វិធី​តុបតែង​មុខ​បែបថៃ

ដើម្បី​ភាព​ស្រស់ស្អាត និង​ទាន់សម័យ សុភាពនារី​មួយចំនួន​តែងតែ​ស្វែងរក​នូវអ្វី​ថ្មី ហើយ​ប្លែក​នៅក្នុង​ការ​តុបតែង​ខ្លួន​ក៏ដូចជា​ផ្ទៃមុខ។ ការ​តុបតែង​មុខ​បែបថៃ​ជាវិធី​សាស្ដ្រ​មួយដែល​មិត្ដនារី​អាច​ជ្រើសរើស​ធ្វើតាម​ដើម្បី​ធ្វើឱ្យ​ផ្ទៃមុខ​មានភាព​ស្រស់ស្អាត ស៊ីវិល័យ​បានថែម​មួយ​កម្រិត។ ការ​តុបតែង​មុខបែប​ថៃគ្មាន​អ្វី​លំបាក​នោះទេ បើសិនជា​សុភាព​នារី​អនុវត្ដ​ទៅតាម​ការ​ណែនាំ​របស់​អ្នក​ជំនាញ​នោះ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង បានជួប​ជាមួយ​កញ្ញា បេ អង មេជាង​ប្រចាំ​ហាង​ស៊ីនឌី ដើម្បី​ពន្យល់​អំពីវិធី​នៅក្នុង​ការ​តុបតែង​មុខ​បែបថៃ។

ប្រការល្អ​គួរ​យល់ដឹង​នៅពេល​តុបតែង​មុខ

កាលពី​លេខមុន សុភាពនារី​បាន​ជ្រាបរួច​មកហើយ​អំពីវិធី​នៅក្នុង​ការ​តុបតែង​មុខតាម​បែប​ផ្សេងៗ។ នៅលេខ​នេះ ទស្សនាវដ្ដី សុខភាពយើង នឹងលើក​យកវិធី​នៅក្នុង​ការ​តុបតែង​មុខបែប​ថៃបន្ថែម​ទៀត ដើម្បី​ឱ្យមិត្ដ​នារី​បានជ្រាប​ហើយ​អនុវត្ដ ដែល​ធ្វើឱ្យ​ផ្ទៃមុខ​មានភាព​ស្រស់ស្អាត ហើយ​ប្លែក។ សម្រាប់​មិត្ដនារី​គ្រប់រូប​ដែល​និយម​តុបតែង​មុខ​បែបថៃ ដើម្បី​ភាព​ស្រស់ស្អាត ចាំបាច់​ត្រូវតែ​យកចិត្ដ​ទុកដាក់ រួមផ្សំ​នឹងការ​ច្នៃប្រឌិត​ទើប​ទទួលបាន​ផលល្អ។ មុនពេល​ចាប់ផ្ដើម​តុបតែង​មុខ គួរតែ​រៀបចំ​ឧបករណ៍ សម្រាប់​តុបតែង​ឱ្យបាន​សព្វគ្រប់​ទាំងអស់ ជាពិសេស​ត្រូវ​លុបលាង​មុខ​ឱ្យបាន​ស្អាត​ជាមុន​សិន។ ការ​តុបតែង​មុខក៏​តម្រូវ​ទៅលើ​ពន្លឺ​ផងដែរ ដូច្នេះ​ស្ដ្រី​ទាំងឡាយ​គួរ​ជ្រើសរើស​កន្លែង​តុបតែង​ណា​ដែលមាន​ពន្លឺ​ថ្ងៃ​គ្រប់គ្រាន់ មិន​ងងឹត​ពេក ដើម្បី​ងាយ​ស្រួល​ក្នុងការ​តុបតែង ចៀសវាង​លាប​ទៅមើល​ឃើញ​ស ឬ​ក្រាស់ពេក។

