ខ្ញុំខ្វះ​ជាតិស្ករ

លោកអ្នក​បានដឹង​រួចមក​ហើយ​តាមរយៈ​ទស្សនាវដ្ដី សុខភាព​យើង អំពី​ជម្ងឺ​លើស​ជាតិស្ករ គឺ​ទឹកនោម​ផ្អែម។ ថ្ងៃនេះ ទស្សនាវដ្ដី សុខភាពយើង សូម​លើកយក​ប្រធានបទ​មួយ​អំពីកង្វះ​ជាតិស្ករ​មក​ផ្សព្វផ្សាយ​ជូន​បងប្អូន​ជន​រួមជាតិ​អ្នកអាន​ឱ្យបាន​ជ្រាប។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ខាងក្រោម​នេះ ទស្សនាវដ្ដី សុខភាពយើង បានជួប​សម្ភាសន៍​ផ្ទាល់​ជាមួយ​វេជ្ជបណ្ឌិត ស៊ុំ សត្ថា ឯកទេស​ជម្ងឺ​ទូទៅ ទឹកនោម ផ្អែម និង​ក្រពេញ នៃ​មន្ទីរពេទ្យ​កាល់ម៉ែត និង​មជ្ឈមណ្ឌល​វេជ្ជសាស្ដ្រ អ៊ិលស៊ីស៊ី ធ្វើការ​បកស្រាយ​អំពី​ជម្ងឺ​ខ្វះ​ជាតិស្ករ​ដូចតទៅ។

អ្វីទៅ​ជាការ​ខ្វះជាតិ​ស្ករ?

មនុស្ស​ម្នាក់​មានជម្ងឺ​ខ្វះ​ជាតិស្ករ​បាន​ន័យថា កម្រិត​ជាតិស្ករ​ក្នុងឈាម​របស់គាត់​ចុះទាប។ ក្នុង​ន័យនេះ គេ​កំណត់​ថា បើជាតិ​ស្ករ​ក្នុងឈាម​គាត់​ទាបជាង​០.៥ក្រាម​ក្នុងឈាម​១លីត្រ។ ផ្ទុយ​ទៅវិញ​សម្រាប់​អ្នកជម្ងឺ​ទឹកនោម​ផ្អែម កាលណា​ជាតិស្ករ​ក្នុងឈាម​ចុះទាប​ជាង០.៦ក្រាម​ក្នុង១​លីត្រ គេហៅ​ថា ខ្វះ​ជាតិស្ករ​ដែរ​ហើយ។ លោកអ្នក​មិត្ដ​អ្នកអាន​អាចមាន​ចម្ងល់ថា តើអ្នក​ជម្ងឺ​ទឹកនោម​ផ្អែម​អាច​ខ្វះជាតិស្ករ​យ៉ាង​ដូចម្ដេច បើជាតិ​ស្ករ​គាត់​លើស​ស្រាប់​ទៅហើយ? នៅពេល​អ្នកជម្ងឺ​ទឹកនោមផ្អែម​ទទួលទាន​ថ្នាំ​ព្យាបាល ឬ​ចាក់​អាំងស៊ុយលីន​ដែល​ហួស​កម្រិតនោះ ជាតិស្ករ​អាចចុះ​ជ្រុល។ ដូច្នេះ​អ្នក​ជម្ងឺ​ទឹកនោម​ផ្អែម​ក៏អាច​មានការ​ខ្វះជាតិស្ករ​ដែរ។

អាការ​ខ្វះជាតិ​ស្ករ

អាការ​នៃជម្ងឺ​នេះអាច​ប្រែប្រួល​ទៅតាម​កម្រិត​ជាតិស្ករ។ បើ​ជាតិស្ករ​កាន់តែ​ទាប អាការ​កាន់តែ​ធ្ងន់។ អាការ​ជម្ងឺ​ជាទូទៅ អាច​ស្ដែង​ចេញជា ៖

  • អស់​កម្លាំង
  • បែកញើស​ត្រជាក់
  • ឈឺក្បាល
  • ញ័រដៃ និង​ដើមទ្រូង
  • ឃ្លាន​ខ្លាំង
  • ករណី​ធ្ងន់ធ្ងរ​អាចមាន​រហូតដល់​វង្វេង​វង្វាន់ ឬ​សន្លប់​បាត់ស្មារតី។ ពេលខ្លះ​ជម្ងឺខ្វះ​ជាតិស្ករ​នេះកើតឡើង​ពេលយប់ ពេល​លោកអ្នក​កំពុង​សម្រាន្ដ​លក់ ដល់ពេល​ភ្ញាក់​ពីដំណេក លោកអ្នក​អាច​មានអាការ​ឈឺក្បាល​ឥត​មូលហេតុ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ធ្វើ​ដូចម្ដេច​បានដឹង​ថា ខ្វះ​ជាតិស្ករ​មែន?

