វិធី​ចាក់ថ្ពាល់​បំប៉ោង

ជាធម្មតា​មនុស្ស​គ្រប់រូប​នៅពេល​ដែលឈាន​ដល់​វ័យចំណាស់ ផ្ទៃមុខ​តែងតែ​មាន​សភាព​ជ្រួញ យារធ្លាក់ និង​ផត​ជាដើម។ ចំណែក​ឯសុខភាព​នារី​មួយចំនួន​ដែលមាន​ថ្ពាល់​មិនពេញ​ស្អាត ថ្ពាល់ផត​តាំងពី​កំណើត បើសិនជា​បណ្ដោយ​ឱ្យសម្រស់​បាត់បង់​ដោយ​មិនបាន​ស្វែងរក​នូវអ្វី​ដែលអាច​ជួយឱ្យ​ផ្ទៃមុខ​មានភាព​ស្រស់ស្អាត និង​ក្មេង​ជាងវ័យ​បាននោះ វាពិត​ជាគួរ​ឱ្យ​សោកស្ដាយ​ខ្លាំងណាស់។ វិធី​ចាក់ថ្ពាល់​បំប៉ោង​គឺអាច​ជួយមិត្ដ​នារីបាន​ដោយ​ប្រើប្រាស់​សារធាតុ​ចាក់​បំពេញ​ចូលទៅក្នុង​ផ្ទៃមុខ។ សារធាតុ​ទាំងនេះ​បានផ្ដល់​នូវសារៈ​ប្រយោជន៍​ច្រើន ដែលអាច​ជួយឱ្យ​ផ្ទៃមុខ​ពេញស្អាត មិនផត មិនយារ​ធ្លាក់ជាដើម។ ប៉ុន្ដែ​សារធាតុ​ទាំងនេះ​ក៏បាន​ផ្ដល់នូវ​ផល​ប៉ះពាល់​មួយចំនួន​ដែរ បើសិនជា​មិត្ដនារី​ជ្រើសរើស​នូវ​កន្លែង​ដែល​មិនមាន​សុវត្ថិភាព និង​មិនមាន​ជំនាញ​ច្បាស់លាស់​នោះ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង ជួប​ជាមួយ​លោក​វេជ្ជបណ្ឌិត ស្រេង រាសី អ្នក​ជំនាញ​សើស្បែក​នៅមជ្ឈមណ្ឌល​ថែរក្សា​សម្ផស្ស មេហ្គាប៊ែល នឹង​ពន្យល់​អំពី​វិធីចាក់​ថ្ពាល់​បំប៉ោង ដើម្បី​ឱ្យ​លោកអ្នក​បានយល់​ឱ្យ​កាន់តែ​ច្បាស់​អំពី​បញ្ហា​នេះ។

អ្វីទៅ​គឺជា​ការចាក់​ថ្ពាល់​បំប៉ោង?

ការ​ចាក់ថ្ពាល់​បំប៉ោង​គឺជា​ការចាក់​នូវសារធាតុ​មួយគឺ​សារធាតុ ហ្វីលល័រ (​Fillers) ដើម្បី​បំពេញ​នៅលើ​ថ្ពាល់​ដែលផត ថ្ពាល់​មិនពេញ​ស្អាត។ កាល​ពីមុន​អ្នក​ឯកទេស​បាន​ប្រើប្រាស់​សារធាតុ​ចាក់​បំពេញ​ម្យ៉ាង​គឺស៊ីលីកូន​ (Silicon)​ដើម្បីចាក់​បំពេញ។ ប៉ុន្ដែ​ឥឡូវ​ស៊ីលីកូន​ត្រូវបាន​ហាមឃាត់​ដោយ​ត្រូវប្ដូរ​ទៅ​ប្រើប្រាស់​សារធាតុ​ចាក់បំពេញ​ផ្សេងទៀត​វិញ ព្រោះ​ស៊ីលីកូន​​បានផ្ដល់​នូវ​ផលវិបាក​ជាច្រើន ជាពិសេស​ធ្វើឱ្យ​មាន​ប្រតិកម្ម​ដល់អ្នក​ដែល​ប្រើប្រាស់។ សារធាតុ​ចាក់​បំពេញ​មានច្រើន​ប្រភេទ​ដែលគេ​តែងតែ​ប្រើ​ញឹកញាប់​ជាងគេ​នោះ គឺហ៊ីយ៉ាលុយ​រ៉ូនិកអាស៊ីដ រ៉េស្ទីឡាន និងមាន​ជាច្រើន​ទៀត ដូចជា​ពួក​ស្គុលត្រា (អាចប្រើ​បានចំពោះ​អ្នកជម្ងឺ​អេដស៍ ព្រោះ​សារជាតិ​នេះអាច​ធ្វើឱ្យ​នៅរហូត)។

