វ៉ាន់ សម្ផស្ស ស្រីស្អាត​កំពុង​លេចធ្លោ

ស្រីស្អាត​ហ្វ្រេសស៊ី​ឆ្នាំ២០០៨​កំពុង​ទទួល​ជោគជ័យ​យ៉ាងខ្លាំង​នាបច្ចុប្បន្ន​ក្នុងស្ពត​ពាណិជ្ជកម្ម​គឺកញ្ញា វ៉ាន់ សម្ផស្ស។ ការ​ដើរ​ទៅយ៉ាង​រលូនក្នុង​វិស័យ​សិល្បៈ​កាន់តែ​ធ្វើឱ្យ​សម្ផស្ស​បង្ហាញមុខ​ឱ្យទស្ស​និកជន​ទទួល​ស្គាល់​កាន់តែ​ច្រើន បន្ទាប់ពី​ការសម្ដែង ខ្សែភាពយន្ដ​សម្រាប់​ស្ថានីយទូរទស្សន៍​បុស្ដិ៍​លេខ៥ និងជា​តួឯក​ស្រី​ក្នុងស្ពត​ជាមួយ​កំលោះ​សង្ហាសិដ្ឋ។ បច្ចុប្បន្ននេះ​សម្ផស្ស​កំពុងតែ​ថតសម្ដែង​ក្នុងខ្សែ​ភាពយន្ដ​មួយ​សម្រាប់​ស្ថានីយ​ទូរទស្សន៍​បុស្ដិ៍បាយ័ន​គឺរឿង​បេះដូងខ្ញុំ​សម្រាប់​អ្នកណា។ ទោះបីជា​មានការ មមាញឹក​យ៉ាងនេះក្ដី សម្ផស្ស​ក៏មិន​ភ្លេចការ​ថែទាំ​សម្រស់ដ៏​ផូរផង់​របស់​នាងដែរ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

សម្ផស្ស​បានចូល​ខ្លួនមក​បកស្រាយ​ពីការ​ថែរក្សា​សម្រស់​ជាមួយ​ទស្សនាវដ្ដី សុខភាពយើង ដើម្បី​ប្រាប់ពី​វិធីសាស្ដ្រ​ថែរក្សា សម្រស់ និងការ​ថែទាំ​សុខភាព​រាងកាយ​របស់ខ្លួន​ជូន​ប្រិយមិត្ដ​ទាំងអស់ ជាពិសេស​មិត្ដនារី​ទាំងឡាយ​ឱ្យបាន​ជ្រាប​ផងដែរ។

ប្រវត្ដិ​សិល្បៈ

សម្ផស្ស​ជាហ្វ្រេសស៊ី​ឆ្នាំ២០០៨​ទទួលបាន​ជ័យលាភី​ចំណាត់ថ្នាក់​លេខមួយ។ នៅពេល​បញ្ចប់ការ​ប្រកួត កញ្ញាបាន​ចូលរួម​ការថត​សម្ដែង​ខ្សែភាពយន្ដ​ក្នុងស្ថានីយ​ទូរទស្សន៍​បុស្ដិ៍លេខ៥​ជាមួយ​កំលោះ​ថេរ៉ាយុ និងការ​ថតសម្ដែង​ពាណិជ្ជកម្ម​ដទៃទៀត។ បច្ចុប្បន្ន នេះ​សម្ផស្ស​កំពុងតែ​មាន​ប្រជាប្រិយភាព​ក្នុងវិស័យ​សិល្បៈ តាមរយៈ​រូប​សម្រស់ដ៏​ស្រស់សោភា​ព្រមទាំង​សមត្ថភាព និង​ទេពកោសល្យ របស់​នាង​ផងដែរ។ មកដល់​ឆ្នាំ២០១០​នេះ សម្ផស្ស​ប្រឡូក​ក្នុងវិស័យ​សិល្បៈ​បាន​រយៈពេល​បីឆ្នាំ​មកហើយ។