វាជាការ​ងាយ​បំផុត​ដោយ​គ្រាន់តែ​លោកអ្នក​ជួសជាតិ​ស្ករចុង​ដៃ ឬ​បូមឈាម​យកទៅ​ពិនិត្យនោះ​ជាការ​ស្រេច។ បើ​សង្ស័យ ជួស​ចុងដៃ​ភ្លាម នោះ​លោកអ្នក​នឹងដឹង​ថាខ្វះ​ជាតិស្ករ​ឬយ៉ាង​ណាហើយ។

អ្វីទៅ​ជាមូល​ហេតុនៃ​ជម្ងឺខ្វះ​ជាតិស្ករ?

ដើម្បី​ស្រួលយល់ យើង​ត្រូវចែក​ជា២ គឺខ្វះ​ជាតិស្ករ​ចំពោះ​អ្នកជម្ងឺ​ទឹកនោម​ផ្អែម និង​ខ្វះជាតិស្ករ​ចំពោះ​អ្នកឥត​ទឹកនោម​ផ្អែម។

1 . ខ្វះ​ជាតិស្ករ​ចំពោះ​អ្នកជម្ងឺ​ទឹកនោម​ផ្អែម ៖

ករណីនេះ​កើតមាន​ញឹកញាប់​បំផុត។ នៅពេល​អ្នកជម្ងឺ​ទឹកនោម​ផ្អែម​ទទួលការ​ព្យាបាល​(លេបថ្នាំ ឬ​ចាក់ថ្នាំ​អាំងស៊ុយលីន) ជាតិស្ករ​អាចចុះ​ជ្រុល។ ក្នុង​ន័យនេះ មិនមែន​រាល់ថ្នាំ​ទឹកនោមផ្អែម​សុទ្ធតែ​អាចឱ្យ​ជាតិស្ករ​ចុះជ្រុល​នោះទេ។ លោកអ្នក​ត្រូវ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ និង​សាកសួរ​ជាមុន​ថា ថ្នាំ​ទឹកនោម​ផ្អែម​នេះអាច​ជាយថាហេតុ​ឱ្យជាតិ​ស្ករចុះ​ជ្រុល ឬក៏​អត់។ ហើយអ្វី​ដែល​សំខាន់​ទៅទៀត​នោះ សម្រាប់​អ្នកជម្ងឺ​ទឹកនោម​ផ្អែម បើ​សង្ស័យ​ថា ជាតិស្ករ​ចុះជ្រុល​នោះត្រូវ​ជោះជាតិ​ស្ករ​មើលភ្លាម។

2 . ខ្វះ​ជាតិស្ករ​ចំពោះ​អ្នកឥត​ទឹកនោម​ផ្អែម ៖

អ្នក​ឥត​ទឹកនោម​ផ្អែម​ហើយ ខ្វះ​ជាតិស្ករ​មាន២​ប្រភេទ គឺខ្វះ​ជាតិស្ករ​ក្រោយ​បាយ និង​ខ្វះជាតិ​ស្ករ​មុនបាយ។

1 . ខ្វះ​ជាតិស្ករ​ក្រោយ​បាយ ៖ ជម្ងឺនេះ​ច្រើនកើត​លើស្ដ្រី​អាយុ​ពី២០-៤០ឆ្នាំ ហើយ​មានជម្ងឺ​ថប់អារម្មណ៍ ឬ​ស្រឺតកើត​ជាមួយ។ អ្នកជម្ងឺ ត្អូញ​ពីអាការ​ជម្ងឺខ្វះ​ជាតិស្ករ​ដែល​រៀបរាប់​ខាងលើ ២-៣ម៉ោង​ក្រោយ​ទទួល​អាហារ ទោះបីបាន​ហូប​អាហារ​​ច្រើនក្ដី។ ជាទូទៅ​ករណី ខ្វះជាតិ​ស្ករ​ក្រោយបាយ​នេះ មិន​បណ្ដោយ​ឱ្យរោគសញ្ញា​ធ្ងន់ធ្ងរ​នោះទេ មិនអាច​មាន​រហូតដល់​វង្វេងវង្វាន់ ឬ​សន្លប់​នោះទេ។

