តម្រូវការ​ឈាម​កើនឡើង តែអ្នក​បរិច្ចាគ​ថយចុះ!

បច្ចុប្បន្ន​នេះ​កម្ពុជា​មាន​ប្រជាពលរដ្ឋ​ជាច្រើន​កាន់តែ​យល់​ច្បាស់​អំពី​ការ​បរិច្ចាគ​ឈាម ដើម្បី​ជួយ​សង្គ្រោះ​សាច់ញាតិ​ឬ គ្រួសារ​ដទៃ ដែល​ធ្វើឡើង​តាមការ​អប់រំ​របស់​វេជ្ជបណ្ឌិត​ជំនាញ។ ប្រជាពលរដ្ឋ​ទូទៅ​បាន​ស្ម័គ្រចិត្ដ​បរិច្ចាគ​ឈាម​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់ ជាមួយ​នឹង​ការធ្វើ​តេស្ដឈាម​យ៉ាង​ត្រឹមត្រូវ​ទៅលើ​សុខភាព​មុនពេល​ដែល​សម្រេចចិត្ដ​ថាត្រូវ​ឱ្យ​ប្រជាពលរដ្ឋ​រូបនោះ​ធ្វើការ​បរិច្ចាគ…។

រូបភាពទស្សនាវដ្ដីសុខភាពយើង

តម្រូវការ​ឈាម​មានការ​កើនឡើង

លោក ហុក គឹមចេង អនុប្រធាន​មជ្ឈមណ្ឌល​ផ្ដល់​​ឈាម​នៃ​មន្ទីរពេទ្យ​អង្គឌួង​បានមាន​ប្រសាសន៍​ប្រាប់​ទស្សនាវដ្ដី សុខភាព យើងថា​បច្ចុប្បន្ន​នៅក្នុង​មជ្ឈមណ្ឌល​ផ្ដល់​ឈាមនៃ​មន្ទីរពេទ្យអង្គឌួង​បាន​ធ្វើការ​បែងចែក​ឈាម​ជួយ​សង្គ្រោះ​ដល់​ប្រជាពលរដ្ឋ​​តាម​សេចក្ដី​ត្រូវការ​បានយ៉ាង​គាប់​ប្រសើរ តាមរយៈ​ការ​ស្នើសុំ​របស់​វេជ្ជបណ្ឌិត​នៅតាម​មន្ទីរពេទ្យ​នានា ឬ​នៅតាម​បណ្ដា​ខេត្ដ​មួយចំនួន​ទៅតាម​ប្លោក​ឈាម​ដែល​ទទួលបាន​ពីការ​ប្រមូល​ពីអ្នក​ស្ម័គ្រចិត្ដ​ផ្ដល់ឈាម​ក្នុង​លក្ខណៈ​ជាក្រុម​គ្រួសារ​ញាតិ​មិត្ដ ឬ​មជ្ឈមណ្ឌល​ចុះទៅ​ប្រមូល​ឈាម​ខាងក្រៅ​ពីអ្នក​ស្ម័គ្រចិត្ដ​ផ្ដល់ឈាម​តែម្ដង។ បើតាម​តួលេខ​នៅក្នុង​ឆ្នាំ២០០៨​កន្លងមក​នេះ មជ្ឈមណ្ឌល​ជាតិផ្ដល់​ឈាម បាន​ទទួល​អំណោយ​ឈាម​បាន១៩ ៨០២ប្លោក​ពីអ្នក​ស្ម័គ្រចិត្ដ ក្នុងនោះ​ក៏មាន​អ្នកស្ម័គ្រ​ចិត្ដ​មួយចំនួន​បាន​ផ្ដល់ឈាម​រហូត​ដល់ពីរ​ទៅបី ដងក្នុង​មួយឆ្នាំ​ផងដែរ។

