ជម្ងឺ​​​សន្លាក់ឆ្អឹង​​​ទ្រុឌទ្រោម

លោកអ្នកដែលតែងតែមានអារម្មណ៍ថា​ឈឺចាប់​នៅពេល​ដែល​ធ្វើ​ចលនា ដូចជាដើរ រត់ ឬក៏ធ្វើ​ចលនា​ដៃជើង ឬក៏​មាន អាការៈ​មួយចំនួន​ទៀត ដូចជាប៉ោង ហើម ឬតឹង ដែលធ្វើ​ឱ្យ​លោកអ្នក​ពិបាក​ធ្វើ​ចលនា ជាពិសេស​នៅពេល​ដែលឡើង​ជណ្ដើរ ឬចុះ ជណ្ដើរ ទាំងនេះ​គឺជា​រោគសញ្ញា​ដែលអាច​បញ្ជាក់ថា លោកអ្នក​នាងកញ្ញា​អាចនឹង​កើតមាន​សន្លាក់ឆ្អឹង​ទ្រុឌទ្រោម។ ជម្ងឺសន្លាក់​ឆ្អឹង ទ្រុឌ​ទ្រោម​នេះ​តែងតែ​វាយ​ប្រហារ​លើមនុស្ស​វ័យកណ្ដាយ និងវ័យ​ចំណាស់។

រូបភាពទស្សនាវដ្តីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង ជួបជាមួយ​លោក​វេជ្ជបណ្ឌិត លី ជាតិតា ឯកទេស​ជម្ងឺ​សន្លាក់ឆ្អឹង សាច់ដុំ និងជម្ងឺ​ទូទៅ នៃមន្ទីរ​ពេទ្យ​មិត្ដភាពខ្មែរ-សូវៀត នឹងបក​ស្រាយអំពី​ជម្ងឺ​សន្លាក់​ទ្រុឌទ្រោម ដើម្បីឱ្យ​លោកអ្នក​នាងកញ្ញា​បានយល់ និងជ្រាប​កាន់តែ​ ច្បាស់​អំពី​ជម្ងឺ​នេះ។​

ជម្ងឺសន្លាក់ឆ្អឹងទ្រុឌទ្រោម

ជម្ងឺសន្លាក់ឆ្អឹងទ្រុឌទ្រោមគឺជា​ប្រភេទ​ជម្ងឺ​ដែល​មាន​ទំនាក់​ទំនង​ជាមួយ​នឹងការ​សឹក​រេចរឹល ការ​ទ្រុឌទ្រោម និងការចុះ​ ខ្សោយ​នៃ​សន្លាក់ឆ្អឹង​របស់មនុស្សម្នាក់ៗ។ ភាព​ទ្រុឌទ្រោម​នៃសន្លាក់​ឆ្អឹង​របស់​មនុស្សនេះ ច្រើនតែ​កើតមាន​ឡើង​ចំពោះ​មនុស្សវ័យកណ្ដាល​ និងវ័យ​ចំណាស់ ដោយចាប់​ពីអាយុ​៤០ទៅ៥០​ឡើងទៅ។

រោគសញ្ញាជម្ងឺសន្លាក់ឆ្អឹងទ្រុឌទ្រោម

នេះជារឿងមួយដែលសំខាន់​បំផុត​សម្រាប់​លោកអ្នក​នាងកញ្ញា​ដែលមាន​បញ្ហា​ទាក់ទង​ទៅនឹង​ជម្ងឺ​សន្លាក់នេះ ដោយលោក​ អ្នក​នាងកញ្ញា​ត្រូវតែ​សិក្សា​ស្វែងយល់​ឱ្យបាន​ច្បាស់​អំពី​រោគ​សញ្ញា​ផ្សេងៗ​នៃជម្ងឺ​សន្លាក់។