ការ​ថែរក្សា​សម្រស់

សម្ផស្ស​មានការ​រវល់នឹង​ការងារ​ច្រើន​ក្នុងការ​ថតសម្ដែង តែបើទោះ​បីជា​មានការ​មមាញឹក​ច្រើនក៏​កញ្ញា​មិនភ្លេច​ពីការ​ថែទាំសម្រស់​នោះទេ។ ខាងក្រោម​នេះគឺជា​វិធី​ក្នុងការ​ថែរក្សា​សម្រស់​របស់​កញ្ញា វ៉ាន់ សម្ផស្ស ផ្ទាល់​ដែលបាន​អនុវត្ដ​ជាប្រចាំ។

  • ការ​ថែរក្សា​សក់ ៖ សក់​សម្ផស្ស​តែងធ្វើ​ម៉ូត​ជាប្រចាំ​រាល់ការ​ចូលរួម​គ្រប់​កម្មវិធី ក៏​ដូចជា​ការថត​សម្ដែង។ ដូចនេះ​សម្ផស្ស​កក់សក់​ជារៀង​រាល់ថ្ងៃ ចំណែក​ឯការ​អប់សក់​គឺជា​រៀងរាល់​មួយសប្ដាហ៍​អប់ម្ដង។
  • ការ​ថែរក្សា​ស្បែកមុខ ៖ ចំពោះ​បញ្ហាស្បែក​មុខ​ជារឿង​យ៉ាង​សំខាន់​សម្រាប់​សម្ផស្ស នាង​មានការ​ថែទាំ​យ៉ាង​ដិតដល់ ព្រោះ​ខ្លាចមាន​បញ្ហា​ចំពោះ​សម្រស់​របស់នាង។ រីឯការ​ប្រើប្រាស់​ផលិតផល នាង​ជ្រើសរើស​ផលិតផល​ណាដែល​មាន​គុណភាព ដើម្បីឱ្យ​ការ​ប្រើប្រាស់​មាន​ប្រសិទ្ធភាព។ ចំណែក​ពេល​ដែល​ចេញថត សម្ផស្ស​តែងមាន​លាបឡេ​ការពារ​កម្ដៅថ្ងៃ​ជានិច្ច មិនឱ្យ​ធ្វេសប្រហែស​នោះទេ។ មិនតែ​ប៉ុណ្ណោះ​ជារៀង​រាល់ពេល​ទំនេរ សម្ផស្ស​ក៏មាន​វិធី​បិទម៉ាស​ធម្មជាតិ​ថែសម្រស់​ដោយ​ខ្លួនឯង​ផងដែរ។
  • ការ​ថែរក្សា​ស្បែក​ដងខ្លួន ៖ ចំពោះ​ស្បែកដងខ្លួន​វិញក៏​សំខាន់​ណាស់​ដែរ​សម្រាប់​សម្ផស្ស ជាពិសេស​ប្រអប់ដៃ។ រាល់ពេល​ដែល​ក្រោកពី​គេងបន្ទាប់​ពីងូតទឹក​សម្អាត​ខ្លួនហើយ សម្ផស្ស​តែង​លាបឡេ​ការពារ​កម្ដៅថ្ងៃ​សម្រាប់​ការ​ចេញទៅ​ក្រៅក៏​ដូចជា​ការថត សម្ដែង​ផងដែរ។ ចំណែកការ​ថែទាំ​បែបការ​ម៉ាស្សា​វិញនោះ ជារៀងរាល់​ខែសម្ផស្ស​ទៅស្ទីម លាបពន្លៃ ឬ​ខាត់ស្បែក​ចំនួន​បីដង។
  • ការ​ថែរក្សា​ធ្មេញ ៖ វាជាទម្លាប់​ដ៏ល្អ​មួយ​សម្រាប់​សម្ផស្ស​ដែលនាង​ដុសធ្មេញ​ក្នុងមួយ​ថ្ងៃបីដង​ជាប្រចាំ និង​ខ្ពុរមាត់​ជារៀង​រាល់ពេល​ទទួលទាន​អាហាររួច ដើម្បី​ធ្វើឱ្យ​ធ្មេញមាន​សុខភាព​ល្អ និង​សស្អាត​រឹងមាំ​ផងដែរ។ សម្ផស្សក៏​ទៅពិនិត្យ​តាមដាន​សុខភាពធ្មេញ​ជាមួយ​ទន្ដពេទ្យ​ក្នុងមួយ​ឆ្នាំម្ដង​ទៀតផង។
  • រូបភាពទស្សនាវដ្ដីសុខភាពយើង

