គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា​នៅ​ឆមាស​ទី១​ថយ​ចុះ

គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​តែ​ជា​បន្ទុក​ដ៏​ធ្ងន់​ធ្ងរ​សម្រាប់​ប្រទេស​កម្ពុជា​ ក៏​ដូច​ជា​ប្រទេស​កំពុង​អភិ​វឌ្ឍន៍​មួយ​ចំនួន​នៅ​លើ​សកល​លោក។​ ការ​មាន​ទំនួល​ខុស​ត្រូវ​ក្នុង​ការ​បើក​បរ ដោយ​ការ​មិន​បើក​បរ​នៅ​ពេល​ស្រវឹង​ ការ​ចេះ​ត្រួត​ពិនិត្យ​បច្ចេក​ទេស​យាន​យន្ត​មុន​ពេល​ធ្វើ​ដំណើរ​ និង​ការ​ចេះ​យោគ​យល់​អធ្យា​ស្រ័យ​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​ គឺ​ជា​កត្តា​ដ៏​ចាំ​បាច់​មួយ​ក្នុង​ការ​ចូល​រួម​ចំណែក​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​នៅ​កម្ពុជា​ និង​នៅ​ជុំវិញ​ពិភព​លោក​ទាំង​មូល។​ តើ​នៅ​ដើម​ឆ្នាំ​នៃ​ឆមាស​ទី១​នេះ ក្រសួង​មហាផ្ទៃ​ បាន​បំពេញ​តួនា​ទី​អ្វី​ខ្លះដើ​ម្បី​ការពារ​ ក៏​ដូច​ជា​សម្រួល​ការ​ធ្វើ​ចរាចរណ៍​ដល់​ប្រជា​ពល​រដ្ឋ​ខ្មែរ​គ្រប់​រួប?​

រូបភាពគេហទំព័រសុខភាពកម្ពុជា

កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៩ ខែក​ក្កដា ឆ្នាំ​២០១២​ ម្សិល​មិញ​នេះ ឯក​ឧត្តម​ឧប​នាយក​រដ្ឋ​មន្ត្រី ​ស​ ខេង ​រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ ​និង​ជា​ប្រធាន​គណៈ​បញ្ជា​ការ​ដឹក​នាំ​បញ្ជា​ត្រួត​ពិនិត្យ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ បាន​ចូល​រួម​ជា​អធិបតី​ក្នុង​ពិធី​បើក​កិច្ច​ប្រជុំ​បូក​សរុប​លទ្ធ​ផល​នៃ​ការ​អនុវត្ត​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោ​ក​ប្រចាំ​ឆមាស​ទី១​ និង​លើក​ទិស​ដៅ​ឆមាស​ទី​២​ ឆ្នាំ​២០១២​ នៅ​សាល​ប្រជុំ​ទីស្តី​ការ​ក្រសួង​មហា​ផ្ទៃ។ លោក​ឧប​នាយ​ករ​ដ្ឋម​ន្ត្រីបា​ន​ថ្លែង​ក្នុង​កិច្ច​ប្រជុំ​នោះ​ថា គ្រោះ​ថ្នាក់​ចរាចរ​ណ៍​មាន​ការ​ថយ​ចុះ​១៧%​ ក្នុង​នោះអ្ន​ក​ស្លាប់​ថយ​ចុះ​០៣%​ និង​អ្នក​របួស​ថយ​ចុះ​១៨%​ បើ​ធៀប​នឹង​ឆមាស​ទី១​ឆ្នាំ​២០១១ កន្លង​មក ។ លោក​ឧប​នាយក​រដ្ឋ​មន្ត្រី បាន​កត់​សម្គាល់​ថា​ ក្រោយ​ពី​កិច្ច​ប្រជុំ​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០១១ រហូត​មក​ដល់​ពេល​នេះ​យើង​បាន​អនុវត្ត​ការងារ​សំខាន់ៗ​មួយ​ចំនួន​ ដោយ​សំដៅ​ពង្រឹង​ការ​អនុវត្ត​ច្បាប់ និង​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ដូច​តទៅ៖​

