រលាក​​​ឆ្អឹងខ្នង

រលាកឆ្អឹងខ្នងគឺជាជម្ងឺម្យ៉ាងដែលកើតមានចំពោះ​​មនុស្ស​ទូទៅ មិនថា​ក្មេងឬចាស់​នោះទេ ជាពិសេស​ស្ដ្រីអស់​រដូវ។ ជម្ងឺនេះ​ច្រើនកើត​មានទៅ​លើ​លោកអ្នក​មិនសូវ​បញ្ចេញ​ពលកម្ម​ហាត់ប្រាណ​ឱ្យបាន​ញឹកញាប់ ទើបជា​ហេតុធ្វើ​ឱ្យឆ្អឹង​ពុំមាន​បម្រែ​បម្រួល​ទៅតាម​ចលនា​នានា បណ្ដាល​ឱ្យសរសៃ​ឈាម​ដើរមិន​ស្រួល ក៏បង្ក​ឱ្យមាន​កំណរ​ជាតិខ្លាញ់​ជាប់នឹង​សរីរាង្គ​ផ្សេងៗ ហើយបាន​បំលែង​ខ្លួនទៅ​ជាជម្ងឺ​នានា អាចឈាន​ដល់ការ​រលាក​ឆ្អឹងខ្នង​ផងដែរ។

រូបភាពទស្សនាវដ្តីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង បានជួបជាមួយលោក​វេជ្ជបណ្ឌិត ហែម សុគន្ធា ឯកទេស​ជម្ងឺទូទៅ និងវះកាត់​ឆ្អឹងមក​ពី​ប្រទេស បារាំង ដើម្បី​ធ្វើការ​បកស្រាយ​នៃប្រធាន​បទនេះ។

ជម្ងឺរលាកឆ្អឹងខ្នងជាអ្វី?

ឆ្អឹងខ្នងគឺជាសរីរាង្គសំខាន់ណាស់សម្រាប់​ទ្រទ្រង់​រាងកាយ ដោយ​សភាវៈ​មានការ​គួបផ្សំ​ដោយ​ខួរឆ្អឹង សន្លាក់ឆ្អឹង និងឌីស។ ប្រសិន​បើលោក​អ្នកមាន​ជម្ងឺរលាក​ឆ្អឹងខ្នង ធ្វើឱ្យ​រាងកាយ​ចុះខ្សោយ​ជាលំដាប់ ព្រោះថា​ឆ្អឹងខ្នង​ជាចំណុច​គោល​មួយ​ដែល​ទ្រទ្រង់​សរីរាង្គ​ទាំងអស់ ដែលគេ​ហៅថា ដងខ្លួន។

រោគសញ្ញាជម្ងឺរលាកឆ្អឹងខ្នង

ជម្ងឺរលាកឆ្អឹងខ្នងបង្ហាញនូវសញ្ញាដំបូងៗ ដូចជាធ្វើ​ឱ្យលោកអ្នក​ត្រជាក់ខ្លួន ហើយស្ពឹកជើង ផ្ដើមពីគល់ភ្លៅ​ចុះក្រោម។ ម្យ៉ាងទៀត​លោកអ្នក​មួយ​ចំនួន​អាចមាន​អាការៈ​ដេកនោម​ដោយមិន​ដឹងខ្លួន រាកនោម ទល់នោម ពិបាក​បត់ជើងធំ ក្រសាល​គូទបិទ​មិន ជិត និងធ្វើ​ឱ្យលាមក​ហូរដោយ​មិនដឹង​ខ្លួនផងដែរ។

មូលហេតុបណ្ដាលឱ្យមានជម្ងឺរលាកឆ្អឹងខ្នង

ការកើតមានជម្ងឺរលាកឆ្អឹងខ្នង បណ្ដាលមក​ពីកា​វិវឌ្ឍន៍​របស់ឆ្អឹង​មានការ​ថយចុះ ហើយ​បន្ទាប់មក​អាចបណ្ដាល​មកពី​សន្លាក់​ ឆ្អឹងខ្នង​មានការ​រអិល​ទៅមុខ​ទៅក្រោយ។ ម្យ៉ាងទៀត​វាក៏​អាច​កើតឡើង​ដោយ​សារ​ជម្ងឺ​របេង​ឆ្អឹង​ផងដែរ។ ជាពិសេស​ជម្ងឺ​រលាកឆ្អឹង​ ខ្នងនេះ​កើតមាន​ជាទូទៅ​ទៅលើ​ស្ដ្រី​វ័យ​ចំណាស់​ដែល​អស់រដូវ ធ្វើឱ្យ​ឆ្អឹងស្ពោត ហើយមាន​ការគាប​ជាប់ឆ្អឹង​និងឆ្អឹង ក៏បណ្ដាល​ឱ្យរលាក​តែម្ដង។