2 . ខ្វះ​ជាតិស្ករ​មុនបាយ ៖ ករណីនេះ​កម្រមាន តែ​បើមាន​ជាទូទៅ​មាន​សភាព​ធ្ងន់ធ្ងរ។ អ្នកជម្ងឺ​មាន​អាការ​ឬរោគសញ្ញា​ជម្ងឺ​ខ្វះ​ជាតិស្ករ​ពេល​ព្រឹកមុន ពេល​ហូបអាហារ ឬ​កណ្ដាល​យប់ ជាទូទៅ​ក្រោយពេល​បាយ ឬលើស​ពី៤-៥ម៉ោង។ មូលហេតុ​របស់​ជម្ងឺ​ខ្វះ​ជាតិស្ករ​មុនបាយ​នេះមាន​ច្រើន ដោយ​ទាមទារ​ឱ្យ​គ្រូពេទ្យ​ធ្វើការ​ស្រាវជ្រាវ​រក​មូលហេតុ​ដើម្បី​ព្យាបាល។ មូលហេតុរបស់​វាមាន​ដុំសាច់​នៅលើ​លំពែង ខ្សោយ​ក្រពេញ​មួយចំនួន ខ្សោយថ្លើម ខ្សោយ​តម្រងនោម ឬ​ធ្លាប់​វះកាត់​ក្រពះ។ល។

5 . វិធី​ព្យាបាល ការ​ខ្វះ​ជាតិស្ករ

ការ​ព្យាបាល​ជម្ងឺ​ខ្វះជាតិ​ស្ករ​ជារួម​ត្រូវ​បំពេញ​នូវកង្វះ​នេះភ្លាមៗ ដើម្បី​កុំឱ្យ​មាន​ផលវិបាក​ទៅលើ​សរីរាង្គ​របស់យើង ជាពិសេស​ខួរក្បាល។ នៅពេល​កើតមាន​អាការ​ជម្ងឺខ្វះ​ជាតិស្ករ គ្រូពេទ្យ​ត្រូវ​ជួសជាតិ​ស្ករ​ចុងដៃ​ដើម្បី​បញ្ជាក់។ រួចអ្នក​ជម្ងឺ​គួរ​ទទួលបាន អាហារ​ដែលមាន​ជាតិផ្អែម​ភ្លាម។ ឧទាហរណ៍ អាច​ទទួលទាន​បាន​នំប៉័ង​មួយដុំ ឬ​ទឹកក្រូច​កន្លះ​កំប៉ុង ឬ​បៀមស្ករ​គ្រាប់១គ្រាប់។ល។

ជំហានទី២​ដែលត្រូវ​ធ្វើ ទោះជា​ករណី​អ្នកជម្ងឺ​ទឹកនោម​ផ្អែម​ខ្វះជាតិ​ស្ករក្ដី ខ្វះជាតិ​ស្ករ​ក្រោយ​បាយ ឬមុន​បាយក្ដី។ ត្រូវទៅ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ដើម្បី​បាន​ទទួលនូវ​ការ​ព្យាបាល​សមរម្យ។

ដំបូន្មាន​អ្នក​ជំនាញ

  • អាការ​ជម្ងឺ​ខ្វះជាតិ​ស្ករ​អាច​ច្រឡំ​នឹងជម្ងឺ​ដទៃទៀត​ច្រើន។ ដូចនេះ​ត្រូវ​ពិនិត្យ​ជាតិស្ករ​សិនមុន​នឹងសន្មត​ថាខ្លួនឯង​មាន​ជម្ងឺនេះ។ អ្នកជម្ងឺ​មិនត្រូវ​ចេះតែ​ទទួលបាន​អាហារ​ដែល​ផ្អែម​(សម្បូរ​ជាតិស្ករ) ដោយ​ពុំបាន​ពិនិត្យ​ជាតិស្ករ​ជាមុនទេ។
  • ចំពោះ​អ្នកជម្ងឺ​ទឹកនោម​ផ្អែម​ដែល​ប្រើថ្នាំ អាច​ឱ្យជាតិ​ស្ករចុះ​ជ្រុលនោះ ត្រូវដាក់​តាមខ្លួន​នូវ​ម៉ាស៊ីន ជួស​ជាតិស្ករ និង​ស្ករ តាមខ្លួន​ដើម្បី​ព្យាបាល​អាការ​ខ្វះជាតិ​ស្ករ​បានទាន់​ពេលវេលា។
  • ម្យ៉ាងវិញ​ទៀត​ចំពោះ​អ្នកជម្ងឺ​ខ្វះជាតិ​ស្ករ ហើយ​គាត់​មិនមែន​ជាអ្នក​មាន​ទឹកនោម​ផ្អែម ជាពិសេស​អ្នកមាន​អាការ​ខ្វះជាតិស្ករ​មុនបាយ ត្រូវតែ​ទៅ​ពិភាក្សា និង​ប្រឹក្សា​យោបល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៤ ខែកក្កដា ឆ្នាំ២០១០

Google Analytics Alternative