1 . បាន​បញ្ចូល​ខ្លឹម​សារ​អប់រំ​សុវត្ថិភាព​ចរាចរណ៍​ទៅ​ក្នុង​ការ​ផ្សាយ​ពាណិជ្ជ​កម្ម​គ្រឿង​ស្រវឹង ស្រប​តាម​អនុសាសន៍​ណែ​នាំ​ដ៏​ខ្ពង់​ខ្ពស់​របស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន​ សែន ដើម្បី​ដាស់​តឿន​ប្រជាពល​រដ្ឋ​ឱ្យ​ជៀស​វាង​នូវ​ការ​បើក​បរ​ក្រោម​ឥទ្ធ​ពល​នៃ​ជាតិ​ស្រវឹង។​

2 . បាន​ហ្វឹក​ហាត់ និង​ពង្រឹង​សមត្ថ​ភាព​គ្រូ​បង្រៀន​បើក​បរ និង​សមាស​ភាព​គណៈ​កម្មការ​ប្រឡង​ផ្តល់​ប័ណ្ណ​បើកបរ​ ព្រម​ទាំង​បាន​បង្កើត​ការ​យល់​ដឹង​អំពី​ការ​គ្រប់​គ្រង​អ្នក​បើក​បរ ការ​គ្រប់​គ្រង​យាន​យន្ត និង​សុវត្ថិ​ភាព​ដឹក​ជញ្ជូន​ដល់​ក្រុម​ហ៊ុន​ដឹក​ទំនិញ​ និង​អ្នក​ដំណើរ។​ ទន្ទឹម​នេះ ក្រសួង​​ក៏​​បាន​កាត់​បន្ថយ​ជា​អតិបរមា​នូវ​ករណី​ល្មើស​ផ្នែក​បច្ចេក​ទេស​រថយន្ត​ ដូច​ជា​ការ​តទ្រុង​ តក​ន្ទុយ និង​កង្វះ​ភ្លើង​បំភ្លឺ​ ជា​ដើម។ល។​

3 . បាន​ដំណើរ​ការ​អនុវត្តន៍​វិធាន​ការ​បង់​ប្រាក់​ពិន័យ​ នៅ​អង្គភាព​នគរ​បាល​ចរាចរ​ចំពោះអ្ន​ក​បើក​បររថយន្ត​ដើម្បី​ជម្រុញ​ឱ្យ​អ្នក​បើកបរ​កាន់​តែ​យល់​ដឹង​ និង​គោរព​ឱ្យ​បាន​ខ្ជាប់​ខ្ជួន​នូវ​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក និង​រួម​ចំណែក​ដល់​ការ​កាត់​បន្ថយ​អំពើ​អសក​ម្មនានា​របស់​មន្រ្តី​អនុវត្តន៍​ច្បាប់។​

4 . បាន​បំពាក់​បន្ថែមឧ​បករណ៍​បច្ចេក​ទេស​ត្រួត​ពិនិត្យ​ល្បឿន ត្រួត​ពិនិត្យ​ជាតិ​ស្រវឹង​ និង​បាន​បណ្តុះ​បណ្តាល​បង្កើន​សមត្ថភាព​ដល់​មន្រ្តី​អំពី​វិធី​ប្រើប្រា​ស់ និង​នីតិ​វិធី​ប្រតិ​បត្តិ​ការ។​ ជា​ពិសេស​ ក្រសួង​ក៏​បាន​បំពាក់​ម៉ាស៊ីន​ថត(កាមេរ៉ា) ត្រួត​ពិនិត្យ​ស្ថាន​ភាព​ចរាចរណ៍​ដែល​បាន​ការ​ជួយ​ឧបត្ថម្ភ​ពី​ប្រទេស​ជា​មិត្ត​ និង​វិស័យ​ឯក​ជន​ដើម្បី​បម្រើ​ដល់​ការ​ងារ​សន្តិ​សុខ និង​សណ្តាប់​ធ្នាប់​សាធារណៈ​នៅ​រាជ​ធានី​ភ្នំពេញ​ផង​ដែរ​។

