សាយ សៀរ៉ា សុខភាព​ជាការ​នាំផ្លូវ​ទៅរកភាព​ជោគជ័យ

សាយ សៀរ៉ា ជាតារា​មួយដួង​កំពុង​តែរះ​នៅលើ​វិថី​សិល្បៈ​នាពេល​បច្ចុប្បន្ន។ មហាជន​មួយចំនួន​បាន​ទទួល​ស្គាល់​រួចមក​ហើយ តាមរយៈ​ការ​សម្ដែង​រឿង និស្ស័យ​ស្លាប់​រស់។ សាយ សៀរ៉ា ត្រូវបាន​ម្ចាស់​ផលិតកម្ម​ជាច្រើន​ចាប់​អារម្មណ៍​ពី​ទេពកោសល្យ​សម្ដែង និង​រូបរាង​របស់លោក ហើយក៏​បានផ្ដល់​ឱកាស​ឱ្យ​លោក​ថតខ្សែ​ភាពយន្ដ​មួយចំនួន និង​ថត​សម្ដែង​ខារ៉ាអូខេតាម​បណ្ដា​ផលិតកម្ម​ជាច្រើន។ ការ​បោះ​ជំហាន​ចូល​សិល្បៈ​រយៈពេល​ជាងបួន​ឆ្នាំមក​នេះ ការងារ​របស់​សៀរ៉ា​សព្វថ្ងៃ​កាន់តែ​មាន​ល្បឿន​ទៅមុខ ទោះជា​យ៉ាងណា​អ្វីដែល​លោក​ត្រូវតែ​គិតគូរ​សំខាន់​ជាងគេ​នោះគឺ​សុខភាព​របស់​លោក។

រូបភាពទស្សនាវដ្ដីសុខភាពយើង

សាយ សៀរ៉ា បាន​ចូលខ្លួន​មកធ្វើ​ការ​បកស្រាយ​ពីការ​ថែរក្សា​សុខភាព និង​សម្រស់​របស់​គេផ្ទាល់​ជូនដល់​ប្រិយមិត្ដ​អ្នកអាន ទាំងអស់​បាន​ទទួល​ជ្រាប​តាមរយៈ​កិច្ចសម្ភាសន៍​ជាមួយ​ទស្សនាវដ្ដី សុខភាពយើង។

ប្រវត្ដិ​មុនឈាន​ជើង​ចូល​សិល្បៈ

ដំបូង​ឡើយ សៀរ៉ា​បានទៅ​ហាត់រៀន​ការ​សម្ដែង​នៅក្លឹប​មួយ​រយៈពេល​ជាងមួយ​ឆ្នាំ។ បន្ទាប់មក​ក៏បាន​ចូលរួម​ការ​សម្ដែង មួយចំនួន​តាមរយៈ​សមាជិក​របស់​ក្លឹប​នៅតាម​ខេត្ដឆ្ងាយ។ សៀរ៉ា​បានចូល​ក្នុង​វិស័យ​សិល្បៈ​ជាអ្នក​សម្ដែង​ក្នុងអំឡុង​ដើមឆ្នាំ​២០០៥។ ការ​ប្រឡូក​ដំបូង​សៀរ៉ា​បាន​សម្ដែង​ស្ពត​ពាណិជ្ជកម្ម​ឱ្យ​ក្រុមហ៊ុន​មួយ។ បន្ទាប់​មកទៀត​លោក​ក៏បាន​សម្ដែង​ភាពយន្ដ​រឿង បង្គង​ជីវិត ដោយ​មានការ​ដឹកនាំ​សម្ដែង​រឿង​ដោយ​ក្លឹប​របស់​លោក​ដែល​រឿងនេះ​បានយក​ទៅលក់​នៅក្រៅ​ប្រទេស។ បន្ទាប់​មកទៀត លោក​ក៏បាន​សាង​ស្នាដៃ​នៅក្នុង​រឿង​មួយទៀត​ប្រចាំ​ស្ថានីយទូរទស្សន៍​បុស្ដិ៍​លេខ៣ គឺ​រឿង ងារ​ជា​ប្រពន្ធ ដែល​ដើរ​សម្ដែង​ជាតួឯក។ ក្រៅ​ពីនេះ សៀរ៉ា​បាន​សម្ដែង​ជាតួ​ខារ៉ាអូខេ​ជាច្រើន រួមមាន​ផលិតកម្ម ខេអេច រស្មី​ស្ទឹងសង្កែ រស្មី​ស្ទឹងសែន ស្បាក សាន់ដេ អេម និង​ផលិតកម្ម​រស្មី​ហង្សមាស រួមនឹង​ផលិតកម្ម​ជាច្រើន​ទៀត។

