១០ម៉ូត​ក្រចក(តចប់)

កាលពី​លេខមុន សុភាពនារី​បាន​ជ្រាប​រួចមក​ហើយ​អំពី​ការ​រចនាម៉ូត​ក្រចក​ចំនួន​៦យ៉ាង។ នៅលេខ​នេះ សូមបន្ដ​ជ្រាប បន្ថែម​ទៀត​ពីការ​រចនាម៉ូត​ក្រចក​ដ៏គួរ​ឱ្យ​ទាក់ទាញ​៤យ៉ាង​ទៀត។ ការ​រចនាម៉ូត​ក្រចក​គឺជា​បញ្ហាមួយ​សំខាន់​ក្នុងការ​ជួយ​បន្ថែម​នូវ សោភ័ណភាព​នៃ​សម្រស់​ម្រាមដៃ និងអាច​បន្ថែមនូវ​ការ​ទាក់ទាញ​ផងដែរ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង បានជួប​ជាមួយ​អ្នកនាង បូភ័ណ ម្ចាស់ហាង​បូភ័ណ​កែសម្ផស្ស​នឹងធ្វើ​ការពន្យល់​អំពី​ការរចនា​ម៉ូតក្រចក ដើម្បី​ឱ្យស្ដ្រី​គ្រប់រូប​បានយល់ និងជ្រាប​ឱ្យ​កាន់តែ​ច្បាស់​បន្ថែមទៀត​អំពី​ម៉ូត​ក្រចក។ ម៉ូតក្រចក​សម្រាប់​រចនា​មានច្រើន ម៉ូតណាស់​ទៅតាម​ការ​ច្នៃប្រឌិត។ នៅពេល​នេះ ទស្សនាវដ្ដី សុខភាពយើង សូមលើក​យកមក​បង្ហាញ​នូវម៉ូត​ក្រចក​៦យ៉ាង​បន្ថែម​ទៀត ដើម្បី​ឱ្យមិត្ដ​នារី​បាន​ផ្លាស់ប្ដូរ​នូវការ​រចនាម៉ូត​ក្រចក​បាន​កាន់តែ​ច្រើនទៀត។

7 . ម៉ូត​ក្រចក​ដាំត្បូង ៖ ជាដំបូង​សុភាពនារី​គួរតែ​សម្អាត និង​កាត់សាច់​ក្រចក​ឱ្យបាន​ស្អាត​ជាមុន​សិន ដើម្បី​ការពារ កុំឱ្យ​ឆ្លង​មេរោគ ជាពិសេស​អាចធ្វើ​ឱ្យក្រចក​ស្រស់ស្អាត​នៅពេល​ដែល​រចនាម៉ូត។ ការ​រចនាម៉ូត​ក្រចក​ដាំត្បូងនេះ ជាដំបូង​ត្រូវ​លាប ពណ៌​ដែល​ចូលចិត្ដ តែបើ​សម្រាប់កូន​ក្រមុំ​ត្រូវប្រើ​ពណ៌​ក្រហម​ទុកឱ្យ​ស្ងួត ហើយ​ត្រូវលាប​ថ្នាំ​ទឹករលោង​ពីលើ​ក្រចកពណ៌។ បន្ទាប់មក​ត្រូវប្រើ​កាវ​សម្រាប់​បិតត្បូង ដោយ​យកកាវ​ទៅបន្ដក់​នៅលើ​ត្បូង​ហើយនិង​នៅលើ​ក្រចក ជាម៉ូត​ទៅតាម​ការ​ចូលចិត្ដ​ជាការ​ស្រេច។ ចំពោះម៉ូត​ក្រចក​ប្រភេទ​នេះ អាច​ចូលរួម​បានគ្រប់​កម្មវិធី​សម្រាប់​យុវវ័យ ជាពិសេស​កូនក្រមុំ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

