អឿន ដាលីស ពិធី​ការិនី​ស្រស់​សោភា

ពិធី​ការិនី​ស្រស់​សោភា អឿន ដាលីស ត្រូវបាន​ទស្ស​និកជន​គាំទ្រ និងចាប់​អារម្មណ៍​កាន់តែច្រើន​ឡើង​ជាមួយនឹង​សម្រស់​ស្រស់ស្អាត គួបផ្សំ​នឹង​សមត្ថភាព​ជាពិធី​ការិនី​របស់​នាង។ ដាលីស​បានធ្វើ​ឱ្យទស្ស​និកជន​ស្គាល់​កាន់តែ​ច្បាស់ តាមការ​បង្ហាញមុខ​ជាពិធី​ការិនី​ក្នុងកម្មវិធី​តន្ដ្រីថបធីន និង​កម្មវិធី​ប្រគំ​តន្ដ្រី​ជាច្រើន​ទៀត។ អាជីព​ជាពិធី​ការិនី​បានធ្វើ​ឱ្យដាលីស​រកពេល សម្រាក​ស្ទើរ​ពុំបាន។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទោះបី​ជាមាន​ការ​រវល់​ច្រើន ក៏ដាលីស​មិនភ្លេច​ពី​ពេលវេលា​ដើម្បី​ថែរក្សា​សម្រស់ និង​សុខភាព​របស់​ខ្លួនដែរ។ នៅពេល​នេះ​ដាលីស​នឹង​បង្ហើប​ពីវិធី​ការ​ថែរក្សា​សុខភាព និង​សម្រស់​របស់នាង​ជូន​លោកអ្នក​ឱ្យបាន​ជ្រាបតាម​រយៈ​ទស្សនាវដ្ដី សុខភាពយើង។

ប្រវត្ដិ​មុនធ្វើ​ជាពិធី​ការិនី

មុនពេល​ឈានចូល​ជាអ្នក​សិល្បៈ ដាលីស​ជាសិស្ស​រៀន​អង់គ្លេស និង​ភាសាចិន​ក្រៅម៉ោង។ ចៃដន្យ​នាយក​សាលា​ចិន ឃើញ​នាងមាន​រូប​សម្ផស្ស​ស្អាត​ក៏​សាកសួរ​នាង​ពីរឿង​ធ្វើ​ជាពិធីករ​នៅប៉ុស្ដិ៍​លេខ៣ ស្របពេល​នោះ​ដាលីស​ក៏មាន​បំណង​ចង់ចូល​ប្រឡង ហ្វ្រេសស៊ី​ផងដែរ។ បន្ទាប់​ពីបាន​ការផ្ដល់​ឱកាស​ឱ្យ​ដាលីស​បង្ហាញ​សមត្ថភាព​ជាពិធីករ​ហើយ​នោះ នាងក៏​បានចូល​ធ្វើជា​ពិធីការិនី​នៅប៉ុស្ដិ៍​លេខ៣​រួម​ជាមួយ​ការបង្ហាត់​បង្រៀន​បន្ថែម​ពីអ្នក​ជំនាញ​ជាពិធីករ។ ដាលីស​ចាប់ផ្ដើម​ចូលធ្វើ​ការ​នៅប៉ុស្ដិ៍​លេខ៣​ក្នុង​អំឡុង​ពេល​ពាក់កណ្ដាល​ឆ្នាំ​២០០៥ ប៉ុន្ដែ​បាន​រយៈពេល​ខ្លី​ប៉ុណ្ណោះ ដោយសារ​តែនាង​មមាញឹក និងហត់​ច្រើនទៅ​លើការ​សិក្សា និង​ការងារ សិល្បៈ​ផង។ រយៈពេល​បន្ទាប់មក​ទៀត អ្នកធ្វើ​ការនៅ​ស្ថានីយ​ទូរទស្សន៍​ប៉ុស្ដិ៍លេខ៥​ក៏បាន​ទាក់ទង​ដាលីស។ ដោយ​សារតែ​ការ​ចរចា ពីរយៈពេល​ធ្វើការ​ស៊ីចង្វាក់​គ្នា ដាលីស​ក៏​សម្រេច​ចិត្ដធ្វើការ​នៅស្ថានីយ​ទូរទស្សន៍​ប៉ុសិ៍្ដលេខ៥​នៅឆ្នាំ​២០០៦​រហូតមក​ដល់​បច្ចុប្បន្ន។ ក្រៅពី​អាជីព​ជាពិធី​ការិនី​ហើយ​នោះ ដាលីស​ក៏បាន​បញ្ចេញ​ទេពកោសល្យ​ទៅលើ​ការថត​ចម្រៀង​ខារ៉ាអូខេ​ផងដែរ។

