ជម្ងឺ​ពុក​ឆ្អឹង

សព្វ​ថ្ងៃ​នេះ​ជម្ងឺ​ពុកឆ្អឹង​កំពុង​កើតមាន​យ៉ាងច្រើន ពិសេស​ទៅលើ​រាងកាយ​ស្ដ្រីមាន​វ័យចំណាស់ ចាប់​ពី​អាយុ​៤៥​ឆ្នាំដល់ ៥៥ឆ្នាំ ក្រោយ​ពេល​ដែល​ស្ដ្រី​ទាំងនោះ​អស់រដូវ។ ជម្ងឺ​ពុកឆ្អឹង​កើត​ឡើង​ដោយ​សារតែ​ថមថយ​ជាតិ​កំបោរ និង​សារជាតិ​រឹងដែល​ជាអ្នក ទ្រទ្រង់​រាងកាយ ជា​ហេតុ​ធ្វើឱ្យ​ឆ្អឹងចុះ​ខ្សោយ​យ៉ាង​ឆាប់​រហ័ស។ ជម្ងឺនេះ​កើតមាន​ចំពោះ​ស្ដ្រីគ្រប់​រូប នៅពេល​ដែល​អស់​រដូវ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

លោកវេជ្ជបណ្ឌិត ញ៉ែម ចន្ទថុល អ្នកឯក​ទេស​ជម្ងឺ​ទូទៅ​មក​ពី​ប្រទេស​បារាំង ប្រចាំ​នៅគ្លីនិក ទេព ផន ជម្រាប​ជូន​លោក អ្នក​តាមរយៈ​ទស្សនាវដ្ដី សុខភាព​យើង។

ជម្ងឺ​ពុកឆ្អឹង​ជាអ្វី?

ពុកឆ្អឹង​ជាជម្ងឺ​ម្យ៉ាង​ដែល​បណ្ដាល​មកពី​ធាតុផ្សំ​ជាច្រើន​មុខ​មានការ​ថយចុះ ដូចជា​ជាតិ​កំបោរ និង​សារធាតុរឹ​ង​នៅក្នុង សារពាង្គ​កាយ ជាពិសេស​ស្ដ្រី​នៅពេល​អស់រដូវ។ ព្រោះ​ជាតិខ្លាញ់​ត្រូវបាន​កាត់​បន្ថយ ហើយ​ជាតិ​កំបោរ​ក៏ថយ​ចុះជា​លំដាប់ ទើប​ឈាន ទៅដល់​កើត​ជម្ងឺ​ពុក​ឆ្អឹង​នេះ​តែម្ដង។

មូលហេតុ​បណ្ដាល​ឱ្យមាន​ជម្ងឺ​ពុកឆ្អឹង

ជម្ងឺនេះ​កើត​មាន​មកពី​ហេតុផល​ធម្មជាតិ​ជាច្រើន​គួបផ្សំ​ដូចជា ៖

  • ស្ដ្រី​ភាគច្រើន​ពេល​អស់​រដូវគឺ​ឆ្អឹង​ចាប់ផ្ដើម​ថយ​នូវគុណភាព ព្រោះ​ទាក់ទង​ទៅនឹង​អ័រ​ម៉ូន​ក្នុង​រាងកាយ​ស្ដ្រី​តែម្ដង។
  • ចំពោះ​បុរសវិញ ជម្ងឺ​ពុក​ឆ្អឹង​មិនសូវ​កើត​មាន​នោះទេ ទោះ​វ័យ​ចាស់​យ៉ាង​ណា​ក៏​ដោយ ប៉ុន្ដែ​ក៏មាន​ការ​ថមថយ​នូវ​គុណ​ភាព ឆ្អឹង​ខ្លះដែរ។
  • ជម្ងឺ​ពុកឆ្អឹង​អាច​កើត​ចេញមកពី​អ្នក​ជម្ងឺ​របេង​ឆ្អឹង ព្រោះ​ជម្ងឺ​នេះ​ធ្វើឱ្យ​ឆ្អឹង​ពុក​តែ​ម្ដង​គឺមិន​បាន​បណ្ដាល​មកពី​ការខ្វះ នូវ​ជាតិ​កំបោរ​នោះទេ គឺ​មេរោគ​របេង​ស៊ីឆ្អឹង​ដែល​គេហៅ​ថា របេង​ក្រៅសួត។ របេង​ឆ្អឹង​នេះ​ក៏ធ្វើឱ្យឆ្អឹង​អ្នក​ជម្ងឺមាន​ការវិវឌ្ឍន៍ ឆាប់​ពុកមុន​កំណត់ ជា​ពិសេស​ឆ្អឹងកង​ខ្នង។
  • រោគ​សញ្ញា​ជម្ងឺពុក​ឆ្អឹង