វិធី​ចាក់ថ្ពាល់​បំប៉ោង

វិធី​ចាក់ថ្ពាល់​បំប៉ោងនេះ​គឺ​ត្រូវតែ​អនុវត្ដ​ដោយអ្នក​ឯកទេស និងមាន​ជំនាញ​ពិតប្រាកដ។ វិធី​ចាក់ថ្ពាល់​បំប៉ោង​នេះ​ចាប់ផ្ដើម​ដំបូង​គឺ ៖

  • នៅមុន​ពេល​ចាប់ផ្ដើម​ចាក់ថ្ពាល់​បំប៉ោង ជាដំបូង​ស្ដ្រី​គ្រប់រូប​ត្រូវតែ​ធ្វើការ​ពិភាក្សា​ជាមួយ​អ្នក​ជំនាញ​ជាមុន​សិន ដើម្បី​ឱ្យអ្នក​ជំនាញ​ធ្វើការ​ពិនិត្យ​ទៅលើ​ទម្រង់​មុខថា តើ​ទម្រង់មុខ​បែបនេះ​នៅពេល​ដែលចាក់​សារធាតុ​បំប៉ោង​ទៅអាច​ធ្វើឱ្យ​ផ្ទៃមុខ​ស្រស់ស្អាត និង​សមដែរ​ឬអត់។ បន្ទាប់មក​អ្នកជំនាញ​នឹង​ធ្វើការ​ពន្យល់​ឱ្យបាន​ច្បាស់​អំពី​ផល​ប៉ះពាល់ និងសារ​ប្រយោជន៍​នៃការ​ចាក់ថ្ពាល់​បំប៉ោង។
  • បន្ទាប់ពី​ពន្យល់​ប្រាប់​រួចរាល់​ហើយ អ្នក​ជំនាញ​ចាប់ផ្ដើម​ថតរូប ដោយ​ថត​ចំពីមុខ និង​ថតពី​ចំហៀង សងខាង ធ្វើបែប​នេះ ដើម្បី​ដឹងថា នៅពេល​ដែលចាក់​ថ្ពាល់​បំប៉ោង​ហើយ តើមាន​អ្វីខុស​ប្លែក​ឬអត់។
  • ឈានដល់​វិធី​ចាក់ថ្ពាល់​បំប៉ោង ជាដំបូង​អ្នកជំនាញ​ប្រើប្រាស់​ថ្នាំស្ពឹក​លាប​នៅលើ​កន្លែង​ដែល​ត្រូវចាក់ ដោយ​ទុក​រយៈពេល ៤៥នាទី ទើប​ចាប់ផ្ដើម​ចាក់​សារធាតុ​បំប៉ោង​ចូលទៅលើ​ផ្ទៃមុខ។
  • បន្ទាប់ពី​ចាក់ថ្ពាល់​បំប៉ោង​ហើយ អ្នក​ជំនាញ​តែងតែ​លញ់​នៅកន្លែង​ដែលចាក់​នោះ ដើម្បី​ធ្វើឱ្យ​ទម្រង់មុខ​មានភាព​ស្មើគ្នា។
  • ធម្មតា​នៅពេល​ដែលចាក់​ថ្ពាល់​បំប៉ោង​ហើយ អាចមាន​អាការ​ឈឺចុក​ចាប់ខ្លះ និងមាន​អារម្មណ៍​តឹង ឬ​ក៏មាន​ហើម​បន្ដិចបន្ដួច។ ចំពោះ​អាការ​ទាំងអស់​នេះនឹង​បាត់ទៅ​វិញ​បន្ទាប់​ពីរយៈពេល​២ទៅ​៣ថ្ងៃ​ក្រោយមក។

