បទពិសោធន៍​អ្នកជម្ងឺ​មហារីក​កូន​កណ្ដុរ

ជម្ងឺ​មហារីក​កូនកណ្ដុរ​គឺជា​ការ​រីករាល​ដាល​ខុស​ប្រក្រតី​នៃកោសិកា​ឡាំផូស៊ីត​ក្នុង​ប្រព័ន្ធ​ទឹករងៃ ដែល​វាផ្ដើម​ដំបូង​នៅក្រោម​ខួរឆ្អឹង​ខ្នង។ តាមការ​ស្រាវជ្រាវ​នៅឆ្នាំ​២០០០​ដោយ​អង្គការ​សុខភាព​ពិភព​លោកបាន​បង្ហាញ​ឱ្យដឹង​ថា ជម្ងឺ​មហារីក​កូនកណ្ដុរ ឈរ​លំដាប់​លេខរៀង​ទី១១​ក្នុងចំណោម​ជម្ងឺ​មហារីក​ដែល​កើតលើ​ប្រជាជន​លើ​សកលលោក។ ចំណែក​នៅក្នុង​ប្រទេស​កម្ពុជា ជម្ងឺ​មហារីក​កូន​កណ្ដុរ​នេះគឺ​ស្ថិត​នៅលំដាប់​ថ្នាក់​លេខ៤ បន្ទាប់​ពីជម្ងឺ​មហារីក​មាត់ស្បូន មហារីក​សុដន់ និង​មហារីក​ត្រចៀក​ច្រមុះ​បំពង់ក នេះបើ​តាមការ​ឱ្យដឹង​របស់​ផ្នែក​ជម្ងឺមហារីក​ម៉ារីគួរី នៃមន្ទីរ​ពេទ្យ​មិត្ដភាពខ្មែរ-សូវៀត ដែលបាន​ធ្វើការ​សិក្សា​នៅឆ្នាំ​២០០៣-២០០៤ និង​២០០៥​កន្លងមក។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ខាងក្រោម​នេះ ទស្សនាវដ្ដី សុខភាព​យើង បានជួប​សម្ភាស​ផ្ទាល់​ជាមួយ​នឹងអ្នក​ជម្ងឺមហារីក​កូនកណ្ដុរ ដែលមាន​ភាព​លំបាក និង​រងផល​ប៉ះពាល់​យ៉ាងខ្លាំង​ទៅលើ​បញ្ហា​សុខភាព និង​ការងារ​ជីវភាព​ផ្សេងៗ ដើម្បី​រៀបរាប់​ប្រាប់ទុក​ជាបទពិសោធន៍​មួយ​សម្រាប់​ឱ្យ​លោកអ្នក​ដែល​ពុំទាន់​ជួបនូវ​ជម្ងឺនេះ​ធ្វើការ​ការពារ មុនពេល​ជម្ងឺនេះ​មក​បៀតបៀន​នោះ។

