កម្ពុជា​បង្កើន​ការ​អប់រំ​ពលរដ្ឋ​ពី​វិធី​ការពារ​ជម្ងឺ​អ៊ីវី​៧១​តាម​រយៈ​ប្រព័ន្ទ​ផ្សព្វ​ផ្សាយ​

ការ​បង្កើន​ការផ្សព្វ​ផ្សាយ​ស្តី​អំពី​ការ​អប់រំ​អនាម័យ​ដល់​ពលរដ្ឋ​ គឺ​ជា​ប្រការ​មួយ​ដ៏​ល្អដើម្បី​ចូល​រួម​សកម្មភាព​ទប់​ស្កាត់​ជម្ងឺ​ឆ្លង​ផ្សេងៗ​ ជាពិសេស​ប្រភេទ​ជម្ងឺ​អ៊ីវី៧១​ ដែល​ទើប​តែ​នឹង​ផ្ទុះ​ឡើង​នៅ​ក្នុង​ដែន​ដី​កម្ពុជា​ផង​ដែរ។​ ហេតុ​ដូច្នេះ​ រដ្ឋា​ភិបាល​កម្ពុជា​ និង​អង្គការ​ជា​ដៃ​គូ​កំពុង​រៀប​ចំ​ផលិត​នូវ​សម្ភារ​អប់​រំ​ស្តី​ពីការ​បង្ការ​ជម្ងឺ​ពង​បែក​ដៃ​ជើង និង​មាត់ ជូន​ដល់​សាធារណជន​ ដើម្បី​ត្រៀម​បង្ការ​និង​ទប់​ស្កាត់​ពី​ជម្ងឺ​ដែលអាច​កើត​មាន​ដល់​កុមារ​តូចៗ។​

រូបភាពគេហទំព័រសុខភាពកម្ពុជា

បើ​តាម​ការ​អង្កេត​លើ​ករណី​ឈឺ និងស្លា​ប់​ដែល​រាយ​ការណ៍​នាពេល​ថ្មីៗ​នេះ បាន​សន្និដ្ឋាន​ថា ទម្រង់​ធ្ងន់​ធ្ងរ​នៃ​ជម្ងឺ​ពងបែក​ដៃ ជើ​ង​ និង​ក្នុង​មាត់ បង្ក​ដោយ​មេរោគ​អ៊ីវី​៧១ ដែល​មាន​ករណី​សរុប៧៨​ ក្នុង​នោះរា​យការណ៍​ដោយ​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​ ៦២។​ ចំណែក​ក្នុង​មួយ​សប្តាហ៍​ចុង​ក្រោយ​នេះ មាន​៥៣៣​ករណី​នៃ​ជម្ងឺ​ពង​បែកដៃ​ជើង​និង​ក្នុង​មាត់​ស្រាល​ បាន​រាយការណ៍​មក​ក្រសួង​សុខា​ភិបាល​ពី១៧​ខេត្ត​ក្នុង​ចំណោម​២៤​ខេត្ត​ និង​មាន​៩​ករណី​ដែល​បញ្ជាក់​ថា​មាន​មេរោគ​ឆ្លង​ EV​ ៧១​ ធ្ងន់​ធ្ងរ។​

អ្ន​ក ស្រី Denis Stepherd Johnson អ្នក​នាំ​ពាក្យ​អង្គការ​យូនីសែហ្វ​ បាន​ឲ្យ​សាព័ត៌​មាន​ក្នុង​ស្រុក​មួយ​ដឹង​ថា សម្ភារ​អប់រំ​ មាន​ដូចជា​ខិត​ប័ណ្ណ​អប់រំ​ និង​ស្ប៉ត​លើ​កញ្ចក់​ទូរទស្សន៍​ នឹង​ធ្វើការ​ផ្សព្វ​ផ្សាយ​ឲ្យ​ពលរដ្ឋ​ដឹង​ពី​ការ​អនាម័យ​ទូទៅ​ចំពោះ​ខ្លួនឯង​ និង​លើកុមារ​ ដូច​ជាការ​លាង​ដៃ ​ក្រោយ​ចេញ​ពី​បង្គន់ និង​ចាប់​កាន់​ចំណី​អាហារ​ជាដើម។​ ស្ប៉ត​អប់រំ​ទាំងនោះ ​មាន​មួយ​ចំនួន​បាន​កំពុង​តែ​ចាក់​តាម​កញ្ចក់​ទូរទស្សន៍​រួចមក​ហើយ និង​មាន​ខ្លះ​កំពុង​បង្កើត​ថ្មី។ លោក​ស្រីបាន​ថ្លែង​ថា ​៖ «ខ្ញុំ​ជឿ​ថា​ ស្ប៉ត​ពាណិជ្ជកម្ម​តាម​ទូរទស្សន៍​ គឺ​ជា​មធ្យោបាយ​ដ៏​មាន​ប្រជាប្រិយ​ភាព​មួយ​ក្នុង​​ចំណោម​ពលរដ្ឋ។ ​ការ​អនុវត្ត​នូវ​ការអនាម័យ​ស្អាត​ ជា​វិធី​ដ៏​ល្អ​បំផុត»។​