– ជាធម្មតានៅពេលដើរ អ្នកជម្ងឺ​តែងតែ​មានអារម្មណ៍​ថាឈឺ​នៅពេល​ដែលធ្វើ​ចលនា។ នៅពេល​ដែលសម្រាក​គឺមិនមានការ​ឈឺចាប់​នោះទេ ប៉ុន្ដែ​បើសិន​ជាជម្ងឺ​សន្លាក់មាន​ការ​វិវឌ្ឍន៍​ធ្ងន់ធ្ងរ ទោះបី​អ្នកជម្ងឺ​មិនធ្វើ​ចលនា​ក៏បណ្ដាល​ឱ្យមាន​ការ​ឈឺចុក​ចាប់ដែរ។​ បើសិន​ជាអ្នក​ជម្ងឺ​ធ្វើ​ចលនា​កាន់តែ​ច្រើន ការ​ឈឺចាប់​កាន់តែ​ខ្លាំង។​

– ចំពោះរោគសញ្ញាមួយទៀតនោះគឺធ្វើ​ឱ្យសន្លាក់​ប៉ោងហើម តឹង ធ្វើឱ្យអ្នក​ជម្ងឺពិបាក​ធ្វើចលនា ជាពិសេស​នៅពេល ​ដែលឡើង​ជណ្ដើរ ឬចុះជណ្ដើរ​គឺមាន​ការលំបាក​បំផុត។

– ម្យ៉ាងទៀតនៅពេលដែលអ្នកជម្ងឺ​មកជួប​ជាមួយ​គ្រូពេទ្យ​ឯកទេស អ្នកជម្ងឺ​បានប្រាប់​គ្រូពេទ្យ​ថានៅ​ពេលដែល​បត់ម្រាម ​ដៃឬ​លាម្រាមដៃ ឬក៏ធ្វើ​ចលនា​ផ្សេងៗ​គឺបាន​ឡើង​សម្លេង​ប្រិបៗ​ដូចគេ​កាច់ម្រាមដៃ ជាពិសេស​សម្លេង​នេះច្រើន​តែកើត​មាននៅ ​លើជង្គង់ នេះជា​ចំណុច​សំខាន់​ដែលអ្នក​ជម្ងឺ​គួរតែ​ចាប់អារម្មណ៍។ ប៉ុន្ដែ​ចំពោះ​ការលាន់​ឡើង​សូរ​សម្លេង​ដូចគេ​កាច់​ម្រាមនេះ មិនមែន​ មានន័យថា​លោកអ្នក​សុទ្ធតែ​កើតមាន​ជម្ងឺសន្លាក់​ទាំងអស់​នោះទេ ប៉ុន្ដែវា​អាចនឹង​បន្ដកើត​មាន​ជម្ងឺ​សន្លាក់​ទៅថ្ងៃ​ក្រោយបាន។

មូលហេតុដែលបណ្ដាលឱ្យកើតមានជម្ងឺសន្លាក់ឆ្អឹងទ្រុឌទ្រោម

មូលហេតុដែលបណ្ដាលឱ្យ​កើតមាន​ជម្ងឺសន្លាក់​ឆ្អឹងទ្រុឌ​ទ្រោម​នេះគឺ​មានច្រើន​ករណី​ដូចជា ៖

– ទាក់ទងជាមួយវ័យ ៖ កាលណា​អាយុកាន់​តែច្រើន​ធ្វើឱ្យ​សន្លាក់​ទ្រុឌទ្រោម​ទៅតាម​វ័យរបស់​មនុស្ស​យើងដែរ មានន័យថា​ កាលពីនៅក្មេង សន្លាក់ឆ្អឹង​លូតលាស់ល្អ វាមិនមាន​បញ្ហាអ្វី​នោះទេ។ តែនៅ​ពេលដែល​ឈានចូល​ដល់វ័យ​ចំណាស់ ចាប់ពី​អាយុ២០ឆ្នាំ​ ទៅ៣០ឆ្នាំ​ឡើងទៅ សន្លាក់ឆ្អឹង​របស់មនុស្ស​យើងម្នាក់ៗមិនលូត​លាស់ដូច​កាលពី​នៅក្មេង​នោះទេ។

