ជម្ងឺ​ហើមសួត

សួត​គឺជា​សរីរាង្គ​ម្យ៉ាង​សំខាន់់​សម្រាប់​ពេល​ដកដង្ហើម​ចេញ-ចូល និងជា​សម្ពាធ​មួយដ៏​ធំធេង ជាអ្នក​ផ្ដល់ខ្យល់​អុកស៊ីសែន​ដល់​សរីរាង្គ​ផ្សេងទៀត ដើម្បី​ឱ្យមាន​សំណើម និង​ជំរុញ​ដល់ការ​ចិញ្ចឹម​ផ្នែកផ្សេងៗ​ឱ្យ​សរសៃ​ឈាម​រត់ល្អ​ផងដែរ។ តែ​ប្រសិនបើ​លោកអ្នក​មាន​បញ្ហា ឬ​ជម្ងឺសួត​ហើយ​នោះ វានឹង​ផ្ដល់នូវ​ផល​ប៉ះពាល់​យ៉ាងច្រើន​ដល់ការ​ថមថយ​កម្លាំង និងអាច​ផ្ដាច់នូវ​ការ​ទំនាក់ទំនង ផ្សេងទៀត​ទៅនឹង​សរីរាង្គ​មួយចំនួន ធ្វើឱ្យ​លោកអ្នក​អាច​ប្រឈម​នឹង​គ្រោះថ្នាក់​ផ្សេងៗ​រហូត​ដល់​បាត់បង់​អាយុជីវិត។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ដើម្បី​បញ្ជាក់​ឱ្យដឹង​ថា ជម្ងឺ​ហើមសួត​បង្ក​គ្រោះថ្នាក់​យ៉ាងណា​ចំពោះ​លោកអ្នក​នោះ ទស្សនាវដ្ដី សុខភាពយើង បានជួប​សម្ភាស​ជាមួយ​លោក​វេជ្ជបណ្ឌិត វ៉ាន់ ម៉ិច ឯកទេស​ជម្ងឺ​សួត និង​ហឺត នៃមន្ទីរពេទ្យ​មិត្ដភាពខ្មែរ-សូវៀត។

ជម្ងឺ​ហើមសួត​គឺជា​អ្វី?

ជម្ងឺ​ហើមសួត​គឺជា​ជម្ងឺ​មួយ​ប្រភេទ​ដែលមាន​គ្រោះថ្នាក់​បំផុត​សម្រាប់​លោកអ្នក ហើយ​ក៏ជា​ជម្ងឺ​ស្រួចស្រាវ​អាចធ្វើ​ឱ្យ​លោកអ្នក​ស្លាប់​បានដោយ​សារជម្ងឺ​នេះ ប្រសិន​បើមិន​ធ្វើការ​ព្យាបាល​ឱ្យទាន់​ពេលវេលា​ទេនោះ។ ជម្ងឺនេះ​កើតឡើង​ដោយសារ​ភាព​មិនស្មើគ្នា​រវាង​សមីការ។ ព្រោះជា​ធម្មតា​នៅក្នុង​ខ្លួនយើង​គ្រប់រូប​ត្រូវមាន​កម្លាំង​ទប់ទឹក​មិនឱ្យ​ចេញមក​ក្រៅ​សរសៃ​ឈាម ហើយ​និង​កម្លាំង មួយទៀត​សម្រាប់​រុទឹក​ឱ្យជ្រាប​ចេញពី​សរសៃ​ឈាម​នៃ​កោសិកា តែ​បើកម្លាំង​រុញទឹក​នោះ​ខ្សោយ​វាអាច​ច្រាលចូល​ទៅក្នុង​សួត​បង្កឱ្យ​លោកអ្នក​មានជម្ងឺ​សួត​តែម្ដង។

