សំណង់​ផ្ទះ​ទៅតាម​អាកាស​ធាតុ

បញ្ហា​អាកាសធាតុ​ចំពោះ​សំណង់​ផ្ទះ​គឺជា​រឿងចោទ​សំខាន់​មួយ​ដែលអាច​បង្កឱ្យ​មានបញ្ហា​ចំពោះ​ការ​រស់នៅ​ប្រចាំថ្ងៃ​របស់​លោកអ្នក។ ដូចនេះ​បច្ចេកទេស​នៃការ​សាងសង់​ចាំបាច់​ត្រូវគិតគូរ​ឱ្យបាន​ល្អ​ចំពោះ​បញ្ហា​ធាតុ​អាកាស​សម្រាប់​ប្រទេស និង​តំបន់​នីមួយៗ​ដែល​កំពុង​រស់នៅ។ បើសិនជា​ការ​សាងសង់​ផ្ទះ​មិនបាន​គិតគូរ​ទៅលើ​កត្ដា​អាកាសធាតុ​នេះទេ នឹងអាច​បង្ក​ឱ្យមាន​ផល​ប៉ះពាល់ ចំពោះ​ការ​រស់នៅ​ក៏ដូចជា​សុខភាព​របស់​លោកអ្នក។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ដើម្បី​កាន់តែ​ជ្រាប​ច្បាស់​អំពី​បញ្ហា​នេះ ទស្សនាវដ្ដី សុខភាពយើង បានជួប​សម្ភាស​ជាមួយ​លោក ជា សារិន នាយក​ក្រុមហ៊ុន គ្រីន​ហ្គោល។

ទំនាក់​ទំនង​បញ្ហា​អាកាស​ធាតុ និង​សំណង់​ផ្ទះ

ការ​សាងសង់​ផ្ទះ​ទៅតាម​អាកាសធាតុ​គឺ​សំដៅ​ទៅលើ​តំបន់​ប្រទេស​នីមួយៗ មាន​តំបន់​មួយចំនួន​អាកាស​ធាតុ​មានការ​ប្រែប្រួល​គួរឱ្យ​កត់សម្គាល់​នៅពេល​ថ្ងៃ និង​ពេលយប់។ ប្រទេស​អាហ្វ្រិច​គឺមាន​ការេ​ប្រែប្រួល​អាកាសធាតុ​ខុសគ្នា​ខ្លាំង​តែម្ដង រីឯ​តំបន់ អេក្វាទ័រ​មាន​អាកាសធាតុ​លក្ខណៈ​ថេរ តំបន់មាន​លក្ខណៈ​ប្រែប្រួល​ថេរ និង​លក្ខណៈ​អាកាសធាតុ​ត្រជាក់​ដូចជា​នៅ​ប៉ែកខាង​តំបន់ អឺរ៉ុប​ជាដើម។ ប្រទេស​កម្ពុជា​គឺស្ថិត​នៅក្នុង​តំបន់​ត្រូពិច​ដែល​ទទួលរង​អាកាស​ធាតុក្ដៅហើយ​សើម​ច្រើន ដែលមាន​សំណើម​បរិយា​កាស រហូត​ទៅដល់​៧០​ភាគរយ ហើយ​ទិស​ខ្យល់បក់​គឺមាន​លក្ខណៈ​មិន​ច្បាស់លាស់​នោះទេ។ ៩ខែពី​និរតី ៣ខែ​ពីឦសាន ប៉ុន្ដែ​បើការ​រស់នៅ​ក្នុង​ទីក្រុង​គឺមាន​ការ​សម្គាល់​ឃើញ​ថា ទិសខ្យល់​មិនមាន​លក្ខណៈ​ច្បាស់លាស់ ដោយសារ​តែឥទ្ធិពល​សំណង់​អគារ និង​ដោយសារ​វត្ថុផ្សេងៗ​ទៀត។ ចំពោះ​ល្បឿន​ខ្យល់​ក៏មាន​លក្ខណៈ​ប្រែប្រួល​ច្រើន ពេលខ្លះ​ហប់​ខ្យល់ ពេលខ្លះ​ខ្យល់ខ្លាំង​តែម្ដង។ ដូចនេះ​ការ​សាងសង់​ផ្ទះ​តាម​លក្ខណៈ​អាកាសធាតុ​គឺមាន​លក្ខណៈ​ពិបាក​បន្ដិច​ចំពោះ​ស្ថាបត្យករ។