​5 . បាន​បម្រើ​បណ្តាញ​ទូរស័ព្ទ​ទំនាក់​ទំនង ដោយ​ឡែកជា​មួយ​ប្រជា​ពល​រដ្ឋ​អំពី​បញ្ហា​សុវត្ថិ​ភាព​ចរាចរណ៍​ដែល​អាច​ជួយ​ដោះ​ស្រាយ​កង្វល់​ ឬសំណូម​ពរ​ប្រជាពល​រដ្ឋ និង​ជួយ​អន្តរាគមន៍​ទ​ប់ស្កា​ត់​បទ​ល្មើស​ចរាចរណ៍។​ នេះ​បើយោ​ង​តាម​ការ​ចេញ​ផ្សាយ​របស់​គេហ​ទំព័រ​សារ​ព័ត៌​មាន​កោះសន្តិ​ភាព​។

គ្រោះ​ថ្នា​ក់​ចរាចរ​ណ៍​បាន​ក្លាយ​ទៅ​ជា​បញ្ហា​ប្រឈម​របស់​ពិភព​លោកទាំង​​មូល។​ បើ​តាម​របាយកា​រណ៍​របស់​អង្គការ​សុខ​ភាព​ពិភព​លោក​ក្នុង​ឆ្នាំ២០១០​ គ្រោះ​ថ្នាក់​ចរាចរណ៍​បាន​បណ្តាល​ឱ្យម​នុស្ស​ស្លាប់​ចំនួន​ប្រមាណ១​លា​ន៣​សែន​នាក់ និង​របួស​ប្រមាណ​ពី​២០​លាន​ទៅ​៥០​លាន​នាក់​ ដែល​ភាគ​ច្រើន​កើត​ឡើង​នៅ​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ ក្នុង​នោះ​រួម​មាន​កម្ពុជា​ផង​ដែរ។​ ដើម្បី​ធ្វើ​ឱ្យ​ការងារ​រឹត​បន្តឹង​ការ​​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​កាន់​តែ​មាន​ប្រសិទ្ធ​ភាព​ក្នុង​ទិស​ដៅកា​រងារ​ ឆមាស​ទី២​ ឆ្នាំ​២០១២​ លោក​ឧប​នាយក​រដ្ឋ​មន្រ្តី​ រដ្ឋ​មន្រ្តី​ក្រសួង​មហា​ផ្ទៃ និង​ជា​ប្រធាន​គណៈ​បញ្ជា​ការ​ដឹក​នាំ​បញ្ជា​ត្រួត​ពិនិត្យ​ការ​អនុវត្ត​ច្បាប់​ចរាចរ​ណ៍​ផ្លូវ​គោក​ បាន​ផ្តល់​អនុសាសន៍​ដល់​អភិ​បាល​ស្នង​ការ​នគរ​​បាល​ខេត្ត​រាជ​ធានី ត្រូវ​យក​ចិត្ត​ទុក​ដាក់​រៀប​ចំ​សណ្តាប់​ធ្នាប់​តាម​ដង​ផ្លូវ ចិញ្ចើម​ផ្លូ​វ ​និង​ទប់​ស្កាត់​ការ​ប្រើ​ប្រាស់​ផ្លូវ​ក្នុង​គោល​បំណង​ផ្សេងៗ​ពី​ការ​ធ្វើ​ចរាចរណ៍។​ ជា​មួយ​គ្នា​នេះ​ ត្រូវ​បន្ត​ធ្វើ​ការ​ត្រួត​ពិនិត្យ​គោល​ដៅ​ដើម​ទី​ជា​ប្រចាំ​ ដើម្បី​កែ​តម្រូវ​និង​វិនិច្ឆ័យ​តាម​ច្បាប់​ដោយ​ផ្តោត​សំខាន់​ទៅ​លើ​ករណី​ល្មើស​បច្ចេក​ទេស​យាន​យន្ត​ក្នុង​ការ​ដឹក​ជញ្ជូន​ទំនិញ​សំពីង​សំពោង​ ការ​ដឹក​ជញ្ជូន​អ្នក​ដំណើរ​លើស​ចំណុះ ការ​ដឹក​ជញ្ជូន​ដី ថ្ម​ ខ្សាច់​ ជ្រុះ​រាយ​ប៉ាយដោ​យ​គ្មាន​គ្រប​ដណ្តប់​ និង​ការ​ត្រួត​ពិនិត្យ​លិខិត​ស្នាម​អ្នក​បើក​បរ និង​យាន​យន្ត​។