    រោគ​សញ្ញាជម្ងឺ​នេះគឺ​ផ្ដើមចេញ​ពីការ​ឈឺសន្លាក់​ដៃជើង និង​ដឹង​តាមរយៈ​ការពិនិត្យ​ឈាម​រកមើល​ជាតិកំ​បោរ​ក្នុង​ខ្លួន។ ស្ដ្រី​អស់រដូវ​មាន​ជម្ងឺពុក​ឆ្អឹង មិន​បញ្ចេញ​នូវរោគ​សញ្ញាខាង​ក្រៅ​ដូច​ជម្ងឺ​ដទៃទៀត​ឡើយ ទាល់​តែ​ពិនិត្យ​ទើប​ឃើញ​តែម្ដង។ ម្យ៉ាង​ទៀត​ដើម្បី​ឱ្យដឹង​កាន់​តែច្បាស់ គេអាច​ថ្លឹងឆ្អឹង​ហើយ​ពិនិត្យ​អំពី​គុណភាព​ឆ្អឹងថា តើ​ជម្ងឺពុក​ឆ្អឹង​នេះ​ចូលដល់​ដំណាក់​កាលណា ឬ​ក៏ពិនិត្យ​ឈាម​រក​សារជាតិ​កំបោរ ពេល​នោះ​គ្រូពេទ្យ​នឹង​ឱ្យ​ថ្នាំ​ទៅតាម​កម្រិត​ជម្ងឺ ដើម្បី​ទ្រទ្រង់​ឆ្អឹងឱ្យ​មាន​ភាព​រឹងមាំ​ជាង​មុន។ លក្ខណៈ​បែប​នេះក៏​មិនមែន​ទូទៅ​នោះ​ទេ ព្រោះ​ស្ដ្រី​មួយចំនួន​នៅមាន​ជាតិ​កំបោរ​ច្រើន ក៏​គុណភាព​ឆ្អឹង​នៅរឹង​មាំ​ទៅតាម​នោះ​ដែរ។

    វិធី​ព្យាបាល​ជម្ងឺ​ពុកឆ្អឹង

    ព្យាបាល​ជម្ងឺ​ពុកឆ្អឹង​ឱ្យមាន​ប្រសិទ្ធ​ភាព​ខ្ពស់ អ្នក​ជម្ងឺទាំង​អស់​គួរ​ទទួលទាន​ទឹកដោះ​គោ​ដែលមាន​សារជាតិ​កាល់ស្យូម និង​ថ្នាំ ដែល​មាន​ជាតិ​កំបោរ​ឱ្យបាន​ទៀងទាត់។ គប្បី​ឧស្សាហ៍​មក​ពិគ្រោះ​ជាមួយ​នឹងគ្រូពេទ្យ​ឱ្យបាន​ទៀង​ទាត់។ ប៉ុន្ដែ​ការ​ព្យាបាល​នេះ​មិនអាច ជា​សះស្បើយ​មួយ​រយភាគរយ​នោះទេ តែ​អាច​បាន​ខ្លះដែរ ចំពោះ​អ្នក​ជម្ងឺ​ដែល​ជួប​គ្រោះថ្នាក់​ផ្សេងៗ ដូច​ជា​រអិល​ដួល ឬ​ប៉ះទង្គិច ផ្សេងៗ​ដែល​ធ្វើឱ្យ​ប៉ះពាល់​ដល់​ឆ្អឹង។