វិធីព្យាបាលជម្ងឺរលាកឆ្អឹងខ្នង

ដើមី្បជ្រើសរើសវិធីព្យាបាលជម្ងឺនេះ មុនដំបូង​ត្រូវ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឯកទេស​ជាមុនសិន ទើបបាន​ធ្វើការ​ព្យាបាល​ ទៅតាម​មុខសញ្ញា​នៃជម្ងឺ​មួយៗ​ដែលជា​ជម្ងឺ​ដើមហេតុ ដូចជា​ជម្ងឺនេះ​វិវឌ្ឍន៍​ចេញពី​ជម្ងឺ​របេងឆ្អឹង ត្រូវតែ​រក​ថ្នាំ​ការពារ​ព្យាបាល​ជម្ងឺនេះ​ ឱ្យបាន​ជាសះស្បើយ ហើយ​ជ្រើសរើស​រកវិធី​ការពារ​ផ្លូវដង្ហើម សួតឱ្យ​បានល្អ​ប្រសើរ ចៀសវាង​ជម្ងឺ​របេងឆ្អឹង​មានការ​រីករាលដាល។  អ្នកជម្ងឺ​រលាក​ឆ្អឹងខ្នង​មិនត្រូវ​ធ្វើ​ការងារ​ធ្ងន់ៗ ចៀសវាង​ការឱនងើប ហើយត្រូវ​រក្សាដង​ខ្លួនឱ្យ​មាន​លំនឹងជានិច្ច។ មួយវិញ​​ទៀតជម្ងឺ​ នេះប្រសិន​បើធ្វើ​ការពិនិត្យ​ឈាម​ឃើញថា​មាន​ផលប៉ះពាល់​ទៅលើ​ឆ្អឹងខ្នង វិធី​ព្យាបាល​អាចលេប​ថ្នាំដែល​វេជ្ជបណ្ឌិត​បានកំណត់ ហើយ មាន​ការ​តាមដាន​យ៉ាងយក​ចិត្ដទុក​ដាក់ទើប​ប្រសើរ។

រូបភាពទស្សនាវដ្តីសុខភាពយើង

វិធីការពារជម្ងឺរលាកឆ្អឹងខ្នង

ដើម្បីចៀសវាងកុំឱ្យមានជម្ងឺនេះ ជាពិសេសស្ដ្រី​អស់រដូវ​ត្រូវតែ​ទទួលទាន​ទឹកដោះ​គោដែល​មាន​ជាតិកាល់ស្យូម និងបន្លែ​ ធម្មជាតិ​មួយចំនួន​ដែលមិន​ប្រើប្រាស់​សារជាតិ​គីមី ដូចជា​បន្លែផ្ទី ត្រកួន​ជាដើម។ ព្រោះបន្លែ​ទាំងនេះ​បានផ្ដល់​ជាតិ​កាល់ស្យូម​ច្រើនអាច​ទប់ស្កាត់​ជម្ងឺនេះបាន និងអាច​កាត់បន្ថយ​ជម្ងឺរលាក​ឆ្អឹងខ្នង​ផងដែរ។ ប៉ុន្ដែ​បន្លែ​ដែល​ប្រើប្រាស់​សារជាតិ​ថ្នាំច្រើន ទោះបី​បន្លែនោះ​ វាអាច​ផ្ដល់នូវ​ជាតិ​កាល់ស្យូម​ក៏ដោយ លោកអ្នក​គួរចៀសវាង ព្រោះអាច​នាំឱ្យ​មានជម្ងឺ​វិញទេ។ ដោយហេតុថា ប្រសិនបើ​លោកអ្នក​ មានជម្ងឺក្រពះ ឬពោះវៀន នៅពេល​ដែលទទួល​ទានបន្លែ​ប្រភេទនេះ ធ្វើឱ្យ​រោគក្រពះ និងពោះវៀន​កាន់តែ​ទទួល​ទម្ងន់​ជាតិថ្នាំ​នេះ យ៉ាងខ្លាំង កាន់តែ​ប៉ះពាល់​ទៅលើ​សរីរាង្គផ្សេងៗ ហើយអាច​កាត់បន្ថយ​នូវជាតិ​កាល់ស្យូម​ចេញពី​ក្នុងខ្លួន ក៏ចាប់ផ្ដើម​មានការ​វិវឌ្ឍន៍ ទៅរក​ជម្ងឺរលាក​ឆ្អឹងខ្នង​នេះកាន់​តែលឿន។ ប្រសិន​បើ​លោកអ្នក​ដែលមាន​ជម្ងឺនេះហើយ គួរ​ទៅពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​ ដើម្បីយក​វេជ្ជបញ្ជា​យកមក​អនុវត្ដ​ទៅតាម​ការណែនាំ ដូចជា​ការផ្ដល់​ខ្សែក្រវាត់​ការពារ​ក្នុងការ​​ឱនងើប ដើម្បីទប់​លំនឹង​ខ្លួន​ក្នុងពេល​ ធ្វើចលនា ឬហាត់ប្រាណ​ផ្សេងៗ បន្ទាប់មក​ក៏មាន​ថ្នាំព្យាបាល​ផងដែរ។