ការ​ថែរក្សា​សម្រស់

ទោះបីជា​សព្វថ្ងៃ​ការងារ​របស់​សៀរ៉ា​មានការ​មមាញឹក​យ៉ាង​ណា ក៏លោក​នៅតែ​គិតគូរ​សំខាន់​ទៅលើ​បញ្ហា​សុខភាព និង សម្រស់​របស់​លោក​ជានិច្ច។ ខាងក្រោម​នេះ​គឺជា​វិធី​មួយចំនួន​ដែល​លោកបាន​អនុវត្ដ​ជាប្រចាំ​ថ្ងៃ។

  • ការ​ថែរក្សា​ស្បែកមុខ ៖ បញ្ហា​ស្បែកមុខ​គឺ​សៀរ៉ា​មិនមាន​ការ​ធ្វេសប្រហែស​នោះទេ ព្រោះ​មួយផ្នែក​នៃ​សម្រស់​របស់ លោកក៏​អាស្រ័យ​លើ​ផ្ទៃមុខ​នេះដែរ។ ជារៀង​រាល់ពេល​ដែលលោក​ត្រឡប់​មកពី​ធ្វើការ គឺ​តែងតែ​លាង​សម្អាត​មុខ​ជាប្រចាំ​ជាមួយ​ហ្វម លាងមុខ​ដើម្បី​កាត់បន្ថយ​ធូលី​ដី និង​ជាតិខ្លាញ់​នៅលើ​ផ្ទៃមុខ។
  • ការ​ថែរក្សាស្បែក​ដងខ្លួន ៖ លោក​បាន​សម្អាត​កាយ​ជាមួយ​សាប៊ូ​រៀងរាល់​ពេល​ដែល​ងូតទឹក។ ក្នុង​មួយថ្ងៃ​យ៉ាង​ហោចណាស់​ក៏​សៀរ៉ា​ងូតទឹក​ចំនួន​ពីរដង​ដែរ។
  • ការ​ថែរក្សា​សក់ ៖ លោក​តែងតែ​មានការ​ថែទាំ​សក់​បាន​ដិតដល់​ណាស់ នៅ​រាល់ពេល​ដែល​សៀរ៉ា​ងូតទឹក លោក​តែងតែ​ឧស្សាហ៍​កក់សក់ និង​អប់សក់​ជារៀង​រាល់​ពីរថ្ងៃ​ម្ដង។
  • ការ​ថែរក្សា​ភ្នែក ៖ សុខភាព​ភ្នែក​ជាបញ្ហា​សំខាន់​សម្រាប់​សៀរ៉ា ជារៀង​រាល់ពេល​ថត​សម្ដែង លោក​តែងតែ​ប្រើថ្នាំ​បន្ដក់​ភ្នែក ដើម្បី​ការពារ​គ្រាប់ភ្នែក រាល់​ឈុតឆាក​ដែល​ត្រូវពន្លឺ​ថ្ងៃខ្លាំង និង​មានការ​បញ្ចាំង​ភ្លើង​ហ្វារ​ជាដើម។
  • ការ​ថែរក្សា​ធ្មេញ ៖ ទម្លាប់​ដ៏ល្អ​របស់​សៀរ៉ា​គឺដុស​ធ្មេញ​ក្នុងមួយ​ថ្ងៃបី​ដងជា​ប្រចាំ ជាមួយ​ទឹកខ្ពុរ​មាត់​រាល់ពេល ទទួលទាន​អាហារ​រួចរាល់ មិនតែ​ប៉ុណ្ណោះ​ជារៀង​រាល់​មួយខែ​ម្ដង​សៀរ៉ា​តែង​ទៅពិនិត្យ​សុខភាព​ធ្មេញ​ជាមួយ​ទន្ដពេទ្យ​ទៀតផង។ សៀរ៉ា​មិន​ធ្វេសប្រហែស​ក្នុងការ​ថែទាំ​មាត់ធ្មេញ​នោះទេ ព្រោះ​ក្លិន​មាត់​សំខាន់​ណាស់​ដើម្បី​ប្រាស្រ័យ​ទាក់ទង​គ្នាក្នុង​ការងារ​ប្រចាំថ្ងៃ​ ទៅវិញ​ទៅមក។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ការ​ថែទាំ​សុខភាព​រាងកាយ