លោក ស.រ.ឌ.ណ មាន​ស្រុក​កំណើត​នៅឃុំ​ខ្ចៅ ស្រុក​កងមាស ខេត្ដកំពង់ចាម បាន​រៀបរាប់ប្រាប់​ទស្សនាវដ្ដី សុខភាពយើង ថា​មុនដំបូង​លោក​មានអាការ​ឈឺខ្លាំង​លើ​រាងកាយ ហត់ ពិបាកដក​ដង្ហើម ស្លេកស្លាំង មាន​ហូរឈាម​តាមជើង​ធ្មេញ ហើយ​និងមាន អារម្មណ៍​ធុញថប់​ពិបាក​រស់នៅ។ លោក​បានបន្ដ​ទៀតថា ដោយសារ​សភាព​ជម្ងឺនេះ​កាន់តែ​ធ្ងន់ ហើយ​កាន់តែ​ពិបាក​ទ្រាំនោះ លោកបាន ធ្វើ​ដំណើរ​មកកាន់​មន្ទីរពេទ្យ​មិត្ដភាពខ្មែរ-សូវៀត ដើម្បី​ឱ្យ​គ្រូពេទ្យ​ពិនិត្យ ដោយ​ច្រឹបយក​សាច់កូន​កណ្ដុរ​ទៅពិនិត្យ។ ពេលនោះ​គ្រូពេទ្យ​ប្រាប់ថា​លោកមាន​ជម្ងឺ​មហារីក​កូនកណ្ដុរ​តែម្ដង។ បន្ទាប់មក​លោក​ក៏ដេក​សម្រាក​ព្យាបាល​តាម​វេជ្ជបញ្ជា​របស់​គ្រូពេទ្យ​តែម្ដង។ លោក​បញ្ជាក់​ទៀតថា ជម្ងឺនេះ​ពិបាក​ទ្រាំ​ណាស់ នៅពេល​ដែល​អាការជម្ងឺ​រើម្ដងៗ ជាពិសេស​ពេល​ឈានដល់​ដំណាក់​កាល​ធ្ងន់ធ្ងរ​ហើយ ព្រោះវា​រីកសាយ​ភាយ និង​រាលដាល​ទៅសរីរាង្គ​ផ្សេងទៀត ដូចជា​ស្រោម​សួត ស្រោម​បេះដូង ខួរឆ្អឹង ឆ្អឹងនិង​ឈាម​ដែលបណ្ដាល​ឱ្យមាន​ការ​ឈឺចាប់​ខ្លាំង ធ្វើឱ្យ​ហត់ ពិបាក​ដកដង្ហើម ស្លេកស្លាំង ឬ​ហូរឈាម​តាមជើង​ធ្មេញ។

ដំបូន្មាន​អ្នក​ជំនាញ

លោក​វេជ្ជបណ្ឌិត គួយ សំណាង ឯកទេស​វេជ្ជសាស្ដ្រ​ទូទៅ និង​ជម្ងឺ​មហារីក និង​ជាអនុ​ប្រធាន​ផ្នែកជម្ងឺ​មហារីក​ម៉ារីគួរី​នៃមន្ទីរពេទ្យ​មិត្ដភាពខ្មែរ-សូវៀត​បាន​និយាយ​ប្រាប់​ទស្សនាវដ្ដី សុខភាពយើងថា ជម្ងឺ​មហារីក​កូនកណ្ដុរ​គឺជា​ជម្ងឺមួយ​ធ្វើឱ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត ប្រសិនបើ​មិនធ្វើ​ការ​ព្យាបាល​ដោយ​យកចិត្ដ​ទុកដាក់​នោះទេ។ ព្រោះ​ជម្ងឺនេះ​វានឹង​កាត់ផ្ដាច់​នូវ​ប្រព័ន្ធ​សរីរាង្គ​ផ្សេងៗ​ដែលមាន​ទំនាក់​ទំនង​តាម​សរសៃ​ឈាម​ក្នុងខ្លួន។ លោក គួយ សំណាង បានបន្ដ​ទៀតថា ប្រសិន​បើ​លោកអ្នក​មាន​ដុះដុំ​នៅលើ​សរីរាង្គកាយ​ត្រង់​កន្លែង​ណាមួយ ដែលអ្នក​សង្ស័យ​ថាបង្ក​ឡើង​ដោយសារ​ជម្ងឺ ត្រូវ​រួសរាន់​មកកាន់​មន្ទីរពេទ្យ​ជាបន្ទាន់ ដើម្បី​ជួប​គ្រូពេទ្យ​ឯកទេស​ធ្វើការ​ពិនិត្យ​រករោគ​វិនិច្ឆ័យ​ឱ្យបាន​ទាន់​ពេលវេលា​ក្នុង​ដំណាក់​កាល​ដំបូង ដើម្បី​ធ្វើការ​ព្យាបាល​ទើប​ទទួល​បាន​លទ្ធផល​ល្អ។ បើមិន​ដូច្នេះ​ទេ លោកអ្នក​អាចជួប​ប្រឈម​មុខទៅ​នឹងជម្ងឺមហារីក​ធ្ងន់ធ្ងរ​ជាមិនខាន​ឡើយ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៥ ខែសីហា ឆ្នាំ២០១០

Google Analytics Alternative