វិធី​ថែរក្សា​សម្រស់

ខាងក្រោម​នេះ​គឺជា​វិធីថែ​រក្សា​សម្រស់ ដែល​ពិធី​ការិនី​ស្រស់ស្អាត​ម្នាក់នេះ​បានអនុវត្ដ​ជារៀង​រាល់ថ្ងៃ។

  • ការ​ថែរក្សា​សក់ ៖ ការ​ចាប់យក​អាជីព​ជាអ្នក​សិល្បៈ គឺ​ចៀស​មិនផុត​ពីបញ្ហា​សក់នោះទេ។ ដើម្បី​ការពារ​នូវបញ្ហា​ទាំងនេះ ដាលីស​បាន​ជ្រើសរើស​សាប៊ូ​កក់សក់​យ៉ាង​ត្រឹមត្រូវ​បំផុត ដើម្បី​ឱ្យត្រូវ​នឹង​ប្រភេទ​ស្បែក​ក្បាល​របស់​នាង។ រាល់ពេល​ដែលកក់​សក់រួច ដាលីស​តែងតែប្រើ​អាហារ​សម្រាប់​ថែរក្សា​បំប៉ន​សក់។ ក្រៅពី​នេះ​ដាលីស​បរិភោគ​ផ្លែឈើ ដើម្បី​ជាជំនួយ​ដល់សរសៃ​សក់​ផងដែរ។
  • ការ​ថែរក្សា​ស្បែកមុខ ៖ ដោយ​ចៀស​មិនផុត​ពីការ​ផាត់មុខ​ស្ទើរតែ​រៀងរាល់​ថ្ងៃនោះ ដាលីស​ចាំបាច់​ត្រូវមាន​ការ ថែទាំ​ស្បែកមុខ​ឱ្យបាន​ដិតដល់។ ដាលីស​តែងតែ​សម្អាត​ផ្ទៃមុខ​ឱ្យបាន​ស្អាត​ជានិច្ច​មុនពេល​ចូល​ដំណេក។ ដាលីស​ក៏​ប្រើប្រាស់ ប្រភេទឡេ​ដែលត្រូវ​នឹងស្បែក​ដើម្បី​ប្រើប្រាស់​នៅពេល​យប់ និង​ពេលថ្ងៃ​ផងដែរ។ ក្រៅពី​នេះដាលីស​ក៏គិតគូរ​ទៅលើ​ការ​ជ្រើសរើស ផលិតផល​គ្រឿង​សម្អាង​ជាសំខាន់​ផងដែរ ដើម្បី​បញ្ចៀស​ពីបញ្ហា​ទាំងឡាយ​ដែល​អាចកើត​មាន​នៅលើ​ដងខ្លួន និង​ផ្ទៃមុខ។ ជាងនេះ​ទៅទៀត​ដាលីស​ក៏​ប្រើប្រាស់​ថ្នាំវីតាមីន​ដើម្បី​បំប៉ន​ស្បែក​ផងដែរ។
  • ការ​ថែរក្សា​ស្បែក​ដងខ្លួន ៖ រាល់ពេល​ដែល​ងូតទឹក​ដាលីស​តែងតែ​សម្អាត​រាងកាយ​ឱ្យបាន​ស្អាត​ជានិច្ច។ មួយវិញ​ទៀត​ដាលីស​បាន​ជ្រើសរើស​ប្រភេទ​សាប៊ូ​ដែលត្រូវ​នឹង​ស្បែក ហើយ​មាន​លទ្ធភាព​អាច​សម្អាត​សារជាតិ​ឡេ​នៅលើ​ដងខ្លួន​បាន​ស្អាតល្អ​ផងដែរ។ ជារៀង​រាល់ពេល​ដែល​ដាលីស​ចេញទៅ​ក្រៅម្ដងៗ​នាងតែង​ប្រើឡេ​ដើម្បី​ការពារ​ពន្លឺថ្ងៃ។
