វិធី​បញ្ច្រក​ថ្នាំ​ទារក

លោកអ្នក​ជាឪពុក​ម្ដាយ​តែងមាន​ការ​ព្រួយបារម្ភ​ខ្លាច​ទារក​ឈ្លក់​ឬស្ទះ​ដង្ហើម​នៅពេល​ទារក​បញ្ចេញ​សម្លេង​យំ ខណៈ​ពេល បំបៅ​ដោះឬ​បញ្ច្រក​ថ្នាំ។ ការ​បញ្ច្រក​ថ្នាំ​ទារក​គឺជា​រឿង​មួយ​ដែល​លោកអ្នក​ត្រូវ​ប្រុងប្រយ័ត្ន ព្រោះបើ​មានការ​ថ្លោះធ្លោយ​នឹងអាច​បណ្ដាល​ឱ្យទារក​ស្ទះដង្ហើម​បាន។ ដូចនេះ​សូម​លោកអ្នក​ពិសេស​អាណា​ព្យាបាល​ទាំងឡាយ​គប្បី​ស្វែងយល់​ពីវិធី​បញ្ច្រក​ថ្នាំ​ទារក​ឱ្យ បាន​ត្រឹមត្រូវ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

លោក​វេជ្ជបណ្ឌិត ហុង សុខឃាង អ្នក​ឯកទេស​ផ្នែក​បេះដូង​កុមារ​នៃមន្ទីរពេទ្យ​កុមារជាតិ នឹង​បកស្រាយ​ពីវិធី​បញ្ច្រក​ថ្នាំ​ទារក តាមរយៈ​ទស្សនាវដ្ដី សុខភាពយើង។

ទារក​នៅមាន​ដង្ហើម​ខ្លី

លោកអ្នក​បានដឹង​ហើយថា​ដង្ហើម​ទារក​នៅខ្លី ដូចនេះ​មិនអាច​ទ្រាំទ្រ​នឹង​បរិយាកាស​ហប់គ្មាន​ខ្យល់​ដកដង្ហើម​បានយូរ​នោះទេ ពិសេស​នៅពេល​ដែលឈ្លក់​ឬស្ទះ​របស់​អ្វីមួយ​តាមផ្លូវ​ដង្ហើម។ ដូចនេះ​ប្រការ​ដែលល្អ​បំផុត​ចៀសវាង​កុំឱ្យ​ទារក​ជួបបញ្ហា​ផ្លូវដង្ហើម​ឱ្យសោះ។ ដើម្បី​បង្ការ​បញ្ហា​ទារក​ស្ទះ ឬ​ឈ្លក់​អ្វីមួយ លោកអ្នក​គប្បី​ជួប​ជាមួយ​គ្រូពេទ្យ​ដែលមាន​ឯកទេស​ខាងទារក​ដើម្បី​រកវិធី​ជួយ​ពេលដែល​ទារក​ជួប​បញ្ហា​ដង្ហើម។

វិធី​បញ្ច្រក​ថ្នាំ​ទារក

វិធី​បញ្ច្រក​ថ្នាំទារក​ដែលមិន​ត្រឹមត្រូវ​អាចធ្វើ​ឱ្យមាន​គ្រោះថ្នាក់ មាន​ឈ្លក់ ស្ទះដង្ហើម​ជាដើម។ មុននឹង​បញ្ច្រក​ថ្នាំ​ទារក ត្រូវ​រកស៊ឺ​រ៉ាងថ្នាំ​តូចមួយ ឬកូន​ស្លាបព្រា ហើយ​កំណត់​កម្រិត​ជាតិថ្នាំ​ទៅតាម​វេជ្ជបញ្ជា​គ្រូពេទ្យ។ បន្ទាប់មក​លោកអ្នក​យកចុង​ស៊ឺរ៉ាង ដាក់​បាញ់ផ្ទប់​ទៅនឹង​កៀនថ្ពាល់​ទារក ដោយ​បាញ់​ទម្លាក់​ជាតិថ្នាំ​ដាក់ក្នុង​កៀនថ្ពាល់់​ឱ្យទារក​លេប​បន្ដិច​ម្ដងៗ ចៀសវាង​បាញ់​ចំកណ្ដាល​មាត់ ព្រោះ​នៅពេល​ដែល​ទារក​យំរួច​ប្រឹង​ដកដង្ហើម​ចូលថ្នាំ​អាចហូរ​ចូល ធ្វើឱ្យ​ឈ្លក់ឬ​ស្ទះខ្យល់​បង្ក​គ្រោះថ្នាក់​ដល់​ទារក។ បើសិន​ជាកូន​ស្លាបព្រា​វិញក៏​ត្រូវដាក់​ចុង​ស្លាបព្រា​ទៅនឹង​កៀន​ថ្ពាល់ ហើយ​ឱ្យទារក​លេបថ្នាំ​បន្ដិចម្ដងៗ​ដូចគ្នា។ មួយ​វិញទៀត​វិធី​ដែលល្អ​គឺត្រូវ​បញ្ច្រកថ្នាំ​នៅពេល​ដែល​ទារក​បញ្ចេញ​សម្លេង​យំ ចៀសវាង​ដាក់ថ្នាំ​នៅពេល​ដែល​ទារក​ដកដង្ហើម​ចូល។

ដំបូន្មាន​អ្នក​ជំនាញ

ការ​ថែទាំ​សុខភាព​រាងកាយ​ទារក​គឺជា​រឿងមួយ​ដែល​លោកអ្នក​គប្បី​យកចិត្ដ​ទុកដាក់​ជាទី​បំផុត ព្រោះ​សរីរាង្គ និង​ប្រព័ន្ធ ការពារ​រាងកាយ​របស់​ទារក​មាន​សភាព​ទន់ខ្សោយ។ សូម​ឪពុកម្ដាយ​ទាំងអស់​ធ្វើ​យ៉ាងណា​មើល​ថែសុខភាព​កូនឱ្យ​បានល្អ ព្រោះ​មានជម្ងឺ​ច្រើន​ប្រភេទ​ណាស់ ដែល​ងាយមាន​ចំពោះ​កុមារ​ហើយ​បង្កឱ្យ​មាន​គ្រោះថ្នាក់។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៧ ខែធ្នូ ឆ្នាំ២០០៩

Google Analytics Alternative