីវិត ប្រសិនបើ​ទឹក​នៅក្នុង​ស្រោម​បេះដូង​មាន​កម្រិត​ខ្ពស់​លើសលប់។ ទឹក​នៅក្នុង​ស្រោម​បេះដូង​បាន​សង្កត់​ទៅលើ​ថតបេះដូង និង​បេះដូង​ដែលមាន​ចំណុះ​លើសពី​មួយលីត្រ ពេលនោះ​អ្នកជម្ងឺ​មាន​រស់​តិចតួច​បំផុត។ ប៉ុន្ដែ​ប្រសិន​បើទឹក​នៅក្នុង​ស្រោម​បេះដូង​កើតមាន​សន្សឹមៗ​វិញនោះ អ្នកជម្ងឺ​មិនទាន់​មាន​គ្រោះថ្នាក់​ភ្លាមៗ​នោះឡើយ ព្រោះ​អ្នកជម្ងឺ​ស៊ាំ​ទៅនឹង​ជម្ងឺនេះ​ទៅហើយ។ ដោយ​ឡែក​អ្នកជម្ងឺ​អាច​ខ្សោយ​បេះដូង​ផ្នែកខាង​ស្ដាំ អាចឱ្យ​អ្នកជម្ងឺ​ហើម​ជើង អ្នកជម្ងឺ​មាន​សរសៃ​ឈាម​ត្រង់ក​ប៉ោង​រហូត​អាចឱ្យ​អ្នកជម្ងឺ​ស្លាប់ផងដែរ។ ក្រៅពីនេះ​លោកអ្នក​ដែលមាន​ជម្ងឺ​រលាក​ស្រោម​បេះដូង​អាច​ប្រឈម​មុខនឹង​ភាពស្ទះ ហើយ​អ្នកជម្ងឺ​អាច​សន្លប់​បាត់ស្មារតី ស្របពេល​ដែលជួប​ឬឃើញ​រឿងរ៉ាវ​រន្ធត់​ណាមួយ។

ដំបូន្មាន​អ្នក​ជំនាញ

ដើម្បី​បញ្ចៀស​ជម្ងឺ​រលាក​ស្រោម​បេះដូង​នេះ លោកអ្នក​ត្រូវតែ​មាន​អនាម័យ​ទាំងការ​ទទួលទាន​អាហារ និង​ទទួលទាន​ដំណេក ជាពិសេស​ការពារ​ជម្ងឺផ្សេងៗ​ទៀត ដូចជា​ជម្ងឺ​របេង ជម្ងឺ​រលាក​សន្លាក់​ដៃជើង​ជាដើម។ បើ​លោកអ្នក​មានជម្ងឺ​នេះហើយ​ត្រូវ​រួសរាន់​ទៅកាន់​មន្ទីរពេទ្យ​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​ព្យាបាល​ឱ្យជា​សះស្បើយ ព្រោះ​វាជាដើម​ចម​ដែលបង្ក​ឱ្យមានជម្ងឺ​រលាក​ស្រោម​បេះដូង​តែម្ដង។ ម្យ៉ាងទៀត​ប្រសិនបើ​លោកអ្នក​មាន​បង្ហាញ​អាការ​ហត់ ឬ​ឈឺ​ដើមទ្រូង​ផ្នែក​ខាងឆ្វេង​ខ្លាំង ដូចការ​បង្ហាញ​រោគសញ្ញា ខាងលើ​នោះ ក៏ត្រូវ​ប្រញាប់​ទៅមន្ទីរពេទ្យ ព្រោះ​វាជា​រោគសញ្ញា​ជម្ងឺ​រលាក​ស្រោម​បេះដូង។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៦ ខែកញ្ញា ឆ្នាំ២០១០

Google Analytics Alternative