8 . ម៉ូត​ក្រចក​វាំងនន ៖ ចំពោះម៉ូត​ក្រចក​វាំងនន​នេះ​ទាមទារ​ការយក​ចិត្ដទុក​ដាក់បន្ដិច​សម្រាប់​អ្នក​រចនាម៉ូត ជា​ដំបូង សុភាពនារី​ត្រូវ​សម្អាត​ក្រចក បន្ទាប់​មកត្រូវ​លាបពណ៌​ក្រចក​ទៅតាម​ចំណង់​ចំណូលចិត្ដ​ទុកឱ្យ​ស្ងួត។ បន្ទាប់​មកទៀត​ត្រូវប្រើ​ថ្នាំគូស​ក្រចក​ពណ៌ខ្មៅ​ឬក៏​ពណ៌អ្វី​ក៏បាន​ឱ្យស៊ី​ជាមួយ​នឹងពណ៌​ដែលលាប​នៅលើ​ក្រចក ដោយគូស​ជា​សំណាញ់​បញ្ឆិត។ បន្ទាប់​មកទៀត​ត្រូវ គូស​ខ្សែវាំងនន​ហើយ​បន្ដក់​នៅចុង​វាំងនន​ឱ្យដូចជា​ខ្សែ​វាំងនន​រួចទុក​ឱ្យស្ងួត និង​លាបទឹក​រលោង​ជាការ​ស្រេច។ ចំពោះម៉ូត​ក្រចក ប្រភេទ​នេះប្រើ​សម្រាប់​យុវវ័យ និងអាច​ចូលរួម​បាន​គ្រប់ពិធី ជាពិសេស​ក្នុង​ពិធី​រាត្រី​ស្រមោលស។

9 . ម៉ូត​ក្រចក​ខ្វែង​បញ្ឆិត ៖ ម៉ូតក្រចក​ខ្វែងបញ្ឆិត​នេះជា​ដំបូង​សុភាពនារី​ត្រូវ​សម្អាត​ក្រចក បន្ទាប់​ត្រូវលាប​ពណ៌​ក្រចក​ទៅតាម​ចំណង់​ចំណូល​ចិត្ដទុក​ឱ្យស្ងួត។ បន្ទាប់មក​ទៀត​ត្រូវប្រើ​ថ្នាំគូស​ក្រចក​ពណ៌ខ្មៅ​គូសខ្វែង​ហើយ​បន្ដក់​ពណ៌ស​ឬក៏ជា ពណ៌អ្វី​ក៏បាន​ទៅតាម​ចំណង់​ចំណូលចិត្ដ រួចទុក​ឱ្យស្ងួត​លាបទឹក​រលោង​ជាការ​ស្រេច។ ម៉ូតក្រចក​ប្រភេទ​នេះសក្ដិសម​សម្រាប់​យុវវ័យ និង​ស្ដ្រីវ័យ​កណ្ដាល អាច​ចូលរួម​បាន​គ្រប់ពិធី។

10 . ម៉ូតក្រចក​ពងជីង​ចក់ ៖ សម្រាប់​ម៉ូត​ក្រចកពង​ជីងចក់​នេះ ជាដំបូង​សុភាពនារី​ត្រូវធ្វើ​ការ​សម្អាត​ក្រចក​ឱ្យបាន​ស្អាតល្អ រួមទាំង​កាត់សាច់​ក្រចក​ផងដែរ។ បន្ទាប់មក​ត្រូវលាប​ពណ៌​ចំណង់​ចំណូលចិត្ដ​ទុកឱ្យ​ស្ងួត។ នៅចុង​ក្រចក​ត្រូវ​ហាយឡាយ​ដាក់ជា​ទឹករលក ហើយ​ដាក់ពណ៌​ឱ្យស៊ី​ជាមួយ​នឹងពណ៌​ក្រចកទុក​ឱ្យស្ងួត បន្ទាប់មក​ទៀត​ត្រូវប្រើ​ថ្នាំគូស​ក្រចក​ពណ៌ខ្មៅ ឬក៏ជា​ពណ៌អ្វី​ក៏បាន​ទៅតាម​ចំណង់​ចំណូលចិត្ដ​យកមក​បន្ដក់ឱ្យ​ចេញ​ជារូបរាង​ស្អាត​ដោយមិន​ត្រូវបន្ដក់​ញឹកពេក​នោះទេ រួចទុក​ឱ្យស្ងួត​ហើយ​លាបទឹក​រលោង ជាការ​ស្រេច។ ចំពោះម៉ូត​ក្រចក​ប្រភេទនេះ​ប្រើ​សម្រាប់​យុវវ័យ និង​ស្ដ្រីវ័យ​កណ្ដាល អាច​ចូលរួម​បានគ្រប់​ពិធី។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥១ ខែមេសា ឆ្នាំ២០១០

Google Analytics Alternative