វិធី​តុបតែង​ខ្លួន​ចូលផ្សារ​ទំនើប

ពេលដែល​ដើរចូល​ផ្សារទំនើប​ដែលមាន​លក្ខណៈ​ទាន់សម័យ សុភាពនារី​មិនមែន​ចេះតែ​តុបតែង​ឱ្យតែ​រួចពីដៃ​នោះទេ។ ព្រោះបើ​តុបតែងខ្លួន​មិន​សមស្រប​ទៅនឹង​កាលៈទេសៈ អាចធ្វើ​ឱ្យអ្នក​ដែល​នៅជុំវិញ​ខ្លួន​រិះគន់​ចំពោះ​ការ​តុបតែង​ខ្លួន។ ដូចនេះ​អ្វីដែល ល្អ​បំផុត​នោះគឺ​ត្រូវតែ​មាន​វិធី​នៅក្នុង​ការ​តុបតែង​ខ្លួន ដើម្បី​ឱ្យអ្នក​ដទៃ​មើលមក​មិត្ដនារី​ថាជាអ្នក​ថ្លៃថ្នូរ​នៅក្នុង​សង្គម និងមាន​ការ សរសើរ​ថែម​ទៀតផង។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង ជួប​ជាមួយ​លោកស្រី សាពណ៌ នាយិកា​សាលា​បង្រៀន​កែសម្ផស្ស និង​ជំនាញ​ក្នុងការ​រៀបចំគេហដ្ឋាន​ប្រាប់ពីវិធី​នៅក្នុង​ការ​តុបតែង​ខ្លួនចូល​ផ្សារទំនើប។

ប្រការ​គួរ​យល់ដឹង​ចំពោះ​ស្ដ្រី​ដែលចូល​ផ្សារទំនើប

ស្ដ្រី​ត្រូវតែ​មានគ្រឿង​សម្អាង សម្លៀក​បំពាក់ ស្បែកជើង និងរបស់​របរ​ប្រើប្រាស់​ផ្សេងៗ​ទៀត​ជាច្រើន​នៅក្នុង​ការ​តុបតែង ខ្លួន។ ចៀសវាង​នៅពេល​ដែលមាន​ការ​ប្រញាប់​ទៅណា​មកណា​ម្ដងៗ​មិនបាច់​ចូលហាង ដែល​ធ្វើឱ្យ​ខាតបង់​ទាំងពេល​វេលា រួមទាំង ថវិកា។

វិធី​តុបតែង​ខ្លួន​ចូលផ្សារ​ទំនើប

វិធី​នៅក្នុង​ការ​តុបតែង​ខ្លួន​ចូលផ្សារ​ទំនើប​នេះ​មិនមែន​ជារឿង​ដែល​លំបាក​នោះទេ ដោយ​គ្រាន់តែ​សុភាពនារី​អនុវត្ដ​ទៅ តាមការ​ណែនាំ​របស់អ្នក​ជំនាញ នោះការ​តុបតែង​ខ្លួន​ពិតជា​ទទួលបាន​ផលល្អ ហើយ​អាចចូល​នៅក្នុង​ចំណោម​មហាជន​បាន​ទៀតផង។