– បុគ្គលលើសទម្ងន់ ៖ ចំពោះបុគ្គលដែល​លើស​ទម្ងន់ងាយ​នឹងធ្វើ​ឱ្យសន្លាក់​ឆ្អឹង​ទ្រុឌទ្រោម​ណាស់ ព្រោះអ្នក​ដែលលើស ទម្ងន់នេះ​អាចធ្វើ​ឱ្យទម្ងន់​សង្កត់ទៅ​លើសន្លាក់​ឆ្អឹងផ្នែក​ខាងក្រោម កាលណា​សង្កត់យូរៗ​ទៅអាច​ធ្វើឱ្យ​សន្លាក់ឆ្អឹង​ទ្រុឌទ្រោម​បាន។

– អ្នកជម្ងឺធ្លាប់រងនូវគ្រោះថ្នាក់ និងកើត​មានជម្ងឺ​សន្លាក់​រ៉ាំរ៉ៃ ៖ អ្នកជម្ងឺ​ធ្លាប់បាន​ជួប​ជាមួយ​ឧបទ្ទវហេតុ ដូចជា​គ្រោះថ្នាក់​ ចរាចរណ៍ ឬក៏ធ្លាក់​ពីលើ​ដើមឈើ​ដែលធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សន្លាក់។

– ភាពមិនធម្មតានៃរចនាសម្ព័ន្ធសន្លាក់ ៖ ឆ្អឹង​សន្លាក់​អាចវៀច​ចេញក្រៅ​ឬចូលក្នុង ឬក៏​ឆ្អឹងសន្លាក់​ស្ដើងពេក ឬក៏ក្រាស់ ពេក ជម្ងឺ​សន្លាក់​ទាំងនេះ​អាចកើត​ឡើងដោយ​ចាប់ពី​ក្មេង​ឡើងទៅ។

រូបភាពទស្សនាវដ្តីសុខភាពយើង

វិធីព្យាបាលជម្ងឺសន្លាក់ឆ្អឹងទ្រុឌទ្រោម

វិធីព្យាបាលជម្ងឺសន្លាក់ឆ្អឹងទ្រុឌទ្រោមនេះគឺ​ត្រូវតែ​ធ្វើការ​ព្យាបាល​ជាមួយ​វេជ្ជបណ្ឌិត​ឯកទេស​ច្បាស់លាស់ ហើយការ​ ព្យាបាល​នេះមាន​ពីរ​វិធី​ដូចជា ៖

– ព្យាបាលដោយការប្រើប្រាស់ថ្នាំ ៖ ថ្នាំទាំង​នេះមាន​ដូចជា​ថ្នាំ​បំបាត់ការ​ឈឺចុកចាប់ ថ្នាំជំនួយ​ឱ្យឆ្អឹង​រឹងមាំ ថ្នាំជំនួយ​ដល់ កោសិកា​សន្លាក់ឱ្យ​លូតលាស់​ឡើងវិញ​ម្ដងបន្ដិច ថ្នាំជំនួយ​ឱ្យកោសិកា​សន្លាក់​មានសារ​ជាតិរំអិល ដើម្បីជួយ​ទ្រទ្រង់​សន្លាក់​របស់អ្នក ជម្ងឺឱ្យ​មានភាព​ប្រសើរ​ឡើងវិញ។

– ព្យាបាលដោយការវះកាត់ ៖ បើសិន​ជាការ​ព្យាបាល​ដោយការ​ប្រើប្រាស់​ថ្នាំមិនមាន​ប្រសិទ្ធភាព​នោះទេ ជាពិសេស​ចំពោះ​អ្នកជម្ងឺ​សន្លាក់​ទ្រុឌទ្រោម​ធ្ងន់ធ្ងរ គឺមាន​តែវិធី​វះកាត់​ផ្លាស់ប្ដូរ​សន្លាក់​សិប្បនិម្មិត​នោះទេ ដែលអាច​ជួយដល់​អ្នក​ជម្ងឺ​អាច​ មានចលនា​ឡើងវិញ​ ប៉ុន្ដែវា​មិនអាច​មាន​ចលនា​បានមួយ​រយភាគរយ​នោះទេ។

ផលប៉ះពាល់នៃជម្ងឺសន្លាក់ឆ្អឹងទ្រុឌទ្រោម

ចំពោះជម្ងឺសន្លាក់ឆ្អឹងទ្រុឌទ្រោមនេះ អាចបង្ក​ឱ្យមាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដូចជា ៖

