ក្រសួង​​​ព័ត៌មាន​​​ផ្សព្វផ្សាយ​​​អនុក្រឹត្យ​​​ហាមឃាត់​​​​ការ​ផ្សាយ​​​​ពាណិជ្ជកម្ម​​​ថ្នាំជក់

សិក្ខាសាលាផ្សាព្វផ្សាយអនុក្រឹត្យស្ដីពីវិធានការ​ហាមឃាត់​ចំពោះ​ការ​ផ្សាយពាណិជ្ជកម្ម​ផលិតផល​ថ្នាំជក់ ដែល​សហការ​រៀបចំ​ឡើងដោយ​ក្រសួង​ព័ត៌មាន អង្គការ​សុខភាព​ពិភពលោក និងអង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា​នៅទីស្ដី​ការ​ក្រសួង​កាល ពី​ថ្ងៃទី៤​ខែមីនា ក្រោម​អធិបតីភាព​លោក ថាច់ ផែន រដ្ឋលេខាធិការ​ក្រសួងព័ត៌មាន។​

រូបភាពទស្សនាវដ្តីសុខភាពយើង

នៅក្នុងឱកាសនោះលោក ថាច់ ផែន បានថ្លែងថា ផលិតផល​ថ្នាំជក់បាន​ធ្វើឱ្យ​មាន​អ្នកស្លាប់៥.៤លាននាក់​ក្នុង១ឆ្នាំ​នៅលើពិភព​លោកយើង​នេះ តាមរយៈ​​ជម្ងឺផ្សេងៗ​ដែលកើត​ឡើង​ចំពោះ​អ្នក​ជក់បារី និងអ្នកស្រូប​ផ្សែង​បារីពីគេជាពិសេស​ស្ដ្រី និងកុមារ។ ថ្នាំជក់​មិន​ត្រឹមតែ​បង្ក​មហន្ដរាយ​ចំពោះ​សុខភាព​តែ​ប៉ុណ្ណោះទេ​ ប៉ុន្ដែ​ថែមទាំង​បានធ្វើ​ឱ្យ​ខាតបង់​សេដ្ឋកិច្ចជាតិ និងថវិកា​គ្រួសារថែម​ ទៀតផង។ ជាក់ស្ដែង​ក្នុង១ឆ្នាំៗ ប្រជាពលរដ្ឋ​កម្ពុជាបាន​ចំណាយ​ថវិកាគ្រួសារ​ចំនួន​៦៩.៥លានដុល្លារ​ទៅលើការ​ទិញ​បារីជក់។

ប្រឈមមុខនឹងមហន្ដរាយនេះ ព្រះរាជាណាចក្រកម្ពុជា រួមជាមួយ​​ប្រទេសចំនួន​១៦៨លើ​សកលលោក​បានផ្ដល់​សច្ចាប័ន​ ចូលជា​សមាជិក​នៃអនុសញ្ញា​ស្ដីពីការ​ត្រួតពិនិត្យ​ថ្នាំជក់​តាំងពី​ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០០៥។ ដោយការ​ចូលជា​សមាជិក​នេះ ភាគី​នីមួយៗ​ត្រូវមាន​កាតព្វកិច្ច​ក្រោម​មាត្រា១៣ ហាមឃាត់​ទាំងស្រុង​នូវរាល់​ទម្រង់នៃការ​ផ្សាយពាណិជ្ជកម្ម​ ការផ្សព្វផ្សាយ​លក់ផលិត ផលថ្នាំជក់​ និងការ​ឧបត្ថម្ភ​កម្មវិធី​របស់​ក្រុមហ៊ុន​ថ្នាំជក់​ឱ្យបាន​ក្នុង​រយៈពេល​៥ឆ្នាំ​បន្ទាប់​ពីប្រទេស​នោះចូល​ជាសមាជិក​អនុសញ្ញា។

ការអនុម័តឱ្យមានវិធានការហាមឃាត់ការផ្សាយ​ពាណិជ្ជកម្ម​ផលិតផល​ថ្នាំជក់​គ្រប់​រូបភាព របស់​ព្រះរាជាណាចក្រ​កម្ពុជា គឺជាការ​ឆ្លើយតប​ទៅនឹង​កាតព្វកិច្ច​ក្រោម​មាត្រា១៣ នៃអនុ​សញ្ញា​ស្ដីពី​ការ​ត្រួត​ពិនិត្យ​ថ្នាំជក់ ដើម្បីបង្ហាញ​សកលលោក​ទាំងមូល​ថា កម្ពុជា​រួមចំណែក​ការពារ​មនុស្សជំនាន់​ក្រោយពី​មហន្ដរាយ​នៃការ​ប្រើប្រាស់​ថ្នាំជក់ ដោយឡែក​ការពារ​កុមារ យុវជន និងស្ដ្រី​ពីអន្ទាក់ ទីផ្សារ​ដែល​ទាក់ទាញ​ឱ្យធ្លាក់​ទៅក្នុង​ការញៀន​នីកូទីន​ក្នុង​ផលិតផល​ថ្នាំជក់​អស់មួយ​ជីវិត។

អនុក្រឹត្យស្ដីពីវិធានការហាមឃាត់ចំពោះ​ការផ្សាយ​ពាណិជ្ជកម្មផលិតផល​ថ្នាំជក់ បាន​ហាមឃាត់​គ្រប់​រូបភាព និងគ្រប់ មធ្យោបាយ​នៃការ​ផ្សាយពាណិជ្ជកម្ម​ផលិតផល​ថ្នាំជក់ និង​ទោសទណ្ឌ​ក្នុង​ករណី​បំពាន មិន​ត្រឹមតែ​បាន​ដាក់បន្ទុក​មិន​ត្រឹមត្រូវ​ចំពោះ ​ក្រុមហ៊ុន​ថ្នាំជក់​ប៉ុណ្ណោះទេ ប៉ុន្ដែ​ចំពោះ​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​ទៀតផង។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៣ ខែមេសា ឆ្នាំ២០១១
Google Analytics Alternative