មូលហេតុ​ដែល​បណ្ដាល​ឱ្យមាន​ជម្ងឺ​ហើមសួត

ហេតុផល​មួយចំនួន​ដែលបង្ក​ឱ្យ​លោកអ្នក​មានជម្ងឺ​ហើមសួត។ ជំហាន​ដំបូង​អ្នក​ជម្ងឺ​អាចបង្ក​ឡើង​ដោយសារ​មាន​ជម្ងឺខ្សោយ​បេះដូង​ខាងឆ្វេង ជម្ងឺ​ប្រើស​បេះដូង ឬជម្ងឺ​រលាក​ត្រង់សួត​ផ្ទាល់តែ​ម្ដង ដែលជា​ចំណុច​សម្រាប់​បញ្ចេញ​ខ្យល់​អុកស៊ីសែន។ មិនតែ​ប៉ុណ្ណោះ​ជម្ងឺ​ហើមសួត​អាចមាន​ប្រភេទ​ពីរយ៉ាង​ទៀត ហើម​សួត​ដោយជម្ងឺ​បេះដូង និង​ហើមសួត​ដោយ​សារការ​រលាក​ត្រង់សួត​តែម្ដង។

1 . ហើមសួត​ដោយ​ជម្ងឺ​បេះដូង ៖ គឺ​កើតឡើង​ដោយសារ​ភាព​ចុះខ្សោយ​នៃ​បេះដូង ធ្វើឱ្យ​កម្លាំង​ឈាម​ដែល​ច្របាច់​ចេញ ពីបេះដូង​មិនបាន​បណ្ដាល​ឱ្យឈាម​ចាល់ទៅ​ទើរនៅ​ថតសួត​ខាងលើ​ផ្នែកខាង​ឆ្វេង ហើយក៏​ជ្រាប​ទៅដល់​សរសៃឈាម​ទងសួត ជាហេតុ​ធ្វើឱ្យ​ទឹកជ្រាប​ចេញ ហើយ​ឆ្ពោះចូល​ទៅក្នុង​សួតបង្ក​ឱ្យមាន​ជម្ងឺ​សួតតែ​ម្ដង។

2 . ជម្ងឺ​ហើមសួត​ដោយសារ​រលាក​ត្រង់សួត ៖ កើតឡើង​ដោយសារ​អ្នកជម្ងឺ​មានជម្ងឺ​ខ្សោយ​តម្រង​នោម ឬក៏​ថ្លើម ហើយក៏​អាច​បណ្ដាល​មកពី​មានមេរោគ​កាច​សាហាវ​មួយចំនួន​ទៀត ដែល​ចូលទៅ​ដល់ក្នុង​សួត​បង្កឱ្យ​សួតមាន​ការ​រលាក ហើយ​បង្កឱ្យ​ហើម ដោយ​បណ្ដូរ​ឧស្ម័នអុកស៊ីសែន បណ្ដាល​ឱ្យជ្រាប​ទឹកចូល​ក្នុងសួត​ក៏ឈាន​ដល់មាន​ជម្ងឺហើម​សួតតែ​ម្ដង។

រោគសញ្ញា​ជម្ងឺ​ហើមសួត

ជម្ងឺ​ហើមសួត​បានបង្ហាញ​ជារោគ​សញ្ញាថា មុនដំបូង​លោកអ្នក​ចាប់ផ្ដើម​ដកដង្ហើម​ឮៗ ហើយ​ដង្ហក់​ត្រដរ​ខ្យល់ ហើយ​នៅលើ​ផ្ទៃមុខ​ឡើង​ពណ៌ស្វាយ។ អ្នកជម្ងឺ​មានសម្លេង​ស្អក​ត្រង់​បំពង់ក ស្លេស្ម​ឡើង ហើយ​កំហាក​របស់​អ្នកជម្ងឺ​មានពណ៌​សឬពណ៌​កុលាប។ បន្ទាប់មក​អ្នក​ជម្ងឺដកដង្ហើម​តាមពោះ នៅលើ​ទ្រូងមាន​អាការ​ផឺតផត ហើយ​មានសម្លេង​នៅក្នុង​ពោះដូច សត្វចង្រិតយំ ដោយ​មាន​លក្ខណៈ​ពិសេស​មួយមាន​សំលេង​ឮដេញ​ពីក្រោម​ឡើងដល់​លើ ហើយ​សម្លេង​នេះបញ្ជាក់​ថា អ្នកជម្ងឺ​មាន​អាការ​ធ្ងន់ធ្ងរ បើទឹក​ជន់កាន់តែ​លឿន អ្នកជម្ងឺ​ប្រឈមមុខ​នឹង​ការ​បាត់បង់​ជីវិត​កាន់តែ​លឿន។