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលកាលពីថ្ងៃទី ២៧ ខែកក្កដា បានឲ្យដឹងថា ក្រសួងសុខាភិបាលសហការជាមួយ អង្គការសុខភាពពិភពលោក និងអង្គការមូនិធិកុមាររបស់អង្គការសហប្រជាជាតិ (យូនីសេហ្វ) កំពុង​រៀបចំប​ង្កើ​តនូវ​ឧបករណ៍​សម្ភារ​អប់រំ​សុខភាព សម្រាប់​ជា​ជំនួយ​ស្មារតី​ដល់​ប្រជាពលរដ្ឋ​ និង​ផ្តល់​ព័ត៌​មាន​ដល់​សាធារណជន​អំពី​ជម្ងឺ​អ៊ីវី​នេះ ។ សេចក្ដី​ ប្រកាសរួ​មគ្នារ​វាង​ក្រសួង​និង​អង្គការ​សុខ​ភាព​ពិភពលោក ​ក៏បាន​ណែនាំ​ដល់​គ្រឺះ​ស្ថាន​សុខា​ភិបាល​សាធារណៈ​ ឲ្យ​រាយ​ការណ៍​ពីករណី​ជម្ងឺ​ពង​បែក​ដៃ​ជើង​និង​ក្នុង​មាត់ ទាំង​ស្រាល និង​ធ្ងន់​ធ្ងរ​ និង​មាន​ករណី​ធ្ងន់​ធ្ងរ ដូច​ជា​មាន​គ្រុន​ក្តៅ សញ្ញា​ប្រព័ន្ធ​ប្រសាទ ឬ​សញ្ញាផ្លូ​វដង្ហើម​ញាប់ ឬ​ពិបាកដ​កដង្ហើម​ ត្រូវ​បញ្ជូន​កុមារ​ទៅ​មន្ទីរ​ពេទ្យ​ជា​បន្ទាន់។​ ប្រកាស​ថ្មីៗ​នេះ ​ក៏​ស្រប​ពេល​ដែល​សារព័ត៌​មាន​នៅ​ប្រទេស​ថៃ​ផង​ដែរ ដែល​បាន​រាយការណ៍​ថា​ ជម្ងឺ​ពង​បែក​ដៃ​ជើង និង​មាត់ ​បាន​បណ្តាល​ឲ្យ​កុមារ​កម្ពុជា​អាយុ​២ខួប​ម្នាក់​ស្លាប់​នៅ​ប្រទេស​ថៃ កាល​ពី​សប្តាហ៍​មុន។​ ប៉ុន្តែ​មន្ត្រី​សុខាភិបាល​នៅ​ប្រទេស​នេះ បាន​ឲ្យ​ដឹង​ថា កុមារ​រូ​ប​នោះ មិន​បាន​នាំ​ជម្ងឺ​នេះ​ពី​កម្ពុជា​ទៅទេ​ គឺគេ​បាន​ស្នាក់​នៅ​ប្រទេស​ថៃ​អស់​មួយ​រយៈ​កាល​មក​ហើយ និង​សូម​កុំ​ឲ្យ​ប្រជាជន​ថៃ​មាន​ការ​រើស​អើង​ពលរដ្ឋ​កម្ពុជា។​

ឯក​ឧត្តម ម៉ម​ ប៊ុនហេ​ង រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិ​បាល ​បាន​មាន​ប្រសាសន៍​តាម​សេចក្តី​ប្រកាស​ថា ៖ «ឪពុក​ម្តាយ​ទាំង​ឡាយ​ ដែល​កូន​មាន​រោគ​សញ្ញា គ្រុន​ក្តៅខ្លាំង​ ក្អួត ប្រកាច់​ រឹង​ដៃ​ជើង ឬ​ពិបាក​ដក​ដង្ហើម ត្រូវ​នាំ​យក​ទៅ​មន្ទីរ​ពេទ្យ​ឲ្យ​បាន​ឆាប់​ ដើម្បី​ធ្វើ​រោគ​វិនិច្ឆ័យ​និង​ទទួល​ការ​ព្យាបាល»។​

អត្ថបទដោយ ៖ សៀង វិរៈ
ចេញផ្សាយ ៖​ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១២

Google Analytics Alternative