សម្ល​ម្ជូរគ្រឿង​ឆ្អឹងជំនីរ​ជ្រូក​ពិសេស

    រូបភាពទស្សនាវដ្ដីសុខភាពយើង

  • បរិមាណ​មនុស្ស ១នាក់
  • រយៈពេល​ចម្អិន ៨នាទី
  • រយៈពេល​រៀបចំ​គ្រឿងផ្សំ ៤នាទី

គ្រឿង​ផ្សំ

  • ឆ្អឹងជំនីរ​ជ្រូក ២០០​ក្រាម
  • សាលាដ៍​សង ៥០ក្រាម
  • ត្រប់វែង ១ផ្លែ
  • ប្រេងឆា ១ស្លាបព្រា​បាយ
  • គ្រឿង​បុក ២ស្លាបព្រា​បាយ
  • ម្ទេស​ឆ្អើរ ៣០​ក្រាម
  • ប្រហុក ១ស្លាបព្រា​បាយ
  • ទឹកត្រី ១ស្លាបព្រា​បាយកខ្លះ
  • ស្ករ​ត្នោត ១ស្លាបព្រា​បាយ
  • ទឹកខ្ទិះ​ដូងដើម ១៥ស្លាបព្រា​បាយ
  • អំបិល​បន្ដិច
  • ខ្ទឹមស ២កំពឹស
  • ខ្ទឹម​ក្រហម ២កំពឹស
  • ស្លឹកក្រូច​សើច ៣សន្លឹក
  • ទឹកអំពិល ១ស្លាបព្រា​បាយ
  • ម្ទេសក្រហម​ហឹរ ២គ្រាប់
  • ទឹកស៊ុប​បន្លែ ៥០០​មីលីលីត្រ
  • ការ៉ុត ១០០​ក្រាម
  • ស្ពៃក្ដោប ១០០​ក្រាម
  • ខ្ទឹមបារាំង ១​ចំហៀង

រូបភាពទស្សនាវដ្ដីសុខភាពយើង

របៀប​រៀបចំ​គ្រឿង​ផ្សំ

  • ឆ្អឹង​ជំនីរជ្រូក​លាងទឹក​ឱ្យស្អាត ហើយកាត់​ជាកង់ៗ ស្ងោរ​រម្ងាស់ឱ្យ​ផុយល្អ
  • ការ៉ុត ស្ពៃក្ដោប ខ្ទឹម​បារាំង កាត់ជា​កង់ៗ​ល្មម ហើយ​លាងទឹក​ឱ្យស្អាត
  • ទឹកស៊ុប​បន្លែ(ស្ងោរការ៉ុត ស្ពៃក្ដោប ខ្ទឹមបារាំង​ឱ្យផុយ ហើយ​ចម្រាញ់​យកតែ​ទឹក)
  • ម្ទេសឆ្អើរ​ដាក់ត្រាំ​ទឹក ហើយ​លាងឱ្យ​ស្អាត​យកមក​ចិញ្ច្រាំ
  • ប្រហុក​លាងទឹក​ឱ្យស្អាត ហើយ​យកមក​ចិញ្ច្រាំ​ឱ្យម៉ដ្ឋ
  • ខ្ទឹមស និងខ្ទឹម​ក្រហម​លាងទឹក​ឱ្យស្អាត​ហើយ​យកមក​លីងឱ្យ​ស្រួយ
  • ម្ទេសក្រហម​ហឹរ​លាងទឹក​ឱ្យស្អាត ហើយ​ច្រៀក​ជាសរសៃៗ។

របៀប​ធ្វើ

ប្រេងឆា​ក្នុងឆ្នាំង​ទុកឱ្យ​ក្ដៅ ហើយដាក់​ប្រហុក ស្លឹកក្រូច​សើច ម្ទេសឆ្អើរ​ឆាឱ្យ​ឈ្ងុយ។ បន្ទាប់មក​ដាក់សាច់​ជ្រូក គ្រឿងបុក ទឹកត្រី ស្ករត្នោត និង​ខ្ទិះដូង​ដើមចូល រម្ងាស់​ឱ្យឈ្ងុយ ទើប​ដាក់ទឹក​ស៊ុប​បន្លែចូល ហើយ​រម្ងាស់​ប្រហែល​ជា៣នាទី​នៅពេល​សម្លពុះ។ ត្រូវដាក់​ត្រប់ និង​ទឹកអំពិល​ចូលដាក់​អំបិល​ទុកឱ្យ​ពុះបន្ដិច ហើយ​បង់​សាលាដ៍​សង និង​ខ្ទឹមស ខ្ទឹមក្រហម​ចូល។ ជាចុង​ក្រោយ លើក​ចុះដួស​ដាក់ចាន​ដោយ​តុបតែង​ជាមួយ​សាលាដ៍​សង និង​ម្ទេសក្រហម​ជាការ​ស្រេច។

បញ្ជាក់ ៖ ម្ហូបនេះ​អាច​ទទួលទាន​បាន​ជាមួយ​បាយស ឬ​នំបញ្ចុក។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥១ ខែមេសា ឆ្នាំ២០១០

Google Analytics Alternative