  • ការ​ថែរក្សា​ភ្នែក ៖ រាល់ពេល​តុបតែង​ភ្នែក​ដែលលាប​ម៉ាស្ការ៉ា គឺ​សម្ផស្ស​ប្រយ័ត្ន​បំផុត​មិនឱ្យ​ចូលភ្នែក​នោះទេ។ ហើយ សម្ផស្ស​ក៏​ឧស្សាហ៍​លាង​សម្អាត​កែវភ្នែក​ផងដែរ ដើម្បី​សម្អាត​រាល់កម្ទេច​ធូលី​ដែល​ចូលទៅ​ក្នុងភ្នែក។
  • ការ​ថែរក្សា​រោមភ្នែក ចិញ្ចើម បបូរមាត់ ៖ ចំពោះចិញ្ចើម សម្ផស្ស​តុបតែង​ទៅតាម​កាលៈទេសៈ និងតែង​ផ្លាស់ប្ដូរ​ម៉ូត ដោយ​ពេលខ្លះ​ទុកឱ្យ​ក្រាស់ និងពេល​ខ្លះកោរ។ ចំណែក​ឯការ​បំពាក់រោម​ភ្នែក​វិញនោះ បើសិនជា​ចាំបាច់​ទើប​សម្ផស្ស​ពាក់ ហើយ នៅពេល​តុបតែង សម្ផស្ស​ក៏មាន​បច្ចេកទេស​ជាច្រើន​ក្នុងការ​តុបតែង។ បបូរមាត់​សម្រាប់​សុភាពនារី​ទាំងឡាយ​ក៏ដូចជា​សម្រាប់ សម្ផស្ស​តែងត្រូវ​ការភាពរ​លោង​ស៊ីវីល័យ ដើម្បី​ឱ្យក្លាយ​ជាទី​ចាប់អារម្មណ៍​ពីអ្នក​ដទៃ។ មិនតែ​ប៉ុណ្ណោះ​សម្ផស្សក៏​ត្រូវការ​ជ្រើសរើស ប្រភេទ​ផលិតផល​ដែលមាន​គុណភាព ដើម្បី​ចៀសវាង​ការធ្វើ​ឱ្យ​បបូរមាត់​របស់នាង​ប្រែជាខ្មៅ។
  • ការ​ថែរក្សា​ក្រចកជើង ក្រចកដៃ ៖ ការ​ថែរក្សា​ក្រចកជើង និង​ដៃវិញ​នោះ រយៈពេល​៥ថ្ងៃ​គឺសម្ផស្ស​តែងតែ​ទៅធ្វើក្រចក ចេញម្ដង​ដើម្បី​រក្សានូវ​សម្រស់​ម្រាមដៃ​ដ៏តូច​ស្រឡូន​របស់នាង។

ការ​ថែរក្សា​សុខភាព​រាងកាយ

ចំពោះការ​ថែរក្សា​សុខភាព​រាងកាយ​របស់​សម្ផស្ស​វិញគឺ​នាងត្រូវ​គេងឱ្យ​បាន​គ្រប់គ្រាន់។ ចំពោះការ​ទទួលទាន​អាហារ​គឺ សម្ផស្ស​ញ៉ាំក្នុង​មួយថ្ងៃ​ពីរដង​គឺ​ពេលព្រឹក និង​ពេលថ្ងៃ។ រីឯ​ប្រភេទ​អាហារ​ដែល​សម្ផស្ស​ចូលចិត្ដ​វិញនោះ គឺជា​អាហារ​ដែលមាន​បន្លែ ច្រើន​សាច់តិច ហើយ​សាច់ដែល​កញ្ញា​ចូលចិត្ដ​ជាងគេ​គឺសាច់ត្រី។ ការ​ហាត់ប្រាណ​វិញ​សម្ផស្ស​ចូលចិត្ដ​ជាលក្ខណៈ​លេងកីឡា ដូចជា​វាយ សី ហែលទឹក​ជាដើម។