– អ្នកជម្ងឺអាចបាត់បង់នូវសកម្មភាពប្រចាំថ្ងៃ​ដែលធ្វើ​ឱ្យ​ប៉ះពាល់​ទៅដល់​សេដ្ឋកិច្ច​ប្រចាំ​ថ្ងៃ​របស់​គ្រួសារ។

– អ្នកជម្ងឺត្រូវចំណាយថវិកាច្រើន​នៅក្នុង​ការព្យាបាល​ជម្ងឺ។

– បង្កឱ្យប៉ះពាល់ទៅលើសុខភាពរបស់អ្នក​ជម្ងឺផ្ទាល់​តែម្ដង គឺអ្នក​ជម្ងឺមិន​អាចហាត់​ប្រាណបាន និងមិន​អាចដើរ​បានឆ្ងាយ។ បើសិន​ជាអ្នក​ជម្ងឺមិន​បានមក​ធ្វើការ​ព្យាបាល​ឱ្យបាន​ទាន់ពេល​វេលា អាចបណ្ដាល​ឱ្យអ្នក​ជម្ងឺពិការ។

វិធានការការពារ ដើម្បីកុំឱ្យកើតមានជម្ងឺសន្លាក់

វិធានការទប់ស្កាត់ដើម្បីកុំឱ្យកើតមានជម្ងឺសន្លាក់​ទ្រុឌទ្រោម​នេះ គឺត្រូវចែក​ជាពីរ​ដូចជា ៖

១ . បុគ្គលដែលកើតមានជម្ងឺសន្លាក់

– អ្នកជម្ងឺដែលកើតមានជម្ងឺសន្លាក់​ទ្រុឌទ្រោម​គប្បី​ត្រូវតែ​ធ្វើការ​ព្យាបាល​ជាចាំបាច់ តាមរយៈ​ការ​ប្រើប្រាស់​ថ្នាំ ឬក៏វិធី ​ផ្សេងៗ​ទៀតទៅ​តាមប្រភេទ​របស់​ជម្ងឺ។

– អ្នកជម្ងឺត្រូវតែកាត់បន្ថយនូវការធ្វើចលនា ដូចជា​ដើរច្រើន ឈរច្រើន ឬក៏យួរ​របស់របរ​ធ្ងន់ៗ​លើសពី​ទម្ងន់ខ្លួន​អ្នកជម្ងឺ​ នេះមិនមែន​ជារឿង​មួយប្រសើរ​នោះទេ គឺអាច​ធ្វើឱ្យ​អ្នកជម្ងឺ​មានសភាព​ធ្ងន់ធ្ងរ។ បើសិន​ជាអ្នក​ជម្ងឺមាន​សភាព​ធូរស្បើយ​នៅក្រោយ​ ពេលដែល​ព្យាបាល​ហើយនោះ អ្នកអាច​ធ្វើចលនា​បានខ្លះៗ​ដែរ ប៉ុន្ដែ​មិនអាច​ដើរបាន​ច្រើនដូចជា​អ្នកដែល​គ្មានជម្ងឺ​នោះទេ។ ព្រោះការ​ ព្យាបាល​នេះ​មិនមែន​ជាបាន​ល្អ ឬក៏​ដូចដើម​មួយរយភាគរយ​នោះទេ គឺគ្រាន់តែ​ជាការ​ជួសជុល​នូវការ​ខូចខាត​ផ្នែកខ្លះៗ​តែប៉ុណ្ណោះ។​ ដូចនេះ​អ្នកជម្ងឺ​ត្រូវតែ​មានការ​ប្រុងប្រយ័ត្ន​ជានិច្ច។

