វ៉ាក់សាំង​H1N1​មកដល់​កម្ពុជា​ហើយ

ទោះបី​មានការ​យកចិត្ដ​ទុកដាក់​ទប់ស្កាត់​ទៅលើ​ជម្ងឺ​ប្រភេទ​នេះ ពី​សំណាក់​មន្ដ្រី​ជំនាញ​របស់​ក្រសួង​សុខាភិបាល​យ៉ាងណា​ក្ដី តែការ​បារម្ភ​ចំពោះ​ជម្ងឺនេះ​នៅតែ​ជាកម្មវត្ថុ​សំខាន់​បំផុត​សម្រាប់​ប្រជាជនខ្មែរ​ទាំងអស់។ នាដើម​ឆ្នាំ២០១០​ជម្ងឺ​ផ្ដាសាយ​បក្សី​H1N1 មាន​ការ​ថយចុះ​ជាលំដាប់ ដោយ​សារតែ​ប្រជាពលរដ្ឋ​ទូទៅ​បានយល់​ដឹង​ពី​វិធានការណ៍​ការពារ និង​ទប់ស្កាត់​ដែលមាន​ការ​ចង្អុល​បង្ហាញ​ពីមន្ដ្រី​ជំនាញ​សុខាភិបាល និង​ទទួលបាន​នូវការ​ផ្សព្វផ្សាយ​ផ្សេងៗ​តាម​ប្រព័ន្ធ​ឃោសនា​នានា។

រូបភាពទស្សនាវដ្ដីសុខភាពយើង

លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ អនុ​ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​ប្រឆាំង​ជម្ងឺឆ្លង​នៃ​ក្រសួង​សុខាភិបាល​បានមាន​ប្រសាសន៍​ប្រាប់ ទស្សនាវដ្ដី សុខភាពយើង ថា វ៉ាក់សាំង​ការពារ​ជម្ងឺ​H1N1​បាន​នាំចូល​មកដល់​កម្ពុជា​ហើយ ហើយនឹង​ត្រៀមចាក់​ការពារ​ជូន​ប្រជាជន​ទូទាំង​ប្រទេស​តែម្ដង ជាពិសេស​នៅតាម​តំបន់​មួយចំនួន​ដែល​មន្ដ្រី​ជំនាញ​រកឃើញ​ថា អាច​ប្រឈម​មុខទៅ​នឹងជម្ងឺ​នេះច្រើន​ជាងគេ។ លោក​វេជ្ជបណ្ឌិត​បានបន្ដ​ថា ថ្នាំចាក់​ការពារ​ជម្ងឺនេះ​ទទួលបាន​ពីការ​ឧបត្ថម្ភរបស់​អង្គការ​សុខភាព​ពិភព​លោក ចាប់ចាក់​ជូន​ប្រជាពលរដ្ឋ​ក្នុងពេល​ឆាប់ៗនេះ​ក្នុង​តំបន់ ដែលមាន​ទីតាំង​នៅជុំវិញ​រាជធានី​ភ្នំពេញ ដូចជា​ខេត្ដ​កណ្ដាល ខេត្ដ​កំពង់ស្ពឺ ខេត្ដ​កំពង់ឆ្នាំង​ជាដើម ។ ប៉ុន្ដែ​មន្ដ្រី​ជំនាញ​នឹងបន្ដ​ការចាក់​ថ្នាំនេះ​ឱ្យ​ប្រជាពលរដ្ឋ​ឱ្យបាន​គ្រប់​ខេត្ដ-ក្រុង​ទាំងអស់ ក្រោយ​ពេលដែល​អង្គការ​សុខភាព​ពិភព លោក​បានផ្ដល់​នូវ​វ៉ាក់សាំង​ជាបន្ដ​បន្ទាប់។

លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ បាន​បន្ដទៀត​ថា ក្រសួង​សុខាភិបាល​ទើបតែ​ទទួលបាន​ថ្នាំ​ចាក់ការពារ​ជម្ងឺ​H1N1​នេះ​ចំនួន​៣ម៉ឺន​ដុសតែ​ប៉ុណ្ណោះ ហើយ​ក្រសួង​នឹងធ្វើ​ការ​ចាក់​ការពារ​ចែកចេញ​ជាបី​ក្រុម។ ក្រុមទី១​ចាក់​ទៅលើ​ស្ដ្រីមាន​ផ្ទៃពោះ ក្រុមទី២​ចាក់​ទៅលើ​កុមារ​មានអាយុ​ចា​ប់ពី​៦ខែ​ដល់អាយុ​ក្រោម២ឆ្នាំ និង​ក្រុមទី៣​ចាក់​ការពារ​ទៅលើ​មន្ដ្រី​ក្រសួង​សុខាភិបាល​តែម្ដង ដោយហេតុ​ថា មន្ដ្រី​ទាំងនោះ​ចុះទៅ​ធ្វើ​ការងារ​បង្ការ​ជម្ងឺនេះ​ផ្ទាល់​ជាមួយ​នឹងអ្នក​មាន​ផ្ទុក​មេរោគ​H1N1។ បន្ទាប់ពី​ចាក់​ទៅលើ​ក្រុមទាំងបី​នេះ​ហើយ ក្រសួង​សុខាភិបាល​មាន​បំណង​ចាក់ថ្នាំ​ប្រភេទ​នេះ​ការពារ​ដល់អ្នក​មានជម្ងឺ​រ៉ាំរ៉ៃ និង​ចាស់​ជរា​មួយចំនួន​ទៀតផង។

លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ បានបន្ដ​ទៀតថា ប្រសិន​បើ​បងប្អូន​បាន​ចាក់ថ្នាំ​ការពារ​មេរោគ​នេះហើយ គឺអាច​ការពារ​បាន​មួយជីវិត​តែម្ដង។ លោក​វេជ្ជបណ្ឌិត​បានគូស​បញ្ជាក់​ថា ចាប់តាំង​ពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០០៩ រហូត​មកទល់​ពេលនេះ ជម្ងឺ AH1N1បាន​កើនឡើង​រហូតដល់​៥៦២​ករណី​គិតត្រឹម​ចុងខែ​កុម្ភៈឆ្នាំ​២០១០​នេះ។ បច្ចុប្បន្ន​ក៏មាន​ការ​ថយចុះ​ស្ទើរ​ទាំងស្រុង​ផងដែរ ដោយ​ក្នុងខែ​ខ្លះ​មន្ដ្រី​ជំនាញ​របស់​លោក​រកឃើញ​មានម្នាក់​ឬអត់​តែម្ដង។ បន្ទាប់​ពីមានការ​ទប់ស្កាត់​ដោយមាន​ការ​ពន្យល់​ពីវិធី​ការពារ​ផ្សេងៗ អត្រា​ធ្លាក់ចុះ​ស្ទើរមួយ​រយភាគរយ​ដែលបាន​ឆ្លងមក​លើ​មនុស្ស។ ប៉ុន្ដែ​លោក​បារម្ភ​ថា នៅថ្ងៃ​ខាងមុខ​នេះអាច​មាន​រលក​វីរុស ថ្មីមួយទៀត​នឹងបន្ដ​កើតមាន​នៅកម្ពុជា ព្រោះ​ពេលនេះ​ក្រសួង​សុខាភិបាល​កំពុងតែ​ធ្វើការ​យកចិត្ដ​ទុកដាក់​ទប់ស្កាត់​លើ​ករណី​ថ្មីនេះ ដោយ​មានការ​ចូលរួម​ដោយ​មន្ដ្រី​ជំនាញ​អន្ដរ​ក្រសួង​ផងដែរ។ ហើយ​បច្ចុប្បន្ននេះ​ក្រុម​មន្ដ្រី​ទាំងអស់​បានធ្វើ​ការ​ផ្សព្វផ្សាយ​អំពីការ​ទប់ស្កាត់ និង​ទទួល​វ៉ាក់សាំង​ការពារ​មេរោ​គAH1N1​នេះជូន​ប្រជាពលរដ្ឋ​ទូទៅ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥១ ខែមេសា ឆ្នាំ២០១០

Google Analytics Alternative