ស្បែក​មិនស្អាត ៖ មូលហេតុ និង​វិធី​ថែទាំ

ស្បែក​មិនស្អាត​គឺជា​បញ្ហាមួយ​ដែល​ធ្វើឱ្យ​ស្ដ្រី​គ្រប់រូប​មានការ​ព្រួយបារម្ភ ជាពិសេស​នៅពេល​ដែលធ្វើ​ដំណើរ​ទៅណា​មកណា​ម្ដងៗ គឺ​តែងតែ​មាន​អារម្មណ៍​អន់ចិត្ដ​ចំពោះ​ស្បែក​របស់​ខ្លួនឯង។ ដោយ​សារតែ​ស្បែក​ស្រអាប់​មិន​ស្រស់ថ្លា ហើយ​មិនដឹង​ថាតើ​ស្បែក​របស់ខ្លួន​មិនស្អាត​គឺ​បណ្ដាល​មកពី​អ្វី​នោះទេ?

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង បាន​សម្ភាស​ជាមួយ​អ្នកស្រី សោភា ម្ចាស់​ហាង​កែសម្ផស្សម៉ាលីនណា បកស្រាយ​អំពី​មូលហេតុ​ស្បែក​មិនស្អាត ដើម្បី​ឱ្យ​មិត្ដនារី​ទាំងអស់​បាន​យល់ដឹង​កាន់តែ​ច្បាស់។

ស្បែក​មិនស្អាត?

ជាទូទៅ​ស្បែក​ត្រូវបាន​គេ​បែងចែក​ចេញជា​បីប្រភេទ​ធំៗគឺ ស្បែក​ដែលមាន​ជាតិខ្លាញ់ ស្បែក​ស្ងួត និង​ស្បែក​ធម្មតា។ ស្បែក​មិនស្អាត​គឺជា​ស្បែក​ដែលមើល​ទៅ​មិនស្រស់ ស្រអាប់ ស្បែក​ឆាប់ជាំ ឆាប់ខ្មៅ ស្បែក​គ្រើមៗ ស្បែក​គ្មាន​សំណើម មិនម៉ដ្ឋ គឺ​ស្បែក​ដែល​សម្បូរជាតិខ្លាញ់ និង​ស្បែកស្ងួត​ខ្លាំងពេក។

មូលហេតុ​ដែល​ធ្វើឱ្យ​ស្បែក​មិនស្អាត

សុភាពនារី​សុភាព​បុរស​ភាគច្រើន​មិនដឹង​ថាស្បែក​របស់ខ្លួន​មិនស្អាត​គឺ​បណ្ដាល​មកពីអ្វី​នោះទេ។ ស្បែក​មិនស្អាត​គឺ​បណ្ដាល​មកពី​ស្បែក​ដែលសម្បូរ​ទៅដោយ​ជាតិខ្លាញ់​ច្រើនពេក និង​ស្ងួត​ខ្លាំងពេក។

១ . ស្បែក​ដែលមាន​ជាតិខ្លាញ់​ហួស​ប្រមាណ ៖ ជាតិខ្លាញ់​អាច​ធ្វើឱ្យ​ស្បែក​មាន​មុនជាច្រើន ដូចជា​មុន​អង្កាម មុនរោល មុនខ្ទុះ​ជាដើម មិនថាលើ​ផ្ទៃមុខ​ឬលើ​ដងខ្លួន​នោះទេ អាច​កើតឡើង​បាន​គ្រប់​កន្លែង។ ស្បែក​ជាតិខ្លាញ់​ងាយ​ប្រឡាក់​ធូលី ដែល​ធ្វើឱ្យ​ស្បែក​ស្អិត ប្រសិន​បើមិន​បានធ្វើ​ការ​សម្អាត​ឱ្យបាន​ត្រឹមត្រូវ​នោះទេ អាច​បង្កឱ្យ​មានស្នាម​ខ្មៅតូចៗ​ជាច្រើន​នៅលើស្បែក។

២ . ស្បែក​ស្ងួតពេក ៖ គឺជា​ស្បែក​ដែលមាន​លក្ខណៈ​ងាយជ្រួញ ងាយ​បែក​ស្រកា ស្បែក​ដែលមាន​អាចម៍រុយ ស្បែកជាំ​ជាដើម ពីព្រោះ​ស្បែក​ប្រភេទនេះ​មានកង្វះ​នូវជាតិ​ប្រេង និង​ជាតិទឹក។ ស្បែកស្ងួត​ភាគច្រើន​មិនមាន​ក្រពេញ​បញ្ចេញ​ជាតិខ្លាញ់​គ្រប់គ្រាន់​នោះទេ ជាពិសេស​នៅពេល​ខែរងា​ស្បែកងាយ​បែកស្រកា ហើយ​នៅពេល​ដែល​យើង​អេះវា​នឹងឡើង​ហុយ ជាពិសេស​នៅពេល​ដែលត្រូវ​ពន្លឺថ្ងៃ​ក្ដៅខ្លាំង​ស្បែក​របស់យើង​ងាយឆាប់​ខ្មៅ និង​ឡើងជាំ ហើយ​របក​ជ្រីវជ្រួញ​ទៀតផង។