1 . កត្ដា​ព្រះអាទិត្យ ៖ ដើម្បី​ឱ្យការ​សាងសង់​ផ្ទះមាន​លក្ខណៈ​ផាសុកភាព​នៅផ្នែក​ខាងក្នុង គឺត្រូវ​ឱ្យការ​សាងសង់​យ៉ាង​ណា មានការ​កាត់បន្ថយ​ការ​ប៉ះពាល់​រវាង​អគារ​ទៅនឹង​ពន្លឺ​ព្រះអាទិត្យ​ដែលចាំង​មកផ្ទាល់​ឱ្យ​នៅសល់​តិច។ ទិសនៃ​ផ្ទៃ​សំណង់​អគារ​ដែលត្រូវ​ប៉ះផ្ទាល់​ជាមួយ​នឹងពន្លឺ​ព្រះអាទិត្យ​នោះគឺ​ទិសខាង​លិច និង​ខាងត្បូង។ ចំណែក​ទិសខាង​ជើង​គឺប៉ះ​នឹងពន្លឺ​ព្រះអាទិត្យ​តែ​រយៈពេល​បីខែ​ប៉ុណ្ណោះ​ក្នុងមួយ​ឆ្នាំ។ រីឯ​ទិសខាង​កើត​មិនសូវ​ជាធ្វើ​ឱ្យមាន​ផល​ប៉ះពាល់ចំពោះ​សំណង់​អគារ​នោះទេ ដោយសារ​ទិសនេះ​រងតែ​ពន្លឺ ព្រះអាទិត្យ​នៅពេល​ព្រឹក​ព្រលឹម កម្ដៅ​មិនទាន់​ជាក្ដៅ​ខ្លាំង​ដូចជា​ពេលថ្ងៃ ដោយសារ​ការសល់​កម្លាំង​ចំហាយ​ត្រជាក់​នៅពេល​យប់។ ដោយឡែក​នៅពេល​ចាប់ពី​ម៉ោង១២​រហូត​ដល់ម៉ោង​៤គឺ​ជាកម្ដៅ​ដែល​ក្ដៅខ្លាំង ដូចនេះសំណង់​ផ្ទះ​របស់​លោកអ្នក​គប្បី​ចៀសវាង​ការ​ប៉ះចំ​ដោយផ្ទាល់​នឹងពន្លឺ​ព្រះអាទិត្យ​នាវេលា​នេះ។ លោកអ្នក​គប្បី​រៀបចំ​សំណង់​អគារ​ដែលប៉ះ​នឹងពន្លឺ​ថ្ងៃ​បញ្ឆិត ទោះបីជា​ស្ថិតក្នុង​ភាពងងឹត​ក៏ក្នុងផ្ទះ​នៅមាន​ពន្លឺ តែពន្លឺ​នោះមិន​ប៉ះផ្ទាល់​នោះទេ។ ការ​រៀបចំ​ទាំងអស់​នេះគឺ​ជាបច្ចេកទេស​របស់​វិស្វករ​ដែលបាន​រៀបចំ​ប្លង់ក្នុង​ការសាងសង់​ផ្ទះ​របស់​លោកអ្នក។ កាលណា​ពន្លឺ​ព្រះអាទិត្យ​ប៉ះផ្ទាល់​នឹងផ្ទៃ​អគារ​គឺមាន​ផល​ប៉ះពាល់​យ៉ាងខ្លាំង​ចំពោះ​ផ្ទះ និង​ការ​រស់នៅ។ នៅពេល​ដែល​កម្ដៅ​​ប៉ះដល់​ផ្ទៃអគារ កម្ដៅ​វានឹង​ជ្រាបចូល​រួចវា​នឹងភាយ​ចេញ ដូចជា​នៅពេល​ដែល​លោកអ្នក យកដៃ​ស្ទាប​ជញ្ជាំង​នៅពេល​ថ្ងៃក្ដៅ ជញ្ជាំង​ក្ដៅ។ ទោះបីជា​នៅពេល​ដែលកម្ដៅ​ព្រះអាទិត្យ​លេចទៅ​វិញក៏​នៅតែ​ក្ដៅ នេះដោយ​សារតែ​ផ្ទៃ​ជញ្ជាំង ឬសម្ភារៈ​នោះបាន​រងការ​ប៉ះផ្ទាល់​ទៅនឹង​ពន្លឺ​ព្រះអាទិត្យ ហើយ​ធ្វើឱ្យ​បៀមជាប់​កម្ដៅ។ នេះជា​កត្ដាពន្លឺ​ព្រះអាទិត្យ​ដែលមាន​ការ​ជះឥទ្ធិពល​ចំពោះ​សំណង់​ផ្ទះ។ ដូច្នេះ​ហើយ​ការសាង​សង់ផ្ទះ​ត្រូវធ្វើ​យ៉ាងណា​ឱ្យ​ចៀសផុត​ពីទិស​ដែល​ពន្លឺ​ព្រះអាទិត្យ​ជះចូល​ក្នុងផ្ទះ​ដោយ​ផ្ទាល់។

