ពោះវៀន​ស្អិត

ពោះវៀន​មាន​មុខងារ​យ៉ាង​សំខាន់​សម្រាប់​ជាផ្លូវ​បញ្ជូន​អាហារ និងជា​គមនាគមន៍​ទំនាក់​ទំនង​តភ្ជាប់​ជាមួយ​នឹង​សរីរាង្គ​ផ្សេងៗទៀត ដើម្បី​ចិញ្ចឹម និង​ទ្រទ្រង់​រាយកាយ​មនុស្ស​ឱ្យមាន​ភាព​ធំធាត់ និង​លូតលាស់។ ប៉ុន្ដែ​ប្រសិនបើ​លោកអ្នក​ឈានដល់​មានជម្ងឺ​ពោះវៀន​ស្អិត លោកអ្នក​អាច​ប្រឈម​នឹង​គ្រោះថ្នាក់ ហើយ​ជម្ងឺ​ពោះវៀន​ស្អិត​ជាជម្ងឺ​ត្រូវការ​វះកាត់​ជាបន្ទាន់។ ជម្ងឺនេះ​កើតឡើង ភាគច្រើន​ទៅលើ​អ្នកដែល​ធ្លាប់​ធ្វើការ​វះកាត់។

រូបភាពទស្សនាវដ្ដីសុខភាពយើង

លោក​វេជ្ជបណ្ឌិត លាង ហ៊ត់ គ្រូពេទ្យ​ឯកទេស​ព្យាបាល​ជម្ងឺ​ក្រពះ ពោះវៀន ថ្លើម នៃមន្ទីរពេទ្យ​ព្រះកេតុមាលា បាន​បកស្រាយ​តាមរយៈ​ទស្សនាវដ្ដី សុខភាពយើង។

ជម្ងឺ​ពោះវៀន​ស្អិត​ជាអ្វី?

ពោះវៀន​ស្អិត​គឺជា​ជម្ងឺ​វះកាត់​បន្ទាន់ ហើយ​មិនមែន​កើតឡើង​ដោយ​ឯងៗ​នោះទេ ភាគច្រើន​កើតមាន​ចំពោះ​លោកអ្នក មួយចំនួន​ក្រោយពេល​ធ្វើការ​វះកាត់​រយៈពេល​ពីរឬ​បីឆ្នាំ បណ្ដាល​ឱ្យ​ពោះវៀន​នេះស្អិត ប្រសិន​បើមិន​ធ្វើការ​ព្យាបាល ឬ​យកចិត្ដ​ទុកដាក់​ថែរក្សា ដោយ​ប្រើប្រាស់​ថ្នាំ​សង្កូវ​ផ្សេងៗ​នោះទេ។ ជម្ងឺនេះ​ក៏កើត​មាន​ចំពោះ​កុមារ ឬ​មនុស្សវ័យ​ជំទង់​ផងដែរ ប៉ុន្ដែ​មាន​តិចតួច​ណាស់។

មូលហេតុ​បណ្ដាល​ឱ្យ​ពោះវៀន​ស្អិត

ជម្ងឺ​ពោះវៀន​ស្អិត​ច្រើនតែ​បណ្ដាល​មកពី​វះកាត់​ពោះវៀន​ម្ដង​រួចមក​ហើយ ដោយ​សារតែ​ពោះវៀន​មាន​ស្លាកស្នាម​ងាយ​នឹង រត់​ទៅរក​ភាព​ផ្សារគ្នា ហើយ​ក៏នឹង​ងាយ​ធ្វើឱ្យ​ប៉ះទៅ​លើ​សរីរាង្គផ្សេងៗ​ដោយ​បង្កឱ្យ​ស្អិត។ នៅពេល​ដែល​ស្អិត​ហើយ​បាន​បង្កឱ្យ​ពោះវៀន​រមួល វាធ្វើ​ឱ្យ​ស្ទះពោះវៀន​ដោយ​ស្វ័យ​ប្រវត្ដិ។ ក្រោយពេល​ពោះវៀន​ស្ទះ​ហើយ​ក៏បង្កើត​បញ្ហា​បន្ថែម​ទៀត គឺ​ធ្វើឱ្យ​លោកអ្នក​បត់ជើង​ធំ​មិនបាន ហើយ​ខ្យល់​លែងដើរ ទល់ផោម បណ្ដាល​ឱ្យ​ពោះវៀន​ដែលស្ទះ​នោះរីក​ធំ​បណ្ដាល​ឱ្យ​លោកអ្នក​ចុកពោះ ហើម​ពោះ ព្រមទាំង​ក្អួត​ទៀតផង។ ម្យ៉ាងទៀត​ជម្ងឺ​ស្អិត​ពោះវៀន​នេះ​ក៏កើតមាន​ចំពោះ​លោកអ្នក​ដែល​មិនធ្លាប់​វះកាត់​ដែរ គឺ​ដោយសារ​មានជម្ងឺ​រលាក​ពោះវៀន ហើយ​ពុំបាន​យកចិត្ដ​ទុកដាក់​ព្យាបាល​ឱ្យបាន​ដិតដល់ ក៏អាច​បណ្ដាល​ឱ្យ​ពោះវៀន​ស្អិត។ សូម​បញ្ជាក់​ថា ជម្ងឺ​ពោះវៀន​ស្អិត​ច្រើន​កើតមាន​ក្រោយពេល​វះកាត់។