រូបភាពទស្សនាវដ្ដីសុខភាពយើង

វិធី​ព្យាបាល​ជម្ងឺ​ហើមសួត

វិធី​ព្យាបាល​ជម្ងឺហើម​សួតគឺ​ធ្វើឡើង​ទៅតាម​ដំណាក់​កាល ប្រសិនបើ​ដំណាក់កាល​ដំបូង​ដែលអ្នក​ជម្ងឺ​មក​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ទាន់ពេល មាន​ន័យថា​ជម្ងឺ​ទើប​ចាប់ផ្ដើម​វិវឌ្ឍន៍ ការព្យាបាល​ពីសំណាក់​ក្រុម​គ្រូពេទ្យ​អាច​ព្យាបាល​ជាសះស្បើយ។ តែ​បើអ្នក​ជម្ងឺ មាន​សភាព​ធ្ងន់ធ្ងរ​ទៅហើយ នោះការ​ព្យាបាល​ប្រើពេល​យូរ ហើយ​មិនមាន​ការ​ធានាថា​នឹងជា​សះស្បើយ​ឬយ៉ាងណា​នោះឡើយ។ ព្រោះការ​ព្យាបាល​នេះពឹង​ផ្អែកទៅ​លើស្ថានភាព​ជម្ងឺដើម បើអ្នក​ជម្ងឺ​មានជម្ងឺ​បេះដូង​ខ្សោយ​ខ្លាំងក្លា ឬការ​រលាកសួត​មាន​សភាព​ធ្ងន់ធ្ងរ ការ​ព្យាបាល​មិនអាច​ជួយ​ឱ្យមាន​ប្រសិទ្ធភាព​ផងដែរ។ ប៉ុន្ដែ​បើអ្នក​ជម្ងឺធ្វើ​រោគវិនិច្ឆ័យ​លឿន​អាចជួយ​បានមួយ​កម្រិត​បានដែរ។

វិធី​ការពារ​ជម្ងឺ​ហើមសួត

វិធី​ការពារ​គឺ​មិនមាន​នោះទេ ព្រោះ​ជម្ងឺនេះ​កើតឡើង​មិនបាន​ឱ្យអ្នក​ជម្ងឺ​ដឹងមុន​ឡើយ។ ព្រោះ​ជាទូទៅ​វាអាច​កើតមាន​ឡើង​ដោយសារ​ការ​រលាក​សួត ឬ​បង្កឡើង​ដោយសារ​មេរោគ​នៅក្នុង​ឈាម ដែល​មិនបាន​ធ្វើការ​ព្យាបាល​ឱ្យទាន់​ពេលវេលា​ក៏បង្កើត​ឱ្យមាន​ជម្ងឺសួត​តែម្ដង។ ព្រោះ​សួត​គឺជា​សរីរាង្គ​មួយ​សម្រាប់​បណ្ដុំ​សារធាតុ​ទាំងអស់​ដែលមាន​ការ​ឆ្លងកាត់​ទៅកាន់​សរីរាង្គ​ផ្សេងៗ នឹងធ្វើ​បណ្ដូរ​ឧស្ម័ន ដោយយក​ឧស្ម័ន​ពុលចេញ​ដាក់​ជំនួស​ឧស្ម័ន​ល្អបរិសុទ្ធ​ចូល ដែលគេ​ហៅថា អុកស៊ីសែន​ដើម្បី​បញ្ចេញ​ឧស្ម័ន​កាបូនិច។ ប៉ុន្ដែ​បើដឹងថា​លោកអ្នក​មាន​ជម្ងឺ​ហើមសួត​ហើយ គ្រូពេទ្យ​ធ្វើវិធី​ការពារ​មួយផ្សេង​ទៀត គឺ​តម្រូវឱ្យ​អ្នកជម្ងឺ​ទទួលទាន​ថ្នាំ អាច​បញ្ចុះ សម្ពាធ​ទឹកឬ​ឈាម ដែល​ចាល់ចេញ​ពីក្នុងខ្លួន​ឱ្យលឿន​តាមវិធី​ប្រើថ្នាំ​បញ្ចុះ​ទឹកនោម តែថ្នាំ​ទាំងនោះ​ត្រូវតែ​ទទួលការ​ប្រឹក្សា​ពីវេជ្ជបណ្ឌិត​ជំនាញ​ឱ្យ​ច្បាស់លាស់។