រូបភាពទស្សនាវដ្ដីសុខភាពយើង

វិធី​កែខៃ​ស្បែក​មិនល្អ​តាមបែប​ធម្មជាតិ

សុភាពនារី​សុភាព​បុរស​ទាំងអស់​ប្រាកដ​ជាបាន​ជ្រាប​ហើយថា មើម​ពន្លៃ​មានសារៈ​ប្រយោជន៍​ណាស់​សម្រាប់​ស្បែក​របស់យើង។ មើមពន្លៃ​ជួយឱ្យ​ស្បែក​របស់​យើង​មានភាព​ភ្លឺរលោង ជាពិសេស​ធ្វើឱ្យ​ស្បែក​របស់​យើងស មិនមាន​ភាពស្រអាប់ និងអាច​ជួយឱ្យ​ស្បែក​មានសំណើម​ថែម​ទៀតផង។ សូម​ស្វែងយល់​អំពី​វិធី​ប្រើប្រាស់​ពន្លៃ និង​វិធី​ធម្មជាតិ​ដូចតទៅ។

សូម​យកមើម​ពន្លៃ​លាងទឹក​ឱ្យស្អាត​ហើយ​ចិត​ជាបន្ទះ​ស្ដើងៗ យកទៅ​ហាល​ឱ្យបាន​២ឬ​៣ថ្ងៃ បន្ទាប់មក​យកមើម​ពន្លៃ នោះមក​បុកឱ្យ​ម៉ដ្ឋ។ យក​ទឹកដោះ​គោឆៅ​មកលាង​ឱ្យសព្វ​ជាមួយ​មើមពន្លៃ​ដែល​បុក ហើយ​លៃ​ឱ្យសម​នឹងស្បែក​របស់​យើង ថាតើ​ត្រូវដាក់​ប៉ុន្មាន​ទើប​អាច​លាបស្បែក​របស់​យើង​គ្រប់​បន្ទាប់មក​យក​ទឹកឃ្មុំ​សុទ្ធមក​លាយ​ជាមួយ បើសិនជា​យើង​លាបសព្វ​ពេញខ្លួន យើង​ត្រូវដាក់​ទឹកឃ្មុំ​១ស្លាបព្រា​បាយ។ នៅពេល​ដែល​លាយវា​សព្វ​ហើយ យើង​យកវា​មកលាប​នៅលើ​ខ្លួន​របស់​យើងឱ្យ​សព្វ​ដោយប្រើ​ដៃថ្នមៗ ហើយ​ទុកចោល​រយៈពេល​២០នាទី ទើបលាង​សម្អាត​ចេញ។ នេះគឺជា​វិធី​ដែល​ងាយស្រួល​បំផុត​សម្រាប់​មិត្ដនារី បើសិន​ជាចង់​ឱ្យស្បែក​កាន់តែ​ស្អាត​ថែមទៀត​នោះ សុភាព​នារី​ទាំងអស់​គួរតែ​លាប​ក្នុង១សប្ដាហ៍​ឱ្យបាន​២ដង ហើយការ​ដែលយក​មើមពន្លៃ​មកប្រើ​នេះវា​គ្មានផល​ប៉ះពាល់​អ្វីសម្រាប់​ស្បែក​នោះទេ។