កាល​ពី​ឆ្នាំ២​០១១ កន្លង​ទៅ​នេះ កម្ពុជា​មាន​អត្រាគ្រោះ​ថ្នាក់​ចរាចរណ៍​ចំនួន​៥.០៩៦​ករណី បណ្តាល​ឱ្យ​ស្លាប់​មនុស្ស​១.៨៩៥នាក់​ របួស​ចំនួន​៨.៧៣៩​នាក់ និង​ខូច​ខាត​ទ្រព្យ​សម្បត្តិ​មួយ​ចំនួន​ធំ​ដែល​អត្រា​នេះ​នៅ​មាន​កម្រិត ខ្ពស់​នៅឡើ​យ។​ លោក​ឧបនាយក​រដ្ឋ​មន្ត្រី​បាន​តម្រូវ​ឱ្យ​មន្ត្រី ជំនាញ​ត្រូវ​រៀន​សូត្រ​ដក​ពិសោធន៍​ល្អៗ​ពី​បណ្តា​ប្រទេស​ដែល​ទទួល​បាន​ ជោគ​ជ័យ​ក្នុងកា​រ​រក្សាសុ​វត្ថិភាព​ចរាចរណ៍​ដូច​ជា ការគ្រប់​គ្រង​អ្នក​បើកបរ ការ​គ្រប់​គ្រង​បច្ចេក​ទេស​យាន​យន្ត​ ការ​បង្កើន​មធ្យោ​បាយ​ដឹក​ជញ្ជូន​សាធារណៈ​ជំនួស​មធ្យោបាយ​ផ្ទាល់​ខ្លួន ការ​បំពាក់​ឧបករណ៍​បច្ចេក​ទេស​ និង​ការ​លើក​កម្ពស់​សមត្ថភាព​មន្រ្តីអ​នុវត្តន៍ច្បា​ប់​ដើម្បី​ដក​ស្រង់ ធ្វើ​ការ​សាក​ល្បង​អនុវត្ត​ ឬ​ធ្វើ​កំណែ​ទម្រង់​កិច្ចការ​របស់​យើង​ឱ្យ​សម​ស្រប​ទៅ​នឹង​តថ​ភាព​ និង​តម្រូវ​ការ​ជាក់​ស្តែង​ផង​ដែរ។​

លោក​ឧបនា​យក​រដ្ឋ​មន្ត្រី​បាន​ស្នើ​ឱ្យ​ក្រសួង​សាធារណ​ការ​ និង​ដឹក​ជញ្ជូន​ចាត់​វិធាន​ការ​ធ្វើ​ការ​បណ្តុះ​បណ្តាល​ និង​ធ្វើ​តេស្ត​អ្នក​បើក​បរ​រថយន្ត​ដឹក​ជញ្ជូន​អ្នក​ដំណើរ និង​ដឹក​ទំនិញ​ធុន​ធំ​ដែល​កំពុង​បើក​បរ​តាម​ក្រុម​ហ៊ុន​នានា។​ ដោយ​ឡែក​ចំពោះ​រថយន្ត​ឆ្លង​ដែន​កម្ពុជា-ថៃ ​គួរ​តម្រូវ​ឱ្យ​មាន​អ្នក​បើកប​រមក​ពី​ប្រទេស​របស់​ខ្លួន​ធ្វើ​ការ​បើក​បរ និង​ត្រូវ​ធ្វើ​ការ​ព្រមាន​ ឬ​អនុវត្ត​វិធានកា​ររដ្ឋ​បាល ឬវិធាន​ការ​ច្បាប់​ដល់​ក្រុម​ហ៊ុន​ដឹក​ជញ្ជូន​ណាដែ​ល​មិន​គោរព​ច្បាប់ និង​បង្ក​គ្រោះថ្នា​ក់​ចរាចរណ៍​។

អត្ថបទដោយ ៖ សៀង វីរៈ
ចេញផ្សាយ ៖ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១២

Google Analytics Alternative