ផលប៉ះពាល់នៃជម្ងឺរលាកឆ្អឹងខ្នង

លោកអ្នកមួយចំនួនដែលមានជម្ងឺនេះអាច​ធ្វើឱ្យ​ប៉ះពាល់​យ៉ាងខ្លាំង ៖

១ – អ្នកជម្ងឺអាចពិការ ទៅណាមិនរួច

២ – អ្នកជម្ងឺអាចស្លាប់មួយកំណាត់ខ្លួន​ចុះក្រោម​“ជើងទាំងពីរ”។ ប៉ុន្ដែប្រសិន​បើអ្នក​ជម្ងឺ​មាន​ផល​ប៉ះពាល់​ដល់ឆ្អឹង​កទៀត​ នោះ អ្នកជម្ងឺ​អាចស្លាប់​មួយចំហៀងខ្លួន។ ជាទូទៅ​អ្នកជម្ងឺ​ប្រភេទនេះ​អាចប្រឈម​មុខ​ថែមទៀត រហូតដល់​ការ​បាត់បង់​ជីវិត​តែម្ដង។​ ប្រជាពលរដ្ឋ​លើសលប់​នៅក្នុង​ប្រទេស​កម្ពុជា​តែងតែ​ជួបបញ្ហា​ជម្ងឺ​ឈឺចង្កេះ ដោយសារ​តែការ​ធ្វើចលនា​មិនត្រឹមត្រូវ ហើយស្រប​ពេល នោះ​ក៏មាន​ការព្យាបាល​ដោយ​យកចិត្ដ​ទុកដាក់​ចំពោះ​បញ្ហានេះ បានកាត់​បន្ថយដល់​ការ​រីករាល​ដាលទៅលើ​ជម្ងឺ​រលាកឆ្អឹង​ផ្សេងៗបាន​ ប្រសិទ្ធភាព​ផងដែរ។ ជាទូទៅ​អ្នកដែល​មានជម្ងឺ​រលាក​ឆ្អឹងខ្នង ប្រសិន​បើមាន​ការព្យាបាល​ឱ្យទាន់​ពេលវេលា មិនអាច​ប្រឈម​មុខទៅ​​ដល់ការ​​ស្លាប់មួយ​​ចំហៀងខ្លួន ឬស្លាប់​មួយ​កំណាត់​​ក្រោមឡើយ។ ជាទៀងទាត់​​ជម្ងឺ​រលាក​ឆ្អឹងខ្នង​​កើតមាន​​គ្រប់វ័យ​​តែម្ដង​​ ជាពិសេស​លោកអ្នក​ដែល​កំពុងតែ​ពេញកម្លាំង​ធ្វើការងារ ដោយសារ​សន្លាក់ ឬឌីសកងឆ្អឹង​ដែលនៅ​ចន្លោះខួរ​ឆ្អឹងនោះ​តែម្ដង។​

ដំបូន្មានអ្នកជំនាញ

ប្រសិនបើលោកអ្នកកំពុងមាន​ជម្ងឺរលាក​ឆ្អឹងខ្នង គួរចៀសវាង​ការប្រកប​ការងារ​ធ្ងន់ៗ ត្រូវតែ​ឧស្សាហ៍​ព្យាយាម​ទៅជួប​ គ្រូពេទ្យ​ឯកទេស ដើម្បីទទួល​ការប្រឹក្សា និងការ​ព្យាបាល កុំឱ្យ​រីករាលដាល​រហូតដល់​មានជម្ងឺ​ស្លាប់មួយ​ចំហៀងខ្លួន ឬបង្ក​ជាមេរោគ​ ផ្សេងៗ។ ម្យ៉ាងទៀត​ដើម្បី​ទប់ស្កាត់​ជម្ងឺនេះ​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់ លោកអ្នក​ដែលប្រឈម​មុខ ឬងាយ​នឹងរង​គ្រោះដោយ​ជម្ងឺនេះ​ ជាពិសេស​ស្ដ្រីវ័យ​ចំណាស់​ដែលអស់​រដូវ​ត្រូវតែ​ទទួលទាន​ទឹកដោះ​គោដែល​មានជាតិ​កាល់ស្យូម បន្លែបង្ការ​ដែលផ្ដល់​អត្ថប្រយោជន៍​ ដល់សុខភាព ដូចជាផ្ទី ត្រកួន​ជាដើម។ល។  អាចឱ្យ​លោកអ្នក​ចៀសផុត​ពីជម្ងឺ​រលាក​ឆ្អឹងខ្នង។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៤ ខែឧសភា ឆ្នាំ២០១១

Categories:

Leave a Reply

Your email address will not be published. Required fields are marked *