  • សម្លៀក​បំពាក់ ៖ សម្រាប់​សម្លៀក​បំពាក់​ចូលទៅ​ក្នុង​ផ្សារទំនើប​ត្រូវតែ​ជាសម្លៀក​បំពាក់​ដែលមិន​សិចស៊ីពេក មិន​សុភាព ដោយ​មើលទៅ​អាចចូល​នៅក្នុង​ចំណោម​គេចុះ។ ប៉ុន្ដែ​មិនត្រូវ​ស្លៀក​សម្លៀក​បំពាក់​ដំណេក​ចូលផ្សារ​ទំនើប​នោះទេ ព្រោះការ​ស្លៀក សម្លៀក​បំពាក់​បែបនេះ​ចូលទៅ​ក្នុងផ្សារ​អាចធ្វើ​ឱ្យអ្នក​ដែល​នៅជុំវិញ​ខ្លួន​មើលងាយ និង​អាចវាយ​តម្លៃ​ទៅលើការ​តុបតែង​ខ្លួនរបស់ អ្នក។
  • កាបូប ៖ សម្រាប់​ស្ដ្រីដែល​ចូលផ្សារ​ទំនើប ត្រូវតែ​មានកា​បូប​សម្រាប់​ដាក់​របស់​របរជានិច្ច បើអាច​គួរ​ជ្រើសរើស​កាបូប យួរដៃ ឬក៏​ស្ពាយ​ចំហៀង​ក៏បាន។
  • ការ​តុបតែង​មុខ ៖ គួរ​តុបតែង​មុខបែប​ធម្មជាតិៗ មិនត្រូវ​បណ្ដោយឱ្យ​ផ្ទៃមុខ​ទទេ​ដោយ​មិនមាន​ប្រើអ្វី​សោះនោះ​ទេ។ នៅ​មុនពេល​ទៅផ្សារ គួរតែ​ចំណាយ​ពេល​៥នាទី​នៅក្នុង​ការ​តុបតែង​មុខ ដោយប្រើ​ម្សៅ​ស្អិតលាប​តិចៗ​នៅលើ​ផ្ទៃមុខ ដាច់​ខាតមិន ត្រូវ​លាប​ក្រាស់​ពេកនោះ​ទេ។ ត្រូវប្រើ​ម្សៅហុយ​បន្ដិចបន្ដួច​លាបនៅ​លើផ្ទៃមុខ ចំណែក​ឯម៉ាស្ការ៉ា​ត្រូវតែ​មានជានិច្ច​សម្រាប់ លាប​នៅលើរោម​ភ្នែក។ ត្រូវគូស​ត្របក​ភ្នែកបន្ដិច ហើយ​ប្រើក្រែម​នៅលើ​បបូរមាត់ ដោយប្រើ​ពណ៌ស្រាល​ឬពណ៌រ​លោង។ បន្ទាប់​មកត្រូវ​ប្រើម្សៅ​ពណ៌​ផ្កាឈូក​ផាត់​នៅលើ​ថ្ពាល់បន្ដិច​ឱ្យឃើញ​ប្រឿងៗ ចិញ្ចើម​បើសិនជា​ក្រាស់​មិនបាច់​គូសឡើយ តែ​បើស្ដើង គូសបន្ដិច​ជាការស្រេច។
  • ការ​តុបតែង​សក់ ៖ សម្រាប់​ស្ដ្រីដែល​មានសក់​រួញ គួរតែ​បួងឡើង​ឬក៏​ចងឱ្យ​បានស្អាត ឬក៏​គាបឱ្យ​ត្រង់ តែ​សម្រាប់ ស្ដ្រី​ដែលមាន​សក់រលោង​ត្រង់ស្អាត​អាចទម្លាក់ ឬក៏ចង​លើកឡើង​ឱ្យខ្ពស់​ល្មមសម​នឹង​ទម្រង់មុខ។
  • ក្រចកដៃ​ក្រចកជើង ៖ ត្រូវតែ​សម្អាត​ក្រចក​ដៃជើង​ឱ្យបាន​ស្អាតជានិច្ច បើអាច​ឆ្លៀតបាន គួរតែ​កាត់សាច់​ក្រចក​ឬក៏លាបពណ៌​បន្ដិច ដើម្បី​ឱ្យ​ក្រចកមាន​ភាព​ស្រស់ស្អាត។
  • ស្បែកជើង ៖ សម្រាប់​ស្ដ្រីដែល​ចូលផ្សារ​ទំនើប គួរ​ប្រើស្បែក​ជើង​ដែលមាន​កែងបន្ដិច​ឬក៏ស្បែក​ជើងរាប​ស្មើល្មម តែមិនត្រូវ​ប្រើកែង​ខ្ពស់ពេក ស្បែកជើង​ចម្ពាម ឬ​ស្បែកជើង​ផ្ទាត់នោះ​ទេ។

ដំបូន្មាន​អ្នក​ជំនាញ

សម្រាប់​ស្ដ្រី​ដែលមាន​គម្រោង​ចូលទៅ​ក្នុងផ្សារ​ទំនើប ត្រូវតែ​យកចិត្ដ​ទុកដាក់​បន្ដិច​នៅក្នុង​ការ​តុបតែង​ខ្លួន ក៏​ដូចជា​ផ្ទៃមុខ។ ដូចនេះ​នៅ​មុនពេល​ចូលទៅ​ផ្សារ​ទំនើប ត្រូវតែ​ធ្វើការ​សម្អាតខ្លួន​ប្រាណឱ្យ​បានស្អាត និងត្រូវ​ជ្រើសរើស​នូវ​សម្លៀក​បំពាក់​ដែល សមរម្យ​មិន​សិចស៊ីពេក ហើយមិន​សុភាព​ពេក។ បន្ទាប់មក​ធ្វើការ​តុបតែង​មុខដើម្បី​ឱ្យ​ផ្ទៃមុខ​មានពណ៌​ស្រស់ស្អាត ជាពិសេស​ត្រូវមើល​ខ្លួនឯង​ឱ្យបាន​គ្រប់ជ្រុង ដើម្បី​កុំឱ្យ​មានចំណុច​ខ្វះខាត​មុននឹង​ចូលទៅ​ក្នុង​ផ្សារ​ទំនើប។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥១ ខែមេសា ឆ្នាំ២០១០

Google Analytics Alternative