    វិធី​ការពារ​ជម្ងឺពុក​ឆ្អឹង

    លោក​អ្នកដែល​មាន​វ័យចំណាស់ ជា​ពិសេស​ស្ដ្រី​ដែល​អស់​រដូវ​ត្រូវ​ឧស្សាហ៍​ទៅ​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ​ឱ្យ​បាន​ញឹក​ញាប់ ដើម្បី​ទប់ស្កាត់​ជម្ងឺ​ផ្សេងៗ ជា​ពិសេស​ជម្ងឺ​ពុក​ឆ្អឹង ព្រោះ​ស្ដ្រី​ភាគច្រើន​ស្ទើរ​តែ​៩០ភាគ​រយ​ទៅ​ហើយ​ដែល​មាន​ជម្ងឺ​ពុកឆ្អឹង ព្រោះ​ភាគ ច្រើន​នៃ​ជម្ងឺ​នេះ​កើត​ឡើង​ចំពោះ​តែ​ស្ដ្រី​ដែល​មាន​អាយុ​ចន្លោះ​ពី​៤៥ទៅ​៥៥ឆ្នាំ មិន​អាច​ចៀសផុត​បាន​ឡើយ។

    ផល​ប៉ះពាល់​នៃជម្ងឺ​ពុកឆ្អឹង

    អ្នក​ជម្ងឺពុកឆ្អឹង​ងាយ​នឹង​រងគ្រោះថ្នាក់​ផ្សេងៗ​ជាយ​ថាហេតុ ដូច​ជាដួល ឬ​មានគ្រោះថ្នាក់​ចរាចរណ៍អាច​បណ្ដាល​ឱ្យឆ្អឹង​នោះ ឆាប់​បាក់​បាន​យ៉ាង​ងាយ។ តួយ៉ាង​ដូចជា​ស្ដ្រីវ័យ​ចំណាស់មួយ​ចំនួន គ្រាន់​តែដើរ​រអិលដួល​បន្ដិច​បន្ដួច​ក៏អាច​មានផល​ប៉ះពាល់​ធ្ងន់ធ្ងរ ហើយ​ប្រឈម​មុខ​ទៅ​នឹង​ការបាក់​ឆ្អឹងយ៉ាង​ឆាប់រហ័ស ភាព​រឹងមាំ​នៃឆ្អឹង​ចុះខ្សោយ ហើយ​មិនអាច​ធ្វើការទប់​ស្កាត់ដោយ​វិធីសាស្ដ្រ ណា​មួយនោះ​ទេ។

    ដំបូន្មាន​អ្នកជំនាញ

    ដើម្បី​រក្សានូវ​សុខភាព​របស់អ្នក​ជម្ងឺពុកឆ្អឹង គួរ​ចៀសវាង​រអិល ដួល ឬ​គ្រោះថ្នាក់​ផ្សេងៗ ព្រោះ​អាចងាយ​រងគ្រោះបាក់​ឆ្អឹង យ៉ាង​ឆាប់រហ័ស។ ហើយ​ការព្យាបាល​មិនងា​យស្រួលដូច​ឆ្អឹងមនុស្ស​ដែល​មាន​អាយុ​ស្ថិតក្រោម​៣០ឆ្នាំនោះ​ទេ ព្រោះ​ឆ្អឹង​ដែល​បាន​បាក់ ទៅ​ហើយ​ពិបាក​តភ្ជាប់​មកវិញ ព្រោះ​តែឆ្អឹង​លោកអ្នក​ពុក​ទៅ​ហើយ។ លោក​អ្នក​គួរតែ​ទទួលទាន​ទឹក​ដោះគោ​ដែលមាន​កាល់ស្យូម និង​ទទួលទាន​ថ្នាំ​ដែល​មាន​សារជាតិ​កំបោរឱ្យ​បាន​ទៀងទាត់​តាម​វេជ្ជបញ្ជា។

    ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៩ ខែកម្ភៈ ឆ្នាំ២០១០

    Google Analytics Alternative