ផលប៉ះពាល់​របស់​ជម្ងឺ​ហើមសួត

ប្រសិនបើ​លោកអ្នក​មានជម្ងឺ​ហើម​សួត​ហើយ តែមិន​មានការ​ព្យាបាល​ឱ្យទាន់​ពេលវេលា​ទេ អ្នកជម្ងឺ​នឹងស្លាប់​យ៉ាងលឿន​បំផុត។ ព្រោះ​ជម្ងឺនេះ​មាន​ដំណាក់​កាល​របស់វា គឺ​ដំណាក់កាល​ទី១ ដំណាក់​កាលទី២ ដំណាក់កាល​ទី៣ ហើយ​បើចូល​ដល់​ដំណាក់កាល​ទី៣ ឬទី៤​ហើយ អ្នកជម្ងឺ​ពិតជា​មិនអាច​ស្រោចស្រង់​ជីវិត​បានឡើយ។ ព្រោះ​ប្រព័ន្ធ​សរីរាង្គ​ផ្សេងៗ​ដែលមាន​ទំនាក់ទំនង​ជាមួយ​នឹងសួត​ត្រូវបាន​កាត់​បំផ្លាញ​ទាំងអស់ ដូចជា​ការនាំ​ឈាម​ទៅចិញ្ចឹម​សរីរាង្គបេះដូង ពោះវៀន ថ្លើម ក្រពះ ដែលបាន​រីក​សាយភាយ​ពីជម្ងឺនេះ​ទទួលរង​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ ធ្វើឱ្យ​ប្រព័ន្ធ​សរីរាង្គ​ទាំងនេះ​លែងធ្វើ​ការ អ្នកជម្ងឺ​ត្រូវស្លាប់​តែម្ដង។

ដំបូន្មាន​អ្នក​ជំនាញ

លោកអ្នក​ទាំងអស់​ប្រសិនបើ​ដឹងថា មានជម្ងឺ​សួត​នៅដំណាក់​កាល​ដំបូង គួរ​ប្រញាប់​រួសរាន់​មកកាន់​មន្ទីរពេទ្យ​ឬទៅ​ជួបគ្រូពេទ្យ​ជំនាញ ដើម្បី​ធ្វើការ​ពិនិត្យ​ស្វែងរក​រោគវិនិច្ឆ័យ​និងធ្វើ​ការ​ព្យាបាល​ឱ្យទាន់​ពេលវេលា។ ព្រោះ​បើ​លោកអ្នក​ទុកយូរ ជម្ងឺនេះ​អាច​វិវឌ្ឍន៍​ទៅរក​ដំណាក់​កាល​ធ្ងន់ធ្ងរ​មិនអាច​ព្យាបាល​បាននោះ​លោកអ្នក​នឹង​បាត់បង់​ជីវិត​ជាមិនខាន​ឡើយ។ ព្រោះ​ជម្ងឺ​ហើមសួត ប្រសិនបើ​ដឹងមុន​អាច​ព្យាបាលបាន​ជាសះស្បើយ ដោយ​ប្រើ​រយៈពេល​ខ្លីតែ​ប៉ុណ្ណោះ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៣ ខែមិថុនា ឆ្នាំ២០១០

Google Analytics Alternative