  • ការ​ថែរក្សា​ធ្មេញ ៖ សុខភាព​មាត់ធ្មេញ​ជាបញ្ហា​សំខាន់​សម្រាប់​ដាលីស នាង​តែងតែសម្អាត និង​ពិនិត្យ​ធ្មេញ​ជាមួយ អ្នក​ឯកទេស​ត្រឹមត្រូវ។ ដាលីស​សម្អាត​ធ្មេញ​ក្នុងមួយ​ថ្ងៃ​ពីរដង ហើយ​នៅពេល​ទទួលទាន​អាហារ​មានជាតិ​ផ្អែម នាង​តែងខ្ពុរ​មាត់ សម្អាត​ជានិច្ច ដើម្បី​រក្សា​បាននូវ​សោភ័ណ​ភាព​មាត់ធ្មេញ​គ្រប់ពេល​វេលា។
  • ការ​ថែរក្សា​ភ្នែក ៖ ចំពោះ​បញ្ហា​ភ្នែក មិនចោទ​ជាបញ្ហា​សម្រាប់​ដាលីស​នោះទេ។ តែអ្វី​ដែល​កញ្ញា​ព្រួយបារម្ភ នោះគឺ​សុខភាព បើសិនជា​សុខភាព​មិនល្អ​ក៏អាច​ធ្វើឱ្យ​កញ្ញា​មានអាការ​ស្រវាំង​ភ្នែក​ផងដែរ។ ដូចនេះ​កញ្ញា​មានតែ​ការ​ថែរក្សា សុខភាព​ឱ្យបាន​ល្អ និង​គេងឱ្យ​បាន​គ្រប់គ្រាន់។
  • ការ​ថែរក្សា​រោមភ្នែក បបូរ​មាត់ ៖ ដើម្បី​ថែរក្សា​រោមភ្នែក​ឱ្យបាន​ល្អ នាង​យល់ថា​មិនគួរ​ប្រើប្រាស់​ម៉ាស្ការ៉ា​នោះទេ ព្រោះវា​អាចធ្វើ​ឱ្យស្អិត​រោមភ្នែក ហើយ​ងាយជ្រុះ​រោមភ្នែក។ បើសិន​ជាមិន​មានការ​ចាំបាច់​ឬ​ចូលរួម​កម្មវិធី​ណាមួយ​នោះទេ ដាលីស មិន​តុបតែង​ទៅលើ​រោមភ្នែក​ច្រើន​នោះទេ។ ចំពោះ​បបូរ​មាត់ ដាលីស​ជ្រើសរើស​ក្រែម​លាបមាត់​ដែលមាន​សារជាតិ​វីតាមីនអឺ ដើម្បី​បំប៉ន​ដល់​បបូរមាត់។
  • ការ​ថែរក្សា​ក្រចក​ជើង ក្រចកដៃ ៖ ដាលីស​មិន​ចូលចិត្ដ​លេង​ម៉ូត ឬ​ពណ៌​ក្រចក​នោះទេ តែអ្វី​ដែល​ដាលីស​យកចិត្ដ​ទុកដាក់​នោះ គឺជា​រៀងរាល់​មួយខែ​ម្ដង​តែងកាត់​សាច់​ក្រចក និង​សម្អាត​តម្រឹម​ឱ្យបាន​ស្អាត។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ការ​ថែរក្សា​សុខភាព​រាងកាយ