ការ​ថយចុះ​នូវការ​បរិច្ចាគ​ឈាម

នៅក្នុង​ឆ្នាំ២០០៩ អំណោយ​ឈាម​ដែល​មជ្ឈមណ្ឌល​ផ្ដល់​ឈាម​ទទួល​បានមាន​ការ​ថយចុះ​បន្ដិចបន្ដួច​តែ​ប៉ុណ្ណោះ គឺ​នៅសល់ ត្រឹមតែ​១៨ ៥៧១​ប្លោក។ ដោយ​សារតែ​មានការ​ពង្រឹង​ទៅលើការ​ប្រើប្រាស់​ឈាម​ឱ្យបាន​ត្រឹមត្រូវ នៅតាម​មន្ទីរពេទ្យ​ក៏មាន​ការ​ចូលរួម​ពី​វេជ្ជបណ្ឌិត​ដែល​បាន​ស្នើសុំ​ឈាម ដោយ​ធ្វើការ​ពិចារណា​ឱ្យបាន​ហ្មតចត់​មុននឹង​សម្រេចចិត្ដ​ធ្វើការ​ចាក់​បញ្ចូល​ឈាម​ទៅឱ្យ​អ្នកជម្ងឺ​នីមួយៗ។ ដូច្នេះ​ត្រូវមាន​ការ​ប្រុងប្រយ័ត្ន​ក្នុងការ​ប្រើប្រាស់។ ម្យ៉ាងទៀត​មាន​គ្រូពេទ្យ​មួយចំនួន​បាន​ស្នើសុំ​ឈាម​ទៅតាម​តម្រូវការ​ឈាម​របស់​អ្នកជម្ងឺ ព្រោះ​កន្លងមក​អ្នកជម្ងឺ​ខ្វះឈាម​មួយចំនួន​យកឈាម​ទៅបញ្ចូល​ដោយ​មិនធ្វើ​ការ​ពិនិត្យ​ពិច័យ​ជាមុន​នោះឡើយ គឺ យកឈាម​ទៅដាក់​តែម្ដង។ ប៉ុន្ដែ​បច្ចុប្បន្ន​នេះ​ដោយ​មានការ​ប្រុងប្រយ័ត្ន​ខ្លាចក្រែង​ឈាម​មាន​មេរោគ ឬឈាម​មាន​ប្រភេទ​ខុសគ្នា នោះ​គ្រូពេទ្យ​អាច​ស្នើសុំ​គ្រាប់ឈាម​ក្រហម​ជា​ប្លាស្មាឬ​ជាប្លាកែត។ មាន​ន័យថា ការចាក់​បញ្ចូល​ឈាម​នោះ​ទៅតាម​អ្វីដែល​អ្នកជម្ងឺ​ត្រូវការ។ ដូច្នេះ​ហើយ​ទើប​ចំនួន​មានការ​ថយចុះ​បន្ដិច ប៉ុន្ដែវា​ប្រសើរ​ជាងមុន ហើយ​មាន​សុវត្ថិភាព​ចំពោះ​អ្នកជម្ងឺទៀតផង។

មន្ទីរពេទ្យ​ទទួល​អំណោយ​ឈាម​ដោយផ្ទាល់​ពីអ្នក​ស្ម័គ្រចិត្ដ

ដោយ​មានការ​អំពាវនាវ និង​វិធី​សាស្ដ្រ​អប់រំ​របស់​គ្រូពេទ្យ​ជំនាញ​នៅក្នុង​ឆ្នាំ២០០៩​នេះ មាន​ប្រជាពលរដ្ឋ​ជាង៤២២៥​នាក់ ដែលបាន​ស្ម័គ្រចិត្ដ​ដោយ​ចូលមក​ផ្ដល់ឈាម​ដល់​មជ្ឈមណ្ឌល​ផ្ដល់ឈាម និង​នៅតាម​មន្ទីរពេទ្យ​នានា។ មជ្ឈមណ្ឌល​ក៏ចុះ​ទៅទទួល​អំណោយ​ឈាម​នៅតាម​មូលដ្ឋាន​បានចំនួន​៦៧៤៣នាក់​តាមរយៈ​ការ​អប់រំ និង​អំពាវនាវ​ឬ​ឃោសនា​ដើម្បីឱ្យ​ពួកគេយល់ដឹង​អំពី​បញ្ហា និង​ផល​ប្រយោជន៍​ក្រោយការ​ធ្វើការ​បរិច្ចាគ​ឈាម​នោះ ហើយ​មជ្ឈមណ្ឌល​ផ្ដល់ឈាម​យល់ថា ការដើរ​មកផ្ដល់​ឈាម​ឬផ្ដល់​ឈាម តាម​មូលដ្ឋាន​ចល័ត គឺ​ចាត់ទុក​ថា អ្នក​ទាំងនោះ​ជាអ្នក​ស្ម័គ្រចិត្ដ​ផ្ដល់​ឈាម ហើយ​តួលេខ​សរុប​អាចមាន​៣០​ភាគរយ ហើយ​៧០ភាគរយ ទៀតគឺ​ជាអ្នក​ផ្ដល់​ឈាម​ជំនួស​សាច់ញាតិ និង​ក្រុមគ្រួសារ។

ដំបូន្មាន​អ្នក​ជំនាញ

ការ​បរិច្ចាគឈាម ឬ​ផ្ដល់ឈាម​ឱ្យទៅ​ក្រុម​គ្រួសារ​ញាតិ​ឬអ្នក​ដទៃ មិនបាន​ប៉ះពាល់​សុខភាព​ផ្លូវកាយ​ធ្វើឱ្យ​ចុះ​ទ្រុឌទ្រោម​នោះទេ តែផ្ទុយ​ទៅវិញ​វាអាច​ជាឱកាស​ល្អមួយ​សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ​ដឹងពី​សណ្ឋាន​នៃជម្ងឺ​ខ្លួនឯង​ដែលមាន​នៅក្នុង​ខ្លួន។ ព្រោះថា​មុននឹង​ធ្វើការ​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ដ​នោះ គឺ​ត្រូវមាន​គ្រូពេទ្យ​ជំនាញ​ធ្វើការ​ពិនិត្យ​យ៉ាង​យកចិត្ដទុកដាក់​ទៅលើ​សុខភាព​ទូទៅ និងធ្វើ​តេស្ដឈាម​យ៉ាង​ត្រឹមត្រូវ​មុននឹង​បូមឈាម​នោះចេញ។ មិនតែ​ប៉ុណ្ណោះ​ពលរដ្ឋ​គ្រប់រូប​អាចផ្ដល់​ឈាម​បាន​យ៉ាងតិច​បំផុត​៣ដង ក្នុង​មួយឆ្នាំ​ផងដែរ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៩ ខែកុម្ភៈ ឆ្នាំ២០១០

Google Analytics Alternative