សារប្រយោជន៍​នៃការ​ចាក់បំប៉ោង​ថ្ពាល់

ការ​ចាក់បំប៉ោង​ថ្ពាល់​មានសារៈ​ប្រយោជន៍​សំខាន់​ច្រើន ព្រោះ​មនុស្សយើង​គ្រប់រូប នៅពេល​ដែលឈាន​ដល់​វ័យចំណាស់ ថ្ពាល់​ចាប់ផ្ដើម​ធ្លាក់ ហើយ​មានចង្អូរ​នៅកៀន​ច្រមុះ​ជ្រៅ។ ដូចនេះ​នៅពេល​ដែលចាក់​បំប៉ោង​ថ្ពាល់​អាចជួយ​ឱ្យចង្អូរ​រលុបបាត់​ឬមិន​ឱ្យឃើញ​ជ្រៅ ជួយឱ្យ​ថ្ពាល់ប៉ោង មិនយារ​ធ្លាក់ ជាពិសេស​ក៏អាច​ជួយបំបាត់​ស្នាមជ្រួញ​ផងដែរ ដែលអាច​ធ្វើឱ្យ​ទម្រង់មុខ​ក្មេង​ជាងវ័យ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ផលប៉ះពាល់​នៃការ​ចាក់បំប៉ោង​ថ្ពាល់

ជាការ​ពិតណាស់​វិធីចាក់​បំប៉ោងថ្ពាល់​នេះក៏​អាចធ្វើ​ឱ្យមាន​ផល​ប៉ះពាល់​មួយចំនួន​ដែរ។ ដូចនេះ​ការចាក់​បំប៉ោង​ថ្ពាល់​នេះគឺ ទាមទារ​ឱ្យស្ដ្រី​គ្រប់រូប​ស្វែងរក​អ្នកដែល​មាន​ជំនាញ ដើម្បី​ចៀសវាង​កើតនូវ​ផលលំបាក​មួយចំនួន​ដូចជា ៖

  • មាន​អាការ​ហើមខ្លះៗ ប៉ុន្ដែ​វានិង​បាត់ទៅ​វិញ បន្ទាប់​ពីចាក់​ហើយ​បាន២​ទៅ៣ថ្ងៃ
  • អាចមាន​ជាំដោយ​សារការ​ចាក់ម្ជុល​ចូល(ជាំ​ឈាមមិនមែន​ជាំនៅលើ​ផ្ទៃមុខ​ដូចជា​មុខជាំ​នោះទេ) ហើយជាំ​នេះនឹង​បាត់​ទៅវិញ​បន្ទាប់ពី​មួយសប្ដាហ៍​ក្រោយមក។
  • អាចឆ្លង​នូវមេរោគ​ដែលអាច​ធ្វើឱ្យ​ទៅជាអា​ប់សែ​កើតឡើង​ដោយ​មិនបាន​ធ្វើការ​សម្អាត​ឱ្យបាន​ត្រឹមត្រូវ
  • អាច​កើតមាន​អាឡែកស៊ី
  • អាច​កើតមាន​ដុះរឹង​ក្រហម ហើយ​មានការ​ឈឺចាប់​បើសិនជា​ប្រើប្រាស់​សារធាតុ​ស៊ីលីកូន
  • អាចដូរ​ទីតាំង ដោយ​ធ្លាក់ចុះ​ដែលធ្វើ​ឱ្យខូច​ទម្រង់មុខ។
  • នៅពេល​ដែលចាក់​ថ្ពាល់​បំប៉ោង​អាចធ្វើ​ឱ្យ​រលួយសាច់​មួយដុំ​នៅកន្លែង​ដែលចាក់ ដោយសារ​តែមាន​ការ​ស្ទះសរសៃ​ឈាម ហើយ​បើសិនជា​លោកអ្នក​មិនបាន​មកជួប​ជាមួយ​អ្នកជំនាញ​វិញទេ អាចធ្វើ​ឱ្យស្ពឹក​មួយចំហៀង​ថ្ពាល់ ឬ​ស្ពឹកថ្ពាល់​ទាំងពីរ​ជាដើម។