រោគសញ្ញា​ជម្ងឺស្អិត​ពោះវៀន

រោគសញ្ញា​ជម្ងឺ​ស្អិត​ពោះវៀន មាន​ដូចជា​អាការ​ទល់ផោម ទល់លាមក ចុកពោះ ហើមពោះ ជាពិសេស​ក្អួត។ ប៉ុន្ដែ​លោកអ្នក ត្រូវ​ចងចាំ​ថា រោគសញ្ញា​ដែល​បង្ហាញ​ដំបូង​នោះ អ្នកជម្ងឺ​មាន​អាការ​ចុកពោះ បន្ទាប់​មកហើម​ពោះ ឬ​ក្អួត។ ហើយ​បន្ដ​មកទៀត​នោះគឺ ទល់ផោម ទល់លាមក សញ្ញា​ទាំងនេះ​ហើយ​ដែល​បង្ហាញ​ថា លោកអ្នក​ប្រាកដ​ជាមាន​ជម្ងឺស្អិត​ពោះវៀន​ហើយ។ ម្យ៉ាងទៀត​រោគសញ្ញា​បែបនេះ លោកអ្នក​មួយចំនួន​ក៏អាច​មានការ​ភាន់​ច្រឡំ ព្រោះ​អាច​បណ្ដាល​មកពី​រមួល​ពោះវៀន។ មួយទៀត​អាច​បណ្ដាល​មកពី ពោះវៀន​លូនចូល​ពោះវៀន​ខ្លួនឯង ក៏​បង្ហាញ​អាការ​បែបនេះ​ដែរ។ ម្យ៉ាងទៀត​មានដុំ​ក្នុង​ពោះវៀន​ក៏ធ្វើ​ឱ្យ​ពោះវៀន​លែង​ដំណើរ​ការ ក៏​បណ្ដាល​ឱ្យស្ទះ​ផោម ទល់លាមក ហើមពោះ ស្រដៀង​នឹង​អាការ​ដែល​ពោះវៀន​មួយចំនួន​បាន​ធ្លាក់ចូល​ពងស្វាស។

រូបភាពទស្សនាវដ្ដីសុខភាពយើង

វិធី​ការពារ​ជម្ងឺ​ស្អិតពោះវៀន

ដើម្បី​ការពារ​កុំឱ្យ​កើតមាន​ជម្ងឺ​ពោះវៀន​ស្អិត​ក្រោយពេល​វះកាត់ លោកអ្នក​ត្រូវធ្វើ​ការ​ហាត់ប្រាណ ឬធ្វើ​ចលនា​ឱ្យបាន​ញឹកញាប់ មិនត្រូវ​ដេកស្ងៀម​នោះទេ ព្រោះបើ​លោកអ្នក​មិនធ្វើ​ចលនា​បញ្ចេញ​ជាតិពុល​ក្នុងខ្លួន​ទេនោះ ជម្ងឺ​ងាយនឹង​ជ្រៀតចូល។ ផ្ទុយ​ទៅវិញ បើ​ធ្វើចលនា​ឱ្យបាន​ទៀងទាត់​ពោះវៀន​មិនអាច​ស្អិត​នោះឡើយ។ ករណី​មួយទៀត​មិនអាច​ចៀសផុត​នោះ គឺ​ក្រោយពេល​វះកាត់ ពោះវៀន ធ្វើឱ្យ​ពោះវៀន​បាន​ប៉ះទង្គិច​ច្រើន ព្រោះ​វះកាត់​យូរ ឬ​វះ​មិនស្អាត ក៏អាច​ធ្វើឱ្យ​ស្អិត​បានដែរ ទោះបី​ខំធ្វើ​ចលនា​យ៉ាងណា​ក៏ដោយ។ ដើម្បី​ការពារ​កុំឱ្យពោះវៀន​មិនស្អិត ពេល​វះកាត់​គួររក​គ្រូពេទ្យ​ជំនាញ និងរក​ឱសថ​ព្យាបាល​ឱ្យបាន​ត្រឹមត្រូវ។