2 . កត្ដាខ្យល់ ៖ បញ្ហាខ្យល់​ជាបញ្ហា​ដែល​ចៀស​មិនផុត​នោះទេ។ ដូចនេះ​សំណង់​អគារ​ឬផ្ទះ​នីមួយៗ​ចាំបាច់​ត្រូវតែ​មាន​ចរន្ដខ្យល់​ពីរ ព្រោះ​អាកាសធាតុ​នៅក្នុង​ប្រទេសកម្ពុជា​គឺមាន​លក្ខណៈក្ដៅ​ហើយ​សើម ខុសពី​ប្រទេស​ដទៃ​ដែលមួយ​ចំនួនមាន​លក្ខណៈ​ក្ដៅ ហើយ​ស្ងួត ដូចជា​នៅប្រទេស​អាហ្វ្រិក​ជាដើម។ ការ​រស់នៅ​ក្នុង​ប្រទេសកម្ពុជា​ឱ្យតែ​ក្ដៅគឺ​បែកញើស​ស្អិត​ខ្លួន ធ្វើឱ្យ​មាន​អារម្មណ៍ មិនស្រួល ដូចនេះ​ចរន្ដខ្យល់​ក្នុង​អគារ​ឬផ្ទះ​របស់​លោកអ្នក​មាន​តួនាទី​សំខាន់​ក្នុងការ​ដោះស្រាយ​បញ្ហានេះ ដើម្បី​ផ្លាស់ប្ដូរ​កម្ដៅ និង​ជាតិទឹក ហួតយក​ជាតិទឹក​ជាមួយ​ស្បែក ដូចនេះគឺ​អាចធ្វើ​ឱ្យខ្លួន​របស់​លោកអ្នក​មាន​សភាព​ត្រជាក់។ ការ​សាងសង់​ផ្ទះ​ដែលមាន​ពិដាន​គឺត្រូវ​ធ្វើឱ្យ​មាន​ប្រឡោះ​ពីដំបូល និង​ពិដាន​ដើម្បី​ឱ្យមាន​ចរន្ដខ្យល់​ឆ្លងកាត់ ចៀសវាង​ការ​បិទជិត ព្រោះនៅ​ពេលណា​បិទជិត កម្ដៅ​ដែលមក​ប៉ះនឹង​​​​​​​​​​​​​​​​​​​ធ្វើឱ្យ​ហប់ ពេលនោះ​កម្ដៅ​នឹងជះ​ត្រឡប់​ចុះមក​ក្រោម​តាមរយៈ​ពិដាន ដូច្នេះ​ធ្វើឱ្យ​ក្នុងផ្ទះ​មាន​សភាព​ក្ដៅ។ ការ​សាងសង់​ឱ្យមាន​ប្រឡោះ​រវាង​ដំបូល និង​ពិដាន គឺដើម្បី​ឱ្យមាន​ចរន្ដ​ខ្យល់​ចេញចូល​មាន​សភាព​ត្រជាក់ ដោយ​សារតែ​នៅពេល​ណា ដែលមាន​ខ្យល់​ក្ដៅ​វានឹង​រត់ចេញ​តាម​ប្រឡោះ​ដែល​ទុកនោះ​តែម្ដង ពេលនោះ​នឹង​ធ្វើឱ្យ​មានការ​ផ្លាស់ប្ដូរ​ពីខ្យល់​ក្ដៅ​ទៅជា​ត្រជាក់។ ការ​គិតគូរ​ចំពោះ​បញ្ហា​ចរន្ដខ្យល់​គឺមាន​ប្រយោជន៍​សំខាន់​ចំពោះ​ការ​រស់នៅ​ជាប្រចាំថ្ងៃ​របស់​លោកអ្នក ដែលជា​តម្រូវការ​ចាំបាច់​ដែល​ ត្រូវមាន​ខ្យល់​ដកដង្ហើម​បរិសុទ្ធ​ពោរពេញ​ដោយ​ផាសុកភាព​ក្នុង​គេហដ្ឋាន។