វិធី​តុបតែង​មុខ​បែបថៃ

ជាដំបូង​ត្រូវ​ចាប់ផ្ដើម​ប្រើម្សៅ​ទ្រនាប់​លាបផ្ទៃមុខ មិនក្រាស់​ពេក​មិនស្ដើង​ពេក បន្ទាប់មក​ទៀត​ត្រូវផាត់​ម្សៅហុយ ដើម្បី​ធ្វើឱ្យ​ជាប់បាន​យូរ​ហើយ​ធ្វើឱ្យ​ផ្ទៃមុខ​ម៉ដ្ឋរលោង។ ចំពោះ​ចិញ្ចើម​អាច​ប្រើ​ម៉ាស្ការ៉ា​លាប​លើ​រោម​ចិញ្ចើម ឬក៏​ប្រើ​ខ្មៅដៃ​គូស​ចិញ្ចើម​ពណ៌​សូកូឡា ដោយ​គូសឱ្យ​ធំគល់ដើម្បី​ឱ្យឃើញ​ច្បាស់ ពី​ទ្រង់ទ្រាយ​របស់​ចិញ្ចើម។ បន្ទាប់មក​ត្រូវប្រើ​ម្សៅពណ៌​ផាត់ភ្នែក ពណ៌ស ឬក៏​ពណ៌ប្រាក់ សម្រាប់​សុភាពនារី​ដែល​ចង់បាន​ភាព​សិចស៊ី។ ចំណែកឯ​ត្របកភ្នែក​វិញ​ត្រូវតែ​ប្រើពណ៌​ខ្មៅ ឬ​ពណ៌​សូកូឡា។ ខ្មៅដៃ​គូសខ្សែ​ត្របកភ្នែក​ត្រូវគូស​ពណ៌ខ្មៅ អាច​ជួយឱ្យ​ភ្នែក​មើលទៅ​ធំ​ជាងមុន និង​ភ្លឺមុត ដោយគូស​អូស​ឱ្យវែង​ហួស​កន្ទុយភ្នែក​បន្ដិច។ រីឯ​ម្សៅពណ៌​ដែលត្រូវ​ផាត់ថ្ពាល់​វិញ​សុភាពនារី​គួរតែ​ប្រើពណ៌​ផ្កាឈូក ដើម្បី​ឱ្យ​មើលទៅ​មានភាព​ស្រស់ថ្លា។ ជាបន្ទាប់​មកទៀត​សូមប្រើ​ក្រែម​រលោង​ពណ៌​ស្រាល​ស្ដើង ដូចជា​ពណ៌​ផ្កាឈូក​ខ្ចី បន្ទាប់មក​ត្រូវប្រើ​ទឹករលោង​នៅលើ​បបូរមាត់។ ជាចុង​ក្រោយ សុភាពនារី​ត្រូវប្រើ​ម៉ាស្ការ៉ា​លាប​នៅលើ​រោមភ្នែក ដើម្បី​ជួយ​បន្ថែម​សោភ័ណភាព​រោមភ្នែក ឱ្យមើល​ទៅឃើញ​ក្រាស់ ឬក៏​បិតរោមភ្នែក​ពីលើ​ដើម្បី​ឱ្យឃើញ​កាន់តែ​ស្រស់ស្អាត។ ចំពោះ​វិធី​តុបតែង​មុខបែប​នេះ អាច​ប្រើបាន​សម្រាប់​យុវវ័យ និងអាច​ចូលរួម​បាន​គ្រប់​កម្មវិធី ដូចជា​ពិធី​រៀប​មង្គលការ ពិធី​ជប់លៀង ជាពិសេស​ពិធី​រាត្រី​ស្រមោលស។

ដំបូន្មាន​អ្នក​ជំនាញ

នៅពេល​ផាត់មុខ​រួច​មិត្ដនារី​គួរតែ​ត្រួតពិនិត្យ​ឱ្យបាន​ម៉ត់ចត់។ ប្រសិន​បើមើល​ទៅមិន​បានល្អ​គ្រប់កន្លែង ទោះ​តិចតួច​ក្ដីគួរតែ​កែលម្អ​ឱ្យបាន​ប្រសើរ​ឡើងវិញ។ ប៉ុន្ដែ​បើសិនជា​ខុសច្រើន​ពេក ហើយ​លំបាក​នៅក្នុង​ការ​កែលម្អ​គួរតែ​លុបចោល​ទាំងអស់​រួច​ចាប់ផ្ដើម​តុបតែង​សាជា​ថ្មី។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៣ ខែមិថុនា ឆ្នាំ២០១០

Google Analytics Alternative