វិធី​ព្យាបាល​ជម្ងឺ​ពោះវៀន​ស្អិត

បើតាម​វិទ្យាសាស្ដ្រ ជម្ងឺ​ពោះវៀន​ស្អិត​ត្រូវការ​វិធី​ព្យាបាល​ដោយ​ការ​វះកាត់​ជាបន្ទាន់។ នៅពេល​ដែល​គ្រូពេទ្យ​វះកាត់ ឃើញ​ពោះវៀន​ស្អិតនេះ គ្រាន់តែ​ប្រឡេះ​ពោះវៀន​នេះចេញ​ពីគ្នា​ឱ្យស្អាត ដេរឱ្យ​ជិតវិញ ហើយ​ផ្ដល់ថ្នាំ​សង្កូវ​ការពារ​មេរោគ​ដល់​អ្នកជម្ងឺ ឱ្យបាន​ទៀងទាត់​ចំនួនមួយ​សប្ដាហ៍ ឬ​៨ថ្ងៃ អ្នកជម្ងឺ​នឹងជា​សះស្បើយ​បានហើយ។

ផល​ប៉ះពាល់​នៃជម្ងឺ​ពោះវៀន​ស្អិត

ប្រសិន​បើមិន​ទទួលការ​ព្យាបាល​ឱ្យ​ទាន់ពេល​វេលា​ទេនោះ អ្នកជម្ងឺ​ពោះវៀន​ស្អិត​អាចស្លាប់ ព្រោះ​មេរោគ​រីករាល​ដាល ហើយ​ជាតិពុល​របស់​មេរោគ​កាន់តែ​ច្រើន ធ្វើឱ្យ​ប៉ះពាល់ដល់​សរីរាង្គ​ផ្សេងៗ​អាចមាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ផងដែរ។ ប្រសិន​បើមាន​ជម្ងឺនេះ មិន​រួសរាន់​មកកាន់​មន្ទីរ​ពេទ្យ ក៏​បណ្ដាល​ឱ្យខូច​ពោះវៀន ធ្វើឱ្យ​កាន់តែ​ប៉ោង​រីកឡើង មិនរួម​មកវិញ​ទៀតផង។ បន្ទាប់មក​អាច​ធ្វើឱ្យ​ប្រព័ន្ធ​សរសៃ​ឈាម​ដែល​នៅម្ដុំ​ពោះវៀន​ស្ទះ​ទាំងអស់ មិនអាច​រត់ទៅ​ចិញ្ចឹម​សរីរាង្គ​បាន ហើយ​អាច​ខូច​ទាំងស្រុង។ បើ​វិវឌ្ឍន៍​កាន់តែ​ធ្ងន់ធ្ងរ ត្រូវកាត់​ពោះវៀន​ចោល​ឱ្យអស់ តែអាច​ប៉ះពាល់​ដល់​អាយុ​ជីវិត​ទៀតផង។

ដំបូន្មាន​អ្នក​ជំនាញ

ដើម្បី​ការពារ​កុំឱ្យ​មានជម្ងឺ​ស្អិត​ពោះវៀន លោកអ្នក​ត្រូវតែ​យកចិត្ដ​ទុកដាក់​ថែរក្សា​សុខភាព​ឱ្យបាន​ត្រឹមត្រូវ ចៀសវាង​ទទួលទាន​ចំណី​អាហារ​ទាំងឡាយ​ណា​ដែល​រឹង ហើយ​បង្ក​មេរោគ​ក្នុងខ្លួន។ ម្យ៉ាងទៀត​អាហារ​ណាដែល​ប៉ះពាល់​ដល់ការ​រំលាយ អាចនឹង​ធ្វើឱ្យ​ពោះវៀន​ជួប​ផល​លំបាក ធ្វើឱ្យ​ជួបបញ្ហា​ផ្សេងៗ ដូចជា​ទល់លាមក ទល់ផោម ឬក្អួត​ចង្អោរ​ផ្សេងៗ ទាំងនេះ​ហើយ ជាកត្ដា​មួយជំរុញ​ឱ្យ​ពោះវៀន​ចាប់ផ្ដើម​មាន​ជម្ងឺ។ បើសិនជា​លោកអ្នក​មាន​រោគសញ្ញា​ដូចដែល​បង្ហាញ​ដូច​ខាងលើ​នេះ លោកអ្នក​ត្រូ តែ​ប្រញាប់​ប្រញាល់​មកកាន់​មន្ទីរពេទ្យ ឬ​គ្លីនិក​ដើម្បី​ពិគ្រោះ​ជម្ងឺ ចៀសវាង​មានការ​រីក​រាលដាល​ធំឡើង ដែលមាន​ការ​ប៉ះពាល់​សុខភាព​កាន់តែ​ខ្លាំង។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៤ ខែកក្កដា ឆ្នាំ២០១០

Google Analytics Alternative