វិធី​ការពារ​នៅក្រោយ​ពេល​ចាក់បំប៉ោង​ថ្ពាល់

វិធី​ការពារ​នៅក្រោយ​ពេល​ដែលចាក់​ថ្ពាល់​បំប៉ោង​មាន​ដូចជា ៖

  • នៅថ្ងៃ​ដំបូង​គឺ​ត្រូវតែ​ឱ្យអ្នក​ជំនាញ​ធ្វើការ​ម៉ាស្សា​ថ្មមៗ​នៅលើ​ថ្ពាល់ ដើម្បី​ឱ្យដុំ​វាស្មើគ្នា
  • អាចធ្វើ​ការស្អំ​ទឹកកក​បាន ដើម្បី​កាត់​បន្ថយការ​ហើម​និង​ឈឺចុកចាប់ ឬក៏​អាច​ទទួលទាន​ថ្នាំ​បំបាត់​ការ​ឈឺចុកចាប់
  • នៅពេល​ដែលចាក់​ថ្ពាល់​ហើយ គឺ​មិនត្រូវ​ទៅស្ទីម​មុខ ឬក៏​ឱ្យ​ផ្ទៃមុខ​ត្រូវ​កម្ដៅ​ថ្ងៃខ្លាំង ឬក៏​ទៅធ្វើ​ការ​ម៉ាស្សា​ខ្លាំងៗ​នោះទេ នៅក្នុង​រយៈពេល​ពីរ​សប្ដាហ៍។
  • ស្ដ្រី​គ្រប់រូប​ត្រូវ​ត្រឡប់​មកជួប​ជាមួយ​អ្នក​ជំនាញ​វិញ នៅរយៈ​ពេលបី​សប្ដាហ៍​ក្រោយពេល​ដែលចាក់​ថ្ពាល់​បំប៉ោង​រួច។
  • សារជាតិ​ថ្នាំ​ដែលចាក់​ទៅលើ​ថ្ពាល់​អាចមាន​រយៈពេល​ពី៦ខែ​ទៅ២ឆ្នាំ ដូចនេះ​នៅក្នុង​រយៈពេល​៦ខែ​ត្រូវតែ​មក​ជួបជាមួយ​អ្នកជំនាញ​ម្ដងទៀត ដើម្បី​ដឹងថា​តើត្រូវ​ធ្វើការ​ចាក់បន្ថែម​ដែរ​ឬអត់។

ដំបូន្មាន​អ្នក​ជំនាញ

ស្ដ្រី​គ្រប់រូប​ដែលចង់ធ្វើ​ការ​ចាក់ថ្ពាល់​បំប៉ោង ត្រូវ​ចៀសវាង​នូវការ​ប្រើប្រាស់​នូវ​ពពួក​សារធាតុ​ចាក់បំពេញ​មួយចំនួន​ដែលមិន​រលាយ ដូចជា​ស៊ីលីកូន។ ព្រោះថា​ការ​ប្រើប្រាស់​ពួក​ស៊ីលីកូន​អាចបង្ក​ឱ្យកើត​មានបញ្ហា​ទៅថ្ងៃ​ក្រោយ នៅពេល​ដែលមាន​បញ្ហា វិធី​ព្យាបាល​គឺមាន​ការ​លំបាក។ ស្ដ្រី​គ្រប់រូប​ដែល​ចង់ចាក់​បំប៉ោង​ថ្ពាល់​ត្រូវតែ​ស្វែងរក​កន្លែង​ដែលមាន​សុវត្ថិភាព និងមាន​ជំនាញ​ច្បាស់លាស់។ មិនត្រូវ​ចង់បាន​នូវ​របស់អ្វី​ដែលមាន​រយៈពេល​យូរពេក និង​តម្លៃ​ថោកពេក​នោះទេ ព្រោះអាច​បង្កឱ្យ​កើតមាន​បញ្ហា​ទៅថ្ងៃក្រោយ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៦ ខែកញ្ញា ឆ្នាំ២០១០

Google Analytics Alternative