រូបភាពទស្សនាវដ្តីសុខភាពយើង

២ . ចំពោះអ្នកជម្ងឺមិនទាន់​កើតមាន​ជម្ងឺសន្លាក់

– ចំពោះអ្នកធាត់លើសទម្ងន់​ត្រូវតែ​សម្រក​ទម្ងន់។

– បុគ្គលដែលធ្វើការងារធ្ងន់ៗ គួរតែប្ដូរ​ទៅធ្វើ​ការងារ​ស្រាលៗ​វិញ។

– ចំពោះបុគ្គលមួយចំនួនដែលចូលចិត្ដទទួល​ទាន​គ្រឿង​ស្រវឹង និងបារី គួរតែកាត់​បន្ថយ។

– បើសិនជាអ្នកជម្ងឺកើតមានជម្ងឺសន្លាក់​រ៉ាំរ៉ៃ​ត្រូវតែ​ប្រញាប់​មកធ្វើ​ការ​ព្យាបាល​ឱ្យបាន​ទាន់ពេល​វេលា ដើម្បី​ការពារ​កុំឱ្យ​ ជម្ងឺនេះ​មានការ​រីករាល​ដាលកាន់​តែខ្លាំង ដែលពិបាក​នៅក្នុង​ការ​ព្យាបាល។

– បើសិនជាអ្នកជម្ងឺមានវ័យក្មេងដែល​កើតមាន​ភាពមិន​ធម្មតា​ពីធម្មជាតិ ដូចជា​ឆ្អឹងសន្លាក់​អាចវៀច​ចេញក្រៅ​ឬចូលក្នុង​ ឬក៏ឆ្អឹង​សន្លាក់វា​ស្ដើងពេក​ឬក៏ក្រាស់ពេក ត្រូវតែ​ប្រញាប់​ធ្វើការ​ព្យាបាល​ឬក៏​វះកាត់​ឱ្យបាន​ទាន់ពេល​វេលា។

– លោកអ្នកនាងកញ្ញាត្រូវតែមានរបៀបរបប​នៅក្នុង​ការហាត់​ប្រាណ​ជាប្រចាំ ហើយការ​ហាត់ប្រាណ​នេះ​មិនមែន​ហាត់តាម​បែបកីឡា​នោះទេ គឺហាត់ប្រាណ​តាមបែប​ធម្មតា ដោយ​មានដើរ រត់តិចៗ ឬជិះកង់​ជាដើម នេះគឺជា​វិធីដ៏ល្អ​បំផុត​សម្រាប់​អ្នក ដែល​មិនទាន់​កើតមាន​ជម្ងឺ​សន្លាក់។

ដំបូន្មានអ្នកជំនាញ

បើសិនជាលោកអ្នកនាងកញ្ញាដែលកើតមាន​ការ​ឈឺសន្លាក់​គួរតែ​ប្រញាប់មក​ព្យាបាល​ឱ្យបាន​ទាន់ពេល​វេលា ដើម្បី​ការពារ ​កុំឱ្យ​ជម្ងឺ​នេះវិវឌ្ឍន៍​បន្ដ​ទៅទៀត​ដែលមិន​អាច​ព្យាបាល​បាន ហើយឈាន​ទៅដល់​ការវះ​​កាត់ ដែលត្រូវ​​​​​​​​​​​​​​​​ចំណាយ​ថវិកាច្រើន ដែលអាច​ ប៉ះពាល់​ទៅដល់​ជីវភាព​គ្រួសារ នេះគឺ​ជារឿង​មួយមិន​ល្អនោះ​ទេ។ អ្វីដែល​ល្អជាង​នេះគឺ​ត្រូវតែ​ស្វែងរក​គ្រូពេទ្យ​ដែលមាន​ជំនាញ​ច្បាស់ លាស់ ដើម្បី​ធ្វើការ​ព្យាបាល​ទើបជា​ការ​ប្រសើរ។ លោកអ្នក​នាងកញ្ញា​ត្រូវតែ​បរិភោគ​អាហារ​ឱ្យបាន​គ្រប់គ្រាន់ និងសម្បូរ​ទៅដោយ​ ជាតិកាល់ស្យូម វីតាមីនដេ ជាតិប្រូតេអ៊ីន នេះគឺ​ជាវិធី​ជួយឱ្យ​សុខភាព​ឆ្អឹងរឹងមាំ​ល្អ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៤ ខែឧសភា ឆ្នាំ២០១១

Google Analytics Alternative