ដាលីស​យល់ថា​ការគេង​ឱ្យបាន​គ្រប់គ្រាន់ និង​ទៀងទាត់ ហើយ​មានពេល​កំណត់​ឱ្យបាន​ត្រឹមត្រូវ​គឺជាការ​ចាំបាច់​ណាស់។ ចំពោះការ​ទទួលទាន​អាហារ​ក៏ដូចគ្នា​ដែរ គឺ​ដាលីស​ត្រូវ​កំណត់ពេល​ត្រឹមត្រូវ​ដើម្បី​កុំឱ្យ​មាន​បញ្ហា​ចំពោះ​សុខភាព។ ចំណែក​ការ​ហាត់ប្រាណ​វិញនោះ ទោះបីជា​រវល់​​ច្រើននឹង​ការ​សិក្សា​និង​ការងារ​ក៏ដោយ ក៏​ដាលីស​នៅតែ​ចំណាយ​ពេល​ក្នុងការ​ហាត់ប្រាណ​ជាលក្ខណៈ​យូហ្គា ដែលមាន​រយៈពេល​ពី១០​ទៅ១៥នាទី​ក្នុងមួយ​ថ្ងៃ។

បំណង​ថ្ងៃ​អនាគត

ក្រៅពី​អាជីព​ជាពិធី​ការិនី​ហើយ​នោះ ទៅថ្ងៃ​ខាងមុខ​នៅពេល​ដាលីស​ដកឃ្លា​បានខ្លះ​ពី​ការងារ និង​មានពេល​ទំនេរ​ពីការសិក្សា ដាលីស​ក៏មាន​បំណង​ប្រាថ្នា​ចង់​បើកមុខ​របរ​ផ្ទាល់ខ្លួន។ មុខរបរ​នោះគឺ​ផ្អែក​ទៅលើ​តម្រូវការ​ក្នុង​ទីផ្សារ ទើប​ដាលីស​អាច​ក្ដោបក្ដាប់​មុខរបរ​របស់​ខ្លួនបាន។

បណ្ដាំ​ផ្ញើ​របស់ អឿន ដាលីស

សុភាព​នារី​ទាំងឡាយ ទោះបី​ត្រូវមាន​ពេលវេលា​សម្រាប់​ការងារ និងការ​សិក្សា​ក្ដី ក៏មិន​សំខាន់​ជាជាង​ពេលវេលា​ដើម្បី ថែរក្សា​សុខភាព​របស់​ខ្លួននោះ​ទេ។ លោកអ្នក​គប្បី​បែងចែក​ពេលវេលា​ឱ្យបាន​ត្រឹមត្រូវ​ចំពោះ​ពេលវេលា​ការសិក្សា ការងារ ការ​សម្រាក​លម្ហែកាយ និង​ពេលវេលា​ថែរក្សា​សុខភាព។ ព្រោះនេះ​ជាកត្ដា​មួយដែល​នាំឱ្យ​លោកអ្នក​មាន​សុខភាព​ល្អ។

ទាំងនេះ​គឺជាការ​យល់ឃើញ និង​ជាការ​អនុវត្ដ​ន៍​ផ្ទាល់​របស់​កញ្ញា អឿន ដាលីស តែប៉ុណ្ណោះ។ សូម​លោកស្រី​អ្នកនាង​កញ្ញា​ជ្រើសរើស​យកអ្វី​ដែល​លោកអ្នក​យល់ថា​ត្រឹមត្រូវ​សម្រាប់​អនុវត្ដន៍៍​បាន​ហើយ។

ប្រវត្ដិរូប​សង្ខេប

  • ឈ្មោះ ៖ អឿន ដាលីស
  • អាយុ ៖ ២២ឆ្នាំ
  • ថ្ងៃខែ​ឆ្នាំ​កំណើត ៖ ០២ វិច្ឆិកា ១៩៨៩
  • កម្ពស់ ៖ ១,៦០​ម៉ែត្រ
  • ទម្ងន់ ៖ ៤៥​គីឡូក្រាម
  • ទំហំ​ទាំងបី ៖ ៣៦ ២៨ ៣៧
  • បងប្អូន ៖ ៤នាក់ (ស្រី២ ប្រុស២ ជាកូនពៅ)
  • ទីកន្លែង​កំណើត ៖ ភ្នំពេញ
  • កម្រិត​វប្បធម៌ ៖ សិក្សា​នៅអេ ស៊ី អ៊ី ថ្នាក់​ឌីប្លូម៉ា​ខសទី៤
  • អាជីព​នាពេល​បច្ចុប្បន្ន ៖ ពិធីការិនី
  • ស្ថានភាព​គ្រួសារ ៖ នៅលីវ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៧ ខែធ្នូ ឆ្នាំ២០០៩

Google Analytics Alternative