បំណង​ថ្ងៃ​អនាគត

កញ្ញា វ៉ាន់ សម្ផស្ស បាន​ប្រាប់ថា​ក្រៅពី​អាជីព​ជាអ្នក​សិល្បៈ​ហើយនោះ គឺ​កញ្ញា​មាន​បំណង​ចង់បើក​ហាង​ប្រកបរបរ​ផ្ទាល់ ខ្លួន ដូចជា​ការបើក​ភោជនីយដ្ឋាន ឬក៏​ការ៉ាសឡាន។ នេះជា​បំណង​ប្រាថ្នា​របស់ស្រី​ស្រស់សោភា​ដែលចង់​ក្លាយខ្លួន​ទៅជា​ថៅកែ​ស្រីមួយ រូបដែល​ពោរពេញ​ទៅដោយ​សុភមង្គល។

បណ្ដាំ​ផ្ញើរបស់ វ៉ាន់ សម្ផស្ស

សម្ផស្ស​ចង់​ផ្ដាំផ្ញើ​ទៅសុភាពនារី​ទាំងឡាយ​ថា ចំពោះការ​ថែសម្រស់ និង​សុខភាព​ជាការ​ចាំបាច់​បំផុត។ យ៉ាងណា​មិញការ ជ្រើសរើស​ផលិតផល​ឱ្យបាន​ត្រឹមត្រូវ​សមស្រប​ទៅនឹង​ប្រភេទស្បែក​របស់យើង ក៏​គួរតែ​យកចិត្ដ​ទុកដាក់​ឱ្យបាន​ល្អ ដើម្បី​ចៀសវាង​ពី បញ្ហា​ទាំងឡាយ​ចំពោះ​សម្រស់។ ចំពោះ​សុខភាព​វិញក៏​ដូចគ្នា​ដែរ សុខភាព​ល្អ​សម្រស់​ក៏ស្រស់ស្អាត​ទៅតាម​នឹងដែរ។ ដូចនេះ​សម្រស់ និង​សុខភាព​វាពិតជា​មានសារៈ​សំខាន់​ទាំងអស់។

ទាំងនេះ​គឺជាការ​យល់ឃើញ និងជាការ​អនុវត្ដន៍​ផ្ទាល់​របស់កញ្ញា វ៉ាន់ សម្ផស្ស តែ​ប៉ុណ្ណោះ។ សូម​លោកស្រី​អ្នកនាង​កញ្ញា ជ្រើសរើស​យកអ្វី​ដែល​លោកអ្នក​យល់ថា​ត្រឹមត្រូវ​សម្រាប់​អនុវត្ដន៍៍​បានហើយ។

ប្រវត្ដិរូប​សង្ខេប

  • ឈ្មោះ ៖ វ៉ាន់ សម្ផស្ស
  • អាយុ ៖ ១៩ឆ្នាំ
  • ថ្ងៃ.ខែ.ឆ្នាំ​កំណើត ៖ ១០ មករា ១៩៩១
  • កម្ពស់ ៖ ១,៦៧​ម៉ែត្រ
  • ទម្ងន់ ៖ ៤៨​គីឡូក្រាម
  • ទំហំ​ទាំងបី ៖ ៣២ ២៧ ៣០
  • បងប្អូន ៖ (២នាក់​(កូនពៅ)
  • ទីកន្លែង​កំណើត ៖ ភ្នំពេញ
  • កម្រិត​វប្បធម៌ ៖ ជានិស្សិត​ឆ្នាំទី២​ផ្នែកទីផ្សារ​នៃសកល​វិទ្យាល័យ​បញ្ញា​សាស្ដ្រ​កម្ពុជា
  • អាជីព​នាពេល​បច្ចុប្បន្ន ៖ អ្នកសិល្បៈ
  • ស្ថានភាពគ្រួសារ ៖ នៅលីវ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥១ ខែមេសា ឆ្នាំ២០១០

Google Analytics Alternative