3 . កត្ដា​ទឹកភ្លៀង ៖ ការ​សាងសង់​ផ្ទះ​ចាំបាច់​បំផុត​គឺការ​គិតគូរ​ពីកត្ដា​ទឹកភ្លៀង បើ​មិនបាន​រៀបចំ​ឱ្យបាន​ត្រឹមត្រូវ​នោះទេ វានឹង​អាចធ្វើ​ឱ្យទឹក​ភ្លៀង​សាចចូល​ទៅក្នុង​ផ្ទះ​របស់​លោកអ្នក​បង្កនូវ​ផលវិបាក។ ជា​ដំណោះ​ស្រាយ​ដ៏ល្អ ដំបូលផ្ទះ​របស់​លោកអ្នក​គួរមាន​សំយាប​វែង ដែល​ជាផល​ប្រយោជន៍​ជួយ​ទប់ស្កាត់​ការ​ទទួលរង​ពន្លឺ​ព្រះអាទិត្យ​ដោយផ្ទាល់​ចំជញ្ជាំង​ផ្ទះ និង​ជួយទប់ស្កាត់​ពីទឹកភ្លៀង ដើម្បី​កុំឱ្យ​សាចចូល​ក្នុងផ្ទះ​របស់​លោកអ្នក​តាមរយៈ​ទ្វារ ឬ​បង្អួច។

ដំបូន្មាន​អ្នក​ជំនាញ

ការ​ការពារ​លក្ខណៈ​អាកាសធាតុ​ក្ដៅ និង​ត្រជាក់​ជាការ​ចាំបាច់​សម្រាប់​ការ​រស់នៅ​ប្រចាំ​ថ្ងៃរបស់​លោកអ្នក។ នៅពេល​អាកាស​ត្រជាក់ លោកអ្នក​ប្រាកដ​ជាត្រូវ​ការឱ្យ​មានកម្ដៅ​នៅក្នុង​ផ្ទះដើម្បី​ភាព​កក់ក្ដៅ ហើយ​នៅពេល​ដែលមាន​អាកាស​ធាតុក្ដៅ លោកអ្នក​ពិតជា​ត្រូវការ​ភាពត្រជាក់។ ដូចនេះ​ដំណោះ​ស្រាយ​ក្នុងការ​ទប់ស្កាត់​លក្ខណៈ​អាកាសធាតុ​ទាំងពីរ​នេះ គឺការ​ជ្រើសរើស​សម្ភារៈ​ក្នុងការ​សាងសង់​ផ្ទះ​ឱ្យបាន​ត្រឹមត្រូវ ដូចជា​ជញ្ជាំង​ត្រូវ​រើសយក​សម្ភារៈ​ជញ្ជាំង​ណាដែល​មិន​បៀម​កម្ដៅ ឬ​បៀមតិច។ ហើយ​សម្ភារៈ​ទាំងនោះ​មិនមែន​ជាសម្ភារៈ​ចម្លង​កម្ដៅនោះទេ សម្ភារៈ​ដែលល្អ​បំផុត​នោះគឺ​ជាឈើ ព្រោះឈើ​មិនងាយ​ចម្លង​កម្ដៅ ដូច​ពពួក​ដែក ទង់ដែង និង​អាលុយ​មីញ៉ូម​នោះទេ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥២ ខែឧសភា ឆ្នាំ២០១០

Google Analytics Alternative