វិធី​កាពោរ​ស្បែក​មិនស្អាត

សុភាពនារី​សុភាព​បុរស​ទាំងឡាយ​ដែលមាន​ស្បែក​មិនស្អាត គួរតែ​ទៅពិនិត្យ​ស្បែក​ជាមុន​សិន ដើម្បី​ឱ្យដឹង​ថាតើ​ស្បែក​ជាប្រភេទ​ស្បែកអ្វី។ បើសិន​ប្រភេទ​ស្បែក​ខ្លាញ់ ត្រូវ​សម្អាត​ដោយការ​ប្រើប្រាស់​សាប៊ូ​ដែលកម្ចាត់​ជាតិខ្លាញ់។ ចំពោះ​ស្បែកមុខ​ត្រូវប្រើ​សាប៊ូ​លាងមុខ​ដែលមាន​សារជាតិ​កម្ចាត់​ជាតិខ្លាញ់ ត្រូវប្រើ​ក្នុងមួយ​ថ្ងៃឱ្យ​បាន​បីដង គឺ​នៅពេល​ព្រឹក ពេលល្ងាច និង​មុនពេល​ចូលគេង។ ត្រូវ​ប្រើថ្នាំ​ព្យាបាល​ដោយលាប​ទៅលើ​ស្បែកមុខ ឬស្បែក​ដងខ្លួន ហើយ​មិនត្រូវ​ទិញថ្នាំ​ដែលមាន​ជាតិប្រេង ឬ​ជាតិខ្លាញ់​នោះទេ។ ចៀសវាង​ការ​បរិភោគ​អាហារ​ដែល​សម្បូរ​ទៅដោយ​ជាតិខ្លាញ់ និង​ជាតិប្រេង ត្រូវ​ឧស្សាហ៍​សម្អាត​ខ្លួនដោយ​ទឹកក្ដៅ​ដែលមាន​សីតុណ្ហភាព​ក្ដៅឧណ្ហៗ ជាពិសេស​ត្រូវ​បរិភោគ​ទឹក​ឱ្យបាន​ច្រើន។ ចំពោះ​អ្នក​ដែលមាន​ស្បែកស្ងួត ត្រូវ​ប្រើសាប៊ូ​ដែលមាន​ជាតិប្រេង សម្រាប់​សម្អាត ដើម្បី​ជំនួយ​ដល់ស្បែក​ស្ងួត។ ត្រូវ​ប្រើថ្នាំ​ដែលមាន​ជាតិ​ប្រេង​លាប​នៅលើ​ស្បែក ដើម្បី​ឱ្យស្បែក​មាន​សំណើម។ ត្រូវ​ទទួលទាន​អាហារ​ណាដែល​មានសារៈ​ប្រយោជន៍​ចំពោះ​ស្បែក ដូចជា​ស៊ុត ប័រស្រស់ ល្ហុង ពោត និង​បន្លែផ្សេៗ​ដែល​ជំនួយ​ដល់​ស្បែក។ ត្រូវសម្អាត​ខ្លួន​ដោយ​ទឹកត្រជាក់​ធម្មតា ជាពិសេស​ត្រូវ​បរិភោគ​ទឹក​ឱ្យបាន​ច្រើនយ៉ាង​តិច៨​កែវក្នុង​មួយថ្ងៃ និងត្រូវ​ប្រើថ្នាំ​ដែលមាន​ជាតិ​ជំនួយ​ដល់ស្បែក​ផងដែរ។ ចំពោះ​អ្នក​ដែលមាន​ស្បែក​ធម្មតា គួរតែ​ថែរក្សា​ស្បែក​របស់ខ្លួន​ឱ្យ​នៅបាន​ល្អ ដូចជា​នៅពេល​ដែលចេញ​ទៅណា​ម្ដងៗ​គួរតែ​ប្រើឡេ​ការពារ​កម្ដៅថ្ងៃ​ឱ្យបាន​ញឹកញាប់ ដើម្បី​ការពារ​ចំពោះ​ពន្លឺ​ព្រះអាទិត្យ និង​បរិយាកាស​ខាងក្រៅ ជាពិសេស​ត្រូវតែ​បរិភោគ​ទឹកឱ្យ​បានច្រើន ព្រោះទឹក​គឺជា​ផ្នែកមួយ​ដល់​សំខាន់​សម្រាប់​ជួយឱ្យ​ស្បែក​មាន​សំណើម និងមាន​សភាព​ភ្លឺថ្លា។

ដំបូន្មាន​អ្នក​ជំនាញ

ស្បែក​គឺជា​ផ្នែកមួយ​ដែល​សំខាន់​បំផុត ហើយ​ក៏ជា​សោភ័ណភាព​មួយពិសេស​សម្រាប់​សម្រស់​នារី​គ្រប់រូប។ ស្បែក​ស្អាត ធ្វើឱ្យ​នារី​គ្រប់រូប​មាន​មោទនភាព​ចំពោះ​ខ្លួនឯង។ ដូចនេះដើម្បី​ឱ្យស្បែក​ស្អាត ស្ដ្រី​គប្បី​តែថែរក្សា​ដោយ​យកចិត្ដ​ទុកដាក់​បំផុត មិនត្រូវ​បណ្ដែត​បណ្ដោយ​ឱ្យស្បែក​ស្អាត​បាត់បង់​ដោយ​ងាយៗ​នោះទេ ជាពិសេស​នៅពេល​ដែលស្បែក​របស់​អ្នកមាន​បញ្ហា គួរតែ​ប្រញាប់​ទៅពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ដែលមាន​ជំនាញ​ផ្នែក​ថែរក្សា​ស្បែក ដើម្បី​រកវិធី​ព្យាបាល និង​ការពារ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៣ ខែមិថុនា ឆ្នាំ២០១០

Google Analytics Alternative