  • ការ​ទទួលទាន​អាហារ និង​ដំណេក ៖ សៀរ៉ា​ទទួល​ទាន​អាហារ​ទៀងទាត់ និង​គ្រប់គ្រាន់​ជាប្រចាំ ដើម្បី​ចៀសវាង​មាន​បញ្ហា​ក្រពះ។ រីឯការ​ទទួលទាន​ដំណេក​វិញ​លោក​តែងចូល​គេង​នៅប្រហែល​ជាម៉ោង​១២រៀង​រាល់យប់ ដោយ​សារតែ​លោក​មាន​ការ​រវល់​ស្រាវជ្រាវ​ឯកសារ​ផ្សេងៗ​ និង​មើល​ចម្រៀង​មួយ​ចំនួន។
  • លំហាត់​ប្រាណ ៖ លោក​តែងតែ​ងើបពី​ព្រលឹម​ដើម្បី​ហាត់​ប្រាណ​នៅ​បរិវេណ​ក្នុង​ផ្ទះ។ ទោះបី​ជាមាន​ការងារ​រវល់​យ៉ាងណា​ក៏​លោក​ត្រូវតែ​ចំណាយ​ពេលក្នុង​ការ​ហាត់ប្រាណ​ឱ្យបាន​ញឹកញាប់​ដែរ​ក្នុងមួយ​សប្ដាហ៍ៗ ព្រោះវា​អាចជួយ​បង្កើន​សុខភាព របស់​លោក​ឱ្យ​កាន់តែ​មាំមួន។

បំណង​ទៅថ្ងៃ​អនាគត

ជីវិត​ជាតារា​សម្ដែង​សៀរ៉ា​បាន​តស៊ូ​ជាង​រយៈពេល​បួនឆ្នាំ​មកហើយ នេះជា​ក្ដីបំណង​ប្រាថ្នា​របស់តារា​សម្ដែង​រូបនេះ។ ប៉ុន្ដែ​ក្រៅពី​អាជីព​ជាអ្នក​សិល្បៈ​ហើយនោះ​លោកក៏​នៅមាន​ក្ដី​បំណង​ប្រាថ្នា​មួយទៀត​សម្រាប់​ថ្ងៃ​ខាងមុខ​ផងដែរ គឺ​លោកចង់​បើក​ហាង លក់ដូរ​មួយ​កន្លែង​ដែល​មិនទាន់​មានការ​ប្រាកដ​លក់អ្វី​នោះទេ អាស្រ័យ​តាម​តម្រូវ​ការ​របស់​អតិថិជន។

បណ្ដាំ​ផ្ញើ​របស់ សាយ សៀរ៉ា

ទោះបី​ជាការងារ​ដើរ​ទៅរក​ភាព​ជោគជ័យ​យ៉ាងណា​ក៏ដោយ ក៏​សុខភាព​នៅតែ​ជារឿង​សំខាន់​បំផុត​ដែល​ទាមទារ​ឱ្យមាន​ការ​ថែទាំ​ឱ្យបាន​ល្អ។ បើសិនជា​ការងារ​ល្អ​យ៉ាងណា តែសុខភាព​មាន​បញ្ហា​នោះ យើង​ក៏​មិនអាច​ធ្វើអ្វី​ទៀតបាន​ដែរ។ ការងារ​កាន់តែ​ច្រើន​សម្រាប់​យើង យើង​ត្រូវតែ​គិតគូរ​ពីសុខភាព​ឱ្យច្រើន​ដូចគ្នា​ផងដែរ។ សុខភាព​ជាគន្លឹះ​នៃភាព​ជោគជ័យ​សម្រាប់​មនុស្ស​ម្នាក់ៗ។

ប្រវត្ដិរូប​សង្ខេប

  • ឈ្មោះ ៖ សាយ សៀរ៉ា
  • អាយុ ៖ ២៧ឆ្នាំ
  • ថ្ងៃ.ខែ.ឆ្នាំ​កំណើត ៖ ១៤ កុម្ភៈ ១៩៨២
  • ទីកន្លែង​កំណើត ៖ ខេត្ដកំពង់ចាម
  • កម្ពស់ ៖ ១,៧៤​ម៉ែត្រ
  • បងប្អូន ៖ ៧នាក់​(ប្រុស៣ ស្រី៤ ជាកូនទី៥)
  • អាជីព​នាពេល​បច្ចុប្បន្ន ៖ អ្នកសិល្បៈ
  • ស្ថានភាព​គ្រួសារ ៖ នៅលីវ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៩ ខែកុម្ភៈ ឆ្នាំ២០១០

Google Analytics Alternative